ព័ត៌មាន

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យស្រោចស្រព ព្រះសុគន្ធវារី

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យស្រោចស្រព ព្រះសុគន្ធវារីប្រគេនសម្តេច និងព្រះរាជាគណៈ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណ (ហៅវត្តជំពុះក្អែក ) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ សម្តេច ព្រះរាជាគណ: ឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តមឧត្តមសេនីយ៏ឯក រឿង វុទ្ធី តំណាងឯកឧត្តមនាយឧត្តមសេនីយ៏ កិត្តិបណ្ឌិតហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និង ឯកឧត្តម លោកជំទាវ ដែលពាក់ព័ន្ធជាច្រើនរូប។


ថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នៅវិមានសន្តិភាព

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី​ ៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីសំខាន់ៗដូចជា៖ ដឹកនាំគាំទ្រ និងសម្របសម្រួល ការអនុវត្តការងារកែទម្រង់ រដ្ឋបាលសាធារណៈ, រៀបចំ និងអនុវត្តកម្មវិធីជាតិកែទម្រង់ រដ្ឋបាល សាធារណៈផ្អែក លើគោលនយោបាយរបស់រាជរដ្ឋាភិបាល, គាំទ្រដល់ការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ, រៀបចំកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធី កែទម្រង់ ដទៃទៀតរបស់រាជរដ្ឋាភិបាល។ គណៈកម្មាធិការនេះ ក៏មានតួនាទីលើកសំណើជូនរាជរដ្ឋាភិបាល អនុម័ត លើគោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រ និងផែនការសកម្មភាពបម្រើឱ្យការកែទម្រង់ រដ្ឋបាលសាធារណៈជាដើម។

នៅក្នុងនីតិកាលថ្មីនេះ ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ រាជរដ្ឋបាលបានសម្រេចរៀបចំព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ មានចំនួន ២១មាត្រា។ ព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ កែទម្រង់ រដ្ឋបាល សាធារណៈ ដែលកែសម្រួលថ្មីនេះ ត្រូវបានព្រះរាជមហាក្សត្រត្រាស់បង្គាប់ឱ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ចំណុចសំខាន់ៗដែលបានកែសម្រួល គឺសមាសភាពរបស់ គ.ក.ស. មានបន្ថែមប្រធាន អនុគណៈកម្មា ធិការ ទាំង៤ នៃ គ.ក.ស. និងតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ទាំង២៥ ជាសមាជិក ព្រមទាំងកែសម្រួលអនុគណៈកម្មាធិការទាំង៤នៃ គ.ក.ស. ដែលមានក្នុងព្រះរាជក្រឹត្យចាស់ ឱ្យសមស្របតាម ប្រភេទ និងទំហំការងារដែលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈត្រូវទទួលបន្ទុក។

អនុគណៈកម្មាធិការទាំង៤ នៃ គ.ក.ស. រួមមាន៖ ១) អនុគណៈកម្មាធិការ បរិវត្តកម្មសេវាសាធារណៈ និងនវានុវត្តន៍, ២) អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ, ៣) អនុគណៈកម្មាធិការគ្រប់គ្រង ធនធាន មនុស្ស ស្ថាប័ន និងបៀវត្ស និង ៤) អនុគណៈកម្មាធិការកសាងសមត្ថភាព មន្ត្រី។

ផ្អែកលើការរៀបចំថ្មីនេះ យន្តការស្ថាប័នទទួលបន្ទុកការងារកែទម្រង់ដែលនៅដោយឡែកៗ ពីគ្នា ដូចជា ក្រុម ការងារកែទម្រង់ប្រព័ន្ធបៀវត្ស និងក្រុមការងារវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូនឹង ត្រូវ រៀបចំបញ្ចូលក្នុងយន្តការស្ថាប័នដឹកនាំនិងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈដែលកំណត់ដោយសេចក្តីព្រាងព្រះរាជក្រឹត្យថ្មីនេះ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១៥,១៩៤នាក់។ ក្នុងនោះមានកម្មការិនី មានផ្ទៃពោះចំនួន៤៨២នាក់។ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១៥,១៩៤នាក់។ ក្នុងនោះមានកម្មការិនី មានផ្ទៃពោះចំនួន៤៨២នាក់។ កិច្ចសំណេះសំណាលធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ៖

