ព័ត៌មាន

ឯកឧត្តម នរៈ រតនវឌ្ឍនោ តំណាង ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៤

ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៤ ក្រោមអធិបតីភាព ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ 

លោក កែវ ហេង ប្រធាន នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានអានរបាយការណ៍ជូនឯកឧត្តម គណៈអធិបតី និងជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឲ្យបានជម្រាបថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធីបង្កើតឲ្យមានការវែកញែក រកខុសត្រូវមិនដាច់ស្រេច ដូចនេះទើបសម្រេចបើកវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរចាត់តាំងពីឆ្នាំ២០០៩មក ដែលជាអនុសាសន៍ណែនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ក្នុងគោលបំណងថែរក្សាលើកតម្កើងតម្លៃព្រះពុទ្ធសាសនានិងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិឲ្យបានគង់វង្ស។ 

ឯកឧត្តម នរៈ រតនវឌ្ឍនោ បានមានប្រសាសន៏ថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នៅក្នុងអាណត្តិទី៧នេះ ក្រសួងធម្មការនិងសាសនាបានបង្ហាញសកម្មភាពផ្សព្វផ្សាយសាសនាយ៉ាងផុសផុលដល់កុលបុត្រ កុលធីតាខ្មែរ ជាក់ស្តែងបានផលិតវីដេអូ ស្តីអំពីសុជីវធម៌ថ្វាយបង្គំ និងសំពះតាមប្រពៃណីខ្មែរ តាមបែបបទឲ្យបានត្រឹមត្រូវជាដើម។ 

 ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៏បន្តថា តាមរយៈវគ្គសិក្សានេះ សូមសិក្ខាកាមទាំងអស់ព្យាយាមសិក្សាបន្ថែមដើម្បីបំពេញចំណេះវិជ្ជាដែលមានសម្រាប់ឲ្យកាន់តែត្រឹមត្រូវ ដែលបានបង្ហាញពីអរិយធម៌ល្អសំបូរបែបរបស់ខ្មែរយើង និងសូមយកចំណេះដឹងទៅចែករំលែកទៅតាមកម្មពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យទានផ្សេងៗ ទៅតាមជំនាញរបស់ខ្លួនផងដែរ។ 

