ព័ត៌មាន

ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន អញ្ជើញដឹកនាំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ របស់អង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ អញ្ជើញដឹកនាំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ របស់អង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ 

ពិធីនេះ មានការអញ្ជើញចួលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ,ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ អជ្ញាធរ មូលដ្ឋាន,និងលោក គីម ប៊ីយ៉ុងគីក្យូ (Kim Byung Kyu) ប្រធានអង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ព្រមទាំងក្រុមគ្រូពេទ្រស្មគ្រ័ចិត្តជនជាតិកូរ៉េប្រមាណ៤៩នាក់ផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការមជ្ឈមណ្ឌលសម្លេង នៃក្តីសង្ឃឹម ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសាធារណរដ្ឋកូរ៉េ និងក្រុមការងារ មានទាំងថ្នាំសម្រាប់ព្យាបាល រៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំនេះ។ ការពិនិត្យ និងព្យាបាលជំងឺនេះ មិនមែនជាលើកទី១ទេ អង្គការមជ្ឈមណ្ឌលសម្លេង នៃក្តីសង្ឃឹម ធ្លាប់បានចុះទៅធ្វើសកម្មភាពពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន មានដូចជា ខេត្តស្វាយរៀងចំនួនពីរ(២)លើក ខេត្តតាកែវចំនួនពីរ(២)លើក និងខេត្តត្បូងឃ្មុំចំនួនបី(៣)លើក រួមទាំងលើកនេះ។

រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នែព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងនោះការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពដ៏សំខាន់ ដោយផ្ដោតលើអាទិភាពចំនួន៥៖ ១.ការពង្រឹងគុណភាព  វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ៣.ការលើកកម្ពស់សុខភាព សុខមាលភាពប្រជាជន ៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ។

នាឱកាសនេះប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី   ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលជំងឺដល់ពួកគាត់ ដោយមិនមានការបង់ថ្លៃអ្វីទាំងអស់៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសិស្សពូកែ ផ្នែកភាសាបាលី សំស្រ្តឹត និងសូត្របាតិមោក្ខ ឆ្នាំ២០២៥

ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសិស្សពូកែ ផ្នែកភាសាបាលី សំស្រ្តឹត និងសូត្របាតិមោក្ខ ឆ្នាំ២០២៥ ដោយមានព្រះសង្ឃ និងបេក្ខសមណសិស្ស-សិស្សសរុបចំនួន ២៤១ អង្គ/នាក់ បានចូលរួមប្រឡង ក្នុងនោះផ្នែកបាតិមោក្ខ ចំនួន ៦១អង្គ និងផ្នែកភាសាបាលី សំស្រ្តឹតចំនួន ១៨៦ អង្គ/នាក់ នៅមណ្ឌលពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ស្ថិតនៅសង្កាត់ចកុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីនេះមានការ យាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះអគ្គាធិការរង សម្តេច ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា។

