ព័ត៌មាន

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនអង្គភាពបញ្ជាការដ្ឋាន បញ្ជូនសារនៃអគ្គបញ្ជាការ 

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានិងលោកជំទាវ អញ្ជើញដឹកនាំប្រតិភូក្រសួង  សួរសុខទុក្ខ នាំយកអំណោយ និងថវិកាជូនកងកម្លាំងប្រដាប់អាវុធអង្គភាពបញ្ជាការដ្ឋាន បញ្ជូនសារនៃអគ្គបញ្ជាការ  នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។

មុននឹងចាប់ផ្តើមកម្មវិធី ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ បានដឹកនាំប្រតិភូទាំងអស់ គោរពវិញ្ញាណក្ខន្ធ វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ។

នាឱកាសនេះ ឧត្តម សេនីយ៍ទោ គឹម ហួត មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានបញ្ជូនសារ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក មែក ប៊ុន្នី នាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការ និងជាមេបញ្ជាការអង្គភាពបញ្ជូនសារ មានមតិស្វាគមន៍និងធ្វើរបាយការណ៍ ជូន ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូក្រសួង ស្តីពីវឌ្ឍនភាពការងាររបស់អង្គភាពបញ្ជាការដ្ឋាន បញ្ជូនសារនៃអគ្គបញ្ជាការ ដែលបានបំពេញភារកិច្ចជូនជាតិ មាតុភូមិ នាពេលកន្លងមកប្រកប ដោយការ ទទួលខុសត្រូវ និងទទួលបានជោគជ័យជាបន្តបន្ទាប់ ។

ឯកឧត្តម  ចាយ បូរិន បានពាំនាំនូវ ប្រសាសន៍ ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងកម្លាំងនៃអង្គភាពបញ្ជាការដ្ឋាន បញ្ជូនសារនៃអគ្គបញ្ជាការ ទាំងអស់ដោយក្តីនឹករលឹក។ ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះ សុខទុក្ខរបស់កងកម្លាំងគ្រប់ប្រភេទ និងក្រុមគ្រួសារ ជាពិសេសកងទ័ពសមរភូមិមុខ ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន ។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ក្រោយពីចុះកិច្ច ព្រមព្រៀងបទឈប់បាញ់រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃ តាមសំណើរបស់ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយមានវត្តមានតំណាង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសម្របសម្រួលពី ឯកឧត្តម នាយករដ្ឋមន្រ្តី ប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងមានកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជាបានអនុវត្ត និងគោរពយ៉ាងខ្ជាប់ខ្ជួនលើបទឈប់បាញ់ ដោយឈរលើស្មារតីនៃការឯកភាពគ្នាក្នុងកិច្ចព្រមព្រៀង១៣ចំណុច។

ដោយឡែក នៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតវ៉ាជាផ្លូវការទៅភាគីថៃ លើការបន្តលុកលុយជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលជាការរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ  ដោយមានក្រុមសង្កេតអន្តរកាល (IOT) ដែលដឹកនាំដោយ អនុព័ន្ធយោធាម៉ាឡេសុី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេសុី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាន និវេសនដ្ឋានក្នុងនិងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន៧ប្រទេស បានចេញទៅពិនិត្យទីតាំងជាក់ស្តែងផ្សេងៗគ្នា ។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាយ៉ាងមុឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឲ្យបាននូវអធិបតេយ្យភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាដ៏ដោយ ។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង និង ឯកឧត្តម ចាយ បូរិន យាងនិងអញ្ជើញក្នុងពិធីបួងសួងរំកិលព្រះពុទ្ធបដិមាគង់លើសុវណ្ណអាសនៈ ដំកល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា យាងនិងអញ្ជើញក្នុងពិធីបួងសួងរំកិលព្រះពុទ្ធបដិមាគង់លើសុវណ្ណអាសនៈ ដំកល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ។

នាឱកាសដ៏មហាជ័យមង្គលនេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង យាងប្រោះព្រំប្រសិទ្ធពរជ័យមង្គល វិបុលសុខ ពិសេសសូមបួងសួងដល់ព្រះតេជៈបារមីព្រះពុទ្ធជាម្ចាស់តាមបីបាច់ថែរក្សាប្រមុខរាជរដ្ឋាភិបាល ប្រជាជនកម្ពុជានិងភ្ញៀវទេសចរជាតិ អន្តរជាតិ ជួបប្រទះតែសេចក្តីសុខ ចម្រុងចម្រើនគ្រប់ប្រការ ។

ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា និងបន្តដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋកម្ពុជាប្រមាណ៩៥%គោរពប្រតិបត្តិ គ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅប្រទេស។ ក្នុងន័យនេះព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តគំនិត សីលធម៌រស់នៅក្នុងសង្គម តាមរយះពុទ្ធឱវាទ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។

សូមជម្រាបជូនថា ពិធីបួងសួងរំកិលព្រះពុទ្ធបដិមាគង់លើសុវណ្ណាអាសនៈ ដំកល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺក្នុងគោលបំណងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដាក់តាំងបង្ហាញភ្ញៀវទេសចរជាតិ និង អន្តជាតិ គោរពបដិបត្តិពេលធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ ដោយឡែក ព្រះពុទ្ធបដិមា ដែលសាងអំពីស្ពាន់ លោហៈធាតុរាល់រចនាបថ គឺសមស្របតាមប្រពៃណី រចនាបថរបស់ខ្មែរ ក្រោមការយកចិត្តទុកដាក់ស្រាវជ្រាវរបស់ថ្នាក់ដឹកនាំជំនាញរបស់ក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ដែលចង់បង្ហាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ហើយបន្តជួយផ្សព្វផ្សាយទៅពិភពលោកកាន់តែទូលំទូលាយ៕

 

ឯកឧត្តម ចាយ បូរិន អនុញ្ញាតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យិន ផារ៉ាដាយ ចូលជួបសម្តែងការគួរសមនាំយកថវិកានិងអំណោយជាគ្រឿងឧបភោគបរិភោគ ចូលរួមជាមួយក្រសួងធម្មការនិងសាសនាឧបត្ថម្ភកងទ័ពជួរមុខ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឱ្យឧកញ៉ា ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យិន ផារ៉ាដាយ ចូលជួបសម្តែងការគួរសមនាំយកថវិកានិងអំណោយជាគ្រឿងឧបភោគបរិភោគ ចូលរួមជាមួយក្រសួងធម្មការនិងសាសនាឧបត្ថម្ភកងទ័ពជួរមុខ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

នាឱកាសអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមកប្រគល់ជូន ក្រសួងធម្មការនិងសាសនា សម្រាប់ចូលរួមឧបត្ថម្ភកងទ័ពជួរមុខ ឧកញ៉ា ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ ដែលកំពុងអភិវឌ្ឍគម្រោងបង្កើតទីកន្លែងសម្រាប់ទីសក្ការៈ ចេតិយរួម និងទីដំកល់ធាតុ ជាដើម ក្នុងខេត្តកំពត បានមានប្រសាសន៍ជម្រាបជូនថា ក្នុងកាលៈទេសៈដែលប្រទេសជាតិនិងប្រជាជនកម្ពុជា កំពុងជួបការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យិន ផារ៉ាដាយ សូមប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងប្តេជ្ញាចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ព និងបងប្អូនជនភៀសសឹកនៅតាមបណ្តោយព្រំដែនដែលកំពុងមានជម្លោះ។

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាដាច់ខាតមិនឱ្យប្រទេសណាឈ្លានពានទឹកដីកម្ពុជាបានសូម្បីតែមួយមីលីម៉ែត្រ។ ចាប់តាំងពីមានការប៉ះទង្គិចរវាងកងកម្លាំងកម្ពុជាយើងនិងថៃកន្លងមកនេះ សម្តេចទាំងទ្វេ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានស្វះស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងសន្តិភាព និងទទួលបានការចរចារជាបន្តបន្ទាប់ ដោយមានការសម្របសម្រួលពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិច ចិន និងប្រធានអាស៊ានប្តូរវេន ប្រទេសម៉ាឡេស៊ី ជាដើម ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសោកស្តាយនិងដឹងគុណចំពោះវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលបានបានពលីជីវីតក្នុងបុព្វហេតុការពារដែនអធិបតេយ្យកម្ពុជាមិនឱ្យបាត់បង់ សូម្បីតែមួយមីលីម៉ែត្រ ។

ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា វីរកងទ័ព និងបងប្អូនជនភៀសសឹក និងក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យិន ផារ៉ាដាយ ដែលដឹកនាំដោយ ឧកញ៉ា ឡុង ណាលី ដែលបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមកប្រគល់ជូនក្រសួងធម្មការនិងសាសនា និងសូមជូនពរដល់ប្រធានក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ជួបតែសេចក្តីសុខនិងសម្រេចគ្រប់ភារកិច្ច៕
       

