ព័ត៌មាន

ឯកឧត្តម ចាយ បូរិន ៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិសេសការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការគ្រប់គ្រងចំណូល និងចំណាយថវិការដ្ឋ ដែលក្រសួងធម្មការនិងសាសនាត្រូវអនុវត្ត

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី នីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធ SARMIS (Online) នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤  ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិសេសការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការគ្រប់គ្រងចំណូល និងចំណាយថវិការដ្ឋ ដែលក្រសួងធម្មការនិងសាសនាត្រូវអនុវត្ត ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា កន្លងមក ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅជួប ប្រទះបញ្ហាប្រឈមមុខមួយចំនួន រួមមាន៖ អ្នកដែលមានតួនាទីកាន់កាប់មួយចំនួនមិនទាន់បានយកចិត្តទុកដាក់គត់មត់នៅឡើយ ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅពុំទាន់បានត្រឹមត្រូវ ក៏ដូចជាការកត់ត្រាពុំទាន់គ្រប់ចំនួន និងមានភាពយឺតយាវ ។ ដូច្នេះ ការបណ្តុះបណ្តាលបន្ថែមលើ ប្រព័ន្ធ SARMIS និងជួយលើកកម្ពស់ប្រសិទ្ធភាពការងារ ការគ្រប់គ្រប់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងដោះស្រាយបាននូវ បញ្ហាប្រឈមមួយចំនួន ដែលយើងកំពុងជួបប្រទះសព្វថ្ងៃ ដើម្បីជួយ សម្រួលដល់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការបញ្ជូនបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានត្រឹមត្រូវ និងទាន់ពេលវេលា ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍បន្ថែមថា ក្រសួងធម្មការនិងសាសនា មានចក្ខុវិស័យ នឹងបន្តមហិច្ឆតា ពង្រឹងពង្រីក វិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ SARMIS (Online)  រហូតដល់មន្ទីររាជធានី ខេត្ត  ដែលនៅសេសសល់   ស្របពេលជាមួយគ្នានឹងការធ្វើបរិវត្តកម្មឌីជីថលថ្មីៗ បន្ថែមទៀត ដើម្បីឱ្យឆ្លើយតបទៅនឹងចរន្ត សកលនៃ សេដ្ឋ កិច្ច ឌីជីថល និង បដិវត្តន៍ ឧស្សាហកម្ម ៤.០ ដោយផ្តោតសំខាន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងសម្រេចដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ។

ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលតែងដាស់តឿនយើងទាំងអស់គ្នាថា “កែទម្រង់រស់ មិនកែទម្រង់ស្លាប់” រួមជាមួយនឹងអភិក្រមចំនួន ៥ ចំណុច ក្នុងការអនុវត្តការកែទម្រង់ស៊ីជម្រៅ គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់” ហើយប្រសាសន៍ដ៏ខ្ពង់ខ្ពស់ និងអភិក្រមទាំង៥នេះ នៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តម ចាយ បូរិន ៖ លើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន នៅខេត្តភាគឦសាន 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានបានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន នៅខេត្តភាគឦសាន្តចំនួន៤ខេត្តគឺ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដែលរាជរដ្ឋាភិបាលបានរៀបចំជាមធ្យោបាយដឹកជញ្ជូនទាំងទៅនឹងមក និងផ្តល់ជូនអាហារ ៣ ពេលជូនបងប្អូនប្រជាពលរដ្ឋដែលទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៧ ខែកញ្ញានេះ រហូតដល់ចុងឆ្នាំ២០២៤ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ខេត្តព្រះសីហនុជាខេត្តមួយកំពុងតែ មានសក្តានុពលផ្នែកអេកូទេសចរណ៍ និងទេសចរណ៍សាសនា វប្បធម៌ ធម្មជាតិមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញបន្តចុះសំណេះសំណាលសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម សុះ សូឡៃម៉ាន់ អភិបាលរង តំណាងឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក កងឌីណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។ 