ឯកឧត្តម ចាយ បូរិន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលទ្រង់ផ្ដួចផ្តើមឱ្យមានកម្មវិធីប្រឡងនេះឡើង ដើម្បីពង្រឹងនូវការប្រតិបត្តិធម៌វិន័យ និងកសាងបាននូវមូលធនព្រះសង្ឃ ជំរុញឱ្យវិស័យពុទ្ធិកសិក្សាគ្រប់កម្រិតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនទាំងបរិមាណ និងគុណភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា កម្ពុជាជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនា ការរៀបចំកម្មវិធីប្រឡងនាពេលនេះ ពិតជាឆ្លើយតបបានយ៉ាងស័ក្តិសមបំផុត ចំពោះវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រោះបាតិមោក្ខ គឺជាធម្មនុញ្ញ នៃព្រះពុទ្ធសាសនា ជាបញ្ញត្តិហាមឃាត់ដោយកាយ វាចា ចិត្ត ញ៉ាំងបុគ្គលអ្នកប្រតិបត្តិតាម ឱ្យរួចចាកពីអបាយ និងពីសេចក្តីទុក្ខបាន។ ចំណែកឯភាសាបាលី សំស្ក្រឹត ក៏មានសារៈសំខាន់ និងចាំបាច់ខ្លាំងណាស់សម្រាប់ព្រះពុទ្ធសាសនា មិនត្រឹមតែជាគ្រឹះដ៏រឹងមាំក្នុងការរក្សានូវពុទ្ធវចនៈដើម ឱ្យគង់វង់ស្ថិតស្ថេរប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងអក្សរសាស្ត្រខ្មែរ ក៏មានពាក្យកម្ចីជាច្រើនដែលបានមកពីភាសាបាលី និងសំស្ត្រឹត។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១-សូមឱ្យអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បន្តរៀបចំកម្មវិធីប្រឡងនេះ ឱ្យបានជារៀងរាល់ឆ្នាំ ដើម្បីធានាបាននូវភាពរឹងមាំ និងរីកចម្រើន នៃព្រះពុទ្ធសាសនា។
២. សូមឱ្យព្រះចៅអធិការគ្រប់វត្តអារាម ចូលរួមពង្រឹងការធ្វើឧបោសថកម្មពោលគឺការសូត្របាតិមោក្ខ
ឱ្យបានមួយខែពីរដង ដើម្បីធ្វើឱ្យព្រះពុទ្ធសាសនាក្លាយទៅជាបុញ្ញខេត្ត ដ៏ប្រពៃសម្រាប់ពុទ្ធបរិស័ទ។
៣- រក្សាឱ្យបាននូវគុណតម្លៃនៃអត្តសញ្ញាណ និងភាពខ្លាំងនេះ ឱ្យបានគង់វង្ស ល្បីរន្ទឺ ទៅទូទាំងប្រទេស។
៤-សូមឱ្យសមណសិស្ស សិស្សត្រូវខិតខំប្រឹងប្រែងបន្តទៀត អភិវឌ្ឍចំណេះដឹងខាងផ្នែកភាសាបាលី សំស្ក្រឹត និងបាតិមោក្ខ ឱ្យរឹងរិតតែមានភាពស្ទាត់ជំនាញខ្ពស់ ឱ្យទៅជាសក្តានុពលនៃវិស័យពុទ្ធិកសិក្សា។
៥-គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ដូច្នេះអគ្គាធិការដ្ឋានពុទ្ធិកសិក្សា គប្បីធ្វើបច្ចុប្បន្នភាព កែទម្រង់កម្មវិធីសិក្សាដោយឈរលើអត្តសញ្ញាណ និងភាពខ្លាំងរបស់ខ្លួន ពោលគឺភាពខ្លាំងខាងផ្នែកអក្សរសាស្ត្រ បាលី សំស្រ្តឹត និងទស្សនវិជ្ជាព្រះពុទ្ធសាសនាជាដើម៕

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញ កាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខេមវ័ន( ហៅវត្តបឹងស្នាយ )ខេត្តកំពង់ចាម ដើម្បីឧទ្ទិសមហាកុសលជូនបុព្វការីជន និងវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និង លោកជំទាវ សូ ភត្រ្តា ចាយបូរិន បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា លោកតាជី លោកយាយជី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ។

អញ្ជើញដល់សាលាធម្មសភា វត្តខេមវ័ន(ហៅវត្តបឹងស្នាយ) ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន និងលោកជំទាវ បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈបូជា និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបរវណាបច្ច័យមួយចំនួនប្រគេនចំពោះព្រះសង្ឃ ប្រារព្ធបទនមស្សកាព្រះរតនត្រ័យ សមាទានសីល ថ្វាយបង្គំពុទ្ធបដិមា រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល និងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយពុទ្ធជ័យមង្គលជូនដល់ប្រមុខដឹកនាំកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បិណ្ឌត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងធម្មការនិងសាសនាទាំងអស់ ដែលកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំ នឹងក្រុមគ្រួសារ ញាតិមិត្ត សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ ។

