ព័ត៌មាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ” កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនីនៅកម្ពុជា “

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមក្នុងពិធី បិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនី ដែលជាវិស័យដ៏អាទិភាពមួយ ។ សម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភានេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់​នៃ​នយោ​បាយ​សេដ្ឋកិច្ច ព្រមទាំងបានកំណត់ទិសដៅ៖ (១)បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ខិតខំរកមធ្យោបាយផ្គត់ផ្គង់អគ្គិសនីដល់ភូមិជាង ១% ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ឱ្យទទួលបានអគ្គិសនីប្រើប្រាស់មុនឆ្នាំ២០៣០ (២).បន្តការធ្វើទំនើបកម្មលើការផ្តល់សេវាកម្មជូនដល់​អតិថិជនប្រើប្រាស់អគ្គិសនី (៣).បន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន (៤).ជំរុញការចូលរួមរបស់កម្ពុជាក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូនស្របតាមនិន្នាការ​ពិភពលោក​បច្ចុប្ប​ន្ន (៥). ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី និង (៦).ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល។

សម្តេចនាយករដ្ឋមន្ត្រី បន្តមានប្រសាសន៍ទៀតថា ប្រទេសនីមួយៗមានភារកិច្ចមិនត្រឹមតែត្រូវធានាធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគុណភាព ស្ថិ​រ​ភា​ព ប្រសិទ្ធភាព និងថ្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវធ្វើយ៉ាងណាឱ្យវិស័យ​ថាមពលឈាន​ទៅរក​អព្យាក្រឹតភាព​កាបូន ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុរបស់ពិភពលោកផងដែរ ។ ក្នុងន័យនេះ ក្រសួងរ៉ែ និងថាមពល ធ្វើជាស្ថាប័នដឹកនាំ និង​​សម្របសម្រួល លើការងារចំនួន ០៥ មានដូចជា៖ (១).ជំរុញអនុវត្តការងារប្រសិទ្ធភាពថាមពល ស្របទៅតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាម​ពល​២០២២-២០៣០ ដែល បានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង​។ (២).បញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនី​​ដុតធ្យូងថ្មដែលមានស្រាប់បញ្ឈប់ដំណើរការមុនកាលកំណត់ ។ (៣).ធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត។ (៤).លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ និងកាត់បន្ថយចំណាយ ។ (៥). ធ្វើការងារការទូតផ្នែកថាមពលបៃតង ដើម្បីទាក់ទាញការគាំទ្រ និងការផ្តល់ហិរញ្ញប្បទាន​សម្បទាន​សម្រាប់​ធ្វើការអភិវឌ្ឍ ។ លើលពីនេះ សម្តេច ក៏បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាល​ចូលរួម​សហ​កា​​រ និងសម្របសម្រួលជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា​​អាច​សម្រេច​បាននូវគោលដៅវិស័យថាមពល ដោយប្រើប្រាស់ថាមពលស្អាតឱ្យ​បាន ៧០% យ៉ាងតិច​នៅ​​​​ឆ្នាំ២០៣០ ដើម្បីឱ្យក្លាយទៅជាប្រទេសគោលដៅថាម​ពល​ស្អាត (Clean Energy Destina​tion) សម្រាប់ការអភិវឌ្ឍ ។

