សេចក្តីណែនាំ ស្តីពីវប្បធម៌ល្អនៃការចូលទៅកាន់វត្តអារាម


នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា លើកទី៧២ ក្រោមប្រធានបទ តម្លៃសីលធម៌យុវជនក្នុងសង្គមខ្មែរ ដែលរៀបចំឡើងនៅវិទ្យាល័យជាស៊ីម ឈូកវ៉ា ដោយមានការចូលរួមពីព្រះសង្ឃ ថ្នាក់ ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដើម្បីបណ្តុះស្មារតីឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការគោរពចំពោះមាតា បិតា គ្រូបង្រៀន និងបុព្វការីជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសាងអនាគតដ៏ល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៧ ក្រោមគំនិត ផ្តួចផ្តើមដ៏ ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងផ្សព្វផ្សាយអប់រំសីលធម៌ និង បណ្តុះគំនិតល្អៗដល់យុវជនកម្ពុជា តាមរយៈការផ្សារភ្ជាប់ព្រះពុទ្ធសាសនាជាមួយការអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃ។ កម្មវិធីនេះស្របតាម យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុក “មនុស្ស”ជាវិស័យ អាទិភាពទី១ ក្នុងការអភិវឌ្ឍជាតិ ផ្តោតលើការកសាងធនធានមនុស្សប្រកបដោយ គុណភាព សមត្ថភាព សីលធម៌ និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សីលធម៌ការរស់នៅ មានសារសំខាន់ណាស់ សម្រាប់ការរស់នៅទាំងក្នុងគ្រួសារនិងសង្គមជាតិ ។ ដោយឡែក ព្រះពុទ្ធ សាសនា និងសាសនាដទៃទៀតដែលកំពុងប្រតិបត្តិនៅកម្ពុជា បានដើរតួនាទី យ៉ាងសំខាន់ក្នុងការតម្រង់ទិសអប់រំ មនុស្សឲ្យដើរលើផ្លូវត្រឹមត្រូវ
ប្រកបដោយគុណធម៌ សីលធម៌ និងសុជីវធម៌ ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា បានដាក់ចេញនូវ អភិក្រម “ស ៣” គឺ វត្តស្អាត វត្ត ស្វាង និងវត្តស្ងប់ សម្រាប់វត្តអារាម ដែលមានគោលបំណងលើកកម្ពស់តួនាទីវត្តឱ្យក្លាយជាគ្រឹះសម្រាប់សីលធម៌ បញ្ញា និងសន្តិភាពក្នុងសង្គម។ អភិក្រម
នេះក៏អាចយកមកប្រើជាការដាស់តឿនបញ្ញារបស់សិស្សានុសិស្ស នៅតាមសាលារៀនឱ្យសមស្របទៅនឹងសង្គមសម័យថ្មីផងដែរ។
ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតរដ្ឋ រដ្ឋមន្ត្រី បានផ្តល់នូវទស្សនទានដល់ក្មួយៗសិស្សានុសិស្សដូចខាងក្រោម ៖
១. ក្មួយៗត្រូវតាំងចិត្តតស៊ូសិក្សារៀនសូត្រ
២.ចេះគោរព និងស្តាប់ដំបូន្មានលោកឪពុកអ្នកម្តាយ លោកគ្រូ អ្នកគ្រូ
៣.រក្សាអនាម័យទាំងខ្លួនប្រាណ បរិស្ថានសាលារៀន និងគេហដ្ឋានខ្លួនផ្ទាល់
៤.ត្រូវក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ មានក្រមសីលធម៌ល្អក្នុងសង្គម រក្សាប្រពៃណី ទំនៀមទំលាប់ ឲ្យបានខ្ជាប់ខ្ជួន
៥. ថែរក្សា និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ព្រះពុទ្ធសាសនា។
គួរបញ្ជាក់ថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ត្រូវបានរៀបចំដោយក្រសួងធម្មការ និងសាសនា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រម ទាំងស្ថានីយទូរទស្សន៍រដ្ឋ និងឯកជន ដើម្បីផ្សព្វផ្សាយការអប់រំផ្នែកសីលធម៌ និងគុណធម៌ដល់យុវជននៅទូទាំងប្រទេស៕






















