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី ៤៤ ដែលកំពុងចាប់ផ្ដើមនាពេលនេះមានសិក្ខាកាមអាចារ្យមកពីជម្រុះរាជធានី/ខេត្តទូទាំងប្រទេសចំនួន ១៩០រូប ក្នុងនោះព្រះសង្ឃ ២៤ អង្គនិងអាចារនី៨នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ១៨មុខវិជ្ជា៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យគណៈប្រធានតំបន់អាស៊ី នៃសាសនាចក្រព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យគណៈប្រធានតំបន់អាស៊ី នៃសាសនាចក្រព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឱ្យលោក អ៊ែលដើរ ខែល្លី អ័រ ចនសុន (Elder Kelly R.Johnson) គណៈប្រធានតំបន់អាស៊ី នៃសាសនាចក្រព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដឹកនាំប្រតិភូចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងជំនួបនាឱកាសនេះ លោក អ៊ែលដើរ ខែល្លី អ័រ ចនសុន (Elder Kelly R.Johnson) បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ថា លោកនិងដឹកនាំគណៈប្រតិភូ រួមដំណើរជាមួយថ្នាក់ដឹកនាំក្រសួងធម្មការចុះពិនិត្យការងារនោទីតាំងចំនួន២នៅខេត្តត្បូងឃ្មុំ គឺស្រុកក្រូចឆ្មា និងស្រុកតំបែរ ដោយផ្តោតសំខាន់ទៅលើ ប្រព័ន្ធទឹកស្អាត សំភារៈបរិក្ខាពេទ្យនៅមណ្ឌលសុខភាពក្នុងស្រុកក្រូចឆ្មា និងលើវិស័យអប់រំជាដើម ។ ក្នុងនោះផងដែរ លោកបានជម្រាបបញ្ជាក់ជូនឯកឧត្តម រដ្ឋមន្រ្តី ថា កន្លងមកសាសនាចក្រ បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយផ្តោតលើវិស័យទាំង៣នេះរួចមកហើយ និងបានសុំការអនុញ្ញាត សម្តេចធិបតី នាយករដ្ឋមន្រ្តី ស្នើរសុំធ្វើការសហការជិតស្និតជាមួយក្រសួងធម្មការនិងសាសនា ដើម្បីបន្តសិក្សា និងជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីអំពីលទ្ធភាពជាក់ស្តែងបន្ទាប់ពីចុះពិនិត្យគោលដៅដែលឯកឧត្តមបានលើជាសំណើរ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមថ្លែងអំណរគុណដល់ក្រុងការងារសាសនាចក្រ ដែលបានសហការយ៉ាងជិតស្និតជាមួយក្រសួងធម្មការនិងសាសនា ព្រមទាំងបានចាត់តាំងថ្នាក់ដឹកនាំជំនាញក្រសួងធម្មការនិងសាសនា រួមដំណើរជាមួយ លោកប្រធាន និងគណៈប្រតិភូ ពិនិត្យទីតាំង ដើម្បីសិក្សាពីការខ្វះខាតជាក់ស្តែងដើម្បីអភិវឌ្ឍន៏មូលដ្ឋានជនបទឲ្យកាន់តែរីកចម្រើន។ ជាងនេះទៅទៀត ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរលោកប្រធាន និងគណៈប្រតិភូ សូមមានសុវត្ថិភាពក្នុងការធ្វើដំណើរ និងសម្រេចនៅបេសកកម្មជាបន្តបន្ទាប់ ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីបុណ្យផ្កាសាមគ្គីកសាងព្រះវិហារនិងបុណ្យទក្ខិណានុប្បទានរាប់បាត្រព្រះសង្ឃ៩៩អង្គ និងដាំដើមឈើ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីបុណ្យផ្កាសាមគ្គីកសាងព្រះវិហារនិងបុណ្យទក្ខិណានុប្បទានរាប់បាត្រព្រះសង្ឃ៩៩អង្គ និងដាំដើមឈើ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានិងលោកជំទាវ សូ ភត្ត្រា អញ្ជើញជាអធិបតីក្នុង ពិធីបុណ្យផ្កាសាមគ្គីកសាងព្រះវិហារនិងបុណ្យទក្ខិណានុប្បទានរាប់បាត្រព្រះសង្ឃ៩៩អង្គ និងដាំដើមឈើ ដោយមានការយាងចូលរួមដោយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណវត្តព្រះធម៌កំពូលត្រ័យភព ស្ថិតនៅភូមិអពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៏ថា វត្តអារាមជាកន្លែងសិក្សាព្រះធម៌វិន័យ និងជាទីចែករំលែកព្រះធម៌ដល់បងប្អូនប្រជាពលរដ្ឋបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវចិត្ត អប់រំចិត្តមនុស្សឲ្យស្ងប់ ស្គាល់ខុសត្រូវ ល្អ អាក្រក់ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់សុខសន្តិភាព ស្ថិរភាពសង្គមការអភិវឌ្ឍន៏លើគ្រប់វិស័យ។

ឯកឧត្តម រដ្ឋមន្រ្តី សូមកោតសរសើរដល់ ព្រះមេគុណខេត្ត ព្រះចៅអធិការ អជ្ញាធរមូលដ្ឋានដែលបានផ្តួចផ្តើមធ្វើបុណ្យផ្កាសាមគ្គីនាឱកាសនេះ ប្រមូលបច្ច័យទៅតាមសទ្ធាជ្រះថ្លា ដើម្បីសាងសងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តអារាមឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

នាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តីនិងលោកជំទាវ បានប្រគេននៅបច្ច័យថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងអភិវឌ្ឍន៏វត្តព្រះធម៌កំពូលត្រ័យភព ឲ្យកាន់តែរើកចម្រើន ព្រមទាំងបានយាង និមន្ត និងអញ្ជើញជានិមន្តរូបក្នុងការដាំដើមឈើប្រមាណ៣០០ដើម នាបរិវេណវត្ត និងពិនិត្យមើលហេដ្ឋារចនាសម្ពន្ធ័នៅក្នុងទីអារាមនេះផងដែរ។

