ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញធ្វើជាអធិបតី បិទវគ្គបណ្ដុះបណ្ដាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៥៣ នៅទីស្ដីការក្រសួងធម្មការនិងសាសនា

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ថ្លែងក្នុងពិធីបិទវគ្គ បណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥៣) ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍លើកឡើងថា អាចារ្យ-អាចារ្យរិនី ដែលជាអ្នកដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗត្រូវអនុវត្តតាមក្បួនតម្រាច្បាប់ពីបុរាណ ពិសេសត្រូវមានក្រមសីលធម៌ជាអាចារ្យឱ្យស័ក្តិសមជាអ្នកដឹកនាំពិធីកម្មផ្សេងៗ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោមមត៌កដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរនេះអាចប្រព្រឹត្តឡើងទៅបានដោយភាពរលូន និងជាបន្តបន្ទាប់ គឺអាស្រ័យដោយព្រះរាជាណាចក្រកម្ពុជាយើង ជាប្រទេសដែលមានស្ថិរភាពនយោបាយ មានសិទ្ធិសេរីភាពខាងជំនឿសាសនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងបរិការណ៍នេះការតម្រង់ទិសតាមរយៈការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារិនីខ្មែរទើបជាយន្តការចាំបាច់ និងមានសារៈសំខាន់ណាស់សម្រាប់ឱ្យការរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗមានភាពរលូនអនុលោមតាមក្បួនតម្រាពីបុរាណ និងឯកសារដែលមាននៅសេសសល់ ហើយក៏ដើម្បីធានាដល់ការអភិរក្ស និងអភិវឌ្ឍប្រពៃណីទំនៀមទម្លាប់មរតកដូនតាយើងឱ្យបានគង់វង្ស និងមានគុណភាពដើម្បីដឹកនាំពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាផង និងទំនៀមទម្លាប់ពីបុរាណផង ព្រោះពិធីទាំងនេះចាំបាច់ទាមទារឱ្យមានបណ្ឌិតជនអ្នកចេះដឹងជួយដឹកនាំដល់សាធារណជនឱ្យអនុវត្តបានត្រឹមត្រូវលើគោលឯកភាពគ្នាមួយ ហើយអ្នកចេះដឹងនោះលោកហៅថា “អាចារ្យ”។

រាជរដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្ថិតនៅបញ្ចកោណទី១ មុំទី៥ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយខាងលើ ក្រសួងបានកំណត់ដាក់ចេញនូវយុទ្ធសាស្រ្តចំនួន៥ សម្រាប់អនុវត្ត រយៈពេល៥ឆ្នាំខាងមុខ ២០២៤- ២០២៨ រួមមាន៖ ១.ការលើកកម្ពស់សាសនារបស់រដ្ឋ ២.ការលើកកម្ពស់សីលធម៌សង្គម ៣.ការរក្សាសុខដុមនីយកម្មសាសនា ៤.ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និង ៥.ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានប្រគេននិងជូនដល់សិក្ខាកាមអាចារ្យ និងអាចារិនីក្នុងវគ្គទី៥៣នេះ នៅអនុសាសន៍ដូចខាងក្រោម៖
១. អាចារ្យត្រូវមាន ក្រមសីលធម៌អាចារ្យដែលជាអ្នកដឹកនាំពិធីកម្មផ្សេងៗ សូមមានក្រមសីលធម៌ និងសុជីវធម៌ទាំងកាយវិការ និងការប្រើពាក្យពេចន៍ ពិសេសកម្មវិធីមង្គលផ្តល់នូវសិរីសួស្តីឱ្យស័ក្តិសមជាអ្នកដឹកនាំកម្មវិធី ។

២.ត្រូវចូលរួមរៀបចំវត្តអារាមឱ្យក្លាយទៅជាវត្ត ស៣ គឺ៖ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ ដើម្បីឱ្យស័ក្តិសមជាទីសក្ការៈនិងជារមណីយដ្ឋានផ្តល់ទាំងសេចក្តីសុខផ្លូវកាយ និងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។
៣. ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយពុទ្ធបរិស័ទចៅអធិការវត្តអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចូលរួមទប់ស្កាត់កុំឱ្យមានអធិករណ៍កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។
៤.ជំរុញចលនាចូលរួមដាំដំណាំបន្លែបង្ការតាមផ្ទះ និងវត្តអារាមតាមមូលដ្ឋានដើម្បីផ្គត់ផ្គង់ជាចង្ហាន់ដល់ព្រះសង្ឃ និងចូលរួមបំផុសឱ្យពុទ្ធបរិស័ទចំណុះជើងវត្តចូលរួមនូវសកម្មភាពដាំបន្លែនៅតាមគេហដ្ឋានដែលមានដីទំនេររៀងៗខ្លួនផងដែរ។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥៣) ព្រះមន្ត្រីសង្ឃ សិក្ខាកាមជាអាចារ្យមកពីរាជធានី-ខេត្ត ចំនួន២៤១ អង្គ/នាក់ក្នុងនោះ ព្រះសង្ឃ៤៨អង្គ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២៤រូប សិក្សាលើ២៣មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង វិជ្ជាហោរាសាស្រ្ត ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ៕

Scroll to Top