ព័ត៌មាន

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ

​(ត្បូងឃ្មុំ)៖​ នាព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ​ឯកឧត្តម ចាយ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណទាំងពីរគណៈ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្ត​ក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង​ តំណាងរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរក្រុង ស្រុក ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនា សរុបប្រមាណជាង ​២០០អង្គ/នាក់​។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម​ ចាយ បូរិន បានផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុក្ខដាក់ ពីសុខទុក្ខរបស់ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា។

​ឯកឧត្តមរដ្ឋមន្ត្រី ​បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីសង្ឃតាមឋានានុក្រម ចាប់ពីព្រះមេគណ ដែលមានតួនាទីដឹកនាំ គ្រប់គ្រងព្រះអនុគណគ្រប់ក្រុង ស្រុក ព្រះអនុគណ ដែលគ្រប់គ្រងលើចៅអធិការគ្រប់វត្ត រហូតដល់មន្ត្រីសង្ឃវត្ត ព្រមទាំងសហការីគ្រប់ជាន់ថ្នាក់ ទាំងព្រះបាឡាត់គណ ព្រះវិន័យធរ ព្រះធម្មធរ ព្រះសមុហ៍ និងព្រះលេខាធិការ ឱ្យបំពេញករណីកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ការដឹកនាំកិច្ចប្រជុំតាមរបបកំណត់ ការធ្វើបញ្ជីស្ថិតិវត្តអារាម ភិក្ខុ សាមណេរ ការត្រួតពិនិត្យការសិក្សាធម្មវិន័យ និងពុទ្ធិកសិក្សា ការទប់ស្កាត់ និងរម្ងាប់អធិករណ៍ ព្រមទាំងការធ្វើរបាយការណ៍ជាប្រចាំ។ ចំណែកអាចារ្យ អាចារិនី និងគណៈកម្មការវត្ត ក៏ត្រូវបំពេញតួនាទីជាដៃស្ដាំដ៏សំខាន់ ក្នុងការជួយសម្រួលកិច្ចការវត្តអារាម ដោយតម្លាភាព និងសាមគ្គីធម៌ រវាងសង្ឃ និងគ្រហស្ថ។

ឆ្លៀតក្នុងឱកាសបុណ្យចូលព្រះវស្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេន និងជូននូវប្រសាសន៍ផ្ដាំផ្ញើដល់ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការគ្រប់វត្ត ​ព្រះមេត្តាខិតខំប្រណិបត្តធម៌វិន័យ ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ និងខ្ជាប់ខ្ជួន ក្នុងរយៈកាលនៃការចាំព្រះវស្សានេះ ដោយផ្ដោតលើការសិក្សារៀនសូត្រព្រះធម៌វិន័យ ការចម្រើនសមថៈ និងវិបស្សនា ព្រមទាំងការអប់រំណែនាំពុទ្ធបរិស័ទ ឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ដើម្បីរក្សាភាពថ្លៃថ្នូរ និងជំនឿជ្រះថ្លារបស់ពុទ្ធបរិស័ទ ចំពោះព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យព្រះមន្ត្រីសង្ឃ អាចារ្យ អាចារិនី និងគណៈកម្មការវត្តទាំងអស់ ចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់ នូវអភិក្រម «ស៣» របស់ក្រសួងធម្មការនិងសាសនា ដើម្បីរួមគ្នាកសាងវត្តអារាម ឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំសីលធម៌ វប្បធម៌ និងការអភិវឌ្ឍសហគមន៍ ដ៏មានរបៀបរៀបរយ ស្អាតបាត និងគួរជាទីជ្រះថ្លា។

លើសពីនេះ ឯកឧត្តម​ ក៏បានអំពាវនាវឱ្យព្រះសង្ឃ អាចារ្យ អាចារិនី និងគណៈកម្មការវត្ត ចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»​ របស់រាជរដ្ឋាភិបាល ដោយអប់រំណែនាំពុទ្ធបរិស័ទ ឱ្យគោរពច្បាប់ចរាចរណ៍ វៀរចាកឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរួមចំណែកកសាងសហគមន៍ និងសង្គមកម្ពុជា ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងភាពសុខក្សេមក្សាន្ដ និងមិនត្រូវយកវត្តអារាម និងសាសនដ្ឋាន ធ្វើជាកន្លែងប្រព្រឹត្តអំពើមិនគប្បីផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃព្រះពុទ្ធសាសនា និងសេចក្ដីជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសូមព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះមេត្តាបង្កើនការត្រួតពិនិត្យ តាមដាន ក៏ដូចជាសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ជាមុន នូវរាល់សកម្មភាពអសកម្មទាំងឡាយ ដែលអាចកើតមានឡើងក្នុងបរិវេណវត្តអារាម។

មុននឹងបញ្ចប់ ឯកឧត្តម ចាយ បូរិន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះមេគណ ព្រះមន្ត្រីសង្ឃ អាចារ្យ អាចារិនី និងគណៈកម្មការវត្ត នៅទូទាំងខេត្តត្បូងឃ្មុំ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិកន្លងមក ព្រមទាំងបានប្រគេន និងជូនពរជ័យសិរីសួស្ដី ដល់អង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ៤ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ខេត្តកំពង់ចាម