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការជួបសំណេះសំណាលនាពេលនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុ ដែលបានអនុវត្តកន្លងមកលើការងារគ្រប់គ្រងវិស័យសាសនានិង ជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រីបានរម្លឹកដល់មន្ទីរធម្មការនិងសាសនា ដែលជាសេនាធិការរបស់ក្រសួងធម្មការនិងសាសនាត្រូវយកចិត្តទុកដាក់ពង្រឹងនូវសមត្ថភាពរបស់មន្រ្តីក្រោមឱវាទក្នុងការរៀបចំគ្រប់គ្រងសាសនាទាំងអស់ធ្វើយ៉ាងណាមានសុខដុមភាពសាសនាដែលមានស្រាប់ ។

ពិសេសការខិតជិតមកដល់នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យដ៏ធំជាងគេសំរាប់អ្នកាន់ព្រះពុទ្ធសាសនាដែលជាសាសនារបស់ដ្ឋដូចនេះមន្ទីរធម្មការនិងសាសនាខេត្តត្រូវសហការជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យ វត្ត អាជ្ញាធរមូលដ្ឋានរៀបចំទីអារាមឱ្យមានសណ្តាប់ធ្នាប់ល្អ ដោយប្រកាន់ភ្ជាប់ នូវទំនៀមទម្លាប់ ប្រពៃណីយ៍របស់ខ្មែរយើងឱ្យបានខ្ជាប់ខ្ជួននិងត្រូវចៀសវៀងដាច់ខាតកុំឱ្យមានអធិករណ៍ក្នុងវត្តពេលរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ហើយត្រូវរក្សាឱ្យបានវបីឬវត្តបីគឺវត្តស្អាត វត្តស្វាង វត្តស្ងប់ ។

ឯកឧត្តមបានលើកឡើង ពីគុណតម្លៃ នៃព្រែកជីកហ្វូណនតេជោ  ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមការគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាហើយបច្ចុប្បន្ននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំបន្តស្នាដៃនេះ និងផលប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី ៕

 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

នៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំគណៈប្រតិភូក្រសួងធម្មការ និងសាសនា ចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមជម្រាបថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាពនៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងគណៈប្រតិភូតាមបណ្តាក្រសួងស្ថាប័ន បានសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន ចំពោះការទទួលមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង គឺជាការបាត់បង់នូវឥស្សរជនដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា ដែលក្នុងមួយជីវិតរបស់សម្តេចចៅហ្វាវាំង បានខិតខំលះបង់យ៉ាងធំធេងទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ភាពឈ្លាសវៃ និងប៉ិនប្រសប់ ពុះពារគ្រប់ការលំបាកសព្វបែបយ៉ាង បំពេញការងារនៅគ្រប់ទីកន្លែង គ្រប់និគមជនបទនៃព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស ព្រមទាំងបានខិតខំបំពេញភារកិច្ចទាំងយប់ ទាំងថ្ងៃ ក្នុងការចូលរួមចំណែកបម្រើប្រទេសជាតិ សាសនា និងព្រះមហាក្សត្រ ស្មោះត្រង់នឹងព្រះរាជបល្ល័ង្ក។

សម្តេចចៅហ្វាវាំង បានដង្ហែបម្រើព្រះរាជកិច្ចបានល្អប្រពៃណាស់តាំងពីក្នុងរជ្ជកាលព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រហូតមកដល់បច្ចុប្បន្នកាលនៃការគ្រងរាជ្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។មរណភាពរបស់ សម្តេចចៅហ្វាវាំង គឺជាការបាត់បង់រកអ្វីប្រៀបផ្ទឹមពុំបាននូវឧត្តមស្វាមី បិតាបង្កើត បិតាក្មេក ជីតា ជីតាក្មេក ជីតាទួត ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងសង្គហធម៌ ដែលកន្លងមកបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំផ្តល់ដំបូន្មានល្អៗដល់ កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឱ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យព្រះពុទ្ធសាសនា មនុស្សធម៌ និងសុខដុមរមនាសង្គមឱ្យបានរីកចម្រើនរហូតមក។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និង ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន យាងនិងអញ្ជើញ ចែកព្រះរាជទានដល់ប្រជាពុទ្ធបរិស័ទ ចំនួន៥០០គ្រួសារ នៅមូលដ្ឋានឃុំត្រពាំងព្រីង ស្រុកតំែបរ ខេត្តត្បូងឃ្មុំ

សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានយាងនិងអញ្ជើញ ចែកព្រះរាជទានដល់ប្រជាពុទ្ធបរិស័ទ ចំនួន៥០០គ្រួសារ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ថ្ងៃច័ន្ទ ១៤ រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ។

សម្តេចព្រះមហាសង្ឃរាជ មានព្រះរាជបន្ទូលថាទោះបីកម្ពុជាបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ តែសាសនាទាំងអស់នៅកម្ពុជាសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ជ្រកក្រោមម្លប់សន្តិភាពរួមគ្នា ដូចនេះសូមគ្រប់សាសនាទាំងអស់រួមរស់ដោយ សុខដុមនីយកម្មសាសនា ឲ្យស្របទៅនឹងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ។

សម្តេចព្រះមហាសង្ឃរាជ មានព្រះរាជបន្ទូលសូមថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិតពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងតែគាំទ្រឧបត្ថម្ភដល់គណៈធម្មយុត្តិកនិកាយជារៀងរហូតមក នឹងថ្លែងអំណរគុណ ដល់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលបានដង្ហែព្រះរាជដំណើររបស់សម្តេចនាឱកាសនេះ ដែលនាំយកព្រះរាជទានមួយចំនួនមកចែកដល់ប្រជាពុទ្ធបរិស័ទ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន៥០០គ្រួសារ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ។

ជាមួយគ្នានេះដែរឯកឧត្តមចាយ បូរិន ក៏បានរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់សូមថែទាំសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ សម្អាតបរិស្ថានជុំវិញផ្ទះ រួមគ្នាគោរពច្បាប់ចរាចរណ៍ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពិសេស អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស រក្សាគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លូន ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលចាត់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន និងបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បញ្ជាក់ផងដែលថា នាពេលឆាប់ៗខាងមុខនេះ កម្ពុជាមានកំពុងពង្រីកខឿនសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយទៀត គឺ គម្រោងព្រែកជីកហ្វូណនតេជោ ដែលអាចជម្រុញវិស័យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើន ។ ជាងនេះទៅទៀត ឯកឧត្តម បានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន នៅខេត្តភាគឥសាន្ត ដែលមានដូចជា ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រោះរាជរដ្ឋាភិបាលបានរៀបចំជារមធ្យោបាយដឹកជញ្ជូនទាំងទៅនឹងមក និងផ្តល់ជូនអាហារ៣ពេលជូនបងប្អូនប្រជាពលរដ្ឋដែលទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៧ ខែកញ្ញានេះ រហូតដល់ចុងឆ្នាំ២០២៤ ។ បន្តមក ឯកឧត្តម ចាយ បូរិន និងក្រុមការងារ បានក៏បានអញ្ជើញសួរសុខទុក្ខនិងនាំយកវត្ថុអនុស្សាវរីយ៍ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំែបរ ខេត្តត្បូងឃ្មុំផងដែរ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦ នារសៀលថ្ងៃទី៣០ ខែសីហានេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអំពាវនាវដល់ព្រះសង្ឃ អាចារ្យ អាចារិនីទាំងអស់ សូមនិមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍នៅខេត្តភាឥសាន្ត ដែលមានដូចជា ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រោះរាជរដ្ឋាភិបាលបានរៀបចំជារថយន្តឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ។

ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តួចផ្តើមឲ្យក្រសួងធម្មការនិងសាសនា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ចាត់តាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះបាន៤៦វគ្គហើយ ដោយសារតែមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេចរបស់អាចារ្យ អាចារិនី អ្នកកាន់កម្មវិធី។ ហើយកាលពីពេលថ្មីនេះ ក្រសួងធម្មការនិងសាសនាបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពីធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឲ្យរៀបចំជម្រុញបន្តបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យខ្មែរ ឱ្យមានការឯកភាពគ្នានៅក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ ប្រពៃណីរក្សាឲ្យបាននៅអត្តសញ្ញាណជាតិ អភិរក្សវប្បធម៌ខ្មែរ ដើម្បីបញ្ជៀសវិបត្តិអាចារ្យ។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារិនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន ពិសេសកាន់តែខិតជិតដល់ពិធីបុណ្យភ្ជុំបិណ្ឌផង ដូចនេះជាឱកាសល្អព្រះសង្ឃ អាចារ្យ អាចារ្យនី យកចំណេះជំនាញនេះទៅធ្វើពិធីកម្មដល់ប្រជាពុទ្ធបរិស័ទក្នុងរដូវបុណ្យទានផ្សេងៗ ។