មានប្រសាសន៍សំណេះសំណាលជាមួយ ព្រះសង្ឃ លោកយាជី លោកយាយជី ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍លើកឡើងថា ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា នៃការលេចចេញជារូបរាងរបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វាអាកាសថ្មីមួយចាំទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកកាន់កម្ពុជា ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនេះស្តែងចេញពីការខិតខំអភិវឌ្ឍឥតឈប់ឈររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយកាន់តែទាក់ទាញនោះគឺ ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃ គង់លើសុវណ្ណអសនៈផ្កាឈូក តម្កល់នៅទីតាំងកណ្ដាលស្ថានីយ៍អ្នកដំណើរ (Terminal) ដែលចង់បង្ហាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា លើវប្បធម៌ ប្រពៃណី សាសនា និងគុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយបន្តជួយផ្សព្វផ្សាយទៅពិភពលោកកាន់តែទូលំទូលាយ។

នាពិធីកាន់បិណ្ឌវេនទី១២នេះ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញប្រគេន ទេយ្យទាន បវរណាចតុបច្ច័យ ប្រគេនដល់ព្រះសង្ឃ និងអញ្ជើញ រាប់បាត្រ និមន្តព្រះសង្ឃ បង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ដើម្បីជាកិច្ចប្រគេននិងជូនចំពោះដួងវិញ្ញាណក្ខន្ធ សម្តេចព្រះឧត្តមមុនី ម៉ែន ទួន អតីតព្រះចៅអធិការវត្ត ខេមវ័ន( ហៅវត្តបឹងស្នាយ ) និងឧកញ៉ា មហាសប្បុរសធម្មសិរីញាណ ចាយ ស៊ាងអុី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម រដ្ឋមន្រ្តី ព្រមទាំងដួងវិញ្ញាណក្ខន្ធបុព្វការី ញាតិកាទាំង៧សន្តាន និងម្យ៉ាងទៀតសូមឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលពលីជីវិតនៅក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី សូមបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវប្រជាពុទ្ធបរិស័ទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឃុំគ្រងវីរៈកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា ។

ទេយ្យទាន គ្រឿងអត្ថបរិក្ខារ និងបច្ច័យដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី និង លោកជំទាវ ព្រមទាំងសហការី យកមកប្រគេនព្រះសង្ឃនាឱកាសនេះរួមមាន ៖ អង្ករ សាដក ទឹកបរិសុទ្ធ គ្រឿងអត្ថបរិក្ខារ និងបច្ច័យកសាងវត្ត, និង ជូនតាជី យាយជី ប្រមាណ២០០នាក់ នៅក្រណាត់ស១ដុំ និងថវិកាមួយចំនួន ។

សូមជម្រាបជូនថា សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី ២២ខែកញ្ញា ឆ្នាំ២០២៥ ៕

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន ព្រមទាំងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី លុយ គន្ធី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ , ឯកឧត្តម តេជាតិរ័ក្ខសិរីរ័ត សូ ជុងហួរ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងលោកជំទាវ នឹងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គោរពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិននិង លោកជំទាវ ករុណាសិរីសុវឌ្ឍិនី លុយ គន្ធី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះគ្រូសូត្រស្តាំ និងថេរានុថេរគ្រប់ព្រះអង្គ ដែលគង់ក្នុងវត្តបទុមវតីរាជវរារាម បានសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដរាបរៀងមក។

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ ដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំ ដែលបងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ។

ពិធីបុណ្យកាន់បិណ្ឌវេនទី៣ នាថ្ងៃពុធ ៣ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ករុណាសិរីសុវឌ្ឍិនី លុយ គន្ធី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលជាមាតាបង្កើតនិងជាម្តាយក្មេក ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិននិង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ រួមជាមួយ មន្រ្តីរាជការក្រោមឱវាទ នៃក្រសួងធម្មការនិងសាសនា បានប្រគេនយាគូ រាប់បាត្រ និងវេរភត្តាហារ និមន្តព្រះសង្ឃ ដារបង្សុកូលពហូឆ្លង ដើម្បីជាកិច្ចឧទ្ទិសមនុញ្ញផល មហាកុសលផលបុណ្យជូនចំពោះឧកញ៉ា មហាសប្បុរសធម្មសិរីញាណ ចាយ ស៊ាងអុី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើត ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន និងញាតិកាទាំង៧សន្តាន ព្រមទាំងសូមឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដ៏អង់អាចក្លាហានដែលបានពលីក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ សូមបានទៅកាន់លោកខាងមុខសូមជួបតែសេចក្តីស្ងប់ក្នុងសុខគតិភពជារៀងរហូត។