(ខេត្តកំពង់ចាម) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភក្ត្រា ព្រមទាំងបុត្រា បុត្រី អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ៤ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតនៅសង្កាត់សំបូរ មាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រមទាំងលោកយាយ លោកតា យ៉ាងច្រើនកុះករ ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលមានសារសំខាន់ណាស់ខាងផ្នែកព្រះពុទ្ធសាសនា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់បញ្ញត្តិក្នុងព្រះវិន័យឱ្យភិក្ខុទាំងឡាយគង់ចាំព្រះវស្សារយៈពេល៣ខែ។ នៅក្នុងអំឡុងពេលចូលព្រះវស្សា ទាំងព្រះសង្ឃ (អ្នកបួស) និង ឃរាវាស(គ្រហស្ថ ឬពុទ្ធបរិស័ទ) សុទ្ធតែមានភារកិច្ចរៀងៗខ្លួនដែលត្រូវបំពេញដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍផ្លូវចិត្ត។ សម្រាប់ព្រះសង្ឃជាពេលវេលាបានសម្ងំអប់រំចិត្ត និងមានឱកាសពេញលេញក្នុងការសិក្សាទាំងគន្ធធុរៈ និងវិបស្សនាធុរៈ ពិភាក្សាធម៌វិន័យ ជម្រះនូវកិលេសតាមរយៈការចម្រើនសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន និងសម្តែងធម៌ទេសនាទូន្មានដល់ពុទ្ធបរិស័ទដែលអញ្ជើញមកវត្តឱ្យស្គាល់បាបបុណ្យ គុណទោស។ ចំណែក ឃរាវាស ជាឱកាសមាសក្នុងការសន្សំមហាកុសល ព្រោះបានធ្វើតួនាទីជាពុទ្ធសាសនូបត្ថម្ភ(ទាយក) ក្នុងការផ្គត់ផ្គង់ចង្ហាន់ ទេយ្យទាន និងគ្រឿងសក្ការបូជាផ្សេងៗ ដើម្បីឱ្យព្រះសង្ឃគង់ចាំព្រះវស្សាមានភាពសប្បាយក្នុងការប្រព្រឹត្តកិច្ចវត្តប្រតិបត្តិផ្សេងៗ។ ដូច្នេះការនាំទៀនវស្សាមកប្រគេនដល់ព្រះភិក្ខុ សង្ឃនៅវត្តនាថ្ងៃនេះ មិនត្រឹមតែជាការអភិរក្ស ថែរក្សាប្រពៃណីព្រះពុទ្ធសាសនាឱ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមគាំទ្រដល់ ជីវភាពរស់នៅ ការសិក្សា ការប្រតិបត្តិរបស់ព្រះសង្ឃផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ព្រះគ្រូចៅអធិការគ្រប់វត្តនៅក្នុងរដូវចូលព្រះវស្សានេះ បន្តយកព្រះទ័យទុកដាក់ខ្ពស់ ពង្រឹងសាលាពុទ្ធិកសិក្សាគ្រប់ កម្រិតទាំងស្មារតី និងធនធាន ធ្វើយ៉ាងណាឱ្យពុទ្ធិកសិក្សាគ្រប់កម្រិតឈានឆ្ពោះទៅរកវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ហើយត្រូវសហការដោះ ស្រាយរាល់បញ្ហា និងអធិករណ៍ផ្សេងៗ ដែលកើតមាននៅតាមវត្តអារាមនីមួយៗទៅតាមយន្តការធម៌វិន័យ និងច្បាប់រដ្ឋ ដើម្បីធ្វើឱ្យវត្តអារាមក្លាយទៅជា បូជនីយដ្ឋាន ជាបុញ្ញខេត្ត ស្របតាម អភិក្រម ស៣ គឺ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ របស់ក្រសួងធម្មការនិងសាសនា និងសក្តិសមជាទីសក្ការបូជា របស់ព្រះសង្ឃ និងពុទ្ធបរស័ទគ្រប់មជ្ឈដ្ឋាន។

ជាងនេះទៀត ត្រូវបន្តយន្តតាមដានត្រួតពិនិត្យ ទប់ស្កាត់រាល់សកម្មភាពប្រព្រឹត្តខុសធម៌វិន័យនិងច្បាប់រដ្ឋរបស់ព្រះភិក្ខុ សាមណេរ ដូចជា ការប្រើប្រាស់ បណ្តាញសង្គមក្នុងផ្លូវអវិជ្ជមាន ការយកវត្តអារាមធ្វើជាកន្លែងឆបោក ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហ្គេមអនឡាញជាដើម ដើម្បីចូលរួម អនុវត្តគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីលុបបំបាត់ និងបោសសម្អាត Online Scams ។ ព្រោះសកម្មភាពទាំងនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អសង្គម។

ព្រះសច្ចបិយោ សា វិរៈ ព្រះចៅអធិការ ព្រះសង្ឃ គ្រប់ព្រះអង្គនា វត្តខេមវ័ន (ហៅវត្តបឹងស្នាយ) បានអារាធនាប្រសិទ្ធពរជូន ឯកឧត្តម ចាយ បូរិន និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងមន្ត្រីរាជការរបស់ក្រសួងធម្មការនិងសាសនាទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសម្រេចគ្រប់ភារកិច្ចការងារ ព្រមទាំងសូមឧទ្ទិសនូវមហាកុសល ជូនចំពោះ ដួងវិញាក្ខន្ធមហាឧបាសកឧកញ៉ាមហាសប្បុរសធម្ម សិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអី ត្រូវជាលោកឪពុកបង្កើតរបស់ ឯកឧត្តម រដ្ឋមន្ត្រី ព្រមទាំងឧទ្ទិសនូវមហាកុសលជូនដល់ វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និង ប្រជាជន ដែលបានចែកឋានទៅ សូមដួងវិញាណក្ខន្ធអ្នកទាំងអស់នោះគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេនទេយ្យទានដល់វត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ទទួលបាន៖ ទៀន១គូរ, សាដក៧, អង្ករ១០០០គ.ក, មី ២០កេះ, ទឹកត្រី១៤យូរ, ទឹកបរិសុទ្ធ៧កេស, ផ្លែល្មើរ៧កេសនិងប្រគេនបច្ច័យដល់ព្រះសង្ឃ៧ព្រះអង្គ ជូនតាជី យាយជី២១០នាក់ ក្នុងម្នាក់ៗ ទទួលបាន ក្រមា១ ថវិកាមួយចំនួន ព្រមទាំងបានប្រគេនពរ និងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ លោកតា លោកយាយ និងប្រជាពលរដ្ឋ សូមប្រកបដោយ ពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការដទៃឡើយ ៕