សូមបញ្ជក់ផងដែរ បើតាមក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​២០២២ កម្ពុ​ជាមាន​ទំហំ​ប្រភព​អគ្គិសនី​សរុបចំនួន ៤.២៤៦,៧៧​ មេ​ហ្គា​វ៉ា​ត់ ​ក្នុងនោះចំនួន ៣.១១៦,៤២ ​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​ជាង ៧៣​ភាគរយ ​ជា​ប្រភព​អគ្គិសនី​បាន​ពី​ការអភិវឌ្ឍ​ក្នុងស្រុក ហើយចំនួន ១.១៣០,៧៥ ​មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​ជាង ២៦ ​ភាគរយ ​ជា​ប្រភព​អគ្គិសនី​ដែល​បាន​នាំចូល​ពី​ប្រទេសជិតខាង ​។ ​ប្រភពដដែល​បានបង្ហាញទៀតថា សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនី បច្ចុប្បន្ននេះ មានខ្សែបញ្ជូនសរុបចំនួន ៣.៩៥៣គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន ៦៣ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី-ខេត្តចំនួន ២៥ ទូទាំងប្រទេស ។ គិត​ត្រឹម​ចុងឆ្នាំ​២០២២ ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​សរុបចំនួន​ប្រមាណ ៣,៧២​ លាន​ខ្នង​ផ្ទះ ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្តាញ​ជាតិ ស្មើនឹង​ប្រមាណ​ជិត ៩០​ភាគរយ​ ។​ ជាមួយគ្នានេះ ភូមិចំនួនជិត ១៤ ០០០ ស្មើនឹង ៩៨.២៧ ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិចំនួនជាង ២០០ ប៉ុណ្ណោះ ស្មើនឹង១.៧៣ ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីដោយសារភូមិទាំងនោះត្រូវបានចាត់ទុកថាជា «ភូមិដែលពិបាកទៅដល់»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធី “សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣”​ ស្តីពី​ ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធ​សាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាព ប្រកបដោយភាពធន់, និរន្តរភាព និង បរិយាបន្ន» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។
មានប្រសាសន៍ក្នុងពិធីដ៏ឧត្តុង្គឧត្តមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកទ្បើងថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI នឹងមិនគ្រាន់តែជាការសិក្សាស្រាវជ្រាវបង្កើនការយល់ដឹងប៉ុណ្ណោះទេ​ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះ សម្រាប់ជាធាតុចូលដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធ​សាស្រ្តអភិវឌ្ឍ ក៏ដូចជាវិធានការគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយ, ការពង្រឹង​ និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំ និងមានពិពិធកម្មជាងមុន និងការកសាងភាពធន់សង្គម-សេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ។
ពិតណាស់ ការគិតគូរ​ទៅ​អនាគត ចាំបាច់ត្រូវ​ឈរលើមូលដ្ឋាន​គ្រប់គ្រាន់នៃសមិទ្ធផល​ដែល​សម្រេច​បានទាំងក្នុងពេលអតីតកាល និងបច្ចុប្បន្នកាល ។ ក្នុងន័យនេះ រយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចនឹងរក្សាបាននូវសុខសន្តិភាពពេញលេញ, ធានាអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព និងស្ថិរភាពនយោបាយ ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ដោយឈរលើស្មារតី «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល និងអនុវត្តតាមបរិការណ៍ក្នុងប្រទេស (Think Globally and Act Locally)» រាជរដ្ឋាភិបាល​ នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវឤទិភាពគន្លឹះ ចំនួន ៥ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ។ យុទ្ធសាស្ត្របញ្ចកោណ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយ ដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជា​ប្រវត្តិសាស្ត្រចម្បងពីរ៖ (ទី១). ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក និង (ទី២). កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់ឆ្នាំ ២០៥០។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថែមទៀតថា​ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ រាជរដ្ឋាភិបាលបានដាក់​ចេញ​ជា​បន្ដបន្ទាប់​នូវ​ «កម្មវិធីគោលនយោបាយអាទិភាព៦»​ ជាមួយ «វិធានការគន្លឹះ៥» និង​វិធានការ​កែទម្រង់មុត​ស្រួចនានាដែល​បាន​ដាក់​ចេញកន្លងមក និងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខ នោះកម្ពុជារំពឹងថាអាចនឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៥,៦% នៅឆ្នាំ ២០២៣ និង​បន្ដងើបកាន់តែលឿន ក្នុងអត្រា ៦,៦% នៅ​ឆ្នាំ២០២៤ ។ ប្រាកដណាស់​ថា ទស្សនវិស័យ​​កំណើន​​នេះ អាចនឹងប្រឈមនូវហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជានៅទ្បើយ។ ក្នុងន័យនេះ កម្ពុជាត្រូវប្រកាន់នូវជំហរ និងស្មារតីកែទម្រង់ជាប់ជាប្រចាំ និងបុរេសកម្មជានិច្ចនិរន្តន៍ ដោយការព្យាយាមកសាងឱ្យបាននូវភាពធន់ និងជំរុញពិពិធកម្មសេដ្ឋកិច្ចថែមទៀត ។
សូមបញ្ជាក់ផងដែរថា សន្និសីទប្រចាំឆ្នាំរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំទ្បើងចំនួន ១៥ លើក គិតចាប់តាំងពីឆ្នាំ២០០៧ មកដល់ឆ្នាំ២០២៣ ដោយមានកិច្ចសហការជាមួយស្ថាប័នអន្តរជាតិនានា ហើយកន្លងមកតែងតែទទួល​បានការគាំទ្រ និងការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ យ៉ាងណាម៉ិញ ដូចគ្នា​នឹងរាជរដ្ឋាភិបាលអាណត្តិមុនៗដែរ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្តល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស «ស្ថាប័ន​ស្រាវជ្រាវ» បាន​ពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និង ទិសដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង និង​ភាព​បត់បែន​ទៅ​តាមការផ្លាស់ប្តូរនៃ​បរិការណ៍សកល និងតំបន់ ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកប​ដោយភាពធន់ និរន្តរភាព និងបរិយាបន្ន​ ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ ”

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «មានផ្លូវ មានក្តីសង្ឃឹម»

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​​​ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​កំណាត់ផ្លូវជាតិ​លេខ ៥ (ព្រែកក្ដាម-បាត់ដំបង) ប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ និង​ពិធីបើកការដ្ឋាន​សាងសង់​កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង៣៥,១៤ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន ។

នៅក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតីនាយករដ្ឋមន្ត្រី បានចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ដោយមានប្រសាសន៍ថា «មានផ្លូវ មានក្តីសង្ឃឹម» ព្រោះតែអត្ថប្រយោជន៍មហាសាលជាច្រើន ដូចជា ការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងនឹងដើរតួជាកាតាលីករជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ទាំងនៅតាមតំបន់ជុំវិញ និងនៅទូទាំងប្រទេស ផងដែរ ។ សម្តេចធិបតី បានបន្តមានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ៥ នេះ មិនត្រឹមតែជាខ្សែផ្លូវជាតិដែលវែងជាងគេនោះទេ, ផ្លូវនេះក៏ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស ។ ជាមួយគ្នានេះ, ផ្លូវជាតិលេខ៥ ក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវជាតិ, ផ្លូវខេត្ត និងតំបន់ទីប្រជុំជនសំខាន់ៗជាច្រើន ហើយថែមទាំងតភ្ជាប់ទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ ផងដែរ ។ នៅក្នុងក្របខណ្ឌតំបន់, ផ្លូវជាតិលេខ ៥ ជាផ្នែកដ៏សំខាន់មួយនៃការតភ្ជាប់ពីប្រទេសចិន, ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា, ឆ្លងកាត់ប្រទេសថៃ មកដល់កម្ពុជា និងបន្តទៅប្រទេសវៀតណាម ដែលផ្លូវនេះត្រូវបានគេហៅថា ផ្លូវអាស៊ានហាយវេ លេខ ១ (AH1) ។