តាមរយៈពិធីកាន់បិណ្ឌនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ សូមជូនមហាកុសលផលបុណ្យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ របស់ក្រសួងធម្មការនិងសាសនាទាំងអស់ ដែលកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំ ក្នុងការអភិរក្ស ការពារ និងអភិវឌ្ឍន៍ព្រះពុទ្ធសាសនា និងរក្សាភាពសុខដុនីយកម្មសាសនាផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ និងរកទទួលទានបានដ៏ល្អប្រពៃ ក្នុងសន្តិភាពដ៏ល្អផូរផង់នៃយើងទាំងអស់គ្នា។

សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ៕

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ដឹកនាំមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម

នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន ព្រមទាំងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី  អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា សមាទានសីល ពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងលោកជំទាវ លុយ គន្ធី បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

សូមឧទ្ទិសនូវមហាកុសល ជូនចំពោះ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុី ត្រូវជាលោកឪពុកបង្កើតរបស់ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងឧទ្ទិសនូវមហាកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ដែលបានចែកឋានទៅ សូមដួងវិញាណក្ខន្ធអ្នកទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា ដែលប្រារព្ធ ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញានិងខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំនៅ ពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម  ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ។

ដោយឡែកសម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ  នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

រាជធានីភ្នំពេញ: ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៥- ២០២៦ នៅអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិក្រសួងធម្មការនិងសាសនា នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

ពិធីនេះ មានការយាងចូលរួមពីសំណាក់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ និងជាព្រះអគ្គធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចជាអម្ចាស់ សម្តេចព្រះអគ្គធិការរង សម្តេចគ្រប់ព្រះឋានានុក្រម ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងសិក្ខាកាមចូលរួមប្រមាណ១០៧អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមកពីរាជធានី-ខេត្តទាំង១៨ ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ មានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពកំណត់យក អាទិភាពគន្លឹះ ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល២៥ ឆ្នាំខាងមុខ។
នឹងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។