May be an image of temple and text

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញប្រគេនទៀនព្រះវស្សានិងទេយ្យទានដល់ព្រះសង្ឃចំនួន៩វត្ត នឹងជួបសំណេះសំណាលជាមួយនិវត្តជន ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៩វត្ត និង ជួបសំណេះសំណាលជាមួយនិវត្តជន ប្រារព្ធធ្វើនៅវត្តសុវណ្ណមុន្នីជោតិ ហៅវត្តស្វាយតាមែក ស្ថិតនៅភូមិជ្រៃភ្លុក ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកតំបែរ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកយាយ លោកតា យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អតីតយុទ្ធជន និងនិវត្តជន នៅទូទាំងប្រទេស។

ឯកឧត្តមបានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលមានសារសំខាន់ណាស់ខាងផ្នែក ព្រះពុទ្ធសាសនា ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់បញ្ញត្តិក្នុងព្រះវិន័យឱ្យភិក្ខុទាំងឡាយគង់ចាំព្រះវស្សារយៈពេល៣ខែ”។ នៅក្នុងអំឡុង ពេលចូលព្រះវស្សា ទាំងព្រះសង្ឃ (អ្នកបួស) និងឃរាវាស (គ្រហស្ថ ឬពុទ្ធបរិស័ទ) សុទ្ធតែមានភារកិច្ចរៀងៗខ្លួន ដែលត្រូវបំពេញ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា និងអភិវឌ្ឍផ្លូវចិត្ត។សម្រាប់ព្រះសង្ឃ ជាពេលវេលាបានសម្ងំអប់រំចិត្ត និងមានឱកាសពេញលេញក្នុងការសិក្សាទាំងគន្ធធុរៈ វិបស្សនាធុរៈ ពិភាក្សាធម៌វិន័យ ជម្រះនូវកិលេសតាមរយៈការ ចម្រើនសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន និងសម្តែងធម៌ទេសនាទូន្មានពុទ្ធបរិស័ទដែលអញ្ជើញមកវត្ត ឱ្យស្គាល់ បាបបុណ្យ គុណទោស។ ចំណែកឃរាវាស ជាឱកាសមាសក្នុងការសន្សំមហាកុសល ព្រោះបានធ្វើតួនាទីជាពុទ្ធសា សនូបត្ថម្ភ (ទាយក) ក្នុងការផ្គត់ផ្គង់ចង្ហាន់ ទេយ្យទាន និងគ្រឿងសក្ការបូជាផ្សេងៗ ដើម្បីឱ្យព្រះសង្ឃគង់ចាំព្រះ វស្សាមានភាពសប្បាយក្នុងការប្រព្រឹត្តកិច្ចវត្តប្រតិបត្តិផ្សេងៗ។ ដូច្នេះ ការនាំទៀនវស្សាមកប្រគេនដល់ព្រះភិក្ខុសង្ឃ នៅតាមបណ្តាវត្តនាថ្ងៃនេះ មិនត្រឹមតែជាការអភិរក្ស ថែរក្សាប្រពៃណីព្រះពុទ្ធសាសនាឱ្យគង់វង្ស ស្ថិតស្ថេរជានិច្ច និរន្តរ៍ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមគាំទ្រដល់ជីវភាពរស់នៅ ការសិក្សា ការប្រតិបត្តិរបស់ព្រះសង្ឃផងដែរ។

ជាងនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ព្រះគ្រូចៅអធិការគ្រប់វត្តនៅក្នុងរដូវចូលព្រះវស្សានេះ បន្ថយក ព្រះទ័យទុកដាក់ខ្ពស់ ពង្រឹងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតទាំងស្មារតី និងធនធាន ធ្វើយ៉ាងណាឱ្យពុទ្ធិកសិក្សាគ្រប់ កម្រិតឈានឆ្ពោះទៅរកវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ហើយត្រូវសហការដោះស្រាយរាល់បញ្ហា និងអធិករណ៍ ផ្សេងៗ ដែលកើតមាននៅតាមវត្តអារាមនីមួយៗទៅតាមយន្តការធម៌វិន័យ និងច្បាប់រដ្ឋ ដើម្បីធ្វើឱ្យវត្តអារាមក្លាយទៅ ជាបូជនីយដ្ឋាន ជាបុញ្ញខេត្ត ស្របតាម អភិក្រម ស៣ គឺ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ របស់ក្រសួងធម្មការនិង សាសនា និងសក្តិសមជាទីសក្ការបូជារបស់ព្រះសង្ឃ និងពុទ្ធបិរស័ទគ្រប់មជ្ឈដ្ឋាន។ជាងនេះទៀត ត្រូវបន្តយន្តតាម ដានត្រួតពិនិត្យ ទប់ស្កាត់រាល់សកម្មភាពប្រព្រឹត្តខុសធម៌វិន័យនិងច្បាប់រដ្ឋរបស់ព្រះភិក្ខុ សាមណេរ ដូចជា ការប្រើប្រាស់ បណ្តាញសង្គមក្នុងផ្លូវអវិជ្ជមាន ការយកវត្តអារាមធ្វើជាកន្លែងឆបោក ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហ្គេម អនឡាញជាដើម ដើម្បីចូលរួមអនុវត្តគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាដើម្បីលុបបំបាត់ និងបោសសម្អាត Online Scams ។ ព្រោះសកម្មភាពទាំងនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គុណតម្លៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អសង្គម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូននិវត្តជន (មន្ត្រីរាជការ បុគ្គលិក ឬកម្មករ ដែលបានចូលនិវត្តន៍) ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងប្រាជ្ញាស្មារតី ក្នុងការបម្រើជាតិ មាតុភូមិ និងសង្គមជាតិនាពេលកន្លងមក។ ដើម្បីគាំទ្រ និងតបស្នងចំពោះគុណបំណាច់របស់និវត្តជន រាជរដ្ឋាភិបាល កម្ពុជាបាននឹងកំពុងបន្តអនុវត្តគោលនយោបាយគាំពារសង្គមសំខាន់ៗ មានដូចជា ការដំឡើង និងបើកប្រាក់សោធននិវត្តន៍ បានលឿនទាន់ពេលវេលា ២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារ ការកែសម្រួលដំឡើងកម្រិតប្រាក់សោធនអប្បបរមា ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកជីវភាពទៅតាមស្ថានភាពសេដ្ឋកិច្ច ទទួលបានកាតមូលនិធិសមធម៌សុខភាព ឬប័ណ្ណ ប.ស.ស ដែលអនុញ្ញាតឱ្យទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យដៃគូដោយមិន មានការបង់ប្រាក់ ហើយមិនត្រឹមតែមន្ត្រីរាជការប៉ុណ្ណោះទេ សូម្បីតែកម្មករនិយោជិតក្នុងវិស័យឯកជន ក៏ត្រូវបាន ដាក់ឱ្យអនុវត្តកាតព្វកិច្ចហូរចូលក្នុងប្រព័ន្ធសោធននិវត្តន៍ ប.ស.ស.ផងដែរ ដើម្បីធានាថាពួកគាត់មានចំណូលថេរ នៅពេលចាស់ជរា។ ជាងនេះទៀត ជារៀងរាល់ឆ្នាំ កម្ពុជាតែងប្រារព្ធ«ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ» ដើម្បីរំលឹកគុណ និងលើកកម្ពស់តម្លៃរបស់ចាស់ព្រឹទ្ធាចារ្យ និងនិវត្តជន ព្រមទាំងមានការបង្កើតសមាគម មនុស្សចាស់នៅតាមភូមិ-ឃុំ ដើម្បីជួយគ្នាចែករំលែកបទពិសោធន៍ជីវិត។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេនទេយ្យទានដល់វត្តនីមួយៗ ក្នុងមួយវត្តៗ ទទួលបាន៖ ទៀន១គូរ,សា ដក១, អង្ករ១០០គ.ក, មី ២កេះធំ, ទឹកត្រី៤យូរ, ទឹកស៊ីអ៊ីវ ២យួរ, ទឹកបរិសុទ្ធ២កេះ បច្ច័យមួយចំនួន ជូនតាជី យាយជី២០០នាក់ ម្នាក់ៗ ទទួលបានក្រមា ១ ថវិកាមួយចំនួន ជូនដល់និវត្តជន និងក្រុមប្រឹក្សាស្រុក ឃុំ ១៩នាក់ ម្នាក់ៗទទួលបាន អង្ករ ៥០គ.ក,មី ២កេះ,ទឹកសុទ្ធ២កេះ,ទឹកស៊ីអ៊ីវ២យួរ,ទឹកត្រី ២យួរ,ប៊ីចេង១កេះតូច,ប្រអប់ឃីត ១កញ្ចប់ និងថវិកាមួយចំនួន ព្រមទាំងបានប្រគេនពរ និងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ និវត្តជន លោកតា លោកយាយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សូម ប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ។

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលគណៈគ្រប់គ្រង់សាលាពុទ្ធិកបឋមសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នាអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិ

រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦- ២០២៧ នៅអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិក្រសួងធម្មការនិងសាសនា។

ពិធីនេះ មានការយាងចូលរួមពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ និងជាព្រះអគ្គធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះអគ្គធិការរង ព្រះអគ្គាធិការរង ព្រះសាកលវិទ្យាធិការរង ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងសិក្ខាកាមចូលរួមប្រមាណ ៦៤ អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមកពីរាជធានី-ខេត្ត និងផ្នែកជំនាញចំណុះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះព្រះសិក្ខាកាមនិងសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ នូវគ្រប់មុខវិជ្ជា ទទួលបានកំណើននៃបំណិន បទពិសោធន៍ ចំណេះដឹងថ្មីៗ ចំណេះធ្វើពិតប្រាកដ ម្យ៉ាងទៀតបានជួយជំរុញដំណើរការបណ្តុះបណ្តាលអភិវឌ្ឍវិស័យពុទ្ធិកសិក្សា នៅក្នុងអគ្គាធិការរដ្ឋានពុទ្ធិកសិក្សាជាតិ ឱ្យរឹតតែមានភាពរីកចម្រើន ឈានឆ្ពោះទៅផលិតបាននូវធនធានមនុស្សមានគុណភាពស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងអស់ រយៈពេល ៣ថ្ងៃ រហូតបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។

រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥ ឆ្នាំខាងមុខ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ មានបាវចនា ៥ គឺកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ដោយនេះក៏ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។

ឯកឧត្តម បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវកាលានុវត្តភាព លទ្ធភាពដល់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ពង្រឹងនិងពង្រីកវិស័យពុទ្ធិកសិក្សាពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្តមនិងក្រោយឧត្តមស្របតាមគោលនយោបាយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស ដើម្បីចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ ។

ដោយឡែកសម្រាប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារ មាតុភូមិឆ្នាំ២០២៣-២០២៨ក៍បានចង្អុលបង្ហាញយ៉ាងច្បាស់ស្តីពីការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនាមានជាអាទិ៍៖
១) គោរពសេរីភាពខាងជំនឿ និងធ្វើប្រតិបត្តិខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រ ការគោរពប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ២) ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា ជាតិសាសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជារាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា និងប្រឆាំងការរើសអើងក្នុងជំនឿនិងសាសនា សំដៅប្រែក្លាយសក្តានុពលគ្រប់សាសនា ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លាក្នុងការការពារសន្តិភាព ឯកភាពជាតិ អធិបតេយ្យភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ៣) បន្តពង្រឹងនិងពង្រីកការអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត។

ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលខាងលើ ឯកឧត្តម រដ្ឋមន្ត្រី បានចូលរួមផ្តល់នូវទស្សនាទានមួយចំនួន ដូចខាងក្រោម៖


១.ចំណេះដឹងដែលនៅលើក្រដាស ឬក្នុងមេម៉ូរីកុំព្យូទ័រ មិនអាចកែប្រែគុណភាពសមណសិស្ស និងសិស្សបានឡើយ ដូច្នេះ សូមឱ្យព្រះសិក្ខាកាម និងសិក្ខាកាមទាំងអស់ត្រូវយកវិធីសាស្ត្របង្រៀនបែបសកម្ម និងកិច្ចតែងការថ្មីៗ ទៅសាកល្បងនៅក្នុងថ្នាក់រៀនជាក់ស្តែង ទន្ទឹមនឹងនេះត្រូវចេះកែច្នៃបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៃសាលារៀន និងកម្រិតយល់ដឹងរបស់សមណសិស្ស សិស្សម្នាក់ៗ ដោយមិនត្រូវរឹងឆ្អឹងនោះឡើយ។
២. ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងសង្គមឌីជីថល គ្រូបង្រៀនមិនអាចដើរក្រោយសមនសិស្ស និងសិស្សផ្នែកបច្ចេកវិទ្យាបានទេ ដូច្នេះសូមលើកទឹកចិត្តឱ្យព្រះសិក្ខាកាម និងសិក្ខាកាមទាំងអស់បន្តប្រើប្រាស់ឧបករណ៍ឌីជីថល (ដូចជា ការបង្កើតស្វាយ ទស្សនាវីដេអូអប់រំ ឬកម្មវិធីគ្រប់គ្រងថ្នាក់ រៀន) ឱ្យបានជាប្រចាំ ដើម្បីធ្វើឱ្យថ្នាក់រៀនមានភាពរស់រវើក ទំនើប និងទាក់ទាញសមណសិស្ស សិស្សឱ្យចង់មករៀន។
៣.ភាពខ្លាំងរបស់គ្រូម្នាក់ឯងមិនអាចទាញសាលារៀនទាំងមូលឱ្យរីកចម្រើនបានឡើយ ដូច្នេះសូមឱ្យព្រះសិក្ខាកាម និងសិក្ខាកាមដែលបានចូលរួមបណ្តាលនេះ នាំយកចំណេះដឹង និងបច្ចេកទេសល្អៗ ទៅចែករំលែកបន្តដល់សហការី លោកគ្រូ-អ្នកគ្រូដទៃទៀតនៅក្នុងសាលាពុទ្ធិកសិក្សា ដើម្បីភាពរីកចម្រើនទៅមុខជាមួយគ្នា។
៤. គ្រូបង្រៀនល្អ មិនមែនផ្ទេរតែចំណេះដឹងផ្នែកអក្សរសាស្ត្រ ឬលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវបណ្តុះបណ្តាលសីលធម៌ គុណធម៌ និងសុជីវធម៌ដល់ សមណសិស្ស និងសិស្សគ្រប់រូបផងដែរ។
៥. ការអប់រំ និងចំណេះដឹងសកល មានការប្រែប្រួលជារៀងរាល់ថ្ងៃ ដូច្នេះសូមឱ្យព្រះសិក្ខាកាម និងសិក្ខាកាមទាំងអស់កុំពេញចិត្តនឹងកម្រិតចំណេះដឹង ដែលមានស្រាប់ត្រូវបន្តស្រាវជ្រាវបង្កើនចំណេះដឹងថ្មីៗ និងចូលរួមវគ្គបំប៉ននានាជាប់ជាប្រចាំ ដើម្បីធ្វើបច្ចុប្បន្នភាពសមត្ថភាពខ្លួនឯងឱ្យក្លាយជា «មូលធនមនុស្ស» ដ៏រឹងមាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
៦) បន្តពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សានៅគ្រប់កម្រិតសិក្សា តាមរយៈការលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឲ្យឆ្លើយតបទៅ នឹងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាបរិវត្តកម្មឌីជីថល និងនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័សទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។

នាឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរ ដល់សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ ព្រះអង្គ ឯកឧត្តម លោក ជំទាវ គ្រូឧទ្ទេស លោក លោកស្រី សិក្ខាកាម និងអង្គពិធីទាំងមូល សូមប្រកបដោយ ឧត្តមពរ ៤ប្រការ គឺអាយុវណ្ណៈ សុខៈ និងពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃ ឡើយ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ និងចែកកូនឈើចំនួន ១២ ០០០ដើម ក្នុងយុទ្ធនាការបង្កើនគម្របបៃតងនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដាំដើមឈើ និងចែកកូនឈើសរុបចំនួន ១២ ០០០ដើម ដល់វត្តទាំង២៩ក្នុងឃុំទាំង៧ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីយកទៅដាំដុះបន្ត ក្នុងយុទ្ធនាការបង្កើនគម្របបៃតង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះចៅអធិការវត្ត ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កឹម តួន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត លោកតែងតែ គិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសគ្រប់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងព្រះពុទ្ធសាសនា និងធម្មជាតិថា ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រសូត ត្រាស់ដឹង សម្តែងធម្មចក្រ និងយាងចូលបរិនិព្វាន សុទ្ធសឹងតែស្ថិតនៅក្រោមម្លប់ព្រៃឈើ។ ហេតុនេះ ការដាំដើមឈើនៅតាមទីវត្តអារាម មិនត្រឹមតែជាការលើកកម្ពស់សោភ័ណភាពបៃតង ផ្តល់ម្លប់ខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគោរពប្រតិបត្តិតាមពុទ្ធប្បវេណី និងការបង្កើតរមណីយដ្ឋានបែបពុទ្ធសាសនាដ៏ស្ងប់ស្ងាត់ សម្រាប់ពុទ្ធបរិស័ទមកគោរពប្រតិបត្តិធម៌ធ្វើសមាធិនិងកម្ចាត់បង់នូវកិលេសផងដែរ។

