ពិធីបើកសិក្ខាសាលាស្តីពី “ពិធីបុណ្យពិសាខបូជា” ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ពិធីបុណ្យពិសាខបូជា” ដោយមានការនិមន្តនិងអញ្ជើញចូលរួមដោយ សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ,សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជក្រសួងធម្មការនិងសាសនា ព្រមទាំងសិស្ស និស្សិត យ៉ាងច្រើនកុះករ នៅពុទ្ធសាសនបណ្ឌិត្យរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយកកិច្ចការសាសនានៃក្រសួងធម្មការនិងសាសនា បានអានរបាយការណ៏ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីថា ការរៀបចំសិក្ខាសាលាក្រោមប្រធានបទ “សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារពិធីបុណ្យពិសាខបូជា” ក្នុងគោលបំណងពង្រីកការយល់ដឹងបន្ថែមអំពី ព្រះពុទ្ធសាសនា និងការប្រតិបត្តិតាមរបៀបពុទ្ធសាសនាខ្មែរយើង ។ ការសិក្សាស្រាវជ្រាវចងក្រង នូវឯកសារសំខាន់ៗស្តីពី ព្រះពុទ្ធសាសនា ប្រពៃណីទំនៀមទំលាប់ អក្សរសាស្រ្ត ប្រវត្តិសាស្រ្តជាដើម ត្រូវបានបង្កើតឡើងជាផ្លូវការតាមតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ។ ដូចនេះសិក្ខាសាលានេះនិងបញ្ជ្រាបការយល់ដឹងកាន់តែខ្លាំងតាមរយៈការនិមន្តនិងអញ្ជើញពន្យល់ដោយវាគ្មិនកិត្តិយសចំនួន៤អង្គនាក់។

ដោយសិក្ខាសាលានាឱកាសនេះមានការនិមន្ត និងអញ្ជើញ ជាវាគ្មិនកិត្តិយស លើប្រធានបទ ផ្សេងៗដូចជា :
១.សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា លើកប្រធានបទ ខ្លឹមសារពិធីបុណ្យពិសាខបូជា។
២.សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តៃយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក លើកប្រធានបទ ព្រឹត្តិការណ៏ដែលនាំឲ្យមានពិធីបុណ្យពិសាខបូជា។
៣.ព្រះធម្មវិបស្សនា ម៉ុន សាយ លើកប្រធានបទ ក្នុងពិធីបុណ្យពិសាខបូជា តើពុទ្ធសាសនិក ត្រៀមខ្លួនដូចម្តេច?
៤.លោក សោម វណ្ណៈ ផលនៃការប្រារព្ធក្នុងពិធីបុណ្យពិសាខបូជា។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាស្តីពី ពិធីបុណ្យពិសាខបូជា ជាពិធីបុណ្យសាសនាធំមួយក្នុងចំនោមពិធីបុណ្យពុទ្ធសាសនាធំៗរបស់ប្រទេសកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យកខ្លាំង ក្នុងការលើកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ពិធីបុណ្យពិសាខបូជា ជាពិធីបុណ្យដ៏សារៈសំខាន់ បំផុតក្នុងព្រះពុទ្ធសាសនា សម្រាប់រម្លឹកដល់ព្រះពុទ្ធសមណគោត្តម ព្រះបរមគ្រូជានៃយើង នឹងរម្លឹកដល់ព្រឹត្តិការណ៏៣យ៉ាងសំខាន់គឺ៖ ១. ព្រះអង្គទ្រង់ប្រសូត្រ (នៅថ្ងៃសុក្រ ពេញបូរណ៌មី ខែវិសាខ ឆ្នាំច វេលាថ្ងៃត្រង់), ២.ព្រះអង្គទ្រង់បានត្រាស់ដឹង(នៅថ្ងៃពុធ ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ព្រះវស្សា), ៣. ព្រះអង្គទ្រង់បរិនិព្វាន (នៅថ្ងៃអង្គារ ពេញបូរណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាបច្ចូសសម័យ មុនពុទ្ធសករាជ១ថ្ងៃក្នុងព្រះជន្ម ៨០វស្សា ចន្លោះដើមសាព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា )។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន បានអំពាវនាវផងដែរដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជក្រសួងធម្មការនិងសាសនា ព្រមទាំងសិស្ស និស្សិត សាធារណៈជនទាំងក្នុងនិងក្រៅប្រទេស សូមចូលរួមប្រមូលផ្តុំសាមគ្គីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នា ដែលជាកំលាងរួមរបស់មហាជន ជម្រុញលើកលើកកំលាំងចិត្តដល់រាជរដ្ឋាភិបាល នៅក្នុងគម្រោង ប្រកបដោយជីរភាពនិងការអភិវឌ្ឍន៏៕

Scroll to Top