ព័ត៌មាន

ឯកឧត្តមចាយ បូរិន ដឹកនាំសហការី អញ្ជើញចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការទី៧នៃរដ្ឋសភា ស្តីពី “វឌ្ឍនភាពការងារ ក្នុងវិស័យធម្មការនិងសាសនា” នៅវិមានរដ្ឋសភា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំសហការី អញ្ជើញចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីលទ្ធផលការងារសំខាន់ៗរបស់ក្រសួងដែលសម្រេចបាន និងលើកទិសដៅអនុវត្តបន្ត ក្នុងការបំពេញបេសកកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា។

ឯកឧត្តម ចាយ បូរិន បានធ្វើបទបង្ហាញស្តីពីផែនការសកម្មភាពរបស់ក្រសួង ជូនដល់គណៈកម្មការទាំង១០របស់រដ្ឋសភា ក្នុងនោះក្រសួងបានបន្តរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើវីដេអូអប់រំសុជីវធម៌ ផ្សព្វផ្សាយនិងបណ្តុះបណ្តាល តួនាទី ភារកិច្ចដល់មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងអាចារ្យ គណៈកម្មការវត្ត។ ជំរុញការបោះពុម្ពផ្សាយព្រះត្រៃបិដក គម្ពីរ ដីកា និងទស្សនាវដ្ដី កសាងផ្ទាំងប៉ាណូផ្សព្វផ្សាយពីពុទ្ធឱវាទ (Billboard) នៅទីស្តីការក្រសួង និងតាមផ្លូវចេញចូលពីព្រលានយន្តហោះជាដើម ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា សេចក្តីព្រាងច្បាប់ស្តីពីសាសនា នៃព្រះរាជាណាចក្រកម្ពុជា មិនទាន់បានរៀបចំរួចរាល់ សមត្ថភាពមន្ត្រីរាជការក្នុងការអនុវត្តគោលនយោបាយឌីជីថល នៅមានកម្រិត វត្តអារាមមួយចំនួនមិនទាន់បានចងក្រងប្រវត្តិវត្តនិងចុះបញ្ជី គណៈដឹកនាំនិងរចនាសម្ព័ន្ធដឹកនាំផ្នែកពាហិរសាសនា ពុំទាន់មានភាពច្បាស់លាស់ ការបើកវិហារ ស្នាក់ការថ្វាយបង្ខំ ឬកន្លែងបង្រៀនគម្ពីរសាសនាមួយចំនួនពុំទាន់អនុវត្តតាមច្បាប់អនុញ្ញាត ធ្វើឱ្យមានអធិករក្នុងសាសនានៅតែបន្តកើតមាន ជំនឿដោយគ្មានមូលដ្ឋានច្បាស់លាស់ ដូចជា គ្រូបារមី គ្រូសណ្ឋិត បង្ហោះសកម្មភាពតាមបណ្តាញសង្គមគ្មានមូលដ្ឋានច្បាស់លាស់ បង្កើតព្រឹត្តិការណ៍គ្មានសណ្តាប់ធ្នាប់ បុគ្គលសង្ឃខ្លះប្រើប្រាស់បណ្តាញសង្គមបង្ហាញសកម្មភាពប្រាសចាកពីធម៌វិន័យ ដើម្បីផលប្រយោជន៍ ពិបាកទប់ស្កាត់អ្នកសារព័ត៌មានអនឡាញមួយចំនួន ដែលផ្សព្វផ្សាយបំពុលសង្គមពាក់ព័ន្ធនឹងជំនឿសាសនា ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់ របស់ឯកឧត្តមរដ្ឋមន្ត្រីចាយ បូរិន ដោយបានសម្រេចនូវ សមិទ្ធផលសំខាន់ៗជាច្រើនក្នុងក្របខ័ណ្ឌធម្មការ និងសាសនា។ សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីសាសនា តាងនាមគណៈកម្មការទាំង១០ របស់រដ្ឋសភា ឯកឧត្តមប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ក៏បានបង្ហាញនូវការគាំទ្រទាំងស្រុង និងបង្ហាញនូវក្តីសង្ឃឹមនិងជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈទិសដៅជាយុទ្ធសាស្រ្ត និងផែនការ សកម្មភាពជាអាទិភាពដែលក្រសួងបានដាក់ចេញ សម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងធ្វើឲ្យវិស័យធម្មការ និងសាសនា ដើរតួនាទីកាន់តែសំខាន់ ថែមទៀត ក្នុងដំណើរការទ្រទ្រង់ការអភិវឌ្ឍសង្គម ប្រកបដោយចីរភាព៕