(សៀមរាប)៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជួបសំណេះសំណាលជាមួយព្រះមេគណ ព្រះអនុគណ និងព្រះមន្រ្តីសង្ឃនៅខេត្តសៀមរាប និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនា ស្ថិតនៅបរិវេណវត្តរាជបូណ៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីសំណាក់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងលោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។
លោក លី សារី អភិបាលរង តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើសុន្ទរកថាស្វាគមនិងរបាយការណ៍ស្ដីអំពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តសៀមរាបលើគ្រប់វិស័យ ជាពិសេស វិស័យធម្មការនិងសាសនា ទាំងព្រះពុទ្ធសាសនា និងពាហិរសាសនា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងឱកាសនោះដែរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានព្រះសង្ឃដីកាថ្លែងអំណរគុណ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលនិងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនា ជាមួយព្រះមន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាប ព្រមទាំងបានណែនាំដល់ព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការគ្រប់វត្តឱ្យពង្រឹងតួនាទី និងករណីកិច្ចក្នុងការដឹកនាំ គ្រប់គ្រងរបស់ខ្លួនឱ្យបានរឹងមាំ និងចូលរួមអភិរក្ស ថែរក្សា ការពារ បេតិកភណ្ឌក្នុងវត្តអារាម ឱ្យស្របតាមស្មារតីនៃអនុក្រឹត្យថ្មីនេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុក្ខដាក់ ពីសុខទុក្ខរបស់ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថាអនុក្រឹត្យថ្មីនេះ គឺជាក្បាលម៉ាស៊ីន និងជាក្របខណ្ឌគតិយុត្តដ៏រឹងមាំ ប៉ុន្តែភាពជោគជ័យ និងការផ្លាស់ប្តូរជាវិជ្ជមាននៃការដឹកនាំ និងការគ្រប់គ្រង់វិស័យសាសនា។ ការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នក្រោមអនុក្រឹត្យថ្មីនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច និងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ដោយធានាឱ្យបាននូវ គុណភាព គណនេយ្យភាព តម្លាភាព និងបរិយាបន្ននៅក្នុងការដឹកនាំនិងការគ្រប់គ្រងវិស័យសាសនានៅទូទាំងប្រទេស។ ចំពោះអនុក្រឹត្យនេះ ក្រសួងបានរៀបចំកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ដោយផ្អែកលើការវិភាគមុខងារស៊ីជំរៅកំណត់អំពីភាពត្រួតស៊ីគ្នា ក្នុងការអនុវត្តភារកិច្ចនិងការធ្វើវិចារណកម្មមុខងារក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការរៀបចំមុខងារ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទក្រសួង។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការណែនាំ និងដាក់ចេញនូវទិសដៅការងារគន្លឹះក្នុងការអនុវត្ត រួមមាន ១)ការធ្វើទំនើបកម្មស្ថាប័ន៖ ការរៀបចំរចនាសម្ព័ន្ធការងារថ្មីត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបរិបទសកលភាវូបនីយកម្ម និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយធានាបាននូវការបែងចែកតួនាទី និងភារកិច្ចច្បាស់លាស់ដល់គ្រប់អង្គភាព។ ២)ការពង្រឹងសមត្ថភាពមន្ត្រីរាជការ៖ ការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ តាមរយៈការបណ្តុះបណ្តាល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការសម្រេចបាននូវជោគជ័យក្នុងបេសកកម្ម 3)កំណែទម្រង់រដ្ឋបាល