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះសម្តេចមានក្តីសោមនស្សរីករាយ បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្មករ និយោជិតទាំងអស់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរចុះជួបកម្មករ និយោជិតនឿយកាយ តែមិននឿយចិត្តទេ ហើយបើមិនបានចុះជួបកម្មករ និយោជិតទេ អាចកើតស្ត្រេស។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាំងពីក្លាយជានាយករដ្ឋមន្ត្រី ស្គាល់តែបន្ទប់គេង ការិយាល័យធ្វើការ ឯកសារ និងទៅធ្វើការ។ ដោយឡែកកម្មវិធីផ្សេងគេលែងហៅហើយ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មករ និយោជិត ប្រៀបដូចជាថ្ម (ថាមពល)សម្រាប់សេដ្ឋកិច្ចជាតិ។ កម្មការ និយោជិត មានសមត្ថភាពកាន់តែខ្លាំង នោះកម្លាំងសេដ្ឋកិច្ចជាតិក៏កាន់តែខ្លាំងផងដែរ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលឆ្នោតជាង ៨៦ភាគរយ ដែលគាំទ្របក្សប្រជាជនកម្ពុជា ក្នុងខេត្តព្រះសីហនុ បង្ហាញការជឿជាក់របស់ប្រជាពលរដ្ឋលើការដឹកនាំរបស់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ចំណូលបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ទេ សម្រាប់កម្មករ និយោជិត តែប្រាក់ចំណូលនេះបើធៀបនឹងអតីតកាល គឺមានភាពប្រសើរច្រើនហើយ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទសវត្សរ៍៨០ និង៩០ កម្ពុជានាំពីក្រៅគ្រប់បែបយ៉ាងសម្រាប់ការ​ហូប​ចុក និងប្រើប្រាស់ តែបច្ចុប្បន្នកម្ពុជាអាចផលិតសម្រាប់ហូប និងប្រើប្រាស់ខ្លួនឯង ហើយបានលក់ចេញទៅក្រៅប្រទេសថែមទៀត។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ បច្ចុប្បន្នចែកបាន ២លានក្បាលដី សល់ប្រមាណ ៥លានក្បាលដី។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា ពេលសម្តេចចាប់ផ្ទៃបាន៧ខែ ត្រូវជាប់គុកជាមួយម្តាយ។ នៅពេលកើតហើយមានជំងឺម្តងក្តៅខ្លួនខ្លាំង រហូតពេទ្យណែនាំឱ្យម្តាយត្រៀមចិត្ត។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធម្មជាតិខេត្តព្រះសីហនុល្អណាស់ ប្រៀបដូចជាគ្រាប់ពេជ្រ តែត្រូវមានការកែច្នៃ ដើម្បីបានជាប្រយោជន៍។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រឱ្យបានជាប្រយោជន៍ ត្រូវទាមទារចាំបាច់នូវសុខសន្ត្តិភាព។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើមានសង្គ្រាម គ្មានឱកាសកែប្រែធម្មជាតិ ទៅជាសក្តានុពលនោះឡើយ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីច្នៃពេជ្រឱ្យមានតម្លៃ ក្រៅតែពីកត្តាសុខសន្តិភាពហើយនោះ ទាមទារឱ្យមានគោលនយោបាយច្បាស់លាស់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋឱ្យទៅបំពាក់ ETC សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿនងាយស្រួល ដែលពេលនេះក្រុមហ៊ុនបន្តពន្យារពេល មិនយកថ្លៃសម្រាប់ការចុះឈ្មោះយកកាត។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្លូវដែកអាចឱ្យរត់បានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសាទរ និងរីករាយ ចំពោះការចាប់ផ្តើមដំណើរការការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងដាក់ចេញផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ដោយមិនយកខេត្តជាប់សមុទ្រដទៃ មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតគូរពីការអភិវឌ្ឍន៍ផែនៅខេត្តជាប់សមុទ្រ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិសុខខេត្តព្រះសីហនុ ត្រូវតែពង្រឹង ដើម្បីទាក់ទាញទេសចរណ៍ និងការវិនិយោគ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីទាក់ទាញទេសចរណ៍ចូលខេត្តព្រះសីហនុ ត្រូវភ្ជាប់ជើងហោះហើរជាមួយតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ បើអភិវឌ្ឍន៍បានត្រឹមត្រូវនាំសេដ្ឋកិច្ចឱ្យជាតិច្រើនណាស់ ជាពិសេសខេត្តជាប់ខេត្តព្រះសីហនុ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តព្រះសីហនុ មានសក្តានុពលធំណាស់ សម្រាប់ជាតិកម្ពុជា។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំពឹងថា ៥ ទៅ១០ឆ្នាំខាងមុខទៀត ខេត្តព្រះសីហនុ ប្រែក្លាយទៅជាខេត្ត ដែលប្រជាពលរដ្ឋមានចំណូលខ្ពស់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស ខេត្តព្រះសីហនុ នឹងទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើន។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ពេលសម្តេចកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន មានមតិមហាជនមួយចំនួនបានសួរនាំអំពីភាពយន្តចិនមួយ ដែល​និយាយពីស្ថានភាពមិនល្អនៅស្រុកខ្មែរ ជាពិសេសខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានអ្នកវិនិយោគទុនរបស់ចិន ដែលកំពុងរកស៊ីនៅកម្ពុជា បានថ្លែងបកស្រាយថានៅទីនោះ (កម្ពុជា) មិនដូចក្នុងរឿងភាពយន្តនោះទេ មានស្ថានភាព និងសន្តិសុខល្អណាស់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់អ្នកវិនិយោគទុនរបស់ចិន ដែលបានជួយពន្យល់ និងបកស្រាយយ៉ាងល្អចំពោះមតិមហាជនលើកឡើងពាក់ព័ន្ធ រឿងភាពយន្តចិន (No more Bet) និងសូមអរគុណចំពោះការវិនិយោគទុននៅកម្ពុជា សូមបន្តមកវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការ​ក្រសួង​​មហាផ្ទៃ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃ បានផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង កាលសម្តេចនៅជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រពីសម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីកម្ពុជា។ អគារនេះបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ ៥.៧ហិកតា ដែលសំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាចចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៦ វិច្ឆិកា ២០២៣ ដែលមានខ្លឹមសារដូចខាងក្រោម៖
រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជាដំណាក់កាលពង្រឹង ជាជាងការពង្រីក ដោយផ្តោតលើការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ។ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវ៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, វិធានាការគន្លឹះ ៥ចំនុច និងគោលនយោបាយអាទិភាពទាំង ៦ ដែលមានគោលបំណងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ គោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការដែលយើងបានធ្វើ ត្រូវតែបន្ត ហើយបន្តសម្រួចដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងបម្រើដល់ប្រជាជនបានលឿន និងទាន់ពេលវេលា។ ដូចនេះ ការផ្ទេរអំណាច និងប្រតិភូកម្មដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែធ្វើការពង្រឹងបន្ថែមទៀត តាមរយៈការពង្រាយសេវាសាធារណៈខិតជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងកំណើន និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ។ ជាមួយគ្នានេះ, មន្ត្រីមូលដ្ឋានទាំងអស់ ត្រូវយល់ច្បាស់អំពីតម្រូវការ ហើយមានលទ្ធភាពអាចដោះស្រាយបាននៅនឹងកន្លែង និងមានសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រង ក្នុងនោះជាសក្ខីភាពស្រាប់ បញ្ហាកូវីដ-១៩ គឺបានបញ្ជាក់ច្បាស់អំពីប្រសិទ្ធភាពក្នុងការធ្វើប្រតិភូកម្ម ដោយបានផ្ទេរការដឹកនាំ ការទទួលខុសត្រូវ និងម្ចាស់ការលើការងារ ដែលអាចសម្រេចបានលទ្ធផល និងប្រសិទ្ធភាពក្នុងពេលអនុវត្ត ។
អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវការជួយលើការងារចំនួន ៣៖ ១. ការប្រគល់សិទ្ធិ, ២. ការផ្តល់លទ្ធភាព និង ៣.ការជួយគាំទ្រ ការពង្រឹងមន្ត្រី និងពង្រឹងស្ថាប័ន។ ជាមួយនេះ សម្តេចធិបតី បានដាក់ចេញអនុសាសន៍សំខាន់គន្លឹះចំនួន ៥ សម្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្ត៖

