ព័ត៌មាន

ឯកឧត្តម ចាយ បូរិន នាំយកថវិកានិងអង្ករប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បាននាំយកអំណោយជាថវិកានិងអង្ករ ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” ។ ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ចាយ បូរិន បានប្រសាសន៍ថា តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងធម្មការនិងសាសនា សូមចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលជានិច្ច ជាកាល តែងតែគិតគូរពីទុក្ខលំបាក ការខ្វះខាតរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ស្រ្តី កុមារនិងជនចាស់ជរាគ្មានទីពឹងប្រជាជនដែលជួបប្រទះគ្រោះមហន្តរាយដោយធម្មជាតិ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល ឬ និន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា ។

នាឱកាសនេះ ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងមន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា ដែលមានសទ្ធាជ្រះថ្លាប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជានាពេលនេះ ហើយសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា។
កាកបាទក្រហមកម្ពុជា នៅតែបន្ដទទួលស្វាគមន៍ និងរង់ចាំជានិច្ច ចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដែលមានទឹកចិត្តសប្បុរសធម៌ នាំយកអំណោយ មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជា បានចាត់ទុកវិភាគទានទាំងនោះ គឺសុទ្ធតែបានរួមចំណែកធ្វើឲ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងជនងាយរងគ្រោះ ដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា៕

ពិធីបើកសិក្ខាសាលាស្តីពី “ពិធីបុណ្យពិសាខបូជា” ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ពិធីបុណ្យពិសាខបូជា” ដោយមានការនិមន្តនិងអញ្ជើញចូលរួមដោយ សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ,សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជក្រសួងធម្មការនិងសាសនា ព្រមទាំងសិស្ស និស្សិត យ៉ាងច្រើនកុះករ នៅពុទ្ធសាសនបណ្ឌិត្យរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយកកិច្ចការសាសនានៃក្រសួងធម្មការនិងសាសនា បានអានរបាយការណ៏ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីថា ការរៀបចំសិក្ខាសាលាក្រោមប្រធានបទ “សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារពិធីបុណ្យពិសាខបូជា” ក្នុងគោលបំណងពង្រីកការយល់ដឹងបន្ថែមអំពី ព្រះពុទ្ធសាសនា និងការប្រតិបត្តិតាមរបៀបពុទ្ធសាសនាខ្មែរយើង ។ ការសិក្សាស្រាវជ្រាវចងក្រង នូវឯកសារសំខាន់ៗស្តីពី ព្រះពុទ្ធសាសនា ប្រពៃណីទំនៀមទំលាប់ អក្សរសាស្រ្ត ប្រវត្តិសាស្រ្តជាដើម ត្រូវបានបង្កើតឡើងជាផ្លូវការតាមតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ។ ដូចនេះសិក្ខាសាលានេះនិងបញ្ជ្រាបការយល់ដឹងកាន់តែខ្លាំងតាមរយៈការនិមន្តនិងអញ្ជើញពន្យល់ដោយវាគ្មិនកិត្តិយសចំនួន៤អង្គនាក់។