ប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯក នៅមណ្ឌលវត្តសំរោងអណ្តែត នៃវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី

ប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯក នៅមណ្ឌលវត្តសំរោងអណ្តែត នៃវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី បានបើកការប្រឡងទៅតាមពេលវេលាកំណត់ ក្រោមព្រះអធិបតី និងអធិបតីភាព សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន ព្រះអនុគណខណ្ឌសែនសុខ សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះបាឡាត់គណរាជធានីភ្នំពេញ ឯកឧត្តម ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

ជាមួយនេះ ក៏មានអាជ្ញាធរមូលដ្ឋានតាមឋានានុក្រមចូលរួមផងដែរ។ ក្នុងពេលនោះ គណៈអធិបតី ទាំងព្រះសង្ឃ ទាំងគ្រហស្ថ សុទ្ធតែបានលើកឡើងនូវការផ្ដាំផ្ញើចំពោះសមណសិស្ស សិស្សទាំងអស់ ក្នុងការប្រឡងប្រកបដោយជោគជ័យ ធ្វើយ៉ាងណាសម្រេចលទ្ធផលជារួម នាំមកនូវគុណភាព “ចេះជាប់” ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលយើងផងដែរ។

ថ្ងៃអាទិត្យ ៤ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤

ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលេីកទី៣១​ ខេត្តកោះកុង

ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលេីកទី៣១​ ខេត្តកោះកុង​ ក្រោមអធិបតីភាព​ សម្តេចព្រះធម្មលិខិត​ បណ្ឌិត​ សៅរ៍​ ចន្ទ​ថុល្ល​ ព្រះ​រាជាគណៈ​ថ្នាក់​ឯក​ ឧត្តមប្រឹក្សាគណៈមហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះ​រាជតំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេចព្រះ​សង្ឃនាយក​ គណៈ​មហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ និង​ ឯកឧត្ដម​ ផាន់​ ចាន់តារា​ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ចាយ​ បូរិន​ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​ ។

ថ្ងៃ​សុក្រ​ ២កើត​ ខែបុស្ស​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី​១២ ខែមករា​ ឆ្នាំ២០២៤

ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលេីកទី៣១​ ខេត្តកំពង់ធំ

ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលេីកទី៣១​ ខេត្តកំពង់ធំ​ ក្រោមអធិបតីភាព​ សម្តេចព្រះឧត្តមចរិយា​ បណ្ឌិត​ ឈឹង​ ប៊ុនឈា​ ឧត្តមប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវ​ នួន​ ប៊ុនណា​ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ចាយ​ បូរិន​ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​ នៅវត្តឥន្ទ្រីយ៍សំវរៈ​ (កំពង់ធំ)​ ស្ថិតនៅភូមិក្តី​ សង្កាត់ព្រៃតាហ៊ូ​ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ​

ថ្ងៃពុធ​ ១៤រោច​ ខែមិគសិរ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនិងថ្ងៃទី​១០​ ខែមករា​ ឆ្នាំ២០២៤

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១ ខេត្តពោធិ៍សាត់

ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣១ ខេត្តពោធិ៍សាត់ ក្រោម​អធិបតីភាព​សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង​ យៀត ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះសង្ឃនាយកនៃព្រះរាជណាចក្រកម្ពុជា​ និង​ ឯកឧត្ដម​ ថោ​ គឿន​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

ដោយមានការនិមន្តនិងអញ្ជើញចូលរួមពី សម្តេច ព្រះរាជាគណៈ ព្រះមេគណខេត្តទាំងពីរគណ ព្រះថេរានុត្ថេរៈ ព្រះចៅអធិការ គណៈកម្មការ អាចារ្យ តំណាងសមាគមអាចារ្យទូទាំងខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងពាហិរសាសនា សរុបរួមប្រមាណ ១០០០អង្គ/នាក់។

ពិធីនេះត្រូវបានប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ នៅក្នុងវត្តកែវវិជ័យ (វត្តព្រះមេគណខេត្ត) ឃុំកណ្ដៀង ស្រុកណ្ដៀង ខេត្តពោធិ៍សាត់ ប្រកបដោយភាពស្និទ្ធស្នាលនិងរីករាយក្រៃលែង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធី ប្រុង ពាលី បញ្ចុះបឋមសិលាសាងសង់ ព្រះពុទ្ធអភយមុទ្រៈ មានកម្ពស់ ៤៥ម៉ែត្រ