ការរៀបចំពិធីដាំ និងចែកកូនឈើនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យគ្រប់វត្តរាមយកព្រះទ័យ និងយកចិត្តទុកដាក់អនុវត្តបានខ្ជាប់ខ្ជួននូវ អភិក្រម ស៣ ដែលបានដាក់ចេញដោយក្រសួងធម្មការនិងសាសនាគី “វត្តស្អាត វត្តស្វាង វត្តស្ងប់” និងដើម្បីចូលរួមចំណែកបង្កើនគម្របបៃតង ឆ្លើយតបបានយ៉ាងស័ក្ដិសមទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដ និយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ២០៥០ ក្នុងការកសាងប្រទេសឱ្យមានសណ្តាប់ធ្នាប់ស្អាត និងមានចីរភាព។ ម្យ៉ាងទៀត ការពង្រីកការដាំដើមឈើនៅរដូវវស្សា គឺដើម្បីបង្កើតខែលការពារធម្មជាតិ ជួយស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់អាកាស និងពង្រឹងភាពធន់របស់កម្ពុជាប្រឆាំងនឹងការប្រែប្រួល ព្រមទាំងបាតុភូត ធម្មជាតិផ្សេងៗ ដូចជាបាតុភូត El Niño (អែលនីញ៉ូ) ជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ព្រះចៅអធិការគ្រប់វត្ត ព្រះសង្ឃគ្រប់ព្រះអង្គ និងគណៈកម្មការ អាចារ្យវត្តទាំងអស់ ឱ្យបន្តដើរតួនាទីជាអ្នកអប់រំ និងជាគំរូដល់ពុទ្ធបរិស័ទ ក្នុងការស្រឡាញ់ ថែរក្សា និងការពារបរិស្ថានធម្មជាតិ។ វត្តអារាម ត្រូវចាត់ទុកជាទីជម្រកសុវត្ថិភាពអហិង្សាសម្រាប់សត្វព្រៃ និងជារុក្ខជាតិបៃតងសម្រាប់មនុស្សជាតិ ខណៈដែលសកម្មភាពចូលរួមដាំ និងថែរក្សាដើមឈើក៏ចាត់ទុកថា ជាការសន្សំកុសលផលបុណ្យមួយដ៏ប្រពៃ តាមទស្សនៈព្រះពុទ្ធសាសនា (ការឱ្យទានជាម្លប់ដ៏ត្រជាក់) ដែលនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ទាំងក្នុងជាតិនេះ និងជាតិមុខ។ លើសពីនេះ ដើមឈើដែលនឹងត្រូវបានដាំនៅតាមមូលដ្ឋានឃុំទាំង៧ នៃស្រុកតំបែរ នឹងជួយបង្កើនគម្របព្រៃឈើ និងសោភ័ណភាពបៃតងនៅតាមសហគមន៍ដែលជាកាលានុវត្តភាពសម្រាប់មូលដ្ឋានទាក់ទាញបាននូវភ្ញៀវទេសចរណ៍ អ្នកវិនិយោគ ដើម្បីបង្កើនប្រាក់ចំណូលមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិតទៀត។

ឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគេនកូនឈើចំនួន ១២ ០០០ដើម ដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃទាំង២៩វត្ត ក្នុងឃុំទាំង៧ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ព្រមទាំងបានប្រគេនពរ និងជូនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កឹម តួន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សូមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុង “ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ឆ្នាំ២០២៦” នៅសាលមហោស្រពកោះពេជ្រ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពក្នុង “ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ឆ្នាំ២០២៦” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងធម្មការនិង សាសនា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រឹទ្ធបូជាចារ្យ ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំ និងគ្រិស្តបរិស័ទ ព្រមទាំង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សរុបចំនួនជាង ២ ០០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំកម្មវិធី ដែលបានបង្កើតកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ គ្រិស្តបរិស័ទក្នុងការជួបប្រាស្រ័យទាក់ទងគ្នា ពង្រឹងសាមគ្គីភាព និងរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ព្រមទាំងបានគូសបញ្ជាក់ថា “ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ឆ្នាំ២០២៦” មិនត្រឹមតែជាការជួបជុំ ដើម្បីអធិដ្ឋានអរព្រះគុណព្រះយេស៊ូគ្រិស្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិវាដែលគ្រិស្តបរិស័ទនៅទូទាំងប្រទេស បានរួមគ្នាអធិដ្ឋានសូមសេចក្តីសុខដល់ប្រទេស ជាតិ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច រក្សាឱ្យបាននូវសាមគ្គីភាព ព្រមទាំងសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅ កម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់ ហើយបានបន្តការពារ ពង្រឹង និងអភិវឌ្ឍ ឥតឈប់ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការបង្ហាញឱ្យឃើញនូវការរីកចម្រើនរបស់ជំនឿគ្រិស្តសាសនានៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការលើក ស្ទួយ សុខដុមនីយកម្មវិស័យគ្រិស្តសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់រាល់អំពើបាបអកុសលទាំងពួងនៅក្នុងសង្គម សំដៅរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត ក្នុងគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនរុងរឿងជានិរន្តរ៍ផងដែរ។

«ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី តាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា ព្រមទាំងបរិស័ទគ្រប់និកាយសាសនា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជា ជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់ សម្រាប់ការចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។ ការអនុវត្តយន្តការផ្សះផ្សារ ដោយបង្ខំនេះ គឺជាជំហានស្របច្បាប់ ប្រកបដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌នៅ ចំពោះមុខអន្តរជាតិ បន្ទាប់ពីក្របខណ្ឌទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរ ត្រូវបានប្រើប្រាស់អស់លទ្ធភាព»។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត ដូចខាងក្រោម៖