និងអភិក្រមការងារ៖ ការដាក់ចេញនូវអភិក្រមការងារច្បាស់លាស់ ការគ្រប់គ្រងវត្តមាន ការបំពេញការងារ និងការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យមន្ត្រី ដូចជាការធ្វើជំរឿននិងជីវមាត្រមន្ត្រី ដើម្បីធានាបាននូវតម្លាភាព និងភាពម្ចាស់ការ 4) ការរៀបចំរចនាសម្ព័ន្ធការងារថ្មី ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការកែទម្រង់ការគ្រប់គ្រងមន្ត្រីរាជការ និងមន្ត្រីគ្រូពុទ្ធិក ហើយត្រូវធានាឱ្យបាននូវការដាក់ពង្រាយមន្ត្រីចំជំនាញ និងត្រូវតាមតម្រូវការជាក់ស្តែង ៥) ត្រូវបន្តរៀបចំប្រព័ន្ធលើកទឹកចិត្ត និងវាយតម្លៃការបំពេញការងាររបស់មន្ត្រី ដោយផ្អែកលើសមិទ្ធកម្មការងារពិតប្រាកដ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។ និង ៦) ពង្រឹងផលប្រយោជន៍រួម៖ ជម្រុញឱ្យមន្ត្រីទាំងអស់គិតគូរពីពាក្យថា «យើង» ជាជាងពាក្យថា «ខ្ញុំ» ដោយតម្កល់ផលប្រយោជន៍រួម និងសមិទ្ធផលរបស់ក្រសួងជាធំ។ ជានេះទៅទៀត បានជម្រុញឱ្យព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គយកព្រះទ័យទុកដាក់នៅតាមបណ្ដាវត្តនីមួយ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ឱ្យខាងតែបាន បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online) តាមរយៈការសម្ដែងព្រះធម៌ទេសនាដើម្បីបញ្ជ្រាបការយល់ដឹងអំពីភាពអវិជ្ជមាននៃបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online) ដល់យុវជន និងពុទ្ធបរិស័ទទូទៅ ព្រមទាំងសូមឱ្យព្រះមន្រ្តីសង្ឃ ពិនិត្យមើលវត្តដែលមានសក្ដានុពលទេសចរណ៍ ហើយសហការរៀបចំឱ្យប្រែក្លាយទៅជាអារាមទេសចរណ៍សាសនា។
ជាទីបញ្ចប់ ឯកឧត្តម ចាយ បូរិន បានប្រគេនពរ និងជូនពរដល់សម្ដេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ ជួបប្រទះតែនឹងពរទាំងឡាយ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ៕


























(រាជធានីភ្នំពេញ) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអនុញាតឱ្យលោក សោម ធីសែន នាយកគ្រប់គ្រងសេវាធនាគារសាធារណៈ វីង (ខេមបូឌា) ម.ក និងសហការី អញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាទីស្តីការក្រសួង។
លោក សោម ធីសែន នាយកគ្រប់គ្រងសេវាធនាគារសាធារណៈ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីគោលបំណងសំខាន់ៗរួមមាន៖
១.ជម្រាបជូនអំពីវឌ្ឍនភាពនៃការវិវឌ្ឍន៍ខ្លួនរបស់ធនាគារវីង រយៈពេល១៧ឆ្នាំនៃសេវាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ដោយវិវឌ្ឍខ្លួនពីក្រុមហ៊ុន សេវាផ្ទេរប្រាក់តាមទូរសព្ទដំបូងគេនៅក្នុងប្រទេស ទៅជាធនាគារពាណិជ្ជ របស់កូនខ្មែរ ១០០%។
២.អនុញ្ញតស្នើសុំកិច្ចសហប្រតិបត្តិការនិងការគាំទ្រ របស់ក្រសួងធម្មការនិងសាសនា និងធនាគារវីង។
៣.ស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ជួយសម្របសម្រួលកម្មវិធីផ្សេងៗ ពិសេសធនាគារមានកម្មវិធីផ្តល់ជូនអត្ថប្រយោជន៍ច្រើនចំពោះមន្ត្រីរាជការក្រសួង សាស្ត្រាចារ្យ និស្សិត ពុទ្ធិកសកលវិទ្យាល័យ និងព្រះសង្ឃ តាមរយៈក្រសួងធម្មការនិងសាសនា នៅក្នុងការបើកគណនីធនាគារ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានលើទឹកចិត្តដល់ប្រជាពលរដ្ឋរបស់ខ្មែរ គាំទ្រដល់សេវាកម្មធនាគារ ដែលជាធនាគារពាណិជ្ជ របស់កូនខ្មែរ ១០០% បានកោតសរសើរចំពោះការរីកចម្រើននៃវិស័យធនាគារ ដែលបានចូលរួមចំណែកពង្រឹងវិស័យហិរញ្ញវត្ថុ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់ឱកាសដល់វិនិយោគិន ក្នុងការវិនិយោគនៅកម្ពុជាកាន់តែមានភាពងាយស្រួល។