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានអានរបាយការណ៍ជម្រាបជូនឯកឧត្តម គណៈអធិបតីនិងអង្គពិធីទាំងមូលថា ដោយមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ដូចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ នាំណែឲ្យក្រសួងធម្មការនិងសាសនា ដើម្បីបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ដែលត្រូវបាននបង្កើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឥ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។ បន្ទាប់ពី ទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ក្រសួងធម្មការនិងសាសនាបានខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង អាចចងចាំច្បាស់នៅពិធីកម្ម ចេះចាំទំនៀមស្រុកទេ ដែលមានសមត្ថភាព នាងខ្ពស់មានបទពិសោធន៍យូរឆ្នាំ ដើម្បីប្រជុំរៀបចំពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្ដុះបណ្ដាលតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ នៅក្នុងការផ្លាស់ប្ដូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍គ្នាទៅវិញទៅមកលើកកម្ពស់ពិធីកម្មផ្សេងៗដែលមានតាម មូលដ្ឋានភូមិស្រុកក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកសម្រាប់ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦ នាឱកាសនេះ គឺសិក្សារយៈពេក៥ថ្ងៃ និងមានសិក្ខាកាមអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២១១អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ២៣ អង្គនិងអាចារ្យនី ៨នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប ជាអ្នកសិក្សាលើ១៨មុខវិជ្ជាធំៗ ។

ឯកឧត្តម ហាក់ ប៊ុនធឿន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦ ដែលរៀបចំដោយនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ក្រោមការយកចិត្តទុកដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ បានចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ចែករំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម។

រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់លើគ្រប់វិស័យ ក្នុងនោះប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា ត្រូវបានយកចិត្តទុកដាក់ស្តារនិងអភិវឌ្ឍន៏ឡើងវិញ រហូតមានការរីកចម្រើន ទន្ទឹមនឹងការអភិរក្សរហូតដល់សព្វថ្ងៃ ។

ឯកឧត្តម រដ្ឋលេខាធិការសង្ឃឹមថា តាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦ ដែលមានសិក្ខាកាមជាអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២១១អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ២៣ អង្គនិងអាចារ្យនី ៨នាក់ មកចូលរួមសិក្សានេះ នឹងជាការបញ្ជ្រាបនូវចំណេះដឹង ពិសេសរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ ឲ្យកាន់តែគង់វង្សបន្ថែមទៀត។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងចែករំលែកចំណេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយ និងសូមជូនពរដល់សិក្ខាកាមទាំងអស់ទទួលបានជោគជ័យទៅតាមបែបបទជំនាញរៀងៗខ្លួន៕

ឯកឧត្តម ចាយ បូរិន ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងការងារព្រះពុទ្ធសាសនាជាមួយសម្តេចព្រះមេគណ ព្រះអនុគណទាំង១៤ខណ្ឌ ព្រមទាំងព្រះគ្រូចៅអធិការគ្រប់វត្តចំនួន ១៥៦អង្គ នៅរាជធានីភ្នំពេញ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃ ក្នុងវត្តអារាមការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃសាលាគណ សាលាអនុគណ និងមន្ត្រីសង្ឃវត្តនៃសាលាគណរាជធានីភ្នំពេញ ជាមួយគណៈសង្ឃនាយកព្រះនៃរាជាណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួង រសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៤ ។

ក្នុងពិធីនេះមានការនិមន្តចូលរួម ព្រះមន្រ្តីសង្ឃ ជាព្រះចៅអធិការទូទាំងរាជធានីភ្នំពេញទាំង១៥១អង្គ និងសាលាមានបុណ្យចំនួន៥អង្គ ទាំងពីរគណៈ គឺគណៈមហានិកាយនិងធម្មយុតិកនិកាយ ព្រមទាំងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងធម្មការនិងសាសនា ។ 

សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន មានថេរដីកាថា អ្នកបួស ត្រូវរៀននូវធម៌វិន័យ និងប្រតិបត្តិធម៌វិន័យ ទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះ ទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូប។ សម្តេច ព្រះពុទ្ធជ័យមុនីបណ្ឌិត បានបន្ថែមថា តាមរយៈនេះសូមព្រះចៅអធិការគ្រប់វត្តអារាមទាំងអស់ ធ្វើការណែនាំ ពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រ ដល់ភិក្ខុ សាមណេរ  ឲ្បបានតឹងរឹង។ សម្ដេចព្រះពុទ្ធជ័យមុនី ក៏បានបន្ថែមទៀតថា ព្រះករុណាគ្រប់អង្គត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍ជាតិ ដែលមានសន្តិភាពស្រាប់ឲ្យកាន់តែរីកចម្រើនថែមទៀត ។ 

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ចំពោះកិច្ចការពង្រឹងនូវព្រះធម៌វិន័យដល់ ភិក្ខុ សាមណេរ ក្រសួងធម្មការនិងសាសនា សូមឯកភាពនិងគណៈសង្ឃនាយក និងសូមថ្វាយបង្គំស្នើរដល់គណៈសង្ឃនាយក ណែនាំដល់ព្រះចៅអធិការ ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនិងអភិក្រម ៥ របស់ព្រះពុទ្ធសាសនារួមមាន ៖

១.បព្វជ្ជា (ការបួស)

២.បរិយត្តិ (ការសិក្សា)

៣.បដិបត្តិ ( ការប្រតិបត្តិ) 

៤.បដិវេធះ(លទ្ធផល)

៥.បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច) ។

ជាពិសេសមិនត្រូវធ្វើអ្វីសកម្មភាពណាមួយដែលរាជរដ្ឋាភិបាលហាមឃាត់ និងបន្តថែរក្សាវត្តអារាម ឱ្យស្អាត ឱ្យស្វាង ឱ្យស្ងប់ ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់បន្តថា ចំពោះព្រះសង្ឃដែលប្រើបណ្តាញសង្គមវិញនោះ សូមព្រះប្រើប្រកបដោយបញ្ញាដោយការចែករំលែកនិងបង្ហោះនូវសកម្មភាព ឬ ចំណេះដឹង ដែលបម្រើដល់ឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ដោយមិនគួរគប្បីប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីវិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃន័យព្រះពុទ្ធសាសនា  និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពនយោបាយ៕

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន និងគណ:សង្ឃនាយក សូមលើកទឹកព្រះទ័យព្រះមន្រ្តីសង្ឃនិងព្រះចៅអធិការក្នុងរាជធានីភ្នំពេញទាំងអស់និមន្តដឹកនាំព្រះសង្ឃទៅទស្សន:កិច្ច នៅខេត្តភូមិភាគឥសាន្ត ដើម្បីស្វែងយល់ពីគម្រោង អភិវឌ្ឍន៍ តំបន់ត្រីកោណ CLV និងការអភិវឌ្ឍនៅតំបន់នោះ ក្រោយពេលចេញព្រះវស្សា។

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទកិច្ចប្រជុំផ្សពព្វផ្សាយលទ្ធផលការងារពុទ្ធិកសិក្សាឆ្នាំ២០២៣-២០២៤និងលើកទិសដៅការងារបន្តឆ្នាំសិក្សា២០២៤-២០២៥

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទកិច្ចប្រជុំផ្សពព្វផ្សាយលទ្ធផលការងារពុទ្ធិកសិក្សាឆ្នាំ២០២៣-២០២៤និងលើកទិសដៅការងារបន្តឆ្នាំសិក្សា២០២៤-២០២៥

កត្តាសន្តិភាព និងសុខដុមនីយកម្មសាសនា ជាកាត្តាសំខាន់នៅក្នុងការអភិវឌ្ឍន៍ជាតិ  នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទកិច្ចប្រជុំផ្សពព្វផ្សាយលទ្ធផលការងារពុទ្ធិកសិក្សាឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារបន្តឆ្នាំសិក្សា២០២៤-២០២៥ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នាអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ រាជធានីភ្នំពេញ  ។