 

ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យក្រុមប្រឹក្សាអីគ័នភាវឯកអនុត្តរធម៌ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភសមរភូមិមុខតាមរយៈក្រសួងធម្មការនិងសាសនា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ លោកស្រី គ្រូឧបជ្ឈាយ៍ ឡាយ ស៊ូឈុនប្រធានកិតិយស ដឹកនាំប្រតិភូក្រុមប្រឹក្សាអីគ័នភាវឯកអនុត្តរធម៌ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភសមរភូមិមុខតាមរយៈក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ។ 

នៅក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសមនិងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សម្រាប់ឧបត្ថម្ភសមរភូមិមុខ លោកស្រី គ្រូឧបជ្ឈាយ៍ ឡាយ ស៊ូឈុន បានជម្រាបជូនអំពីគោលបំណងសំខាន់នាឱកាសនេះចំនួន៣ គឺ៖

 ១.សូមចូលរួមចំណែកជា អំណោយជាគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភសមរភូមិមុខតាមរយៈក្រសួងធម្មការនិងសាសនា។

២. រួមចំណែកជាមួយរដ្ឋាភិបាល នៅសកម្មភាពរបស់សាសនាអីគ័នភាវ នៅប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជាមានសុខដុមនីយកម្មវិស័យសាសនា

៣. សុំធ្វើការស្វែងយល់ពីសកម្មភាពព្រំដែនដែល ឯកឧត្តម រដ្ឋមន្រ្តីបានដឹកនាំដោយផ្ទាល់ក្នុងការចុះនាំយកអំណោយទៅប្រគល់ជូន វីរៈកងទ័ពនិង បងប្អូនជនភៀសសឹក នៅតាមបណ្តាយព្រំដែនដែលកំពុងមានជម្លោះជាមួយប្រទេសថៃ ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងត្រូវបានប្រទេសថៃឈ្លានពាន រាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាការពារដាច់ខាត មិនអនុញ្ញាតឲ្យបរទេសណាមកឈ្លានពានលើទឹកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រ ។ កម្ពុជាមានវីរៈកងទ័ពដ៏អង់អាចក្លាហានបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិ និងប្រជាជនកម្ពុជាឱ្យមានសុខសន្តិភាព និងមានកងទ័ពយើងខ្លះបានពាលីជីវិតដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជាពីសត្រូវដែលចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា។

ឯកឧត្កម ចាយ បូរិន បានមានប្រសាសន៍ថា គ្រប់សាសនាទាំងអស់នៅកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ទសាសនា សាសនាអីគ័នភាវ និងសាសនាផ្សេងៗទៀតនៅកម្ពុជា បានចូលរួមចំណែកជួយគាំទ្រជាមួយរាជរដ្ឋាភិបាលនៅពេលដែលប្រទេសកម្ពុជាកំពុងជួបការលំបាកដែលត្រូវបានប្រទេសថៃឈ្លានពាន និងបាននាំយកអំណោយជាបន្តបន្ទាប់ជូនដល់វីរៈកងទ័ពនិង បងប្អូនជនភៀសសឹក ដែលស្ថិតនៅព្រំដែនកម្ពុជា-ថៃ ។

ជំនួសរាជរដ្ឋាភិបាលកម្ពុជា វីរៈកងទ័ពនិង បងប្អូនជនភៀសសឹក ឯកឧត្តម រដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាអីគ័នភាវឯកអនុត្តរធម៌ប្រចាំកម្ពុជា និងជូនពរដល់ក្រុមប្រឹក្សាអីគ័នភាវឯកអនុត្តរធម៌ប្រចាំកម្ពុជានិងប្រជាជនចិនទាំងអស់ ជួបតែសេចក្តីសុខនិងសម្រេចបានគ្រប់ភារកិច្ចមនុស្សធម៌នៅកម្ពុជា ជានិច្ចនិរត្តន៍ ៕
    

 