ក្នុងនោះ ចំពោះការងារដែលខាងធនាគារបានស្នើសុំ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យមន្ត្រីជំនាញក្រសួងសិក្សាស្វែងយល់ឱ្យយបានច្បាស់ជាមុនសិនជាមួយធនាគារ ដើម្បីនាំមកផ្តល់ជូនមន្ត្រីរាជការក្រសួង និងព្រះសង្ឃ នៅអត្ថប្រយោជន៍ខ្ពស់ពីសេវាកម្មធនាគារ៕














នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សំណង់អាគារសិក្សាចំនួន២ គឺ សាលាបឋមសិក្សា និង សាលារៀនឥស្លាម (អាស្សាអូខ ស៊ូមីយ៉ា) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនសាសនិកឥស្លាម ស្ថិតនៅភូមិសំរោង ស្រុកកោះអណ្តែត ខេត្តតាកែវ។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាទីប្រឹក្សាចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា និងជាប្រធានគណៈចលនាខ្មែរឥស្លាមចុះជួយខេត្តតាកែវ បានជម្រាបរបាយការណ៍ជូន ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ឱ្យបានជ្រាបថា ដោយសារកំណើនសិស្សនិងអគារសិក្សាចាស់មានភាពទ្រុឌទ្រោមខ្លាំងប្រជាពលរដ្ឋក្នុងភូមិសំរោងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលទទួលបានអគារសិក្សា២ខ្នងរួមមាន ៖
អគារទី១៖ សាលាបឋមសិក្សា អគារសិក្សា ១ខ្នង (២៣.៥ម៉ែត្រ×៨.៥ម៉ែត្រ) មានកំពស់ ២ជាន់ ស្មើនិងបន្ទប់ និងដំបូលក្បឿង ។ អគារទី២៖ សាលារៀនឥស្លាម (អាស្សាអូខ ស៊ូមីយ៉ា)
(១៥ម៉ែត្រx៧ម៉ែត្រ) ស្មើនិង៣បន្ទប់ មានជាន់ផ្ទាល់ដី និងដំបូលក្បឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ សេរីភាពនៃជំនឿសាសនានៅកម្ពុជាត្រូវបានស្ដារឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនខ្មែរឥស្លាម និងបងប្អូនប្រកាន់យកសាសនាផ្សេងៗ គឺមានតាំងពីថ្នាក់ដឹកនាំកំពូលដែលកាន់ព្រះពុទ្ធសាសនារហូតដល់ថ្នាក់មូលដ្ឋាន។ សមិទ្ធផលថ្មីជាអគារសិក្សានេះ ស្តែងចេញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើការបណ្តុះធនធានបញ្ញាវ័នចាត់តាំងពីថ្នាក់បឋមរហូតដល់ឧត្តមសិក្សា ឱ្យក្លាយជាសសរទ្រូងន័យការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនទ្វេរឡើងថែមទៀត ។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសេរនិងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា និងជាប្រធានគណៈចលនាខ្មែរឥស្លាមចុះជួយខេត្តតាកែវ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានគណៈគ្រប់គ្រង់សាលាដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ខ្លួនឱ្យបានរីកចម្រើនជាមួយរាជរដ្ឋាភិបាល ។ ជាមួយគ្នានោះដែរ អាជ្ញាធរមូលដ្ឋានភូមិសំរោង ស្រុកកោះអណ្តែត ខេត្តតាកែវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានសម្តែងនូវការថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានផ្តល់នូវសមិទ្ធផលថ្មីមួយនេះ គឺអគារសាលាបឋមសិក្សាចំនួន២ខ្នង សម្រាប់បម្រើដល់វិស័យអប់រំក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព៕




























