លោកជំទាវ សូ ភក្ត្រា ចាយ បូរិន តំណាង រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមក្នុងពិធី ក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «ព្រះពុទ្ធអភយមុទ្រៈ» មានកម្ពស់៤៥ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ក្នុងពិធីនោះមានការចូលរួមពី ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប, ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយបានរួមគ្នា និងមានសុទ្ធាជ្រះថ្លាចាប់មគ្គផលក្នុងការកសាងព្រះពុទ្ធអភយមុទ្រៈ ដែលមានកម្ពស់៤៥ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំអតីតលោកសង្ឃចិនពីដើមនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុកជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ ទេសចរណ៍ខេត្តកែប។

«ប្រុងពលី» ជាកិច្ចមួយដ៏សំខាន់ដែលខ្មែរតែងតែរៀបចំធ្វើដំបូងគេនៅគ្រប់ពិធីធំៗនៅក្នុងជំនឿ និងទំនៀមទម្លាប់ខ្មែរ។ «ប្រុង» មានន័យដូចនឹង «រៀបចំ» ដែរ ឧទាហរណ៍អ្នកស្រុកអង្គរច្រើននិយាយ «ប្រុងម៉ោងប៉ុន្មាន? (រៀបចំធ្វើម៉ោងប៉ុន្មាន?)» រីឯ «ពលី» មានន័យថា «ការបូជា, ពលិកម្ម» និយាយឱ្យងាយយល់ គឺយើងត្រូវខាតបង់អ្វីមួយដើម្បីទៅដល់ទិសដៅថ្មីមួយ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៥ ថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤) នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានិងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីពិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ថ្ងៃជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤) នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ខួបទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដែលជាទិវាប្រវត្តិសាស្ត្រឆ្នាំនេះបានប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជាបានសម្រេចសមិទ្ធផលធំៗថ្មីៗលើគ្រប់វិស័យបន្ទាប់ពីកម្ពុជាបានឈ្នះលើសមរភូមិនៃជំងឺកូវីដ-១៩ ហើយយើងបានបើកប្រទេសឡើងវិញចាប់ពី ចុងឆ្នាំ២០២១ ហើយបានកំពុងបន្តដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។

រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម ប្រកបដោយភាពធន់ និងបរិយាប័ន្ន នៅក្នុងរយៈពេលប្រមាណ៤ខែកន្លងមកនេះ សម្រេចបានលទ្ធផលជាច្រើនជាទីមោទភាពយ៉ាងក្រៃលែង ដោយកំណត់អាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានបញ្ជាក់ថា តាមរយៈវីរភាពដ៏អស្ចារ្យនេះពិតជាស័ក្តិសមណាស់ដែលសម្តេចតេជោ ត្រូវបានពលរដ្ឋខ្មែរប្រសិទ្ធនាមថា «សម្តេចពុក» ពោលគឺជាឪពុកដែលហ៊ានលះបង់ជីវិតដើម្បីកូន។ ជាស្ថាបនិកនិងមគ្គុទេសឯកនៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ពីព្រោះសម្តេចជាអ្នកធ្វើឱ្យសម្រេចសន្តិភាព តាមរយៈដំណោះស្រាយនយោបាយឈ្នះ-ឈ្នះដ៏ល្អឯកគ្មានពីរ។

នៅកម្ពុជា បើនិយាយពីការសង្គ្រោះជីវិតពីរបបខ្មែរក្រហម និយាយពីសន្តិភាព និយាយពីនយោបាយឈ្នះ-ឈ្នះ និយាយពីការធានាស្ថិរភាពនយោបាយ និរន្តរភាពសង្គម និងការអភិវឌ្ឍ គឺមិនអាច មិននិយាយពីតួអង្គសម្តេចតេជោ ហ៊ុន សែន បានឡើយ។ ថ្មីៗនេះកម្ពុជាបានទទួលកេរ្តិ៍ឈ្មោះថ្មី ល្បីរន្ទឺមួយទៀតលើពិភពលោកថាជា «ប្រទេសតូចតែបេះដូងធំ» តាមរយៈការជួយសង្គ្រោះជីវិតទេសចរជាងពីរពាន់នាក់នៅលើនាវា Westerdam ដោយប្រើបេះដូងមនុស្សធម៌ ក៏ជាស្នាដៃសម្តេចតេជោ ហ៊ុន សែន។ កម្ពុជាបាននិងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុត ដោយបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅក្រោមម្លប់សុខសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមរតកសន្តិភាពដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានយុទ្ធសាស្ត្រក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ច ហើយអត្ថន័យនៃសុខសន្តិភាពនេះនឹងដក់ជាប់នៅក្នុងផ្នត់គំនិតរបស់កូនខ្មែរជារៀងរហូតមក។