ដោយឡែកសម្រាប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារ មាតុភូមិឆ្នាំ២០២៣-២០២៨ក៍បានចង្អុលបង្ហាញយ៉ាងច្បាស់ស្តីពីការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា មានជាអាទិ៖
១) គោរពសេរីភាពខាងជំនឿ និងធ្វើប្រតិបត្តិខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងគាំទ្រ ការគោរពប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។
២) ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា ជាតិសាសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា រាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា និងប្រឆាំងការរើសអើងក្នុងជំនឿនិងសាសនា សំដៅប្រែក្លាយសក្តានុពលគ្រប់សាសនា ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
៣) បន្តពង្រឹងនិងពង្រីកការអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ការអប់រំខាងផ្នែកព្រះពុទ្ធសាសនាកាន់តែមានតួនាទីសំខាន់ ដើម្បីធានាថា ការរីកចម្រើនខាង សម្ភារៈ និងស្មារតី ត្រូវមានល្បឿនស្មើគ្នាការស្វែងរកភាពមានបានខាងសម្ភារៈ ត្រូវស្ថិតនៅក្នុងក្របខណ្ឌ នៃច្បាប់ យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌ និងគុណធម៌ ។ ដោយឡែកវិស័យអប់រំពុទ្ធិកសិក្សា បានបណ្តុះធនធានអ្នកប្រាជ្ញ ធម្មកោវិទ បណ្ឌិត បញ្ញវ័ន្តជាច្រើន ចាប់ពីកម្រិតធម្មវិន័យ បឋម មធ្យម ឧត្តម និងក្រោយឧត្តម បានពង្រឹងសមត្ថភាពផ្នែកវិជ្ជាព្រះពុទ្ធសាសនា ដូចជា៖ ភាសាបាលី សំស្រ្តឹត ទ្រឹស្តីព្រះធម៌ វិន័យជាពុទ្ធវចនៈ និងលោកវិជ្ជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គម ក៏ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចាយ បូរិន បានថ្វាយព្រះបង្គំសូមអរព្រះរាជគុណ និងថ្វាយបង្គំអរគុណ ដល់សម្តេចជាអម្ចាស់ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃតាមឋានានុក្រម ព្រះមន្រ្តីសង្ឃ ដែលបានប្រគេន ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ព្រះសង្ឃ និងវីរៈកងទ័ពជួរមុខ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដោយស្មារតីមោះមុត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាងនិងប្រជាពុទ្ធបរិស័ទជាជនភៀសសឹក នៅតាមបណ្តាយព្រំដែនដែលកំពុងមានជម្លោះ ។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមទាំងអស់ដូចខាងក្រោយ ៖
១) សូមសិក្ខាកាមទាំងអស់ ដែលបានទទួលការអប់រំបំពាក់បំប៉នពីវគ្គបណ្តុះបណ្តាល នេះហើយ ត្រូវនាំយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទៅពង្រឹងលើកកម្ពស់នូវគុណភាព ប្រសិទ្ធភាព អប់រំ ដល់គ្រឹះស្ថានពុទ្ធិកមធ្យមសិក្សា។
២)សូមគណៈសង្ឃទាំង២គណៈបន្តជួយដល់សង្គមជាតិ លើការលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការសម្តែងធម្មទេសនានៅគ្រប់ទីកន្លែង ការផ្សព្វផ្សាយ តាម បណ្តាញសង្គម និងរូបភាពផ្សេងៗទៀត ដើម្បីជួយទប់ស្កាត់ កាត់បន្ថយ អំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិ មាន សុខដុមរមនា។
៣)សូមដាក់បញ្ចូលការប្រតិបត្តិសមាធិ ក្នុងកម្មវិធីពុទ្ធិកសិក្សានៅគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្ស មានទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ឆន្ទៈ ឧត្តមគតិ មនសិការស្នេហាជាតិ សាសនា ព្រះមហាក្សត្រ។

៤)បន្តពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សា នៅគ្រប់កម្រិតសិក្សា តាមរយៈការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឲ្យឆ្លើយតបទៅនឹងបច្ចេកវិទ្យា ជាពិសេស គឺបច្ចេកវិទ្យាបរិវត្តកម្មឌីជីថល និងនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័សទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក ៕