នៅក្នុងពិធីនេះ ឯកឧត្តម រដ្ឋមន្រ្តីនិងលោកជំទាវ ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ បានអញ្ជើញរាប់បាត្រ និងទេយ្យទាន ប្រគេនព្រះសង្ឃប្រមាណ៩៩អង្គ ដើម្បី ឧទ្ទិស កុសលដល់វិញ្ញាណក្ខន្ធ មហាបុព្វបុរសខ្មែរយុទ្ធជន យុទ្ធនារី ដ៏អង្គអាចក្លាហាន ដែល ហ៊ានបូជាជិវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងឧទ្ទិសកុសលដល់បុព្វការីជនញាតិការទាំងប្រាំពីរ សណ្តានដែលបានចែកឋានរំលាយក្ខន្ធ ទៅកាន់លោកខាងមុខ សូមដួងវិញ្ញាណក្ខន្ធលោក ទាំងនោះ បានទៅកាន់ បរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាសំណេះសំណាលនិងអញ្ជើញចែកអំណោយគ្រឿងឧបភោគបរិភោគលើកទឹកចិត្តដល់មន្រ្តីរាជការក្រសួង

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញសំណេះសំណាលនិងចែកអំណោយជាគ្រឿងឧបភោគបរិភោគដល់មន្រ្តីរាជការក្រោមឱវាទក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៏ថា ទោះបីជាអំណោយទាំងនេះតិចតួចក៏ពិតមែនតែវាជាការលើកទឹកចិត្តដល់មន្រ្តីរាជការយើង ដែលបានខិតខំបំពេញការងារក្នុងពេលកន្លងមកបានយ៉ាងល្អប្រសើរ ពិសេស ខិតខំប្រឹងប្រែងក្នុងការបំពេញ ការងារប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ ដោយមិនខ្លាចនឿយហត់ដើម្បីបម្រើវិស័យធម្មការនិងសាសនានៅកម្ពុជា។

ដើម្បីជាការតបស្នង ចំពោះមន្ត្រីដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងបុព្វហេតុវិស័យធម្មការនិងសាសនា បន្ថែមលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម រដ្ឋមន្រ្តី បានដាក់នូវគោលការណ៍ចែកជូនជាអំណោយជាគ្រឿងឧបភោគបរិភោគលើកទឹកចិត្ត និងលើកកម្ពស់ជីវភាពនៃការរស់នៅរបស់មន្ត្រី។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន ក្នុងនាមថ្នាក់ដឹកនាំក្រសួងសូមប្រសិទ្ធពរជ័យជូនមន្រ្តីរាជការក្រសួងធម្មការនិងសាសនាទាំងអស់ ទទួលជោគជ័យគ្រប់ភារកិច្ច ពិសេសជួបតែពុទ្ធពរទាំង៤ប្រការ កុំបីឃ្លាងឃ្លាតឡើយ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញកាត់ និងប្រគល់វិញ្ញាសារការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត រាជធានីភ្នំពេញ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងការកាត់និងប្រគល់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ដោយមានកានិមន្តចូលរួមពីសំណាក់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះអគ្គាធិការរងទទួលបន្ទុក នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ , សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ព្រះអគ្គាធិការរង,សម្តេចធម្មលិខិតបណ្ឌិត សៅរ៏ ចាន់ថុល្លព្រះអគ្គាធិការរង និងព្រះតេជគុណ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណៈនិងបេក្ខជនជាច្រើនអង្គ/នាក់ នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៏ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គនាឱកាសនេះថា ការប្រលងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០២៣-២០២៤និងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នេះសូមបេក្ខសមណៈនិងបេក្ខជនត្រូវរក្សាសណ្តាប់ធ្នាប់របៀបរៀបរយគោរពតាមវិន័យនៃការប្រឡងនាពេលនេះឱ្យបានល្អប្រសើ និងសូមប្រគេនពរជូនព្រះសង្ឃគ្រប់ព្រះអង្គដែលចូលរួមប្រលងថ្ងៃនេះ ប្រលងជាប់និងព្យាយាមឲ្យអស់ពីសមត្ថភាព ខិតខំបំពេញវិញ្ញាសាប្រលងប្រកបដោយ បញ្ញាញាណដោយត្រូវប្រកាន់យកពាក្យស្លោកថា អ្នកចេះគឺជាប់ ។

ការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ឬឌីប្លូមសាលាបាលី ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន៣មណ្ឌល ចែកជា១១បន្ទប់ មានបេក្ខសមណៈ បេក្ខជន សរុប ១៣០៦អង្គ/នាក់ ស្មើនឹង៥៣បន្ទប់ រួមមាន៖ ពុទ្ធិកអនុវិទ្យាល័យ ព្រះសុរាម្រឹត រាជធានីភ្នំពេញ មានសមណសិស្ស ៦៩១អង្គ ចែកជា ២៨បន្ទប់,ពុទ្ធិកអនុវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង មានសមណសិស្ស ៣៤០អង្គ ចែកជា ១៤បន្ទប់, ពុទ្ធិកអនុវិទ្យាល័យ សម្តេច ជួន ណាត ខេត្តកំពង់ចាម មានសមណសិស្ស ២៧៥អង្គ។

ដោយឡែកចំណែកវិញ្ញាសាមានដូចគ្នាទាំងអស់ ទៅនឹងការប្រឡង របស់សាលាចំណេះដឹងទូទៅ របស់គ្រហស្ថ ប៉ុន្តែបន្ថែមដោយមុខវិជ្ជា ផ្នែកសាសនា ដូចជាភាសាបាលី ភាសាសំស្ក្រឹត ព្រះវិន័យ និងព្រះ អភិធម្មជាដើម៕

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងអគារសិក្សាសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនា តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងអគារសិក្សាសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅវត្តព្រះឥន្ទសាមគ្កីធម៌ ភូមិរកាធំ ស្រុកអង្គស្នួល ខេត្តកណ្តាល

ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅខេត្តក្រចេះ

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅសាលាគណខេត្តក្រចេះ ក្រោមការរៀបចំរបស់សាលាគណខេត្ត ដោយសហការណ៍ជាមួយមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ ពិធីនេះបានប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ នាថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាពសម្តេចព្រះមហាអរិយវង្ស យ៉ន សេង យៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ជាព្រះរាជតំណាងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអធិបតី បានមានសង្ឃដីកាសំណេះសំណាលមួយចំនួនដូចខាងក្រោម៖

១-ត្រូវប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ

២-សូមរៀបចំវត្តអារាមឱ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា

៣-សូមបង្កើតឱ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាមដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។

បន្ទាប់ឯកឧត្ដម ហុឹម និមល រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាគណៈអធិបតី ឯកឧត្តម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានថ្លែងសុន្ទរកថាក្នុងពិធីបើកការផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅខេត្តក្រចេះ និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រគេនចំពោះ សម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះសង្ឃគ្រប់អង្គ លោកអាចារ្យ គណៈកម្មការ ពុទ្ធសាសនិក ឥស្លាមសាសនិក គ្រឹស្តសាសនិក ភ្ញៀវកិត្តិយសនិងអង្គពិធីទាំមូល។ ក្នុងនោះផងដែរ ឯកឧត្តមបានមានប្រសាសន៍ឱ្យបន្តការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ តាមរាជធានី-ខេត្ត ទាំង៨ចំណុច៖

១.លើកកិត្យានុភាពព្រះពុទ្ធសាសនា

២.តម្រង់ទិសដល់ពុទ្ធបរិស័ទក្នុងការប្រតិបត្តិធម្មវិន័យ

៣.ពិនិត្យផ្ទៀងផ្ទាត់ធម្មវិន័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ

៤.ពង្រឹងការអប់រំមនុស្សតាមបែបព្រះពុទ្ធសាសនា (សីល សមាធិ បញ្ញា)

៥.លើកកម្ពស់ក្រមសីលធម៌សង្គម

៦.ពង្រឹងសាមគ្គីភាពពុទ្ធបរិស័ទ

៧.ផ្សារភ្ជាប់ព្រះពុទ្ធសាសនានឹងសង្គម

៨.កំណត់ទិសដៅការអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់។

ពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្ដមមានប្រសាសន៍បិទកម្មវិធីថា វិស័យព្រះពុទ្ធសាសនាគឺជាសាសនាមួយក្នុងចំណោមសាសនាធំៗលើសកលលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្តចំពោះពុទ្ធបរិស័ទអ្នកគោរពប្រត្តិបត្តិ ដោយមានការនិមន្តចូលរួមពី ព្រះមេគណខេត្តទាំងពីរគណៈព្រះមន្ត្រីសង្ឃខេត្ត ក្រុង និងស្រុកគ្រប់ឋានានុក្រម ព្រះគ្រូចៅអធិការវត្តគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយទាំង១៨០វត្ត ក្នុងខេត្តក្រចេះ លោកប្រធានមន្ទីរ លោក លោកស្រីមន្ត្រីរាជការ នៃមន្ទីរធម្មការ និងសាសនាខេត្តព្រមទាំងលោកគ្រូ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទប្រមាណ៦០៣អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃចំនួន២២១អង្គ។របាយការណ៍លើវិស័យធម្មការ និងសាសនា ក្នុងខេត្តក្រចេះ ក្នុង២០២៣-២០២៤ នេះ មានដូចតទៅ៖