(ស្រុកតំបែរ) នៅថ្ងៃអាទិត្យទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធី បុណ្យផ្កាប្រាក់សាមគ្គី នៅវត្តពុទ្ធខេត្តារាម (ហៅវត្តស្រម៉) ដែលស្ថិតភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបូជាផ្កាភ្ញី និងអុជធូបទៀន បូជាដល់ព្រះរតនត្រ័យ និងព្រះពុទ្ធបដិមាទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងប្រគេន ទេយ្យទាន និងបវារណាបច្ច័យ៤ប្រគេនដល់ព្រះសង្ឃផងដែល។ កិច្ចប្រារព្ធពិធីបូជានេះ មិនត្រឹមតែជាការសម្តែងនូវគារវកិច្ច និងសេចក្តី ជ្រះថ្លាដ៏ជ្រាលជ្រៅចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការតំណាងឱ្យពន្លឺនៃបញ្ញា ការរំលត់នូវសេចក្តីសៅហ្មងទាំងពួង និងការផ្សព្វផ្សាយនូវក្តី មេត្តាធម៌ សេចក្តីសុខ សន្តិភាពដល់សត្វលោក។ ក្លិនក្រអូបនៃធូប និងភាពស្រស់បំព្រង នៃផ្កា ជានិមិត្តរូបនៃសេចក្តីល្អ និងកុសលធម៌ដែលពុទ្ធបរិស័ទ បានសន្សំ សម្រាប់ជាទីពឹងទីរលឹកតរៀងទៅ។
ថ្លែងទៅកាន់ពុទ្ធបរិស័ទនាឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីនាពេលនេះ គឺធ្វើឡើងក្នុង គោលបំណងប្រមូលបច្ច័យយកមកជួសជុលវត្តឡើងវិញ ដើម្បីប្រែក្លាយទីអារាមនេះ ឲ្យក្លាយជាមជ្ឈមណ្ឌលសាសនាដ៏ឧត្តុង្គឧត្តម សម្រាប់ពុទ្ធបរិស័ទ ប្រារព្ធពិធីកុសលផ្សេងៗ ក៏ដូចជាកន្លែងសម្រាប់ព្រះសង្ឃធ្វើ សង្ឃកម្មស្របតាមពុទ្ធប្បញ្ញត្តិ ជាពិសេសជាទីរមណីយដ្ឋានផ្លូវចិត្ត សម្រាប់អប់រំ សីលធម៌ ចរិយាធម៌ដល់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយឱ្យដើរតាមគន្លងធម៌។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបន្តថា វិស័យព្រះពុទ្ធសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម ជាពិសេសធ្វើឱ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព វិបុលភាព ស្ថិរភាព រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ជៀសផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការ ជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារសហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល និងបានរក្សានូវអត្តសញ្ញាណជាតិយ៉ាងរឹងមាំ។ការជួបជុំក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ គឺប្រារព្ធធ្វើឡើងក្រោមដំបូលនៃសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប៊ុនប្រសព្វ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្ត មរតកនយោបាយ ដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើ គ្រប់វិស័យ។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានស្នើឱ្យគ្រប់វត្តអារាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងធម្មការនិងសាសនា រួមជាគណៈសង្ឃនាយក ស្តីពីការដាំបន្លែ បង្ការ និងដើមឈើហូបផ្លែ លើផ្ទៃដីវត្តដែលទំនេរ ហើយចូលរួមបង្កើនបរិស្ថានស្អាត ស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនាដែលបានដាក់ឱ្យអនុវត្តសម្រាប់វត្តអារាមនៅទូទាំងប្រទេស។ ជាមួយនេះ សូមមន្ទីរធម្មការ និងសាសនា មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធជួយជំរុញ និងគាំទ្រក្នុងការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិវត្តអារាម និងទីសក្ការៈបូជាផ្សេងៗទាំងអស់ នៅទូទាំងខេត្ត ដើម្បីជាការថែរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនារបស់យើងសម្រាប់អ្នកជំនាន់ក្រោយ បណ្តុះទស្សនៈមនសិការជាតិ និងឧត្តមគតិ វិជ្ជមានក្នុងការអភិរក្ស ការអភិវឌ្ឍ និងនវានុវត្ត សិល្បៈវប្បធម៌ជាតិ អប់រំអំពីសីលធម៌, គុណធម៌, និងសុជីវធម៌ ដល់សិស្ស និស្សិត និងយុវជន, ទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ ៕




































(រាជធានីភ្នំពេញ) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «អនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនា» ដែលមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្ដិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំពាហិរសាសនា ប្រធានមន្ទីរ លោក លោកស្រី និងមន្ត្រីរាជការជាច្រើនរូប។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា លិខិតបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់នេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធរដ្ឋបាល និងការគ្រប់គ្រងវិស័យសាសនា ក្នុងគោលបំណងឆ្លើយតបទៅនឹងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច និងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ដោយធានាឱ្យបាននូវគុណភាព គណនេយ្យភាព តម្លាភាព និងបរិយាបន្ន។
ទាក់ទងនឹងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នក្រោមអនុក្រឹត្យថ្មីនេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់អំពីការកែសម្រួលដោយផ្អែកលើការវិភាគមុខងារស៊ីជម្រៅដើម្បីជៀសវាងភាពត្រួតស៊ីគ្នា ដោយកំណត់នូវមុខងារស្នូលចំនួន៣ និងមុខងាររងចំនួន១៧ រួមជាមួយនឹងរចនាសម្ព័ន្ធសំខាន់ៗដូចជា៖
-អគ្គលេខាធិការដ្ឋាន (អតីតអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ)៖ មានការកែសម្រួលឈ្មោះនាយកដ្ឋានចំនួន៣ រក្សាចាស់១ និងបង្កើតថ្មី១(នាយកដ្ឋាននីតិកម្ម ផែនការ និងស្ថិតិ)។
– អគ្គនាយកដ្ឋានកិច្ចការសាសនា៖ រក្សាឈ្មោះដដែល តែមានការប្តូរឈ្មោះនាយកដ្ឋានមួយចំនួន និងកែសម្រួលពុទ្ធសាសនបណ្ឌិត្យ ទៅជា «វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ»។
– អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ៖ ផ្នែកចំណុះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានកែសម្រួល ដូចមានបង្ហាញខាងក្រោម៖
១.ផ្នែកពុទ្ធិកសិក្សា បានមកពីការរួមបញ្ចូលគ្នារវាងផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ ផ្នែកពុទ្ធិកមធ្យមសិក្សា និងផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា។
២.ផ្នែកអធិការកិច្ចពុទ្ធិកសិក្សា (ព្រះអគ្គាធិការស្នើសុំបង្កើតថ្មី) ត្រូវបានរួមបញ្ចូលការិយាល័យរបៀប ការិយាល័យអធិការកិច្ច នៃផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ ការិយាល័យអធិការកិច្ចនៃផ្នែកពុទ្ធិកមធ្យមសិក្សា និងការិយាល័យអធិការកិច្ចនៃផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា។