សម្តេចធិបតី ក៏បានធ្វើការរម្លឹកផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ គឺចាប់ផ្ដើមពីព្រែកក្ដាម រហូតដល់សិរីសោភ័ណ មានប្រវែងសរុប ៣៣០,៨៩ គីឡូម៉ែត្រ ហើយក្នុងនោះ បានបែងចែកជា ៣ កំណាត់ រួមមាន៖ (១.) កំណាត់ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ», (២.) កំណាត់ភាគខាងត្បូង «ព្រែកក្ដាម-ធ្លាម្អម» និង (៣.) កំណាត់ភាគកណ្ដាល «ធ្លាម្អម-បាត់ដំបង» ដែលប្រើប្រាស់រយៈពេលសាងសង់​សរុបប្រមាណ ៧ ឆ្នាំ និង ប្រើថវិកាសរុបប្រមាណ ៦៩១ លានដុល្លារអាមេរិក, ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ។ កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ» ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការរួច ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ ។ ដោយឡែក, កំណាត់ផ្លូវជាតិលេខ ៥ «ព្រែកក្ដាម-បាត់ដំបង» ដែលប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នេះ ជាកំណាត់ចុងក្រោយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ដែលបានចាប់ផ្ដើមសាងសង់កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨ មានប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ ដោយបានប្រើថវិកាសរុបប្រមាណ ៤០៨,៤៣ លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់, ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ហើយបានបញ្ចប់ការសាងសង់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងផ្តល់ការគាំទ្រគ្រប់បែបយ៉ាង ទាំងជាធនធានមនុស្ស, ចំណេះដឹងបច្ចេកទេស, និងធនធានហិរញ្ញវត្ថុ ដើម្បីឱ្យសម្រេចបាននូវគម្រោងខ្នាតធំបែបនេះ ។​ ការគាំទ្រទាំងនេះ សបញ្ជាក់ថា ជប៉ុន គឺពិតជាមិត្តដ៏ល្អមួយរបស់កម្ពុជា ហើយការជួយគាំទ្រពីមិត្តជប៉ុននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ និងស្ពាន គឺពិតជាបាន និងកំពុងរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ព្រោះរាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ការកសាងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និងក៏ជាយុទ្ធសាស្រ្តនៃការបែងចែកផលលាភនៃកំណើនសេដ្ឋកិច្ច ឱ្យមានសមធម៌ និងបរិយាប័ន្ន ផងដែរ ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨ ១០៨នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

ជំនួបលើកទី១០នេះ ធ្វើឡើងជាមួយកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ។ លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មានចំនួន ១៨,១០៨នាក់ មានស្ត្រីមានផ្ទៃពោះចំនួន ៥៣០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបកម្មករ និយោជិត គម្រប់លើកទី១០៖