ឯកឧត្តម ចាយ បូរិន សាសនានិងជំនឿ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ ក្នុងការអនុវត្តឲ្យមានគុណភាព ប្រសិទ្ធភាព និងសន្តិសុខគតិយុត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់និងប្រមូលធាតុចូលស្តីពីច្បាប់សាសនា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានលើកឡើងថា សាសនានិងជំនឿ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ ក្នុងការអនុវត្តឲ្យមានគុណភាព ប្រសិទ្ធភាព និងសន្តិសុខគតិយុត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ប្រធានមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត និង មន្រ្តីរាជការក្រសួង ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានលើកឡើងថា ក្រោមការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងស្របទៅ នឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប៉ិនប្រសប់ ពោរពេញដោយថាមពល និងភាពប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធម្មការនិងសាសនាបានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលនេះ ក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីជំនឿ និងសាសនា ដើម្បីដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យសាសនានៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ តាមរយៈការកាត់បន្ថយភាពអសកម្ម និងភាពអវិជ្ជមានឱ្យបានជាអតិបរមាដោយការបង្កើនយន្តកាការពារ និងការថែរក្សាគុណតម្លៃស្នូលក្នុងវិស័យសាសនាឱ្យមានភាពគង់វង់ និងរឹងមាំ និងដើម្បីធានាបាននូវសុខុដុមណីយកម្មសាសនានៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តីបាន មានប្រសាសន៍ថា ប្រវត្តិសាស្ត្រច្បាប់របស់ខ្មែរ បានចង្អុលបង្ហាញថា ប្រទេសខ្មែរ  មានច្បាប់ ឬក្បួនសម្រាប់គ្រប់គ្រងរដ្ឋ មានចំណែកធំកើតចេញពីលទ្ធិសាសនា ដូចជា ព្រហ្មញ្ញសាសនា លទ្ធិទេវរាជ ពុទ្ធសាសនាមហាយានជាដើម និងក្រោយមកការទទួលឥទ្ធិពលព្រះពុទ្ធសាសនាថេរវាទ ឬហិនយាន និងរ ប បគ្រប់គ្រងបែបបារាំងជាដើម។ល។ ក្នុងន័យនេះ ការគ្រប់គ្រងរដ្ឋរបស់កម្ពុជា មានវិធាននិងច្បាប់តាំងពីយូរយារណាស់ហើយ ដែលផ្សារភ្ជាប់ជាមួយ សាសនា វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី។ជាមួយគ្នានេះ អភិក្រមនៃការបង្កើតច្បាប់ គឺច្បាប់ បង្កើតមកដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គម ពុំមែនជាការបង្កើតបញ្ហាបន្ថែម ឬការបង្កើតបន្ទុកនោះទេ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បញ្ជាក់ថា សាសនានិងជំនឿនេះ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ សម្រាប់ក្រសួងយកទៅប្រើប្រាស់សំដៅធានាថា នៅពេលប្រកាសដាក់ឱ្យអនុវត្តត្រូវមានគុណភាព ប្រសិទ្ធភាព សង្គតិភាព អនុលោមភាព សាមញ្ញភាព និងចីរភាព ព្រ មទាំង សន្តិសុ ខគតិយុត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនខាងក្រោម៖

១) សូមឱ្យឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអង្គសិក្ខាសាលាទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីស្វែងយល់អំពីគោលបំណងសេចក្តីព្រាងច្បាប់នេះ ឱ្យបានស៊ីជម្រៅហើយស្វែងរកធាតុចូលថ្មីៗទៀត មកជួយបំពេញបន្ថែមនៅចំណុចដែលខ្វះខាត ដើម្បីឱ្យច្បាប់សាសនានេះ មានវិសាលភាពក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៅក្នុងវិស័យធម្មការនិងសាសនា ។

២) ការតាក់តែងច្បាប់ ទាមទារឱ្យមានការយល់ដឹងពីបរិការជាក់លាក់ និងជាក់ស្ដែងនៅក្នុងវិស័យនីមួយៗ ដូច្នេះ ក្នុងការកសាងច្បាប់ ត្រូវពិចារណាពីនីតិវិធីនិងវិធានទូទៅ ជាមួយនឹងបរិការជាក់ស្ដែងនៃវិស័យធម្មការនិងសាសនា ដើម្បីឱ្យប្រាកដថា តួរអង្គប្រតិបត្តិករមានការយល់ដឹង ហើយអាចយកមកអនុវត្តក្នុងវិស័យរបស់ខ្លួនបាន បើយល់មិនទាន់ច្បាស់ តួរអង្គប្រតិបត្តិករដែលមានឱកាសបានចូលរួមក្នុងសិក្ខាសាលានេះត្រូវហ៊ានសាកសួរ ផ្លាស់ប្តូរមតិយោបល់ ដើម្បីឱ្យវាគ្មិនមានឱកាសផ្ដល់ការពន្យល់បន្ថែម។

៣) ឯកឧត្តមសង្ឃឹមជឿជាក់ថា សិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូល ស្ដីពីច្បាប់សាសនា និងជំនឿរបស់យើងនៅពេលនេះ នឹងសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត តាមការរំពឹងទុក។

 

