នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សំណង់អាគារសិក្សាចំនួន២ គឺ សាលាបឋមសិក្សា និង សាលារៀនឥស្លាម (អាស្សាអូខ ស៊ូមីយ៉ា) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនសាសនិកឥស្លាម ស្ថិតនៅភូមិសំរោង ស្រុកកោះអណ្តែត ខេត្តតាកែវ។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាទីប្រឹក្សាចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា និងជាប្រធានគណៈចលនាខ្មែរឥស្លាមចុះជួយខេត្តតាកែវ បានជម្រាបរបាយការណ៍ជូន ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ឱ្យបានជ្រាបថា ដោយសារកំណើនសិស្សនិងអគារសិក្សាចាស់មានភាពទ្រុឌទ្រោមខ្លាំងប្រជាពលរដ្ឋក្នុងភូមិសំរោងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលទទួលបានអគារសិក្សា២ខ្នងរួមមាន ៖
អគារទី១៖ សាលាបឋមសិក្សា អគារសិក្សា ១ខ្នង (២៣.៥ម៉ែត្រ×៨.៥ម៉ែត្រ) មានកំពស់ ២ជាន់ ស្មើនិងបន្ទប់ និងដំបូលក្បឿង ។ អគារទី២៖ សាលារៀនឥស្លាម (អាស្សាអូខ ស៊ូមីយ៉ា)
(១៥ម៉ែត្រx៧ម៉ែត្រ) ស្មើនិង៣បន្ទប់ មានជាន់ផ្ទាល់ដី និងដំបូលក្បឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ សេរីភាពនៃជំនឿសាសនានៅកម្ពុជាត្រូវបានស្ដារឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនខ្មែរឥស្លាម និងបងប្អូនប្រកាន់យកសាសនាផ្សេងៗ គឺមានតាំងពីថ្នាក់ដឹកនាំកំពូលដែលកាន់ព្រះពុទ្ធសាសនារហូតដល់ថ្នាក់មូលដ្ឋាន។ សមិទ្ធផលថ្មីជាអគារសិក្សានេះ ស្តែងចេញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើការបណ្តុះធនធានបញ្ញាវ័នចាត់តាំងពីថ្នាក់បឋមរហូតដល់ឧត្តមសិក្សា ឱ្យក្លាយជាសសរទ្រូងន័យការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនទ្វេរឡើងថែមទៀត ។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសេរនិងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា និងជាប្រធានគណៈចលនាខ្មែរឥស្លាមចុះជួយខេត្តតាកែវ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានគណៈគ្រប់គ្រង់សាលាដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ខ្លួនឱ្យបានរីកចម្រើនជាមួយរាជរដ្ឋាភិបាល ។ ជាមួយគ្នានោះដែរ អាជ្ញាធរមូលដ្ឋានភូមិសំរោង ស្រុកកោះអណ្តែត ខេត្តតាកែវ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានសម្តែងនូវការថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានផ្តល់នូវសមិទ្ធផលថ្មីមួយនេះ គឺអគារសាលាបឋមសិក្សាចំនួន២ខ្នង សម្រាប់បម្រើដល់វិស័យអប់រំក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព៕



























