ឯកឧត្តម ចាយ បូរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹន្ទបាលទោ ឆៃ រ័ត្ន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី សមរភូមិខេត្តព្រះវិហារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំប្រតិភូក្រសួងធម្មការនិងសាសនា និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ គោរពវិញ្ញាណក្ខន្ធនិងឧទ្ទិសកុសលជូនដល់ សពព្រឹន្ទបាលទោ ឆៃ រ័ត្ន នាយទាហានកងពលតូចអន្តរាគមន៍លេខ ៩ វីរ:សេនាតូចអន្តរាគមន៍លេខ ៣៩៤ ដែលបានពលីជីវិតក្នុងជន្មាយុ៤៧ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធខេត្ត ព្រះវិហារ កាលពីវេលាម៉ោង ១១និង ៣០ នាទី យប់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥ នៅគេហដ្ឋាន នៃសពស្ថិតនៅ ភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម ចាយ បូរិន និងគណប្រតិភូទាំងអស់ សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារសពវីវៈកងទ័ពដ៏អង់អាចក្លាហាន និងបានចាត់ទុកការបាត់បង់វីរយុទ្ធជននេះគឺជាការបាត់បង់កូនប្រុស ជាបងប្រុស ឪពុក ដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូ កតវេទិតាធម៌ចំពោះជីដូនជីតា ឪពុកម្តាយ មីងមា បងប្អូន កូនៗជាទីស្រលាញ់ ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដែលតែងបានលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

ទោះបីរូបរាងកាយរបស់អស់លោក បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរភាពតស៊ូ និងស្នាដៃរបស់លោក បានចារឹកទុកក្នុងប្រវត្តិសាស្ត្រជាតិ និងស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ជានិច្ចនិរន្តរ៍។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រីចាន់ បូរី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ព្រិន្ទបាលទោ ឆៃ រ័ត្ន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ចែកជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ ទិសទី៣ នៃយោធភូមិភាគទី៤

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង និងពាហិរសាសនា សួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ចែកជូនវីរៈកងទ័ព ដែលជាការចូលរួមចំណែកក្នុងការលើកទឹកចិត្ត និងចង់ដឹងពីសុខទុក្ខ របស់វីរៈកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ តាមព្រំដែនកម្ពុជា-ថៃ នាតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ ទិសទី៣ នៃយោធភូមិភាគទី៤ រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។

ពិធីនេះមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯកកែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការពលធំអន្តរាគមន៍លេខ២ និងជាគណៈបញ្ជាការទិសទី៣ នៃយោធភូមិភាគទី៤ , និងមានការចូលរួមដោយលោកជំទាវ , លោកស្រី មិន ធារី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តឧត្តរមានជ័យ , អ្នកឧកញ៉ា សុះ កំរុីចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា , ឧកញ៉ា ឃ្នួរ ម៉ាត់ សា មេដឹកនាំ កនអុីម៉ាំសាន់, បូជាចារ្យ អ៊ុន ស៊ុន ព្រះសហគមន៍កាតូលិ, និងតំណាងពាហិរសាសនាផ្សេងៗជាច្រើនរូបទៀត។
មុននិងចាប់ផ្តើមមានប្រសាសន៍សំណេះសំណាល ឯកឧត្តម ចាយ បូរិន បានអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងអង្គពិធី សឹងស្មានគោរពវិញ្ញាណក្ខន្ធព្រឹន្ទបាលឯក សួន រោន ដែលបានពលីជីវិតដោយត្រូវបានលបវាយធ្មក់ពីកងទ័ពឈ្លានពាន ដែលចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជាជាយូរមកហើយ ។

ឯកឧត្តម រដ្ឋមន្រ្តី បានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបាន មកជួបវីរកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហាន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទិសខេត្តឧត្តរមានជ័យ និងបាននាំមកជាមួយនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខរបស់កងទ័ព ទាំងសុខភាព និងការហូបចុក ព្រមទាំងជីវភាពរបស់ក្រុមគ្រួសារកងទ័ព។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតផែនទីដោយឯកតោភាគី មិនគោរពកិច្ចព្រមព្រៀងរបស់ថៃ បង្ហាញអន្តរជាតិកាន់តែច្បាស់ ពីចរិកនយោបាយឈ្លានពានរបស់ថៃមកលើកម្ពុជា ។ កម្ពុជាមិនចង់បានអ្វី ក្រៅពីយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយប៉ុណ្ណោះ ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា ជាពិសេស ការកសាងខ្សែបន្ទាត់ព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាការពារដាច់ខាតដែនអធិបតេយ្យជាតិ មិនឲ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ និងបានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន។ ហើយការការសម្រេចចិត្តរបស់កម្ពុជាយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាការសម្តេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការជៀសវៀងការទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះ គឺជា ការផ្សារភ្ជាប់រវាងសមរភូមិ មុខនិងសមរភូមិក្រោយ និងជាបេសកកម្មនាំយកនូវការគោរព ការដឹងគុណ ការគាំទ្រ និងការលើកទឹកចិត្ត ដែល ចេញពីបេះដូងពិតប្រាកដ ពុំមែនត្រឹមតែនិយាយឱ្យរួចពីមាត់នោះទេ គឺឈរលើស្មារតី រួមគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ ដើម្បីគាំទ្រដល់កងកម្លាំងនៅតាមព្រំដែន ក្នុងបុព្វហេតុ ការពារជាតិ ទប់ទល់នឹងចោរឈ្លានពានលើបូរណភាពទឹកដីយើង។