ដោយសិក្ខាសាលានាឱកាសនេះមានការនិមន្ត និងអញ្ជើញ ជាវាគ្មិនកិត្តិយស លើប្រធានបទ ផ្សេងៗដូចជា :
១.សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា លើកប្រធានបទ ខ្លឹមសារពិធីបុណ្យពិសាខបូជា។
២.សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តៃយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក លើកប្រធានបទ ព្រឹត្តិការណ៏ដែលនាំឲ្យមានពិធីបុណ្យពិសាខបូជា។
៣.ព្រះធម្មវិបស្សនា ម៉ុន សាយ លើកប្រធានបទ ក្នុងពិធីបុណ្យពិសាខបូជា តើពុទ្ធសាសនិក ត្រៀមខ្លួនដូចម្តេច?
៤.លោក សោម វណ្ណៈ ផលនៃការប្រារព្ធក្នុងពិធីបុណ្យពិសាខបូជា។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាស្តីពី ពិធីបុណ្យពិសាខបូជា ជាពិធីបុណ្យសាសនាធំមួយក្នុងចំនោមពិធីបុណ្យពុទ្ធសាសនាធំៗរបស់ប្រទេសកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យកខ្លាំង ក្នុងការលើកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ពិធីបុណ្យពិសាខបូជា ជាពិធីបុណ្យដ៏សារៈសំខាន់ បំផុតក្នុងព្រះពុទ្ធសាសនា សម្រាប់រម្លឹកដល់ព្រះពុទ្ធសមណគោត្តម ព្រះបរមគ្រូជានៃយើង នឹងរម្លឹកដល់ព្រឹត្តិការណ៏៣យ៉ាងសំខាន់គឺ៖ ១. ព្រះអង្គទ្រង់ប្រសូត្រ (នៅថ្ងៃសុក្រ ពេញបូរណ៌មី ខែវិសាខ ឆ្នាំច វេលាថ្ងៃត្រង់), ២.ព្រះអង្គទ្រង់បានត្រាស់ដឹង(នៅថ្ងៃពុធ ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ព្រះវស្សា), ៣. ព្រះអង្គទ្រង់បរិនិព្វាន (នៅថ្ងៃអង្គារ ពេញបូរណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាបច្ចូសសម័យ មុនពុទ្ធសករាជ១ថ្ងៃក្នុងព្រះជន្ម ៨០វស្សា ចន្លោះដើមសាព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា )។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន បានអំពាវនាវផងដែរដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្រ្តីរាជក្រសួងធម្មការនិងសាសនា ព្រមទាំងសិស្ស និស្សិត សាធារណៈជនទាំងក្នុងនិងក្រៅប្រទេស សូមចូលរួមប្រមូលផ្តុំសាមគ្គីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នា ដែលជាកំលាងរួមរបស់មហាជន ជម្រុញលើកលើកកំលាំងចិត្តដល់រាជរដ្ឋាភិបាល នៅក្នុងគម្រោង ប្រកបដោយជីរភាពនិងការអភិវឌ្ឍន៏៕

ឯកឧត្តម ចាយ បូរិន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីក្នុងកម្មវិធីព្រះពុទ្ធសាសនាប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីព្រះពុទ្ធសាសនាប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រះធម្មរតនរង្សី វេង សេងពេជ្រ ព្រះគ្រូអនុគណខណ្ឌជ្រោយចង្វារ ព្រះពុទ្ធវង្ស សុខ សុខភាព ព្រះវិន័យធរព្រះអនុគណខណ្ឌជ្រោយចង្វារ ព្រះមង្គលវិសុទ្ធិ សុខ ភារម្យ ព្រះនាយកពុទ្ធិកបឋមសិក្សាកម្ពុជរដ្ឋវត្តវារិន្ទព្រែកលៀប អាជ្ញាធរ លោកគ្រូអ្នកគ្រូ សមណសិស្ស សិស្សានុសិស្សចូលរួមចំនួន ៤៥២អង្គ/នាក់ ដែលប្រារព្ធឡើងនៅវត្តវារិន្ទព្រែកលាប ស្ថិតនៅភូមិព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា កម្មវិធីព្រះពុទ្ធសាសនាប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន មានគោលបំណងបញ្ជ្រាបការយល់ដឹង ផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជនឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នុង ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាមួយនេះ ក៏ទាមទារឱ្យមានការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រមទាំងពង្រឹងសកម្មភាពអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំ ទូលាយ ពិសេសសូមក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន តបទៅនឹងការខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់មាតាបិតាយើង។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ អាជ្ញាធរជាតិ
របយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅ និងសូមសម្តែងនូវការគោរពដឹងគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី ៦ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំ និងតម្រង់ទិសដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក ។ សម្តេចបានផ្តាំផ្ញើដល់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់យើងត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមជាតិ និងត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅការងារអាទិភាព។

ក្នុងនោះ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដោយបានកំណត់ត្រង់បរិស្ថានគ្រប់ដណ្តប់ នៃស្នូលនិងយុទ្ធសាស្ត្រ គឺការបន្តពង្រឹងសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសណ្តាប់ធ្នាប់សង្គម សាធារណៈ ដែលក្នុងនោះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅអាទិភាពចម្បង ។ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ច, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានសម្រេចបាននាពេលកន្លងទៅ ស្របតាមការវិវត្តនៃស្ថានភាពនយោបាយសង្គមនិងសេដ្ឋកិច្ច ទាំងនៅកម្ពុជា តំបន់និងលើសកលលោក៕

ព្រះរាជពិធីសង្ឃទាន ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ ព្រះវស្សាគត់

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភរិយាដ៏ឧត្តុង្គឧត្តមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ព្រះរាជពិធីសង្ឃទានថ្វាយព្រះពរចម្រើនព្រះជន្មាយុ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ ព្រះវស្សាគត់ ដែលប្រារព្ធធ្វើនៅសាលាធម្មសភា វត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៤។ 