១. ត្រូវពង្រឹងខ្លួន រៀបចំកែសម្រួលយន្តការនានា គោលការណ៍ស្តង់ដារ ពង្រឹងភាពស្អាតស្អំ,
២. ពង្រឹងការត្រួតពិនិត្យ ការតាមដាន និងគាំទ្រដល់មូលដ្ឋានលើគម្រោងនៃការអនុវត្តឱ្យបានប្រសិទ្ធភាព,
៣. ពង្រឹងយន្តការច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព,
៤. ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់ទ្រព្យសម្បត្តិឱ្យបានល្អ ហើយត្រូវម្ចាស់ការដោះស្រាយបញ្ហា ដោយក្តាប់ឱ្យជាប់បញ្ហាដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន និង
៥. ខិតខំអភិវឌ្ឍរាជធានី-ខេត្ត និងទាក់ទាញវិនិយោគ និងដៃគូ ដើម្បីបង្កើតភាពទាក់ទាញផ្សេងៗ ។
ក្រៅពីការអនុវត្តវិធានគន្លឹះ និងវិធានការដទៃទៀត ដែលត្រូវបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ស្របតាមការលើកឡើងពីខាងដើម សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុច សម្រាប់ក្រសួងមហាផ្ទៃអនុវត្ត ដូចតទៅ៖