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មការិនី ដែលអញ្ជើញជួបសម្តេចនាព្រឹកនេះ មាន៦នាក់ ដល់ពេលសម្រាលកូន។ ក្នុងនោះកម្មការិនីម្នាក់ សម្រាលបានកូនប្រុស ហើយ៥នាក់ទៀត រង់ចាំសម្រាល។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងអាណត្តិនេះ អាចរៀបចំជួបកម្មករ និយោជិតចំនួនពីរជុំទៀត។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីផ្អាកការជួបសំណេះសំណាលយ៉ាងណាក្តី តែកម្មវិធីនយោបាយទាំងឡាយពាក់ព័ន្ធនឹងកម្មករ និយោជិត នៅតែបន្តយកចិត្តទុកដាក់អនុវត្ត។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋទោះស្ថិតនៅក្នុងវិស័យអ្វី គឺត្រូវតែមានមុខរបរ និងការងារធ្វើ។ មុខរបរ និងការងាររបស់ប្រជាពលរដ្ឋ គឺកិច្ចការដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលប្រមាណ៤០ឆ្នាំកន្លងទៅនេះ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយនេះ នៅតែជាគោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដើម្បីរុញប្រទេសក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណូលខ្ពស់ គឺសំដៅលើប្រជាពលរដ្ឋមានចំណូលខ្ពស់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហិច្ឆតានៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកដែលថារាជរដ្ឋាភិបាល «ដេក» ប្រហែលអត់មើលសកម្មភាពរបស់រាជរដ្ឋាភិបាលទេដឹង? ចុះជួបកម្មករ និយោជិត មិនជួបតាមសុបិនទេ គឺជួបផ្ទាល់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាល គឺរក្សាសុខសន្តិភាពដែលដោយលំបាករបស់រាជរដ្ឋាភិបាលនីតិកាលចាស់ រក្សាស្ថេរភាព រក្សាសមិទ្ធផល បង្កើតសមិទ្ធផលថ្មី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកប្រកបរបរក្រៅប្រព័ន្ធប្រមាណ ៦ម៉ឺននាក់ហើយ បានចុះឈ្មោះប្រើប្រាស់សេវាគាំពារសុខភាពជាមួយបេឡាជាតិរបបសន្តិសុខសង្គម។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យតាមដាន និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាពលើគោលនយោបាយទាំងឡាយ ដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត ដើម្បីបានប្រយោជន៍ធ្លាក់ដល់ប្រជាពលរដ្ឋ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកខ្លះអង្គុយតែក្នុងបន្ទប់អានសៀវភៅ តែចេញមកនិយាយគោលនយោបាយអ្វីក៏ចេះ, រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយអ្វីក៏មិនត្រូវ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅក្រសួងការងារឱ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស។ រៀនឱ្យចេះ ធ្វើបាន, អនុវត្តន៍ឱ្យច្រើនជាងទ្រឹស្តី។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋត្រឹម១៧លាននាក់ មិនអាចមានមន្ត្រីរាជការរហូតដល់ទៅ ៤-៥លាននាក់នោះទេ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរមានសមត្ថភាព ទើបក្រុមហ៊ុនម៉ាកល្បីៗមកបង្កើតរោងចក្រនៅកម្ពុជា។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងជួយដល់កម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋ តែកម្មករ និយោជិត និងប្រជាពលរដ្ឋ ក៏ត្រូវប្រឹងប្រែងជួយខ្លួនឯង។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទូចដល់កម្មករ និយោជិត ប្រឹងប្រែងចាប់យកឱកាសសុខសន្តិភាព ឱកាសនៃការវិនិយោគ ដើម្បីលើកស្ទូយជីវភាពឱ្យកាន់តែប្រសើរ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងសង្គមជាតិមួយតែងមានការប៉ះទង្គិចអារម្មណ៍ តែងមានបញ្ហា តែត្រូវចេះយោគយល់អធ្យាស្រ័យគ្នា អត់ធ្មត់ និងរួមគ្នាដោះស្រាយបញ្ហា។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំជ្រកក្រោមផ្លាកសហជីព ហើយយកបងប្អូនទៅបម្រើនយោបាយ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហានៅក្នុងរោងចក្រ សហគ្រាស។ កុំធ្វើរឿងតូច ឱ្យទៅជាធំ គ្មានរឿង ទៅបង្កើតជារឿង។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជឿទុកចិត្តលើគោលនយោបាយ និងការដឹកនាំរបស់របស់បក្សប្រជាជនកម្ពុជា គឺមិនរត់ចោលប្រទេស និងប្រជាជននោះឡើយ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនខ្វះទេបុគ្គលប្រឹងប្រែងដុតប្រទេស និងបំផ្លាញសុខសន្តិភាព សូមថ្លឹងថ្លែងឱ្យច្បាស់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងទៅ បានបង្ហាញច្បាស់ពីការទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា និងការវិនិច្ឆ័យដ៏ត្រឹមត្រូវចំពោះជោគវាសនាខ្លួន។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោត គឺជាការចុះកុងត្រារវាងប្រជាពលរដ្ឋ និងបក្សនយោបាយ។ ការសម្រេចរបស់ប្រជាពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា គឺផ្តល់ការវិនិច្ឆ័យមួយដ៏ច្បាស់លាស់ គឺមិនរត់ចោលប្រជាពលរដ្ឋ មិនមែនជាទន្សាយនោះទេ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលយប់សម្តេចតែងពិនិត្យសំណូមពរប្រជាពលរដ្ឋតាមបណ្តាញសង្គម ហើយបានដាក់ចេញវិធានការដោះស្រាយបន្តបន្ទាប់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបណែនាំអាជ្ញាធរខណ្ឌទួលគោក ឱ្យដកហូតធុងបាស់ពីកន្លែងកម្សាន្តមួយកន្លែងដែលបើកភ្លេងរំខាន បន្ទាប់ពីទទួលសំណូមពរពីប្រជាពលរដ្ឋ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលផ្ទុះសង្គ្រាមនៅព្រះវិហារ សម្តេចរកអ្នកក្លាហានពូកែបាញ់បោះអនាធិបតេយ្យមិនបាន។ បើរកបាន គឺបញ្ជូនទៅព្រះវិហារទាំងអស់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាពង្រីកអាជីវកម្មល្អៗ រីឯអាជីវកម្មមិនល្អ មិនត្រូវច្បាប់រួមគ្នាទប់ស្កាត់កុំឱ្យវារីក។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំនេះ មានទូកជាង៣០០ចូលរួមប្រកួតប្រជែង។ សម្តេចធិបតី ឧបត្ថម្ភ២០ទូក ហើយសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភចំនួន ២០ទូក។
  • សម្តេចធិបតី បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១០៖២០នាទីនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវផ្សារភ្ជាប់ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម មានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មទាំងក្នុងស្រុក ក្នុងតំបន់ និងសកលលោក

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជាកម្មវិធីគោលនយោបាយអាទិភាព នៅក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣ ។