ឯកឧត្តម ក៏បានបញ្ជាក់ថា កាលពី៤៥ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក មិនមានអាហារបរិភោគគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់ត្រូវបានដកហូត ឬលុបបំបាត់ចោល។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ។ ដូចនេះ ប្រជាជនកម្ពុជាចងចាំជានិច្ចនៅតម្លៃនៃ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធមួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈដែលជាការខិតខំតស៊ូរបស់ ប្រមុខដឹកនាំឆ្នើមរបស់ប្រទេសកម្ពុជា និងយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងការដណ្តើមជ័យជម្នះជូនប្រជាជនកម្ពុជាទាំងមូល ដូចនេះហើយទើបប្រជាជនកម្ពុជាស្គាល់ច្បាស់ពីតម្លៃន័យសន្តិភាព ហើយស្មារតី៧មករា គឺស្ថិតនៅក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗរូប៕

រដ្ឋមន្រ្តីក្រសួងធម្មការ ចូលគាល់ក្រាបថ្វាយបង្គំថ្វាយ​ព្រះ​ពរ​ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាយាងពិនិត្យព្យាបាលព្រះរោគនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា រួមជាមួយថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាបានអញ្ជើញចូលក្រាបបង្គុំទូលថ្វាយសួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះចៅអធិការវត្ត ឧណ្ណាលោម ដែលកំពុងព្យាបាលព្រះរោគ នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ រសៀលថ្ងៃ អាទិត្យ ១១រោច ខែមិគសិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តម ចាយ បូរិន បានក្រាបបង្គំទូលថ្វាយនូវការផ្តាំផ្ញើរ សួរសុខទុក្ខ និង ថ្វាយ ព្រះ ពរ ជ័យ បវរ សួស្ដី សិរីមង្គល វិបុល សុខ មហា ប្រសើរ ពីសំណាក់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និង ក្រាបថ្វាយបង្គុំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាបាន សម្ដែងនូវការគោរពដឹងគុណកោតសរសើរដោយស្មោះចំពោះព្រះវីរៈភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ដែល បានយាងចូលរួមចំណែក បំរើ វិស័យព្រះពុទ្ធសាសនាក៏ដូចជា ការស្តាកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនជារៀងរហូតមក ។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតបានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយជីវិតរបស់ព្រះអង្គ ដោយព្រះអង្គបានទៅ
រៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារហើយបានបួសជាសង្ឃក្នុងមជ្ឈឹមវ័យនៅឆ្នាំ១៩៥២ រហូតដល់ឆ្នាំ១៩៧៥ដោយបានទទួលសណស័ក្កជាព្រះគ្រូធម្មាចារ្យ ។នៅឆ្នាំ១៩៧៥ ព្រះគ្រូធម្មាចារ្យ ទេព វង្ស ត្រូវបានរបបខ្មែរក្រហមចាប់ផ្សឹក និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃជាមួយប្រជាជនទូទាំងប្រទេស ។ ក្រោយថ្ងៃរំដោះ៧មករា១៩៧៩លោកគ្រូធម្មាចារ្យបានចូលបួសវិញនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ១៩៧៩ហើយបានទទួល សណស័ក្កនិង ព្រះរម្យងារជាបន្តបន្ទាប់ដូចជា ព្រះឧបជ្ឈាយ៏ ប្រធានសង្ឃទូទាំងប្រទេស ជាព្រមហាសុមេធាធិបតី ជាព្រះសង្ឃនាយកនៃរដ្ឋកម្ពុជា-ជាអនុប្រធានរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា-ជាអនុប្រធានរដ្ឋសភា-ជាសម្តេចសង្ឃរាជគណមហានិកាយនៃកម្ពុជា -ជាគណអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៏មាតុភូមិកម្ពុជា-ជាឯកអគ្គរដ្ឋទូតសន្តិភាព ដោសហព័ន្ធអន្តរជាតិជាសហប្រធានក្រមប្រឹក្សាសាសនា ពិភពលោកដើម្បីសន្តិភាព នៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក-ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត-សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរឯកឧត្តម ចាយ បូរិន បានថ្វាយនូវទេយ្យទាន និងបច្ច័យដល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី និងសូមបួងសួងដល់តេជៈគុណព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះពរជ័យដល់សម្តេច ឆាប់ជាពីព្រះរោគាពាធ មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ និងផ្ដល់ឱវាទដល់ព្រះសង្ឃនឹងប្រជាបរិស័ទគ្រប់វ័យអោយបានយល់ដឹងនូវមាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យ ប្រធានវិទ្យាស្ថានព្រះពុទ្ធសាសនាវប្បធម៌ទីបេនៃក្រសួងវប្បធម៌ឥណ្ឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យ លោក នីរាជ កុមារ ( NIRAJ KUMAR ) ប្រធាន វិទ្យាស្ថាន ព្រះពុទ្ធសាសនា វប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌា នឹងគណៈប្រតិភូឥណ្ឌា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ លោក នីរាជ កុមារ ( NIRAJ KUMAR ) ប្រធាន វិទ្យាស្ថាន ព្រះពុទ្ធសាសនា វប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌា បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ពីគោលបំណងសំខាន់ស្តីពី ការសិក្សា និង ពិភាក្សាជុំវិញ ពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអារហន្តធាតុ ដែលដង្ហែរពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃ មកប្រទេសកម្ពុជាក្នុងពេលខាងមុខ។