ទី១. ក្រសួងមហាផ្ទៃត្រូវពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួន ជាពិសេស មន្រ្តីណាដែលនៅកៀកជិតប្រជាពលរដ្ឋ ឱ្យមាននូវមនសិការ, ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងមានសមត្ថភាព ស័ក្តិសមជាទីពឹងពាក់របស់ប្រជាពលរដ្ឋ ។
ទី២. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស ត្រូវពង្រឹងនូវយន្តការសវនកម្មផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់អំណាចខុសច្បាប់ និងត្រូវចាត់វិធានការតាមច្បាប់ជាធរមានឱ្យបានតឹងរ៉ឹង ប្រសិនមានករណីនេះកើតឡើង ។
ទី៣. ក្រសួងមហាផ្ទៃត្រូវធ្វើវិចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថា គ្មាននីតិវិធីមួយណា ដែលបង្កការលំបាកនិងដែលមិនចាំបាច់ ដល់ប្រជាពលរដ្ឋឡើយ ។
ទី៤. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវយន្តការច្រកចេញ-ចូលតែមួយ ហើយត្រូវពន្លឿនការដាក់សេវាសាធារណៈទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា, ជាពិសេស ថ្នាល CamDX, ដោយត្រូវផ្តល់អាទិភាពដល់សេវាសាធារណៈណា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឬជាញឹកញាប់ ដូចជា សេវាអត្រានុកូលដ្ឋាន, ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ជាដើម ។
ទី៥. ក្រសួងមហាផ្ទៃត្រូវធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការវិភាជធនធាន ទៅកាន់ថ្នាក់ក្រោមជាតិ ដើម្បីធានាថា ថ្នាក់ក្រោមជាតិអាចបំពេញមុខងារ និងភារកិច្ចដែលត្រូវបានធ្វើប្រតិភូកម្ម ដោយជោគជ័យ ។