នៅក្នុងឱកាសដ៏មហាជ័យមង្គលនេះ មានការអញ្ជើញ យាងនិងនិមន្ត ចូលរួមដោយ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងលោកជំទាវ,  ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ , សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា,  សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹប ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ព្រះ ឧត្តម វង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភាពុទ្ធសាសនាកម្ពុជា ,សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀតអនុប្រធានលេខាធិការដ្ឋាគណៈសង្ឃនាយក , សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្ការ, ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហុីម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ,ព្រះញាណវង្ស សៅរ៍ មុនី ព្រះរាជាគណៈថ្នាក់ត្រី, ព្រះវិន័យមុនី ចឹក ចុន្ទ ព្រះរាជាគណៈថ្នាក់ចត្វា ,ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រជាពុទ្ធបរិស័កយ៉ាងច្រើនកុះករ។ 

សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ បានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសាមណេរ និងបានបំពេញឧបសម្បទាជាព្រះភិក្ខុក្នុងព្រះជន្ម ២១ ព្រះវស្សា នាឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ១៩៧៥  ដោយបានទទួលសមណស័កិ្តជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ត្រូវបានពួកទមិឡឥតសាសនាបង្ខំឲ្យលាចាកសិក្ខាបទទៅជាគ្រហស្ថដូចព្រះសង្ឃដទៃទៀតទូទាំងប្រទេសដែរ។ក្រោយថ្ងៃរំដោះ  ៧  មករា  ១៩៧៩  លោកគ្រូធម្មាចារ្យបានចូលបួសឡើងវិញនៅថ្ងៃទី១៩  ខែកញ្ញា  ឆ្នាំ១៩៧៩  ហើយបានទទួលសមណស័ក្តិ និងព្រះគោរម្យ៍ងារជាបន្តបន្ទាប់ដូចជា អនុប្រធានសង្ឃទូទាំងប្រទេស- ជាសម្តេចព្រះពោធិវ័ង្សព្រះសង្ឃនាយករងទី២- ជាព្រះមេគណរាជធានីភ្នំពេញ-ជាប្រធានគណៈកម្មការសង្ឃនៃព្រះរាជាណាចក្រកម្ពុជា-ជាសម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា -ជាព្រះអគ្គាធិការសិក្សាជាតិ- ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ- ជាប្រធានកិត្តិយសនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ។

នាឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រជាពុទ្ធបរិស័កគ្រប់ទិសទី បានរៀបចំព្រះរាជពិធីសង្ឃទាន ចម្រើនព្រះបរិត្ត រាប់បាត្រប្រគេនព្រះមន្រ្តីសង្ឃចំនួន១០០អង្គ និងសូមបួងសួងប្រសិទ្ធពរជ័យមង្គល វិបុលសុខគ្រប់ប្រការ វត្ថុស័កសិទ្ធក្នុងលោកសូមប្រសិទ្ធពរជ័យថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត ពិសេសសូមសម្តេចមាន ព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់និងផ្ដល់ព្រះឱវាទដល់ព្រះសង្ឃនិងប្រជាបរិស័ទគ្រប់វ័យឱ្យបានយល់ដឹងនូវមាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ  ជានិច្ចនិរន្តរ៍តរៀងទៅ និងបន្តដឹកនាំវិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត៕

ព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ប្រគេនព្រះមហាកុសលថ្វាយ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ដោយសទ្ធាជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជា អគ្គស្នងការសមាគមកាយរិទ្ធកម្ពុជា អញ្ជើញក្នុងព្រះរាជពិធីបង្សុកូល មហាសង្ឃទាន រាប់បាត្រ ប្រគេនព្រះមហាកុសលថ្វាយ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីបង្សុកូល មហាសង្ឃទាន រាប់បាត្រ ប្រគេនព្រះមហាកុសលថ្វាយ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់៖

សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ព្រះឧត្តមចរិយាវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុតិ្តកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចព្រះពុទ្ធាចារ្យ ទូច សុខវោហា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុតិ្តកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមុនី ជា សំអាន សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភាពុទ្ធសាសនាកម្ពុជា, សម្តេចព្រះព្រហ្មរតនមុនី ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋាគណៈសង្ឃនាយក ,ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រា ចាយ បូរិន , លោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ពេជ សោភ័ន ម្តាយបង្កើតលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ យុវជនកាយរិទ្ធកម្ពុជា យ៉ាងច្រើនកុះករ។