លោកនីរាជ កុមារប្រធានវិទ្យាស្ថាន ព្រះពុទ្ធសាសនា វប្បធម៌ទីបេ នៃក្រសួងវប្បធម៌ឥណ្ឌា បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា បន្ទាប់ពីមកដល់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ លោកបានចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់នាំជំនាញរបស់ក្រសួងធម្មការនិងសាសនានិងស្ថាប័នពាក់ព័ន្ធដោយទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរដោយក្នុងនោះរួមមាន៖

១.ពិធីការរៀបចំទទួលព្រះបរមសារីរិកធាតុតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា។

២.កាលបរិច្ឆេទនៃការប្រគល់-ទទួលព្រះបរមសារីរិកធាតុ និងការអញ្ជើញជាអធិបតីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។

៣.កំណត់ទីតាំងសំចតនិងទីកន្លែងតម្កល់ព្រះបរមសារីរិកធាតុសម្រាប់ជូនពុទ្ធបរិស័ទគោរពនិងធ្វើពិធីសក្ការៈបូជា។

៤.វិធានការរក្សាសន្តិសុខដែលត្រូវអនុវត្តសម្រាប់ការដង្ហែរតម្កល់ និងលក្ខណៈពិសេសសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការការពារ និងថែរក្សាវត្ថុសក្ត័សិទ្ធិសាសនានៃព្រះបរមសារីរិកធាតុ។

៥.ការធានារ៉ាប់រងនៃព្រះបរមសារីរិកធាតុក្នុងអំឡុងពេលដំណើរការទាំងមូលនៃការប្រគល់ និងការតម្កល់សម្រាប់ធ្វើសក្ការៈបូជានៅប្រទេសមម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមស្វាគមន៏យ៉ាងកក់ក្តៅចំពោះពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអារហន្តធាតុ ដែលដង្ហែរពីប្រទេសឥណ្ឌាឆ្លងកាត់ប្រទេសថៃមកកាន់កម្ពុជា។ ដោយឡែកតាមរយៈនេះ ឯកឧត្តម ចាយ បូរិន បានស្នើរដល់គណៈប្រតិភូឥណ្ឌា ចេញនៅលិខិតច្បាស់លាស់មួយ សម្រាប់ឯកឧត្តមពិនិត្យមុននិងជម្រាបសុំគោលការណ៏អនុវត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពីពេលវេលាច្បាស់លាស់ណាមួយ ដើម្បីឲ្យពិធីធម្មយាត្រាដង្ហែរព្រះបរមសារីរិកធាតុព្រះសម្មាពុទ្ធ និងព្រះអារហន្តធាតុ ដែលដង្ហែរពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសថៃមកប្រទេសកម្ពុជាក្នុងពេលខាងមុខ បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយ ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

“ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំ គោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”

សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣៖

សម្តេចធិបតី បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទិន្នន័យ និងព័ត៌មានអំពីអង្គភាពសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ជាធាតុចូលយ៉ាងសំខាន់ និង ច្បាស់លាស់ សម្រាប់ការរៀបចំគោលនយោបាយនានារបស់ជាតិ ឱ្យមានលក្ខណៈមុតស្រួច និងផ្អែកលើភស្តុតាងត្រឹមត្រូវដើម្បីឱ្យគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ត្រូវបានអនុវត្តដោយជោគជ័យ និងចំគោលដៅ ។

សម្តេចធិបតី បានបន្តថា ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងជាត្រីវិស័យសម្រាប់យើង ហើយបើយើងមិនមានទិន្នន័យ យើងច្បាស់ជាស្ថិតក្នុងស្ថានភាពវង្វេងផ្លូវ ។ ជាមួយនឹងទិន្នន័យច្បាស់លាស់ គឺជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាមូលដ្ឋានក្នុងការព្យាករណ៍អំពីការប្រែប្រួលក្នុងពេលអនាគត សំដៅឈានទៅកំណត់អំពីទិសដៅ សកម្មភាព និងគោលនយោបាយនានា ដោយមិនប្រថុយប្រថាន និងអាចសម្រេចបានលទ្ធផលខ្ពស់ ។

ដោយហេតុថា ទិន្នន័យ និងស្ថិតិដើរតួនាទីសំខាន់នៅក្នុងគ្រប់ទិដ្ឋភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ដើម្បីជាការតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ ដូចខាងក្រោម ៖

ទី១. សូមស្នើឱ្យក្រសួងផែនការប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន និងសូមលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

ទី២. ក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូលទិន្នន័យ ដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហា ដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និង ធាតុចូលសម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូ ត្រូវរៀបចំឱ្យបានល្អតាមលក្ខណៈវិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប ។

ទី៣. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការ ក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ដោយហេតុថា៖ ក្រសួងផែនការ គឺជាស្ថាប័នរដ្ឋ ដែលមានជំនាញបច្ចេកទេសខ្ពស់ទទួលបន្ទុកលើការងារប្រមូលទិន្នន័យ ដើម្បីលើកកម្ពស់ការងារជំរឿនសង្គម-សេដ្ឋកិច្ចជារួម ក៏ដូចជាដើម្បីជាធាតុចូលសម្រាប់គ្រប់ក្រសួង-ស្ថាប័ន យកទៅអនុវត្តការងាររៀងៗខ្លួន ។

ទី៤. ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់ សម្រាប់ការងារអង្កេត និងជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យ ឱ្យទៅជាព័ត៌មានគ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ។

ទី៥. ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរធនធានមនុស្ស ដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង ។ ជាមួយគ្នានេះ, ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ ឱ្យចំជំនាញ ឬក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ ។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈ៖ ១/ ការរើសមន្ត្រីដោយសុក្រឹតភាព និងគុណាធិបតេយ្យ, ២/ ការកែទម្រង់ផ្ទៃក្នុង និង៣/ ការរៀបចំប្រព័ន្ធលើកទឹកចិត្តពីថ្នាក់កណ្តាល ដល់ថ្នាក់ក្រោម ទាំងមន្ត្រីក្របខ័ណ្ឌនយោបាយ និងមន្ត្រីទទួលបន្ទុកស្ថិតិ ហើយអ្វីដែលសំខាន់បំផុត គឺការវិនិយោគលើមនុស្ស ជាអាទិភាព ។

ទី៦. សូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណា ឱ្យមន្ត្រីមានសមត្ថភាពសមរម្យក្នុងការប្រើប្រាស់ស្ថិតិ និងរបកគំហើញ ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន ។

ទី៧. ស្នើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែកធនធានថវិកា សម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនមូលធនមនុស្ស ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងសម្រាប់វិនិយោគលើឧបករណ៍-បរិក្ខារបច្ចេកវិទ្យាសមស្របសម្រាប់ក្រសួងផែនការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់, មានគុណភាពល្អ និងរហ័សទាន់ពេល ៕

Scroll to Top