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ នឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣

ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់​បំផុត​ ស្តេចយាងជាអធិបតីភាពដ៏ថ្លៃថ្លាបំផុត​ ក្នុងព្រះរាជពិធីសម្ពោធ​ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត”

ព្រះរាជបន្ទូលសំខាន់ៗរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាចក្រកម្ពុជា ក្នុងព្រះរាជពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមមាន៖

១៖ ព្រះមហាក្សត្រ ចាត់ទុកព្រះរាជពិធីសម្ពោធស្ពានហាលខាងលិចប្រាសាទអង្គរវត្ត គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ រួមមាន៖

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការប្រាព្ធរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត» គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២។

ព្រះករុណាទ្រង់ថ្លែងនូវព្រះរាជសុន្ទរកថាយ៉ាងដូច្នេះថា «ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្តតម្លៃជាសាកលពិតប្រាកដ»

ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។ កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាំពេលកន្លងមកពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន។

ព្រះមហាក្សត្រមានព្រះរាជបន្ធូលរំឭកថា ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្តដែលព្រះអង្គតែងតែនាំភ្ញៀវជាថ្នាក់ដឹកនាំប្រទេសជាច្រើន មានព្រះមហាក្សត្រប្រមុខរដ្ឋ ប្រធានាធិបតី យាងនិងអញ្ជើញមកទស្សនាប្រាសាទអង្គរវត្តយើងនេះ។ ក្នុងពេលដែលព្រះអង្គនៅគង់ប្រថាប់ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា (SNC) និងក្រោយៗមកទៀត ព្រះអង្គនៅតែបន្តនាំភ្ញៀវទៅទស្សនាប្រាសាទអង្គរវត្តយើងនេះដែរ។ ប្រាសាទអង្គរវត្តបានត្រូវបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ព្រះមហាក្សត្របានយកឱកាសដ៏ប្រពៃថ្លៃថ្លានាពេលនេះថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ជាពិសេសសម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀតដែលយើងមិនអាចបំភ្លេចបានចំពោះការលះបង់ពេលវេលា ប្រាជ្ញា ស្មារតីបំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញនៅលើពិភពលោក។

ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្តនិងការបន្តអនុវត្តគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ៕

២៖ ព្រះមហាក្សត្រ ថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះប្រទេសជប៉ុន រយៈពេល ៣០ឆ្នាំកន្លងមក និងកិច្ចប្រជុំ ICC Angkor សំបូរព្រៃគុក និងថ្លែងអំណរគុណ JICA និងសាកលវិទ្យាល័យ សូហ្វីយ៉ា រួមមាន៖

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានមានព្រះបន្ទូលថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះប្រទេសជប៉ុន ក្នុងរយៈពេល៣០ឆ្នាំកន្លងមក និងកិច្ចប្រជុំ ICC Angkor សំបូរព្រៃគុក និងថ្លែងអំណរគុណ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA និងសាកលវិទ្យាល័យ សូហ្វីយ៉ា។

ព្រះរាជបន្ទូលរបស់ព្រះអង្គ បានធ្វើឡើងក្នុងព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ព្រះមហាក្សត្រ មានព្រះបន្ទូលយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏វិសេសវិសាលនេះដែរខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ ចំពោះប្រទេសជប៉ុន ដែលក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្នុងនាមជាសហប្រធាន បានដឹកនាំកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេកទេសអាយស៉ីស៉ី (CC) អង្គរ-សំបូរព្រៃគុក ដោយស្មារតី ទទួលខុសត្រូវខ្ពស់រួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យនៃអាយស៉ីស៉ី (ICC) អង្គរ»