នាឱកាសនេះ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋាគណៈសង្ឃនាយក បាននមស្ការព្រះរតនត្រ័យ ប្រទានព្រះឱវាទ ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជូនលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ លោក លោកស្រី យុវជនកាយរិទ្ធកម្ពុជា ត្រង់ត្រាប់យកទៅពិចារណាអំពីព្រះធម៌ តម្រង់ទិសប្រជាពុទ្ធស័ទគ្រប់ៗរូប។ បន្ទាប់ពីត្រង់ត្រាប់ព្រះធម៌រួច លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី និងឯកឧត្តម ចាយ បូរិន ព្រមទាំងឯកឧត្ត លោកជំទាវ ថ្នាក់ដឹកនាំ អញ្ជើញថ្វាយបង្គំព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងនមស្ការព្រះរតនត្រ័យ សមាទានសីលដោយសម្តេចសង្ឃទាំង២គណៈនៃព្រះរាជាណាចក្រកម្ពុជា ទាំង១២ព្រះអង្គ ព្រមទាំងប្រារព្ធពិធីរាប់បាត្រថ្វាយមហាព្រះរាជកុសលថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលព្រះអង្គយាងចូលទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាវេលាម៉ោង ៥:៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

ព្រះរាជពិធីបុណ្យទក្ខិណានុប្បទាននាឱកាសនេះ គឺជាការរំលឹកនូវព្រះគណូបការៈ និងស្នាមព្រះហត្ថដ៏ឧត្តុងឧត្តមមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គ ដែលបានបម្រើវិស័យព្រះពុទ្ធសាសនា ស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានលះបង់អស់ព្រះកាយពល ធ្វើពលិកម្មយ៉ាងធំធេងក្នុងការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់វិស័យសាសនានៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ពិសេសព្រះអង្គធ្វើពលិកម្មគ្រប់បែបយ៉ាងបូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

នៅក្នុងពិធីនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ យុវជនកាយរិទ្ធកម្ពុជា បានរៀបចំពិធីរាប់បាត្រប្រគេនព្រះមន្រ្តីសង្ឃចំនួន៣៨៨អង្គ ដើម្បីឧទ្ទិសថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមព្រះវិញ្ញាណក្ខន្ធសម្តេចយាងដល់ឋានព្រះបរមសុខកុំឃ្លាងឃ្លាតឡើយ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាតឲ្យ នាយកប្រតិបត្តិអង្គការការីតាស-កម្ពុជា និងសហការី ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាតឲ្យ លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាស-កម្ពុជា និងសហការី ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ។

លោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាស-កម្ពុជា បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីផងដែរ អំពីវឌ្ឍនភាពការងាររបស់ អង្គការការីតាស-កម្ពុជា ដែលបានធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជារយៈពេល៣៤ឆ្នាំមកហើយ ក្នុងន័យរួមចំណែកអភិវឌ្ឍន៏ប្រទេសកម្ពុជា ។

លោក នាយកប្រតិបត្តិអង្គការការីតាស-កម្ពុជា បានមានប្រសាសន៍បន្តថា នៅក្នុងអាណត្តិទី៧នេះ អង្គការការីតាស-កម្ពុជា មានគោលបំណងចង់អនុញាតសហការបន្ថែមជាមួយក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តីផងដែរ។

ឯកឧត្តម ចាយ បូរិន បានឆ្លើយតបនូវគោលបំណងដ៏ល្អរបស់ អង្គការការីតាស-កម្ពុជា និងស្នើរឲ្យនាយកប្រតិបត្តិអង្គការការីតាស-កម្ពុជានិងសហការី ពិនិត្យការងារដូចជា ៖ ការអប់រំគ្រឿងញៀន, ការទ្រទ្រង់ព្រះសង្ឃ នៅក្នុងការផលិតវីដេអូរអប់រំផ្សេងៗលើបណ្តាញសង្គម, ជួយដល់ក្មេងៗដែលខ្វះខាតស្នាក់នៅក្នុងវត្ត និងមនុស្សចាស់ដែលខ្វះលិទ្ធភាពហើយមកស្នាក់នៅក្នុងវត្តអារាមជាដើម ។

ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងអំណរគុណនិងសូមជូនពរ ដល់លោក នាយកប្រតិបត្តិអង្គការការីតាស-កម្ពុជា និងសហការី សម្រេចបាននៅបេសកកម្មជាបន្តបន្ទាប់ដើម្បីរួមចំណែកអភិវឌ្ឍន៏ប្រទេសកម្ពុជា ព្រមទាំងជួបតែពុទ្ធពរទាំង៤ប្រការ កុំបីឃ្លាងឃ្លាតឡើយ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំព្រះមន្រ្តីសង្ឃ និងមន្រ្តីពាក់ព័ន្ធ ពិនិត្យនិងសិក្សាស្វែងយល់ទីតាំងដីគម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

នៅរសៀលថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងថ្នាក់ដឹកនាំក្រសួង គណៈសង្ឃនាយក តំណាងដោយសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត រដ្ឋបាលខេត្តសៀមរាប តំណាងដោយលោក ងូវ សេងកាក់ គណៈអភិបាលរងខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញនិងនិមន្ត ពិនិត្យនិងសិក្សាស្វែងយល់ទីតាំងដីគម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌ សន្តិភាព របស់ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិជ្រាវ និងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ស្របតាមលិខិត ៩៤៩សជណ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ដែលបានសម្រេចថ្វាយដីទំហំ ២៨៨.៦០៣ ហិកតា ជាដីសហគមន៍កសិករប្រើប្រាស់ទឹកអាងទំនប់ទឹកជ្រាវ និងតំបន់ជុំវិញ ជូនសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍវត្តអារាម មន្ទីរពេទ្យ បណ្ណាល័យ សាលារៀន សារៈមន្ទីរ អគារស្នាក់នៅរបស់វត្ត និងសួនច្បារជាដើម សម្រាប់បម្រើប្រយោជន៍សាធារណៈជនទូទៅ និងជាទីកន្លែងសម្រាប់ទាក់ទាញទេសចរណ៍ ព្រះពុទ្ធសាសនាស្របតាមព្រះរាជបំណងរបស់សម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា កាលសម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ទ្រង់គង់ព្រះជន្មនៅឡើយ។

ឯកឧត្តម ចាយ បូរិន អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការ ដែលមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន

ក្នុងឱកាសខិតជិតមកដល់នៃមហាសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នេះឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងដឹកនាំថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ដែលមានជំងឺហើយកំពង់សម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងបានសួរសុខទុក្ខ និងជូនវត្ថុអនុស្សាវរីយ៍ដល់ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញស្របទៅនិងគោលនយោបាលរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើគ្រប់មន្រ្តីរាជការបានប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនអស់ពីកំលាំងកាយចិត្តពេលកន្លងមក។ 

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ផងដែរថា សូមឯកឧត្តម រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ថែរក្សាសុខភាពឲ្យបានល្អ និងឆាប់ជាស្បះស្បើយរឹងមាំឡើងវិញក្នុងពេលឆាប់ៗខាងមុខ។ 

ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរផងដែលដល់ចំពោះស្នាដៃនៃការបំពេញបេសកម្មបំរើរជាតិរបស់ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការក្រសងធម្មការនិងសាសនា តាមរយៈក្រសួងធម្មការនិងសាសនានាកន្កងមក និងសូមប្រសិទ្ធពរជ័យដល់ឯកឧត្តម ជួបតែពុទ្ធទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីសំណេះសំណាល និងពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន ជាមួយសាសនិកឥស្លាមកម្ពុជា នៅវិហារធំគីឡូម៉ែត្រ៩ រាជធានីភ្នំពេញ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន ជាមួយសាសនិកឥស្លាមកម្ពុជា ដោយមានការអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមបណ្ឌិត អូស្មាន់ ហាសាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងលោកជំទាវ ពិធីនេះបានប្រារព្ធឡើង នៅវិហារធំគីឡូម៉ែត្រ៩ រាជធានីភ្នំពេញ នារសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៤ ។

អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានមានប្រសាសន៏ ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីអំពីអត្ថន័យនៃពិធីបុណ្យរ៉ាម៉ាឌន ដោយសាសនិកឥស្លាម ទាំងអស់មានកាតព្វកិច្ចបួស ដោយប្រតិបត្តិធម៌ កសាងអំពើកុសលផលបុណ្យ ការបរិច្ចាគទាន និងការទំនាក់ ទំនងល្អជាមួយអ្នកជិតខាងខ្លួន ដោយរស់នៅប្រកបដោយសីលធម៌ដ៏ថ្លៃថ្នូរ ក្លាយជាពលរដ្ឋដ៏ល្អក្នុងសង្គម រក្សាបានភាពសុខុដុមរមនាទាំងក្នុងសហគមន៍ និងសង្គមជាតិ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងជា រៀងរាល់ឆ្នាំ ហើយ ដែល ត្រូវបាន សាសនិក ឥស្លាម ទូទាំង ពិភពលោក អនុវត្តន៍ ។ ខែរ៉ាម៉ាឌន ឬ ខ្មែរយើងនិយមហៅ « បួស » មាន អត្ថន័យ ជ្រៅជ្រះនៅក្នុងសហគមន៍ឥស្លាម ព្រោះ គេជឿលើរាល់ផលបុណ្យក្នុងខែនេះ គឺ ទទួលបានទ្វេដងជាង ផលបុណ្យក្នុងដែលសាសនិកឥស្លាមធ្វើនៅក្នុងខែផ្សេងៗ ។

ក្នុងពិធីនាឱកាសនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ អំពីគោលនយោបាយសុខដុមនីយកម្មគ្រប់សាសនានៅប្រទេសកម្ពុជា។ ក្នុងចំណោមគោលនយោបាយសុខដុមនីយកម្មនានាជាច្រើន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិសេរីភាព គ្រប់បែបយ៉ាង ជាមួយការផ្តល់ភាពកក់ក្តៅ និងចូលរួមដោះស្រាយរាល់ទុក្ខលំបាកដល់ សាសនិកនានាទៀត ក្នុងក្របខ័ណ្ឌនៃប្រជាជាតិតែមួយដែលរួមរស់រួមសុខក្នុងម្លប់សន្តិភាពតែមួយ។

ឯកឧត្តម រដ្ឋមន្រ្តី បានកោតសរសើរដល់គណៈគ្រប់គ្រងសាសនាឥស្លាម នៅកម្ពុជា ដែលបានគ្រប់គ្រងសាសនិកឥស្លាមបានយ៉ាងល្អ ពិសេសតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៏ជាច្រើនលើកគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជា ៕

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ

ដោយសទ្ធាជ្រះថ្លា លោកជំទាវ ករុណាសិរីសុវឌ្ឍិនី  អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី  ត្រូវជាម្តាយបង្កើត ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញរៀបចំពិធីរាប់បាត្រ ប្រគេនចង្ហាន់ និងបវរណាបច្ច័យ៤ព្រះមន្រ្តីសង្ឃ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងតិថីនោះលោកជំទាវ លុយ គន្ធី និង ឯកឧត្តម ចាយ បូរិន និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានរៀបចំនូវពិធីទៅតាមបវេណីព្រះពុទ្ធសាសនា រាប់បាត្រ ប្រគេនចង្ហាន់ និងបវរណាបច្ច័យ៤ព្រះមន្រ្តីសង្ឃ ដើម្បីឧទ្ទិសមហាកុសលថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងមួយផ្នែកទៀតឧទ្ទិសបុណ្យកុសលជូនចំពោះ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុីដែលត្រូវជាស្វាមីនិងជាឪពុកបង្កើតរបស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ក្នុងឱកាសនៃការខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ហើយសូមឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុីបានទៅកាន់ឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។ 

ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ បានសមាទានសីល ឧទ្ទិសឆ្លងមហាបុណ្យកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុីដែលលោកជំទាវ លុយ គន្ធី និង ឯកឧត្តម ចាយ បូរិន បាននាំសទ្ធាជ្រះថ្លាពិធីរាប់បាត្រ ប្រគេនចង្ហាន់ និងបច្ច័យ នាឱកាសនេះ  និងសូមប្រសិទ្ធពរជ័យជូនចំពោះលោកជំទាវ លុយ គន្ធី និង ឯកឧត្តម ចាយ បូរិនព្រមទាំងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការ កុំបីអាក់ខានឡើយ។

សូមជម្រាបជូនថា ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គយាងចូលទិវង្គត កាលពីថ្ងៃចន្ទ ២រោច ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥ និង៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ   នៅក្នុងវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបានតំកល់ប្រារព្ធព្រះរាជពិធីបង្សុកូលឧទ្ទិសថ្វាយមហាព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះសព តាមបែបប្រពៃណី ព្រះពុទ្ធសាសនា  ចាប់ពីថ្ងៃទី៥ ខែមីនា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ និងប្រារព្ធព្រះរាជពិធីមហាសង្ឃទានថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ព្រះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំនូវពិធីដង្ហែព្រះបរមសពឆ្ពោះទៅកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរារាម ដើម្បីប្រារព្ធនូវពិធីថ្វាយព្រះភ្លើង៕

Scroll to Top