សូមជម្រាបជូនថា អំណោយដែល ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញនាំមកចែកជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ នាឱកាសនេះរួមមាន ៖ អង្ករ ទឹកក្រូច ត្រីខខ្មែរ មីជាតិ ត្រីងៀត ងៀតគោ សាច់គោទឹកស៊ីអុីវ នំ ថ្នាំពេទ្យ និងថវិកាមួយចំនួន ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ជូនដល់វីរៈកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង និងសាសនាឥស្លាម សាសនាគ្រឹស្ត រួមទាំងសាសនាផ្សេងៗ មកសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ក្នុងនាមកងកម្លាំងកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការលើកទឹកចិត្ត និងសួរសុខទុក្ខ ចំពោះវីរៈកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។

ពិធីនេះ មានការចូលរួមដោយ ឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តម សុខ សាន្តដារ៉ា អភិបាលរងខេត្តតំណាង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ,
អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា , ឧកញ៉ា ឃ្នួរ ម៉ាត់ សា មេដឹកនាំ កនអុីម៉ាំសាន់, បូជាចា អ៊ុន ស៊ុន ព្រះសហគមន៍កាតូលិ, និងតំណាងពាហិរសាសនាផ្សេងៗជាច្រើនរូបទៀត។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខសេចក្តីនឹករលឹក និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពី សុខភាព និងសុខទុក្ខបងប្អូនកងទ័ព ដែលកំពង់ឈរជើង ការពារទឹកដី នៅសមរភូមិមុខគ្រប់ពេលវេលា។

ក្នុងពិធីសំណេះសំណាលជាលក្ខណៈមហាគ្រួសារខ្មែរក្នុងស្មារតី ជួរក្រោយគាំទ្រ នៅជាប់ជានិច្ចជាមួយយុទ្ធជនជួរមុខ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដូចអ្វីដែលប្រមុខដឹកនាំដែលជាស្ថានិកសន្តិភាពនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាញឹកញាប់រួចមកហើយ ពិសេសនៅពេលសម្តេចទាំងពីរ បានអញ្ជើញមកសួរសុខទុក្ខ វីរកងទ័ពកាលពីពេលថ្មីៗនេះ។
ប៉ុន្តែជាអកុសល ដែលយើងមានអ្នកជិតខាងដូចជាសៀម មានចិត្តមិនស្មោះចិញ្ចឹមចិត្តឈ្លានពាន រំលោភបំពានទឹកដីរបស់កម្ពុជាតាំងពីអតីតកាលរហូតមក។ ដោយសារបញ្ហានយោបាយនៅទីក្រុងបាងកក ភាគីថៃបានបង្កជម្លោះ រំលោភបំពានលើ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគី និងធម្មនុញ្ញសហប្រជាជាតិ សមដូចប្រសាសន៍សម្តេចតេជាលើកឡើងថា «មានមិត្តជិតខាងល្អដូចមានមាស ពេលមានមិត្តជិតខាងអាក្រក់ដូចមានមីន»។

ឯកឧត្តម ចាយ បូរិនបានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជាយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី។ ជាមួយគ្នានេះ កម្ពុជា បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ)ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ។ បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។ កម្ពុជាមិនចង់បានអ្វី ក្រៅពីយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយប៉ុណ្ណោះ ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា ជាពិសេស ការកសាងខ្សែបន្ទាត់ព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន។

នៅក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន បានថ្លែងអំណរគុណនិងដឹងគុណជាអនេក ចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។ ហើយគំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។