ព្រះអង្គមានព្រះបន្ទូលបន្តថា «ខ្ញុំក៏សូមថ្លែងអំណរគុណទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-JICA សាកល វិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៉ីអាគី អ៊ីស៉ីសាវ៉ា ដែលផ្តល់នូវការគាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចការអភិរក្សស្រាវជ្រាវ បណ្តុះបណ្តាលក្នុង រមណីយដ្ឋានអង្គរឱ្យប្រព្រឹត្តទៅដោយចីរភាពនិងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភគាំទ្ររហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្តនិងជារួមសម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀតអមដោយការបណ្តុះបណ្តាលធនធាន មនុស្សកម្ពុជាព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឪ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាប»

ក្នុងន័យនេះ ព្រះមហាក្សត្រ ក៏បានមានព្រះបន្ទូលលើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា តាមគ្រប់រូបភាព និងគ្រប់ទម្រង់ជាមួយស្ថាប័ននានានៃប្រទេសជប៉ុន ព្រមទាំងជាមួយដៃគូជាតិ និងអន្តរជាតិស្របតាមចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ស្មារតីនៃចក្ខុវិស័យ ១០ឆ្នាំទៅមុខទៀត នៃយន្តការអាយស៉ីស៉ី (ICC) អង្គរ-សំបូរព្រៃគុក និងអនុលោមទៅតាមកិត្តិនាមជាប្រទេសកំពុងឈានមុខគេ ក្នុងចំណោមបណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ក្នុងនាមអង្គរជាទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់យូណេស្កូ សម្រាប់កិច្ចការបណ្ដុះបណ្តាលធនធានមនុស្សសម្រាប់វិស័យ បេតិកភណ្ឌវប្បធម៌។

ព្រះអង្គ ក៏បានសព្វព្រះទ័យយកឱកាសនេះដើម្បីសម្ដែងនូវអំណរគុណជាថ្មីម្ដងទៀតដល់ បណ្តាប្រទេសជាមិត្តអ្នកជំនាញការជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ដែលបានរួមគ្នាដើម្បីរក្សាតម្លៃលេចធ្លោ ជាសកលរបស់រមណីយដ្ឋានអង្គរ ជាបេតិកភណ្ឌពិភពលោកឱ្យគង់វង្ស។

ព្រះមហាក្សត្រ បានមានព្រះបន្ទូលសង្ឃឹមថា ស្មារតីដើម្បីអង្គរ និងវប្បធម៌ជាតិនេះ នឹងនៅស្ថិតស្ថេរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរា និងសា្ថប័នវប្បធម៌កម្ពុជាផ្សេងៗទៀត អាចនឹងបន្តដំណើរការល្អបំពេញភារកិច្ចរបស់ខ្លួន ទទួលបានជោគជ័យដ៏ធំធេងក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជា៕

៣៖ ព្រះមហាក្សត្រ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន រួមមាន៖

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះ សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀតដែលមិនអាចបំភ្លេចបាន ចំពោះការលះបង់ពេលវេលា ប្រាជ្ញា ស្មារតី បំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យរមណីយដ្ឋានអង្គរល្បីល្បាញនៅលើពិភពលោក។

ព្រះរាជពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានព្រះរាជបន្ទូលថ្លែងអំណរគុណផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តរបស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា។

ព្រះអង្គបានមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសដ៏ប្រពៃថ្លៃថ្លានាពេលនេះដើម្បីថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករនិងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើន ផ្សេងទៀត ដែលយើងមិនអាចបំភ្លេចបាន
ចំពោះការលះបង់ពេលវេលា ប្រាជ្ញា ស្មារតី បំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញ នៅលើពិភពលោក»

ព្រះអង្គ ក៏បានមានរាជអង្កាបន្ដថា ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោល នយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ។