១-វិស័យព្រះពុទ្ធសាសនាទូទាំងខេត្តក្រចេះ

ទូទាំងខេត្តក្រចេះ មានវត្តសរុបចំនួន១៨០វត្ត ក្នុងនោះវត្តគណៈមហានិកាយមាន ចំនួន១៦៧វត្ត វត្តគណៈធម្មយុត្តិកនិកាយមានចំនួន១៣វត្ត ព្រះសង្ឃសរុបទូទាំងខេត្ត មានចំនួន ១,៤២២ អង្គ ក្នុងនោះព្រះសង្ឃគណៈមហានិកាយចំនួន ១,៣៣៥អង្គ/សាមណេរចំនួន ៩៥៦អង្គ ព្រះសង្ឃគណៈធម្មយុត្តិកនិកាយចំនួន៨៧អង្គ/សាមណេរចំនួន ៧២អង្គ អាចារ្យចំនួន៥២២ នាក់ គណៈកម្មការចំនួន៨៥១នាក់ តាជីមានចំនួន៤នាក់ យាយជីចំនួន៦២នាក់ និងអ្នកស្នាក់នៅក្នុងវត្តចំនួន ២៤៦នាក់។

២-វិស័យពាហិរសាសនា ៖

+ គ្រិស្តសាសនា !

ខេត្តក្រចេះ មានវិហារ២២កន្លែង ស្នាក់ការថ្វាយបង្គំគ្រិស្តសាសនា៤៤កន្លែង មានបរិស័ទ

សរុប១,៨១១នាក់ ស្រី៥០៧នាក់។

+ សាសនាមហាយាន :

មានចំនួន០៣កន្លែង មានបរិស័ទសរុប៣៨០នាក់/ស្រី២៦៥នាក់ ។

+ ឥស្លាមសាសនា

ឥស្លាមមានវិហារចំនួន៨៣កន្លែង សូរ៉ាវ ១៣៣កន្លែង អ៊ីមាំម៉ាស្ជីត៨០នាក់ មានបរិស័ទសរុប៤៤,៨៥២នាក់/ស្រី២,៣៦១៨នាក់។

៣-វិស័យពុទ្ធិកសិក្សា និងបណ្ណាល័យ :

ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ មានសាលាធម្មវិន័យចំនួន១កន្លែង សាលាពុទ្ធិកបឋមសិក្សា មានចំនួន១៥កន្លែង និងសាលាពុទ្ធិកអនុវិទ្យាល័យមានចំនួន០១កន្លែង សរុបសមណសិស្ស និងសិស្ស ចំនួន៥៨៧អង្គ/នាក់។

ពិធីផ្សព្វផ្សាយខ្លឹមសារ​សង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១ នៅរាជធានីភ្នំពេញ

សាលាគណរាជធានីភ្នំពេញ​ បានរៀបចំពិធី​សន្និបាតមន្ត្រីសង្ឃ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារ​សង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋា​នគណៈសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះមេគណរាជធានីភ្នំពេញ​ លោក សុខ​ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ និងលោកជំទាវ​ ទូច​ សារ៉ុម​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ បណ្ឌិត​ ចាយ​ បូរិន រដ្ឋមន្ត្រី​ក្រសួងធម្មការនិងសាសនា​ នៅវត្តគោអម្ពិល​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ដែលមាន​សមាសភាព​ និមន្ត​ និងអញ្ជេីញចូលរួម​ ព្រះមន្ត្រីសង្ឃ​ ព្រះសង្ឃ​ សមណសិស្ស​​ មន្ត្រី​រាជការ​ និងគណៈកម្មការ​ អាចារ្យ​ ក្នុងរាជធានីភ្នំពេញ​ សរុបចំនួន​ ៦៣២​ អង្គ​/នាក់។

នាព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤

ពិធីផ្សព្វផ្សាយ​ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​នៅខេត្តស្វាយរៀង