៣.ផ្នែកគរុកោសល្យនិងវិក្រឹតការពុទ្ធិកសិក្សា ត្រូវបានផ្ទេរពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជហើយប្តូរឈ្មោះ ពីមជ្ឈមណ្ឌលគរុកោសល្យរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទៅជា ផ្នែកគរុកោសល្យនិងវិក្រឹតការពុទ្ធិកសិក្សា ។
៤.ផ្នែករដ្ឋបាលនិងគណនេយ្យ រក្សាទុកដដែល។
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ ត្រូវបានរក្សាទុកដដែល ដោយលុបចោលអធិការដ្ឋាន។
– អង្គភាពថ្នាក់ក្រោមជាតិ៖ បន្តរក្សាមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត។
ដើម្បីឱ្យការអនុវត្តអនុក្រឹត្យថ្មីនេះទទួលបានលទ្ធផលផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន ក៏បានដាក់ចេញនូវទិសដៅការងារគន្លឹះចំនួន ៨ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនាទាំងអស់ ដូចខាងក្រោម៖
១. ការធ្វើទំនើបកម្មស្ថាប័ន ដើម្បីឆ្លើយតបបរិបទសកលភាវូបនីយកម្ម ជាមួយនឹងការបែងចែកតួនាទីច្បាស់លាស់។
២. ការពង្រឹងសមត្ថភាពមន្ត្រីរាជការ តាមរយៈការបណ្តុះបណ្តាលបន្ត។
៣. កំណែទម្រង់រដ្ឋបាល និងអភិក្រមការងារ ដោយត្រូវធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យមន្ត្រី (ជំរឿន និងជីវមាត្រ) ដើម្បីតម្លាភាព និងភាពជាម្ចាស់ការ។
៤. ការពិនិត្យមុខងារឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការជាន់តួនាទីគ្នា។
៥. ការបង្កើនការសម្របសម្រួល និងកិច្ចសហការអន្តរនាយកដ្ឋានឱ្យបានរលូន និងទាន់ពេលវេលា។
៦. ការរៀបចំរចនាសម្ព័ន្ធថ្មី ត្រូវដើរទន្ទឹមគ្នានឹងការកែទម្រង់ការគ្រប់គ្រងមន្ត្រី ដោយដាក់ពង្រាយមន្ត្រីឱ្យចំជំនាញ។
៧. បន្តរៀបចំប្រព័ន្ធលើកទឹកចិត្ត និងការវាយតម្លៃដោយផ្អែកលើសមិទ្ធកម្មការងារពិតប្រាកដ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។
៨. ការពង្រឹងផលប្រយោជន៍រួម ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព គិតគូរពីពាក្យថា «យើង» ជាជាងពាក្យថា «ខ្ញុំ» ដោយតម្កល់ឧត្តមប្រយោជន៍រួម និងសមិទ្ធផលរបស់ក្រសួងជាធំ។
មុននឹងបញ្ចប់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា អនុក្រឹត្យថ្មីនេះនឹងក្លាយជាក្បាលម៉ាស៊ីន និងជាក្របខណ្ឌគតិយុត្តដ៏រឹងមាំ ព្រមទាំងបានអំពាវនាវដល់ សម្តេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តចូលរួមលះបង់កម្លាំងកាយចិត្ត ប្រកបដោយមនសិការ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរុញច្រានវិស័យធម្មការ និងសាសនានៅកម្ពុជា ឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍៕
















































































នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ថ្លែងក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥៣) ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍លើកឡើងថា អាចារ្យ-អាចារ្យរិនី ដែលជាអ្នកដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗត្រូវអនុវត្តតាមក្បួនតម្រាច្បាប់ពីបុរាណ ពិសេសត្រូវមានក្រមសីលធម៌ជាអាចារ្យឱ្យស័ក្តិសមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោមមត៌កដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរនេះអាចប្រព្រឹត្តឡើងទៅបានដោយភាពរលូន និងជាបន្តបន្ទាប់ គឺអាស្រ័យដោយព្រះរាជាណាចក្រកម្ពុជាយើង