ព្រះមហាក្សត្រខ្មែរ ព្រះអង្គបានរំលឹកថា ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជា ថ្នាក់ដឹកនាំប្រទេសជាច្រើនមានព្រះមហាក្សត្រ-ប្រមុខរដ្ឋ-ប្រធានាធិបតី យាងនិងអញ្ជើញមក ទស្សនាប្រាសាទអង្គរវត្តយើងនេះ។ ក្នុងពេលដែលព្រះអង្គនៅគង់ប្រថាប់ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ នៃកម្ពុជា (SNC) និងក្រោយៗមកទៀត ព្រះអង្គនៅតែបន្តនាំភ្ញៀវទៅទស្សនា ប្រាសាទអង្គរវត្តយើងនេះដែរ។

សូមរំលឹកថា ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌ វប្បធម៌ ពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ការប្រារព្ធ «ព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត» នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ ខ្ពស់នៃមហាវីរក្សត្រ សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ។

ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិ សាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។ កិច្ចដំណើរ ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាំពេលកន្លងមក ពិតណាស់ ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភក្ត្រា អញ្ជើញចូលរួមបើកមហាសន្និបាតមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទសំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបើកមហាសន្និបាត មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមមាន៖

១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត យល់ថាពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុនប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន

២៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកមហា សន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់គុណតម្លៃ នៃចក្ខុវិស័យអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងគាំទ្រមាគ៌ាដ៏ត្រឹមត្រូវរបស់សមាគមនេះ ដែលសមស្របគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ, តម្លៃស្ត្រី និងការអភិវឌ្ឍសមត្ថភាពយុវជន

៤៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានពានកិត្តិយសថ្នាក់មាសរបស់មិត្តកាយឫទ្ធិនារីតំបន់អាស៉ីប៉ាស៉ីហ្វិក និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS

៥៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មហាសន្និបាតមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីប្រាប់ពិភពលោកពីសមិទ្ធផលសម្រេចបាន លើកិច្ចការងារជួយកុមារី យុវតី ស្រ្តីវ័យក្មេង

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេច និង ព្រះរាជាគណៈ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៨ព្រះអង្គ

កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេច និង ព្រះរាជាគណៈ គណៈមហាវិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៨ព្រះអង្គ ក្រោមអធិបតីភាពឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដោយមានការនិមន្តចូលរួមពីសំណាក់ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាសង្ឃ  ឯកឧត្តម ឧត្តមសេនីយ៏ឯក រឿង វុទ្ធី តំណាងឯកឧត្តមនាយឧត្តមសេនីយ៏ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស , ឯកឧត្តម ណែត ភឿត អគ្គលេខាធិការរង តំណាង ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ, ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តម ចាយ បូរិន បានអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨ ១៩០នាក់ ក្នុងស្រុកក​ណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល

ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងស្រុកក​ណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។

រោងចក្រ សហគ្រាសទាំង ២៩នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០ រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣ រោងចក្រដេរស្បែកជើង ចំនួន​ ២ រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១​​ ។

នេះ គឺជាលើកទី៨ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តបទុមធម្មយុត្តិ និងវត្តបទុមវតីរាជវរារាម នៅរាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តបទុមធម្មយុត្តិ និងវត្តបទុមវតីរាជវរារាម នៅរាជធានីភ្នំពេញ។ ថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣

រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញពិនិត្យមើលទីតាំង ដើម្បីត្រៀមរៀបចំពិធីទទួលនិងតម្កល់ព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញពិនិត្យមើលទីតាំង ដើម្បីត្រៀមរៀបចំពិធីទទួលនិងតម្កល់ព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅជើងភ្នំព្រះរាជទ្រព្យ ដោយមានការនិមន្តចូលរួមពី សម្ដេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះសាសនមុនី ហុឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ ព្រះមន្ត្រីសង្ឃ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលរងខេត្តកណ្តាល រាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និងអាជ្ញាធរពាក់ព័ន្ធ។ នាថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣

Scroll to Top