នៅក្នុងពិធីប្រកបដោយអត្ថន័យឧត្តុង្គឧត្តមនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យណាមួយតែមួយមុខនោះឡើយ យើងចាំបាច់ត្រូវមានពិពិធកម្ម ព្រមជាមួយនឹងការព្យាយាមធ្វើទំនើបកម្មវិស័យនានា ក្នុងនោះវិស័យកសិកម្ម ត្រូវធ្វើទំនើបកម្មពីកសិកម្មដែលពឹងផ្អែកដោយពលកម្មតាមបែបប្រពៃណី ទៅជាកសិកម្មដែលពឹងផ្អែកលើជំនាញ, បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់ ។ ទន្ទឹមនេះ យើងក៏ត្រូវផ្សារភ្ជាប់វិស័យកសិកម្មរបស់យើង ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែច្រវាក់ផលិតកម្ម ទាំងក្នុងស្រុក, ក្នុងតំបន់ និងសកលលោក ផងដែរ ។

សម្តេចធិបតី បានបន្តធ្វើការគូសបញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា ឱ្យក្លាយជាកសិកម្មតាមបែបឧស្សាហកម្ម ដែលមានស្តង់ដារខ្ពស់ អាស្រ័យលើតួអង្គចំនួន ៣ គឺ៖
តួអង្គទី១ ជាអ្នកប្រតិបត្តិផ្ទាល់ តួអង្គនេះមានការខិតខំ និងឆន្ទៈមោះមុតរួចទៅហើយនៅក្នុងការធ្វើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន ក៏ប៉ុន្តែត្រូវព្យាយាមបន្ថែមទៀតក្នុងការប្រទាក់ក្រឡាគ្នា, បំពេញបន្ថែមឱ្យគ្នា, និងជាពិសេស ត្រូវមានផលប្រយោជន៍រួមគ្នា ទើបអាចកៀរគរបាននូវកម្លាំងរួម សម្រាប់អភិវឌ្ឍវិស័យនេះ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងលើកកម្ពស់ការចងក្រងប្រតិបត្តិករទាំងអស់ ទាំងប្រជាកសិករ និងបណ្តាសហគ្រាសជារចនាសម្ព័ន្ធ ដូចជា សហគមន៍កសិកម្ម ឬជាសហគ្រាស ដើម្បីគ្រប់គ្រងទីផ្សារ និងផ្សារភ្ជាប់ជាមួយវិស័យឯកជនដទៃទៀតឱ្យកាន់តែមានភាពជិតស្និទ្ធគ្នា ព្រមទាំងឱ្យរាជរដ្ឋាភិបាលអាចជួយអន្តរាគមន៍បានឆាប់រហ័ស និងមានប្រសិទ្ធភាព ទាំងលើការផ្តល់ជំនួយបច្ចេកទេស, ការប្រឹក្សាយោបល់, និងការផ្តល់ឥណទាន ជាដើម។ លើសពីនេះ ប្រតិបត្តិករទាំងអស់ក៏នឹងមានអំណាចចរចាទីផ្សារ ព្រមទាំងអាចអនុវត្តតាមកិច្ចសន្យាផលិតកម្ម បើកឱកាសក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មដល់ទីផ្សារធំៗ ដូចជា នៅតាមបណ្តាផ្សារទំនើប និងនាំចេញទៅកាន់ទីផ្សារបរទេស ទៀតផង ។
តួអង្គទី២ គឺជារាជរដ្ឋាភិបាល ដែលមានតួនាទីជាអ្នកតម្រង់ទិសដៅ និងជួយសម្របសម្រួលដល់ការអភិវឌ្ឍវិស័យនេះ ជាអាទិ៍ ជាអ្នកផ្តល់ប្រឹក្សា និងជាអ្នកផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញប្បទាន, និងបច្ចេកទេស ព្រមទាំងធ្វើការចរចាជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា មានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាដើិម ។ ជាងនេះទៅទៀត ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់ចេញនេះ គឺដើម្បីរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារអាម៉េរិក និងការដាក់ពង្រាយមន្រ្តីកសិកម្មរហូតដល់ថ្នាក់មូលដ្ឋាន ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការធ្វើឱ្យការប្រកួតប្រជែងក្នុងទីផ្សារសេរីនេះ កាន់តែស្មើភាព យុត្តិធម៌ និងបរិយាបន្ន ។
តួអង្គចុងក្រោយ គឺអតិថិជន ដែលជាអ្នកជួយគាំទ្រដល់ផលិតផលខ្មែរ ជាអ្នកជួយដល់ប្រជាកសិករ និងសេដ្ឋកិច្ចជាតិទាំងមូល ។ ត្រង់ចំណុចនេះ សម្តេចធិបតី បានអំពាវនាវដល់ប្រជាជនទាំងអស់ ដែលជាអតិថិជន សូមបន្តផ្តល់ការគាំទ្រកាន់តែខ្លាំងថែមទៀតដល់ផលិតផលកសិកម្មកម្ពុជា ព្រមទាំងស្នើគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មន្រ្តីកសិកម្ម ដែលនឹងត្រូវដាក់ពង្រាយទៅដល់មូលដ្ឋានផ្ទាល់ សូមបង្កើត និងផ្សព្វផ្សាយនូវវប្បធម៌ «យកគុណភាព ជាជាងយកបរិមាណ» ទៅកាន់ប្រជាកសិករទាំងអស់ ដើម្បីធានាថា ផលិតផលខ្មែរមានគុណភាព, មិនប៉ះពាល់ដល់សុខភាព ហើយថែមទាំងមានតម្លៃសមរម្យ ។