ឯកឧត្តម ចាយ បូរិន  អញ្ជើញដឹកនាំ ប្រតិភូក្រសួងធម្មការនិងសាសនា គោរពវិញ្ញាណក្ខន្ធ សពវរយុទ្ធជន វរសេនីយ៍ត្រី ព្រៀប ចំរើន នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំប្រតិភូក្រសួងធម្មការនិងសាសនា គោរពវិញ្ញាណក្ខន្ធនិងឧទ្ទិសកុសលជូនដល់សពវរយុទ្ធជន វរសេនីយ៍ត្រី ព្រៀប ចំរើន ជំនួយការសេនាធិការវរ២១៤ នៃកងពលតូចថ្មើរជើងលេខ២១ ដែលបានពលីជីវិតក្នុងជន្មាយុ ៥៣ ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៩ និង១៥នាទី កន្លងទៅ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១៤ ភូមិសំពៅផុសថ្មី ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

មរណភាពរបស់ វរសេនីយ៍ត្រី ព្រៀប ចំរើន គឺជាការបាត់បង់នូវឪពុក ប្អូនប្រុស បងប្រុស កូនប្រុស ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែលលោកវរសេនីយ៍ត្រី ព្រៀប ចំរើន បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូនក្មួយ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌ នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តម ដែលបានរួមចំណែកការពារដែនអធិបតេយ្យប្រឆាំងជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។

នាឱកាសរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ចាយ បូរិន ព្រមទាំងប្រតិភូទាំងអស់ បានចូលរួមរំលែកទុក្ខជាមួយក្មួយស្រី ហង្ស សិកា  ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់តេជបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់លោក វរសេនីយ៍ត្រី ព្រៀប ចំរើន  បានទៅ សោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
       

 

ពិធីប្រកាសអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការបង្កើតថេរសភា និងអនុក្រឹត្យស្តីពីការតាំងតែងព្រះសមាសភាពថេរសភា ព្រមទាំងសមាសភាពអគ្គលេខាធិការដ្ឋានថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា នាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមពិធីប្រកាសអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការបង្កើតថេរសភា និងអនុក្រឹត្យស្តីពីការតាំងតែងព្រះសមាសភាពថេរសភា ព្រមទាំងសមាសភាពអគ្គលេខាធិការដ្ឋានថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា នាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។

ពិធីនេះមានការ យាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការទទួលបានការតែងតាំងជាព្រះប្រធាន ព្រះអនុប្រធាន សមាជិក នៃថេរសភា និងអគ្គលេខាធិការដ្ឋានថេរសភា នៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ កើតចេញពីជំនឿទុកចិត្តដ៏ខ្ពង់ខ្ពស់និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើព្រះសមត្ថភាពរបស់ សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គក្នុងការបន្តចូលរួមអភិវឌ្ឍលើកកម្ពស់ព្រះពុទ្ធសាសនា អភិរក្សប្រពៃណីនិងសង្គមជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ព្រះសមណស័ក្ដិ និងព្រះតួនាទីដែលទទួលបាននាថ្ងៃនេះ គឺជាសក្ខីភាពមួយបង្ហាញ ឱ្យឃើញច្បាស់ពីព្រះសមត្ថភាព និងសមិទ្ធផលនៃការដឹកនាំវិស័យព្រះពុទ្ធសាសនា នាពេលកន្លងមក របស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដែលបានយកអស់ព្រះកាយពល កម្លាំងប្រាជ្ញាស្មារតីប្រកបដោយការលះបង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា ព្រមទាំងការចូលរួម អភិវឌ្ឍសង្គមជាតិទាំងមូល ហើយក៏ជាសហធម្មិកសង្ឃជាន់ខ្ពស់របស់សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះសង្ឃនាយក ក្នុងបេសកកម្មជួយអភិបាលកិច្ចសង្ឃ ដោះស្រាយ រម្ងាប់អធិករណ៍ ដែលកើតមានឡើងចំពោះព្រះសង្ឃ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយឈរលើទស្សនៈគ្រប់ជ្រុងជ្រោយ លើមូលដ្ឋាននៃព្រះវិន័យ និងច្បាប់របស់រដ្ឋ ព្រមទាំងទទួលបំពេញភារកិច្ចផ្សេងៗទៀត ដែលសម្តេចព្រះអគ្គមហាសង្ឃរាជ និងសម្តេចព្រះសង្ឃនាយក ទ្រង់តម្រូវឱ្យជួយដោះស្រាយ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ចាយ បូរិន ក៏បានបញ្ជាក់អំពីមោទកភាព និងសេចក្តីជ្រះថ្លាយ៉ាងខ្លាំង ពីស្មារតីជាតិនិយម របស់ប្រជាជាតិខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់សាសនា ជាពិសេស គណៈសង្ឃទាំងពីរគណៈ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេច ព្រះមន្ត្រីសង្ឃគ្រប់ៗព្រះអង្គ ដែលបានចូលរួមជាមួយក្រសួងធម្មការនិងសាសនា នាំយកអំណោយ មានគ្រឿងឧបភោគ បរិភោគ និងថវិកាយ៉ាងច្រើន ក្រោមស្មារតីជួយខ្មែរ ខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងនាំយកទៅឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់កងកម្លាំងជួរមុខកម្ពុជានាពេលកន្លងមក ដូចប្រសាសន៍ សម្ដេចធិបតី លោកបានបានលើកឡើងថា “ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែររួបរួម ខ្មែរខ្លាំង ខ្មែរឈ្នះ គ្មានកម្លាំងអ្វីដែលខ្លាំងជាងកម្លាំងនៃការសាមគ្គីឯកភាពជាតិមួយនោះទេ” ត្រង់ចំណុចនេះ ពិតជាស្របទៅពុទ្ធភាសិតដែលទ្រង់សម្តែងថា សាគ្គី សមគ្គានំ តបោ សុខោ «សាមគ្គីភាព តែងនាំមកនូវសេចក្តីសុខដ៏ក្រៃលែង» ៕
       