១.សូមឱ្យថ្នាក់ដឹកនាំនិងគ្រិស្តបរិស័ទទាំងអស់ ត្រូវសហការគ្នា សាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងតែមួយ ក្នុងសង្គមគ្រិស្តបរិស័ទ និងត្រូវមានទំនាក់ទំនងល្អ ជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិ ដោយឈរលើគោលការណ៍នៃសុខដុមនីយកម្មសាសនា។

២.ត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធដឹកនាំ ឬតំណាងច្បាស់លាស់ ក្នុងជំនឿគ្រិស្តបរិស័ទក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងធម្មការនិង សាសនា។

៣.បង្កើនសកម្មភាពនៅក្នុងសង្គមឱ្យបានទូលំទូលាយ តាមរយៈសកម្មភាពមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនានានា ដោយប្រកាន់ ខ្ជាប់នូវគោលការណ៍នៃជំនឿ និងព្រះនាម ព្រះយេស៊ូគ្រិស្តពិតប្រាកដ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន៖ កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា បានកំពុងបញ្រ្ជាបការយល់ដឹងពីតម្លៃនៃការសិក្សា ចេះធ្វើអំពើល្អ មានសុជីវធម៌ និងការទទួលខុសត្រូវក្នុងសង្គម

នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា លើកទី៧២ ក្រោមប្រធានបទ តម្លៃសីលធម៌យុវជនក្នុងសង្គមខ្មែរ ដែលរៀបចំឡើងនៅវិទ្យាល័យជាស៊ីម ឈូកវ៉ា ដោយមានការចូលរួមពីព្រះសង្ឃ ថ្នាក់ ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដើម្បីបណ្តុះស្មារតីឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការគោរពចំពោះមាតា បិតា គ្រូបង្រៀន និងបុព្វការីជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសាងអនាគតដ៏ល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៧ ក្រោមគំនិត ផ្តួចផ្តើមដ៏ ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងផ្សព្វផ្សាយអប់រំសីលធម៌ និង បណ្តុះគំនិតល្អៗដល់យុវជនកម្ពុជា តាមរយៈការផ្សារភ្ជាប់ព្រះពុទ្ធសាសនាជាមួយការអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃ។ កម្មវិធីនេះស្របតាម យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុក “មនុស្ស”ជាវិស័យ អាទិភាពទី១ ក្នុងការអភិវឌ្ឍជាតិ ផ្តោតលើការកសាងធនធានមនុស្សប្រកបដោយ គុណភាព សមត្ថភាព សីលធម៌ និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សីលធម៌ការរស់នៅ មានសារសំខាន់ណាស់ សម្រាប់ការរស់នៅទាំងក្នុងគ្រួសារនិងសង្គមជាតិ ។ ដោយឡែក ព្រះពុទ្ធ សាសនា និងសាសនាដទៃទៀតដែលកំពុងប្រតិបត្តិនៅកម្ពុជា បានដើរតួនាទី យ៉ាងសំខាន់ក្នុងការតម្រង់ទិសអប់រំ មនុស្សឲ្យដើរលើផ្លូវត្រឹមត្រូវ
ប្រកបដោយគុណធម៌ សីលធម៌ និងសុជីវធម៌ ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា បានដាក់ចេញនូវ អភិក្រម “ស ៣” គឺ វត្តស្អាត វត្ត ស្វាង និងវត្តស្ងប់ សម្រាប់វត្តអារាម ដែលមានគោលបំណងលើកកម្ពស់តួនាទីវត្តឱ្យក្លាយជាគ្រឹះសម្រាប់សីលធម៌ បញ្ញា និងសន្តិភាពក្នុងសង្គម។ អភិក្រម
នេះក៏អាចយកមកប្រើជាការដាស់តឿនបញ្ញារបស់សិស្សានុសិស្ស នៅតាមសាលារៀនឱ្យសមស្របទៅនឹងសង្គមសម័យថ្មីផងដែរ។
ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតរដ្ឋ រដ្ឋមន្ត្រី បានផ្តល់នូវទស្សនទានដល់ក្មួយៗសិស្សានុសិស្សដូចខាងក្រោម ៖
១. ក្មួយៗត្រូវតាំងចិត្តតស៊ូសិក្សារៀនសូត្រ
២.ចេះគោរព និងស្តាប់ដំបូន្មានលោកឪពុកអ្នកម្តាយ លោកគ្រូ អ្នកគ្រូ
៣.រក្សាអនាម័យទាំងខ្លួនប្រាណ បរិស្ថានសាលារៀន និងគេហដ្ឋានខ្លួនផ្ទាល់
៤.ត្រូវក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ មានក្រមសីលធម៌ល្អក្នុងសង្គម រក្សាប្រពៃណី ទំនៀមទំលាប់ ឲ្យបានខ្ជាប់ខ្ជួន
៥. ថែរក្សា និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ព្រះពុទ្ធសាសនា។
គួរបញ្ជាក់ថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ត្រូវបានរៀបចំដោយក្រសួងធម្មការ និងសាសនា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រម ទាំងស្ថានីយទូរទស្សន៍រដ្ឋ និងឯកជន ដើម្បីផ្សព្វផ្សាយការអប់រំផ្នែកសីលធម៌ និងគុណធម៌ដល់យុវជននៅទូទាំងប្រទេស៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក និងផ្សព្វផ្សាយអនុក្រឹត្យ៦៧ អនក្រ ប.ក ស្តីពីការៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនា នៅវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប

(សៀមរាប)៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជួបសំណេះសំណាលជាមួយព្រះមេគណ ព្រះអនុគណ និងព្រះមន្រ្តីសង្ឃនៅខេត្តសៀមរាប និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនា ​ស្ថិតនៅបរិវេណវត្តរាជបូណ៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីសំណាក់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងលោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប​។