ក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានធ្វើការអបអរសាទរអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះ «ពានរង្វាន់មាស» ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទ អង្ករសគ្រាប់វែងចិន-អាស៊ានលើកទី ១ ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្រ្តស្រូវនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ខេត្តគ័ងស៊ី ប្រទេសចិន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។ ការណ៍នេះ គឺជាកិត្តិយស និងមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាកសិករ និងវិស័យកសិកម្មកម្ពុជា ក្រោយពីអង្ករពូជស្រូវផ្ការំដួលកម្ពុជាបានឈ្នះ «ពានរង្វាន់អង្ករល្អដាច់គេ» ចំនួន ៥ លើក ក្នុងរយៈពេល ១០ ឆ្នាំនៃការចូលរួមប្រកួតប្រជែងអង្កររបស់កម្ពុជានៅលើឆាកអន្តរជាតិ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមក្នុងពិធី “ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវរក្សាស្មារតី «កីឡារស់ក្នុងសន្តិភាព» ជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបញ្ចប់ក៏ដោយ

នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

នៅក្នុងពិធីដ៏អធិកអធមនោះដែរ សម្តេចមហាបរវធិបតី បានមានប្រសាសន៍បញ្ជាក់អំពីការជ្រើសរើសយកពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ព្រោះយើងយល់ថា គុណតម្លៃនៃសុខសន្តិភាពពិតជាធំធេង សម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្តាប្រទេសទាំងអស់ ប៉ុន្តែ គុណតម្លៃនេះ ពិតជាងាយណាស់នឹងត្រូវបានគេមើលរំលង ។ ក្នុងន័យនេះ, ប្រសិនបើមិនមានសុខសន្តិភាព ដែលត្រូវបានកសាងយ៉ាងលំបាក ដោយ សម្តេចតេជោ ស្ថាបនិកមគ្គទេសក៏ឯកនៃនយោបាយឈ្នះ-ឈ្នះ ក៏ដូចជា ប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ គ្រប់ៗរូបដទៃទៀត ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ យកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាព, ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍពីបាតដៃទទេនោះទេ, យើងក៏នឹងមិនមានថ្ងៃ ដែលយើងអាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាកម្រិតអន្តរជាតិនេះបានដែរ ហើយប្រទេសយើងក៏ប្រហែលជាកំពុងលិចលង់ក្នុងភ្នក់ភ្លើងសង្រ្គាម រីឯអ្នកជំនាន់ក្រោយ ក៏ប្រហែលជាមិនអាចរស់រានបាន​ប្រកបដោយសុភមង្គល ហើយអាចលេងកីឡា ឬ ទស្សនាកីឡាយ៉ាងសប្បាយរីករាយ ដូចសព្វថ្ងៃនេះទ្បើយ ។ ដូច្នេះ, កីឡាពិតជារស់ក្នុងសន្តិភាព ហើយយើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ បានបញ្ចប់ក៏ដោយ ។

នាឱកាសដ៏សប្បាយរីករាយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាទោះបីព្រឹត្តិការណ៍នេះ ទើបតែបានបិទបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២៣ ក៏ដោយក៏លទ្ធផល, ស្នាដៃ, កិត្តិយស និងកិត្យានុភាពជាតិ ដែលបានកើតចេញមក ហាក់ស្ថិតនៅថ្មីៗ ហើយនៅស្ថិតស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប ។ សម្តេច ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើន ដែលគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានសម្រេចបាន ។ ព្រមទាំងបានកោតសរសើរបងប្អូនកីឡាករ-កីឡាការនី, សិល្បករ-សិល្បការនី, ប្អូនៗយុវជនអ្នកស្ម័គ្រចិត្ត, ក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលចូលរួមសហការយកកម្លាំងកាយចិត្ត និងពេលវេលា ញ៉ាំងឱ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពអធិកអធម​ និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ។

មួយវិញទៀត, ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះ ក៏នឹងមិនអាចប្រព្រឹត្តឡើង បានឡើយ ប្រសិនមិនមានពហុកីឡដ្ឋានមរតកតេជោដ៏ធំស្កឹមស្កៃ និងជាប្រវត្តិសាស្ត្រ ។ ពហុកីឡដ្ឋាននេះគឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងការជួយគាំទ្រពីរដ្ឋាភិបាលចិនក្នុងការកសាងពហុកីឡដ្ឋាននេះទ្បើង សម្រាប់ការរៀបចំព្រឹត្តិការណ៍ខ្នាតយក្សដូចនេះ ផងដែរ ។

ជាចុងក្រោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាន ធ្វើការអរគុណចំពោះកីឡាករ-កីឡាការិនីកម្ពុជា ដែលបានរួមគ្នាដណ្តើមបានមេដាយគ្រប់ប្រភេទជាច្រើនពុំធ្លាប់ធ្វើបានពីមុនមក និងចំពោះកីឡាករ-កីឡាការិនីដទៃទៀត ទោះមិនបានមេដាយក៏ដោយ តែក៏បានបង្ហាញទៅពិភពលោកនូវឆន្ទៈ និងស្មារតីកីឡាអូឡាំពិក ដែលមិនរុញរា ឬ បោះបង់ចោលការប្រកួត ។ ស្មារតីនេះត្រូវបានបង្ហាញជាពិសេស ដោយកីឡាការិនី ប៊ូ សំណាង ដែលបានរត់កាត់ភ្លៀងផ្គរ រហូតដល់គោលដៅ ទោះមកដល់ទីផ្ដាច់ព្រ័ត្រក្រោយគេក៏ដោយ ដែលការណ៍នេះត្រូវបានបណ្តាញសារព័ត៌មានអន្តរជាតិធំៗ និងបណ្តាញផ្សព្វ​ផ្សាយសង្គមនានា ធ្វើការចុះផ្សាយផងដែរ ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និហព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា” ។