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា បានអញ្ជើញប្រគេនទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ដល់វត្តចំនួន២៩ ប្រារព្វធ្វើនៅនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពជួរមុខដែលបានពលីជីវិត លើសមរភូមិក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។

ពិធីនេះមានការអញ្ជើញ ចូលរួមដោយ ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនា លោកជំទាវ នី ចាន់ ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាស្រុក អភិបាលស្រុកតំបែរ ឧកញ៉ា ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅសាលាអនុគណ វត្តសិរីពោធិវង្ស ហៅវត្តទឹកជ្រៅ ស្ថិតនៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាជនយើងនៅទូទាំងប្រទេស ក្រុមគ្រួសារកងទ័ព បងប្អូន
ជនភ្លៀសសឹក ពិសេសវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ការពារបូរណភាពទឹកដីនៅតាមបណ្តាយព្រំដែនដែលកំពុងមានជម្លោះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ដែលការគោរពវិញាណក្ខន្ធ គឺបានទៅដល់ផ្ទាល់គេហដ្ឋានសពវីរកងទ័ព។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោយពីចុះកិច្ច ព្រមព្រៀងបទឈប់បាញ់រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃ តាមសំណើរបស់ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយមានវត្តមានតំណាង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសម្របសម្រួលពី ឯកឧត្តម នាយករដ្ឋមន្រ្តី ប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងមានកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ កាលពីថ្ងៃី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជាបានអនុវត្ត និងគោរពយ៉ាងខ្ជាប់ខ្ជួនលើបទឈប់បាញ់ ដោយឈរលើស្មារតីនៃការឯកភាពគ្នាក្នុងកិច្ចព្រមព្រៀង១៣ចំណុច។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមុឺងម៉ាត់ និងប្រកាន់យកការដោះស្រាយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយដោយសន្តិវិធី និងរក្សាឲ្យបាននូវដែនអធិបតេយ្យភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។

តាមរយៈការបំពេញបុណ្យកុសលដែលកើតចេញពីការនាំគ្រឿងបរិក្ខារទេយ្យទាន ព្រមទាំងបច្ច័យ ដែលបានប្រគេនព្រះសង្ឃនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ឧទ្ទិសបួងសួងមនុញ្ញផលនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ក្នុងការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ដែលបានកើតឡើងនៅកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥  នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុ ការការពារបូរណភាពទឹកដី៕

 

Scroll to Top