ជាប្រទេសដែលមានស្ថិរភាពនយោបាយ មានសិទ្ធិសេរីភាពខាងជំនឿសាសនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងបរិការណ៍នេះការតម្រង់ទិសតាមរយៈការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារិនីខ្មែរទើបជាយន្តការចាំបាច់ និងមានសារៈសំខាន់ណាស់សម្រាប់ឱ្យការរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗមានភាពរលូនអនុលោមតាមក្បួនតម្រាពីបុរាណ និងឯកសារដែលមាននៅសេសសល់ ហើយក៏ដើម្បីធានាដល់ការអភិរក្ស និងអភិវឌ្ឍប្រពៃណីទំនៀមទម្លាប់មរតកដូនតាយើងឱ្យបានគង់វង្ស និងមានគុណភាពដើម្បីដឹកនាំពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាផង និងទំនៀមទម្លាប់ពីបុរាណផង ព្រោះពិធីទាំងនេះចាំបាច់ទាមទារឱ្យមានបណ្ឌិតជនអ្នកចេះដឹងជួយដឹកនាំដល់សាធារណជនឱ្យអនុវត្តបានត្រឹមត្រូវលើគោលឯកភាពគ្នាមួយ ហើយអ្នកចេះដឹងនោះលោកហៅថា “អាចារ្យ”។
រាជរដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្ថិតនៅបញ្ចកោណទី១ មុំទី៥ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយខាងលើ ក្រសួងបានកំណត់ដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៥ សម្រាប់អនុវត្ត រយៈពេល៥ឆ្នាំខាងមុខ ២០២៤- ២០២៨ រួមមាន៖ ១.ការលើកកម្ពស់សាសនារបស់រដ្ឋ ២.ការលើកកម្ពស់សីលធម៌សង្គម ៣.ការរក្សាសុខដុមនីយកម្មសាសនា ៤.ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និង ៥.ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានប្រគេននិងជូនដល់សិក្ខាកាមអាចារ្យ និងអាចារិនីក្នុងវគ្គទី៥៣នេះ នៅអនុសាសន៍ដូចខាងក្រោម៖
១. អាចារ្យត្រូវមាន ក្រមសីលធម៌អាចារ្យដែលជាអ្នកដឹកនាំពិធីកម្មផ្សេងៗ សូមមានក្រមសីលធម៌ និងសុជីវធម៌ទាំងកាយវិការ និងការប្រើពាក្យពេចន៍ ពិសេសកម្មវិធីមង្គលផ្តល់នូវសិរីសួស្តីឱ្យស័ក្តិសមជាអ្នកដឹកនាំកម្មវិធី ។
២.ត្រូវចូលរួមរៀបចំវត្តអារាមឱ្យក្លាយទៅជាវត្ត ស៣ គឺ៖ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ ដើម្បីឱ្យស័ក្តិសមជាទីសក្ការៈនិងជារមណីយដ្ឋានផ្តល់ទាំងសេចក្តីសុខផ្លូវកាយ និងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។
៣. ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយពុទ្ធបរិស័ទចៅអធិការវត្តអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចូលរួមទប់ស្កាត់កុំឱ្យមានអធិករណ៍កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។
៤.ជំរុញចលនាចូលរួមដាំដំណាំបន្លែបង្ការតាមផ្ទះ និងវត្តអារាមតាមមូលដ្ឋានដើម្បីផ្គត់ផ្គង់ជាចង្ហាន់ដល់ព្រះសង្ឃ និងចូលរួមបំផុសឱ្យពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមនូវសកម្មភាពដាំបន្លែនៅតាមគេហដ្ឋានដែលមានដីទំនេររៀងៗខ្លួនផងដែរ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥៣) ព្រះមន្ត្រីសង្ឃ សិក្ខាកាមជាអាចារ្យមកពីរាជធានី-ខេត្ត ចំនួន២៤១ អង្គ/នាក់ក្នុងនោះ ព្រះសង្ឃ៤៨អង្គ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២៤រូប សិក្សាលើ២៣មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង វិជ្ជាហោរាសាស្រ្ត ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ៕








