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្ត ចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប, ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយគុណតម្លៃនៃការទូន្មានរបស់ព្រះសង្ឃ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយចំនួន ១១ អង្គ ដ៏អធិកអធមនេះ សម្តេចមហាបវធិបតី បានលើកទ្បើងនូវទឡ្ហីករណ៍ ៣ ចំណុច ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើន ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះព្រះពុទ្ធសាសនា និងភាពសុដុមរមនាជាមួយនឹងសាសនាដទៃទៀត ដែលមានដូចជា៖


(ទី១) យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតសំខាន់ទៅលើមនុស្ស ជាមុំមួយក្នុងចំណោមមុំនៃបញ្ចកោណទាំង៥ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ព្រមទាំងការទទួលខុសត្រូវខ្ពស់ប្រកបដោយមនសិការស្នេហាជាតិ និងភក្តីភាពចំពោះអត្តសញ្ញាណនៃភាពជាខ្មែរ ។ កិច្ចការដ៏សំខាន់នេះអាចសម្រេចទៅបាន លុះត្រាតែមានការអប់រំទូន្មានតាមបែបសាសនា ជាពិសេស ការជំរុញការរស់នៅតាមពុទ្ធោវាទនៃព្រះពុទ្ធសាសនា។ នៅក្នុងបរិបទដែលសង្គមកម្ពុជាកាន់តែអភិវឌ្ឍ និងកាន់តែទំនើប, ការលើកកម្ពស់វិធាននៃការរស់នៅស្របតាមដំបូន្មាន នៃសាសនា គឺពិតជាសំខាន់ និងចាំបាច់ ហើយគុណតម្លៃនៃការទូន្មានរបស់ព្រះសង្ឃ នឹងរួមចំណែកដ៏សំខាន់ចំពោះការសម្រេចវត្ថុបំណងនេះ ។


(ទី២) ការចូលរួមយ៉ាងកុះកររបស់ប្រជាជនកម្ពុជា ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ជាតឹកតាងមិនអាចខ្វះបាននៃការបន្តគោរពជំនឿសាសនាយ៉ាងមោះមុតរបស់ប្រជាជនកម្ពុជា បើទោះជាសាសនាធ្លាប់ត្រូវបានលុបបំបាត់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ ។ ជាក់ស្តែង, បើប្រៀបធៀបជាមួយនឹងពេលរបបប៉ុលពត ដែលពេលនោះវត្តអារាមត្រូវបានបិទទាំងស្រុងនៅទូទាំងប្រទេស, បច្ចុប្បន្ន យើងមានវត្តអារាមសរុបចំនួន ៥១៣៣ វត្ត, មានព្រះសង្ឃចំនួន ៦៨ ៩៦៧ អង្គ, និងថែមទាំងមានវិហារនៃសាសនាឥស្លាម និងសាសនាគ្រិស្ត ជាច្រើនទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ សមិទ្ធផលទាំងនេះ ដែលភាគច្រើនបានមកពីការរួមជាវិភាគទាន របស់ប្រជាជនកម្ពុជាផ្ទាល់ ហើយទាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងផ្នែកអាណាចក្រ និងសាសនាចក្រ ។


(ទី៣) ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ, សិទ្ធិសេរីភាពនៃការគោរពជំនឿសាសនាត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ ។ រហូតមកដល់ពេលនេះ, នៅក្នុងប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែការគោរពជំនឿសាសនារបស់ពួកគេនោះទេ ។ ផ្ទុយទៅវិញ, ការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗគ្នារបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ ។ យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ ។ នេះជាតថភាពមួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុមនីយកម្មសាសនាបាន ដែលពេលខ្លះបានបង្កជាជម្លោះបែកបាក់រវាងប្រជាជន នៅក្នុងសហគមន៍សាសនាខុសៗគ្នាទៀតផង ៕

ពិធីក្រុងពាលីស្រោចស្រពព្រះសុគន្ធវារីប្រគេន សម្តេចនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា

ពិធីក្រុងពាលីស្រោចស្រពព្រះសុគន្ធវារីប្រគេន សម្តេចនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១១ព្រះអង្គ ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ,ឯកឧត្តម នាយឧត្តមសេនីយ៍កតិ្តបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស, ឯកឧត្តម នាយកឧត្តសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅវត្តមុនីសុវណ្ណ ហៅវត្តជំពុះក្អែក នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ពិធីក្រុងពាលីសុំពរជ័យ សិរីសួស្តី ជ័យមង្គល ដើម្បីរៀបចំពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេន សម្តេចនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ បានចាត់តាំងគណៈកម្មការរៀបចំពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេន សម្តេចនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១១ព្រះអង្គដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណ ហៅវត្តជំពុះក្អែក ស្ថិតនៅ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅក្នុងកិច្ចប្រជុំអន្តរក្រសួងច្រើនលើក ច្រើនសារក្រោមការយកចិត្តទុកដាក់ពីគណៈកម្មការចាត់តាំងពិសេសដែលក្នុងនោះរួមមាន ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា , ឯកឧត្តម នាយឧត្តមសេនីយ៍កតិ្តបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស,ឯកឧត្តម នាយកឧត្តសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការប្រជុំសម្រេចបែងចែកភារកិច្ចតាមផែនរៀងៗខ្លួន ដើម្បីរៀបចំទាំងពិធីសាសនា ទម្រង់ភ្លេងសាសនា សន្តិសុខ ទេយ្យទាន ចង្ហាន់ នឹងគ្រឿងឧបភោគ បរិភោគ សម្រាប់ប្រគេនដល់ សម្តេច និងព្រះរាជាគណៈ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ឲ្យសមស្របទៅតាមប្រពៃណីព្រះពុទ្ធសាសនាកម្ពុជា ។