ពិធីផ្សព្វផ្សាយ​ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​នៅសាលាគណខេត្តស្វួាយរៀង

-ពិធីបើក ក្រោមព្រះអធិបតីភាពសម្តេចព្រះមហារិយវង្ស យ៉ន សេង យៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ត្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអធិបតី និងអញ្ជើញធ្វើបទបង្ហាញស្តីពីការផ្សះផ្សា សម្រុះសម្រួលដោះស្រាយទំនាស់ ដែលកើតមានក្នុងវិស័យព្រះពុទ្ធសាសនា របស់ឯកឧត្តមបណ្ឌិត ប៉ុល លឹម សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

-ពិធីបិទផ្សព្វផ្សាយ​ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​ នៅសាលាគណខេត្តស្វួាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងសម្តេចព្រះមហារិយវង្ស យ៉ន សេង យៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ត្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញជាគណៈអធិបតីពីឯកឧត្តម ម៉ែន កល្យាណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

– ស្ថានភាពទូទៅក្នុងខេត្តស្វាយរៀង ស្រុកមាន ៦ និងក្រុង២៖

– វិស័យព្រះពុទ្ធសាសនា វត្តមាន២៤៦វត្ត ធម្មយុត្តិកនិកាយ ១វត្ត

– មានព្រះសង្ឃមានចំនួន២២៥៣អង្គ ភិក្ខុ ៩៣៨ អង្គ សាមណេរ១៣១៥ អង្គ

– មានសាលាពុទ្ធិកបឋមសិក្សា៣១កន្លែងមានសមណសិស្ស១០៣៥អង្គ គ្រូបង្រៀន៦០រូប

– មានសាលាធម្មវិន័យ៣១កន្លែងមានសមណសិស្ស៤៧២ អង្គ

គ្រូបង្រៀន៣១ រូប

– មានសាលាពុទ្ធិកអនុវិទ្យាល័យ០១កន្លែង មានសមណសិស្ស១៥៧ អង្គ/នាក់

– គ្រូបង្រៀន២០ អង្គ/នាក់

– សរុបសមណសិស្ស១៦៥៩ អង្គ/នាក់

– សរុបគ្រូបង្រៀន១០៤ អង្គ/នាក់

ព្រះមេគណ ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃស្រុក ព្រះថេរានុត្ថេរៈ ព្រះគ្រូចៅអធិការ និងលោកគ្រូអាចារ្យទាំង២៤៦វត្ត លោកអភិបាលស្រុក/ក្រុង ប្រធាន អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងលោកប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញសាលាខេត្ត លោក លោកស្រី មេឃុំ សង្កាត់ ។ វត្តមានដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះតំណាងដ៏ខ្ពស់ខ្ពស់សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។

នាពេលនេះគឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពង់ខ្ពស់និងជានិច្ចនិរន្តចំពោះវិស័យព្រះពុទ្ធសាសនាដែលជាវិស័យមួយកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិ និងបណ្តុះបណ្តាលធនធានបញ្ញា ចំណេះដឹងទូទៅ ព្រះធម៌ សីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ ប្រជាជនគ្រប់ស្រទាប់វណ្ណៈនិងគ្រប់មជ្ឃដ្ឋានទូទាំងប្រទេសនិងដោយឡែកក្នុងខេត្តស្វាយរៀង ។ នៅសាលាគណខេត្តស្វាយរៀង ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ខែមករា ឆ្នាំ២០២៤

ពិធីផ្សព្វផ្សាយខ្លឹមសារព្រះរាជសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​ នៅខេត្តកំពត

ពិធីផ្សព្វផ្សាយខ្លឹមសារព្រះរាជសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលេីកទី៣១​ សម្រាប់ខេត្តកំពត ក្រោមអធិបតីភាពសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ​ ព្រះអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា​​ ​ព្រះរាជតំណាង​ដ៏ខ្ពង់ខ្ពស់​ សម្ដេច​ព្រះ​មហាសុមេធាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ នន្ទ​ ង៉ែត​ សម្ដេច​ព្រះ​សង្ឃ​នាយក​ នៃព្រះរាជាណាចក្រកម្ពុជា ​ឯកឧត្តម​ នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការ​និងសាសនា​ តំណាង​ ឯកឧត្តម​ ចាយ​ បូរិន​ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និងសាសនា​ នៅខេត្តកំពត។

ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤

Scroll to Top