ពិធីនេះមានការនិមន្តដោយ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អ៊ំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី និងជាព្រះអគ្គាធិការនៃពុទ្ធិកសិក្សាជាតិ, សម្តេចព្រះអគ្គាធិការរងនៃពុទ្ធិកសិក្សាជាតិ , ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ពុទ្ធិកសិក្សា មិនគ្រាន់តែជាសរសរស្តម្ភដ៏រឹងមាំរបស់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកដល់ការកសាងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិ ជាពិសេស ពុទ្ធិកសិក្សាបានដើរតួនាទីសំខាន់ណាស់ក្នុងការកំណត់បទដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគ ក្នុងគោលដៅបង្កើនសមត្ថភាព និងគុណភាពក្នុង     វិស័យពុទ្ធិកសិក្សានៅកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពថ្មីៗ  ខណៈដែលប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការសមាហរណកម្ម ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ផងដែរអំពី លំហូរនៃវប្បធម៌បរទេស ព័ត៌មានក្លែងក្លាយ ព័ត៌មានបំផ្លើស បំពុល បំប៉ោង និងការផ្សព្វផ្សាយដែលប្រាសចាកបញ្ញាស្មារតី និងមនសិការ កើតមានជាច្រើននៅក្នុងសង្គម ធ្វើឱ្យសតិអារម្មណ៍របស់មនុស្សមានភាពច្របូកច្របល់ មិនមានមូលដ្ឋានច្បាស់លាស់ក្នុងការត្រិះរិះពិចារណារ ញ៉ាំងឱ្យការប្រព្រឹត្តរបស់មនុស្សមួយចំនួន មិនស្របទៅនឹងគុណតម្លៃនៃវប្បធម៌ខ្មែរ និងការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ កត្តានេះចាត់ទុកជា   ហានិភ័យសម្រាប់សង្គមជាតិយើង ដូចសុភាសិតខ្មែរបាននិយាយថា “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណរាយ ជាតិថ្កើងថ្កាន” ដូចនេះព្រះពុទ្ធសាសនាពិតជាមានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងបង្ហាញមាគ៌ាដ៏ត្រឹមត្រូវដល់ពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈ ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះកិច្ចប្រជុំបូកសរុបលទ្ធផលការងារពុទ្ធិកសិក្សានាថ្ងៃនេះ មិនត្រឹមតែឤចពិនិត្យមើលលទ្ធផលសម្រេចបានលើការងារវិស័យពុទ្ធិកសិក្សាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់វិស័យពុទ្ធិកសិក្សា ឱ្យកាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យពុទ្ធិកសិក្សាកម្ពុជាកាន់តែមានវឌ្ឍនភាព ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម សេដ្ឋកិច្ច ទាំងក្នុងប្រទេស តំបន់ និងពិភពលោក និងជាពិសេសក្នុងខណៈដែលកម្ពុជា កំពុងរក្សាបាននូវសុខសន្តិភាព ពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងធានាបាននូវភាពសុខដុម និងប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕


    

ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួមពិធីដាំកូនឈើចំនួន១៥០០ដើមនៅក្នុងបរិវេណព្រៃសហគមន៍កំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”បណ្តុះគំនិត ពន្លកបៃតង”

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក តំបែរ បានអញ្ជើញជាអធិបតី ពិធីដាំកូនឈើចំនួន១៥០០ដើមនៅក្នុងបរិវេណព្រៃសហគមន៍កំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”បណ្តុះគំនិត ពន្លកបៃតង”
ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ នី ចាន់ធីតា អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំក្រោមជាតិ ព្រះសង្ឃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនសសយក សិស្សានុសិស្សនិងប្រជាពលរដ្ឋ ប្រមាណជាង៦០០នាក់ ។

ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិធីដាំកូនឈើចំនួន១៥០០ដើមនៅក្នុងបរិវេណព្រៃសហគមន៍កំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”បណ្តុះគំនិត ពន្លកបៃតង” នាពេលនេះបានប្រារព្ធឡើងក្រោមម្លប់នៃសន្តិភាព នៃការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគិត្តិបណ្ឌិតរបស់ រាជរដ្ឋាភិបាលអាណិត្តទី៦ ក្រោមការដឹកនាំរបស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងបានបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណិត្តទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង បន្តទៅសម្រេចបានជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ស្របទៅនិងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលទាំង ៦ និងវិធានការគន្លឹះ ៥ ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍ជាតិឲ្យទទួលបានភាពជោគជ័យប្រកបដោយចីរភាព។
ឯកឧត្តម ចាយ បូរិនបានគូសបញ្ជាក់ថា
ការចូលរួមរបស់យើងទាំងអស់គ្នានៅថ្ងៃនេះ
គឺជាការចូលរួមការពារធនធានធម្មជាតិ ជីវៈចម្រុះ រក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី និងការថែរក្សាធនធានធានធម្មជាតិរបស់យើង ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផង និងចូលរួមលើកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍មូលដ្ឋានផងនឹងចូលរួមបណ្តុះស្មារតីពលរដ្ឋយើងឱ្យយកចិត្តទុកដាក់រក្សាករពារស្រឡាញ់បរិស្ថានធនធានធម្មជាតិព្រៃឈើកាន់តែទ្វេរឡើងថែមទៀត។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមពីផលប្រយោជន៍ដ៏មហាសាល ពីព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា ហើយត្រូវបានដឹកនាំបន្តដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

ឯកឧត្តម ចាយ បូរិនក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក្រុមប្រឆាំងមួយ ចំនួនតូចនៅក្រៅប្រទេសបានធ្វើបាតុកម្មនិងបាន គៀងគរប្រជាពលរដ្ឋនៅក្នុងស្រុកអោយក្រោក ឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធ ទៅនឹង គម្រោងអភិវឌ្ឍន៍ CLV ដោយចោទ ប្រកាន់រាជរដ្ឋាភិបាលថាបានធ្វើឱ្យបាត់បង់ទឹកដី ចំនួន ៤ ខេត្ត ហើយបើទោះបីជាសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចបហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនិងលោកជំទាវចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចេញមកធ្វើការ បកស្រាយនិងពន្យល់ជាច្រើនដងយ៉ាងណាក៏ដោយក៏ពួកគេនៅតែមិនស្តាប់ការ ពន្យល់នោះទេ ផ្ទុយទៅវិញពួកគេយកបញ្ហា CLV នេះដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យក្រោក ឡើងធ្វើបាតុកម្មប្រឆាំងនិងរដ្ឋាភិបាលស្របច្បាប់ ដើម្បីធ្វើឱ្យប្រទេសជាតិឈានទៅរកការបែកបាក់និងផ្ទុះសង្រ្គាមសារជាថ្មី ធ្វើឱ្យប្រជាជនរងទុក្ខវេទនាដូចកាលសម័យខ្មែរក្រហម។
ដូច្នេះបើស្រឡាញ់សន្តិភាពសូមបងប្អូនប្រជាពលរដ្ឋទាំអស់ជាពិសេសយុវជនត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការ ថែរក្សាការពារអធិបតេយ្យភាព បូរណៈភាពទឹកដី មិនអោយបាត់បង់នោះទេ ហើយសូមបងប្អូន ប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយអោយ គង់វង្សយូអង្វែងដើម្បីឲ្យប្រទេសយើងមានការ រីកចម្រើននិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ បន្ថែមទៀត។

នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីចាយ បូរិនរួមជាមួយ ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំក្រោមជាតិ ដែលចុះមូលដ្ឋានស្រុកតំបែរបានអញ្ជើញសួរសុខទុក្ខនិងនាំយកវត្ថុអនុស្សាវរីយ៍ជូនប្រជាជនចាស់ជរាដែលរស់នៅក្នុងមូលដ្ឋានភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ផងដែរ ៕

ឯកឧត្តម យោប អះស្ការី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត បានដា អាប់ឌុល អាសុីស បាល់ លី ឡាស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ 