សូមជម្រាបជូនផងថា សម្រាប់វិស័យព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៏ជាតិ ទាំងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌ដល់ពុទ្ធបរិស័ទគ្រប់ៗរូប៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវការ​នូវ​ “ស្ពាននាគភ្លោះកោះនរា”។

រសៀលនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ”​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា៖

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមបង្កលក្ខណៈផ្សេងសម្រាប់កិច្ចអភិវឌ្ឍន៍កោះនរា។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់សម្រាប់ជាតិ។ ហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសៃឈាមរបស់ជាតិ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ពីមុនភ្ជាប់គ្នាតែតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ឥឡូវមានផ្លូវមួយទៀត គឺផ្លូវឌីជីថល។ ផ្លូវឌីជីថលនេះ ភ្ជាប់ទំនាក់ទំនងគ្នាបានលឿន។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រការអភិវឌ្ឍន៍កោះនរា ដោយសម្តេចចាត់ទុកការអភិវឌ្ឍន៍នេះ ជាការអភិវឌ្ឍន៍ដ៏ពិសេស។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការអភិវឌ្ឍន៍កោះនរា គឺជាការស្រង់ស្ថានភាពកោះ ដែលពីមុនត្រូវបានបាកចូលទន្លេ ហើយការអភិវឌ្ឍន៍នេះ បានក្លាយទៅជាកន្លែងមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍន៍កោះនរា គឺជាការបែងចែកផលលាភទៅប្រជាពលរដ្ឋ មិនមែនសម្រាប់តែឧកញ៉ា ពុង ឃាវសែ ឬមនុស្សមួយក្តាប់តូចនោះទេ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍន៍កោះនរា នឹងពង្រីកផលសេដ្ឋកិច្ចដល់ច្បារអំពៅ និងចំការមនផងដែរ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលខាងកោះនរា នឹងមានសង់អគារមួយខ្ពស់ជាងគេ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជា គឺពលរដ្ឋគ្រប់រូបទទួលបានផលលាភ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ នឹងបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍តំបន់កោះនរាទៅតាមផែនការគ្រោងទុក។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើទៅដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុយកចិត្តទុកដាក់សម្រួលឥណទាន ដើម្បីសម្រាលការលំបាករបស់អ្នកខ្ចី។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលការណ៍ឱ្យជនបរទេសជួលផ្ទះរក្សាពេលយូរ មិនមែនជាការលក់ផ្ទះ លក់ដីឱ្យជនបរទេសនោះទេ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលនយោបាយឱ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលយូរ នៅតែបន្តអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ ហើយមិនឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលនយោបាយជួលផ្ទះ ជួលដីឱ្យជនបរទេសរយៈពេលយូរ (១៥ឆ្នាំ ទៅ៥០ឆ្នាំ) ដើម្បីប្រយោជន៍សេដ្ឋកិច្ច។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់សកម្មភាពចលាចលក្នុងសង្គម ជាពិសេសពេលបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ គិតគូរសម្រួលលំហូរចរាចរណ៍ ក្រោយដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ពង្រឹងការផ្តល់សេវាដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ដោយពង្រាយខ្សែរត់រថយន្តក្រុងបន្ថែមមកកាន់កោះនរា និងតំបន់អភិវឌ្ឍន៍ដទៃទៀត។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានការសិក្សារៀបចំផ្លូវសម្រាប់រថយន្តក្រុងសាធារណៈ ដើម្បីសម្រួលការធ្វើចរាចរណ៍រថយន្តក្រុងសាធារណៈ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញបំណងសិក្សាផ្លូវអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យមានការសិក្សារៀបចំភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរៀបចំជាតំបន់បៃតង តំបន់អាជីវកម្ម និងតំបន់កម្សាន្តសប្បាយដាច់ៗពីគ្នា។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ពង្រឹងនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ចោរឆក់ប្លន់ និងសុវត្ថិភាពសម្រាប់អ្នកទេសចរ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា អ្នកបាញ់បោះនៅគិរីរម្យ៤នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិសុខប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន ដែលសម្តេចធ្លាប់រស់នៅ ចាញ់រាជធានីភ្នំពេញ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឥឡូវនេះមានជល់មាន់តាមអាកាស មានចាក់ទឹកភ្លៀងតាមអនឡាញ។ រាជរដ្ឋាភិបាល នឹងប្រឹងប្រែងទប់ស្កាត់។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅយុវជនកុំចង់សាកជីវិតបងតូចបងធំ។
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៤៖០៥នាទី រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

សម្ដេចពញាចក្រី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិតិ្តយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា៕

ព្រឹកថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣

Scroll to Top