លោក លី សារី ​អភិបាលរង តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើសុន្ទរកថាស្វាគមនិងរបាយការណ៍ស្ដីអំពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តសៀមរាប​លើគ្រប់វិស័យ ជាពិសេស វិស័យធម្មការនិងសាសនា ទាំងព្រះពុទ្ធសាសនា និងពាហិរសាសនា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងឱកាសនោះដែរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានមានព្រះសង្ឃដីកាថ្លែងអំណរគុណ ឯកឧត្តម ចាយ បូរិន ​រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះ​សំណាលនិងផ្សព្វផ្សាយ​អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនា ជាមួយព្រះមន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាប ព្រមទាំងបានណែនាំដល់ព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការគ្រប់វត្តឱ្យពង្រឹងតួនាទី និងករណីកិច្ចក្នុងការដឹកនាំ គ្រប់គ្រងរបស់ខ្លួនឱ្យបានរឹងមាំ និងចូលរួមអភិរក្ស ថែរក្សា ការពារ បេតិកភណ្ឌក្នុងវត្តអារាម ឱ្យស្របតាមស្មារតីនៃអនុក្រឹត្យថ្មីនេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុក្ខដាក់ ពីសុខទុក្ខរបស់ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថាអនុក្រឹត្យថ្មីនេះ គឺជាក្បាលម៉ាស៊ីន និងជាក្របខណ្ឌគតិយុត្តដ៏រឹងមាំ ប៉ុន្តែភាពជោគជ័យ និងការផ្លាស់ប្តូរជាវិជ្ជមាននៃការដឹកនាំ និងការគ្រប់គ្រង់វិស័យសាសនា។ ការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នក្រោមអនុក្រឹត្យថ្មីនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច និងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ដោយធានាឱ្យបាននូវ គុណភាព គណនេយ្យភាព តម្លាភាព និងបរិយាបន្ននៅក្នុងការដឹកនាំនិងការគ្រប់គ្រងវិស័យសាសនានៅទូទាំងប្រទេស។ ចំពោះអនុក្រឹត្យនេះ ក្រសួងបានរៀបចំកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ដោយផ្អែកលើការវិភាគមុខងារស៊ីជំរៅកំណត់អំពីភាពត្រួតស៊ីគ្នា ក្នុងការអនុវត្តភារកិច្ចនិងការធ្វើវិចារណកម្មមុខងារក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការរៀបចំមុខងារ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការណែនាំ និងដាក់ចេញនូវទិសដៅការងារគន្លឹះ​ក្នុងការអនុវត្ត​ រួមមាន ១)ការធ្វើទំនើបកម្មស្ថាប័ន៖ ការរៀបចំរចនាសម្ព័ន្ធការងារថ្មីត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបរិបទ​សកលភាវូបនីយកម្ម និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយធានាបាននូវការបែងចែកតួនាទី និងភារកិច្ចច្បាស់លាស់ដល់គ្រប់អង្គភាព។ ២)ការពង្រឹងសមត្ថភាពមន្ត្រីរាជការ៖ ការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ តាមរយៈការបណ្តុះបណ្តាល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការសម្រេចបាននូវជោគជ័យក្នុងបេសកកម្ម 3)កំណែទម្រង់​​រដ្ឋបាល និងអភិក្រមការងារ៖ ការដាក់ចេញនូវអភិក្រម​ការងារច្បាស់លាស់ ការគ្រប់គ្រងវត្តមាន ការបំពេញការងារ និងការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យមន្ត្រី ដូចជាការធ្វើជំរឿននិងជីវមាត្រមន្ត្រី ដើម្បីធានាបាននូវតម្លាភាព និងភាពម្ចាស់ការ 4)​ ការរៀបចំរចនាសម្ព័ន្ធការងារថ្មី ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការកែទម្រង់​ការគ្រប់គ្រងមន្ត្រីរាជការ និងមន្ត្រីគ្រូពុទ្ធិក ហើយត្រូវធានាឱ្យបាននូវការដាក់ពង្រាយមន្ត្រីចំជំនាញ និងត្រូវតាមតម្រូវការជាក់ស្តែង​ ៥) ត្រូវបន្តរៀបចំប្រព័ន្ធលើកទឹកចិត្ត និងវាយតម្លៃការបំពេញការងាររបស់មន្ត្រី ដោយផ្អែកលើសមិទ្ធកម្មការងារពិតប្រាកដ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។ និង ៦) ពង្រឹងផលប្រយោជន៍រួម៖ ជម្រុញឱ្យមន្ត្រីទាំងអស់គិតគូរពីពាក្យថា «យើង» ជាជាងពាក្យថា «ខ្ញុំ» ដោយតម្កល់ផលប្រយោជន៍រួម និងសមិទ្ធផលរបស់ក្រសួងជាធំ។ ជានេះទៅទៀត បានជម្រុញឱ្យព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គយកព្រះទ័យទុកដាក់នៅតាមបណ្ដាវត្តនីមួយ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ឱ្យខាងតែបាន បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online) តាមរយៈការសម្ដែងព្រះធម៌ទេសនាដើម្បីបញ្ជ្រាបការយល់ដឹងអំពីភាពអវិជ្ជមាននៃបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online)  ដល់យុវជន និងពុទ្ធបរិស័ទទូទៅ ព្រមទាំងសូមឱ្យព្រះមន្រ្តីសង្ឃ ពិនិត្យមើលវត្តដែលមានសក្ដានុពលទេសចរណ៍​ ហើយសហការរៀបចំឱ្យប្រែក្លាយទៅជាអារាមទេសចរណ៍សាសនា។

ជាទីបញ្ចប់ ឯកឧត្តម ចាយ បូរិន បាន​ប្រគេនពរ និងជូនពរដល់សម្ដេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់ ជួបប្រទះតែនឹងពរទាំងឡាយ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ៕

Scroll to Top