ឯកឧត្តម យោប  អះស្ការី រដ្ឋលេខាក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យឯកឧត្តម បណ្ឌិត បានដា អាប់ឌុល អាសុីស បាល់ លី ឡាស់ (Bandar Abdul Aziz Balilah )សមាជិកក្រុមប្រឹក្សាអ្នកប្រាជ្ញឥស្លាម និងជាអ៊ីមុំាម៉ាស្ជិទធំហារ៉ម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌី និង ឯកឧត្តម  Mohammed Ismaeil Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា និងប្រតិភូជួបសំណេះសំណាល សម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង ព្រឹកថ្ងៃតិ១៦ ខែសីហា ឆ្នាំ២០២៤ ។

ជាកិច្ចស្វាគមន៍ ឯកឧត្តម យោប  អះស្ការី បានមានប្រសាសន៍ថា ដោយមានការសហប្រតិបត្តិការយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង អារ៉ាប៊ីសាអូឌីតយ៉ាងជិតស្និត ក្រោមការដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសដោយរក្សាបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកឧត្តម រដ្ឋលេខាក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍បន្តថា ទោះបីជាប្រទេសកម្ពុជា ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ពិតមែន ប៉ុន្តែកម្ពុជាបានផ្តល់នូវសិទ្ធសេរីភាពពេញលេញនូវជំនឿ និងការប្រតិបត្តិសាសនាផ្សេងៗ។ ក្នុងនោះ ឥស្លាមសាសនា ត្រូវបានប្រមុខដឹកនាំកម្ពុជា គិតគូរយកចិត្តទុកដាក់ យ៉ាងកក់ក្តៅ ក្រោមការគ្រប់គ្រងបស់ ក្រសួងធម្មការនិងសាសនា ដែល ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងរើសអើងនឹងគ្នា រស់នៅក្រោមម្លប់សន្តិភាព និងសុខដុមនីយកម្មសាសនា ។

នាឱកាសនេះ ឯកឧត្តមបណ្ឌិត បានដា អាប់ឌុល អាសុីស បាល់ លី ឡាស់ (Bandar Abdul Aziz Balilah )សមាជិកក្រុមប្រឹក្សាអ្នកប្រាជ្ញឥស្លាម និងជាអ៊ីមុំាម៉ាស្ជិទធំហារ៉ម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌី បានមានប្រសាសន៍ថា នៅក្នុងដំណើរទស្សនកិច្ចលើដំបូងមកកាន់ប្រទេសកម្ពុជានេះ ឯកឧត្តម ពិតជាភ្ញាក់ផ្អើលជាខ្លាំងនូវការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ និងសូមអរគុណចំពោះការទទួលស្វាគមន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងអ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេសកម្ពុជាទាំងអស់ ។ 

ក្នុងន័យនេះ ឯកឧត្តម សូមកោតសរសើរនិងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពិសេសឯកឧត្តម ចាយ បូរិនរដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនាដែលបានយកចិត្តទុកដាក់ និងសម្របសម្រួលផ្តល់សិទ្ធសេរីភាព ដល់បងប្អូនអ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ។ ឯកឧត្តម បានបន្តថា តាមរយៈការមើលឃើញពីការអភិវឌ្ឍ និងសម្របសម្រួលនេះ ថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីតនិងគៀគរជំរុញឧបត្ថម្ភគាំទ្របន្ថែមទៀតដល់កម្ពុជាដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាបងប្អូនរវាង អារ៉ាប៊ីសាអូឌីត-កម្ពុជា ។

ឯកឧត្តម យោប  អះស្ការី ជំនួសឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងថ្នាក់ដឹកនាំសាសនាឥស្លាមនៅកម្ពុជា សូមថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល និងប្រជាជនអារ៉ាប៊ីសាអូឌីត ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់ ប្រជាជនកម្ពុជា ពិសេសបងប្អូនអ្នកកាន់សាសនាឥស្លាមនៅកម្ពុជា និងសូមជូនពរដល់ ឯកឧត្តម និងគណៈប្រតិភូ ជួបតែសុខសុវត្ថិភាព និងសម្តេចបានគ្រប់ភារកិច្ចការបន្តទៀត ៕

Scroll to Top