សូមជម្រាបជូនថា អំណោយដែល ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញនាំមកចែកជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ នាឱកាសនេះរួមមាន ៖ ថ្នាំពេទ្យ អង្ករ ទឹកក្រូច ត្រីខខ្មែរ មីជាតិ ត្រីងៀត សាច់គោស្រស់ សាច់ក្រក ទឹកស៊ីអុីវ និងថវិកាមួយចំនួន ផងដែរ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំមន្រ្តីរាជការនិងពាហិរសាសនាសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ១២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើមខេត្តព្រះវិហារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា  អញ្ជើញដឹកនាំមន្រ្តីរាជការ និងពាហិរសាសនា  ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ដែលជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ដែលស្ថិតក្នុងភូមិគូលេនត្បូង ឃុំគូលេនត្បូង ស្រុកគូលេន ខេត្តព្រះវិហារ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ 

ពិធីនេះមានការចូលរួមដោយ ពី ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តម សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ , ព្រះតេជគុណសីមានុចារី សៀន គុណលាភ ព្រះបាឡាតគុណខេត្ត និងជាព្រះអនុគុណស្រុកគូលេន, អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា , ឧកញ៉ា ឃ្នួរ ម៉ាត់ សា មេដឹកនាំ កនអុីម៉ាំសាន់, បូជាចា អ៊ុន ស៊ុន ព្រះសហគមន៍កាតូលិ, និងតំណាងពាហិរសាសនាផ្សេងៗជាច្រើនរូប។

ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹក និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល តែងតែគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាជនយើង ដែលរស់នៅតាមបណ្តោយព្រំដែន។ 

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាមិនចង់បានទឹកដីប្រទេសជិតខាតសូម្បីមួយមីលីម៉ែត្រ តែកម្ពុជាដាច់ខាតការពារដែនដីមិនឲ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រផងដែរ និងបង្ហាញពីគោលជំហរដ៏រឹងមាំរបស់ សម្តេចមហាបវរធិបតី ក្នុងការដាក់ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) យកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មានទិសដៅច្បាស់លាស់ ផ្អែកលើផ្លូវច្បាប់អន្តរជាតិ និងតំបន់ ក្នុងការការពារអធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូរជាតិ ហើយប្រជាពលរដ្ឋទូទាំងប្រទេសក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការនាំយកបញ្ហាដែនដី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើមសូមរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ដូចជាការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសសម្រាកក្នុងមុងឲ្យបានត្រឹមត្រូវជៀសវាងជំងឺគ្រុនឈាមដែលបណ្តាលមកពីមូសខាំ និងជំងឺដង្កាត់ផ្សេងៗទៀតដែលកើតចេញពីការមិនរក្សាអនាម័យជាប់ជាប្រចាំ។ 

សូមជម្រាបជូនថា អំណោយដែល ឯកឧត្តមរដ្ឋមន្រ្តី និងពាហិរសាសនា អញ្ជើញនាំមកចែកជូនដល់បងប្អូនប្រជាជនចំនួន ១២០០ គ្រួសារ នៅក្នុងមណ្ឌលសុវត្ថិភាពខាងលើនេះរួមមាន ៖ ថវិកា អង្ករ ទឹកក្រូច ត្រីខខ្មែរ មីជាតិ ត្រីងៀត ងៀតគោ សាច់ក្រកគោ ទឹកស៊ីអ៊ីវ និងឧបត្ថមថវិកាមួយចំនួនដល់ស្រ្តីមានផ្ទៃពោះចំនួន៧២នាក់ផងដែរ។
    

 

ក្រសួងធម្មការនិងសាសនា រៀបចំពិធីទូងស្គរអបអរសាទរក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នាព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងធម្មការនិងសាសនា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ និមន្តព្រះមន្រ្តីសង្ឃ សាសនិកឥស្លាមសាសនា និងសាសនិកគ្រិស្ទសាសនា រៀបចំពិធីទូងស្គរអបអរសាទរក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានធ្វើពិធីស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកន្ត្រីនៃ ព្រះជាណាចក្រកម្ពុជា ដែលផ្សព្វផ្សាយដល់ជនរួមជាតិនូវសារលិខិតអបអរសាទរឱកាសនៃការចុះ « បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព » ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ក្រោមសា្មរតីសាមគ្គីរួបរួមជាតិ “ខ្មែរតែមួយ” ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាង និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និង ការការពារសច្ចភាពប្រវត្តិសាស្រ្តរបស់ជាតិ ។

សូមបញ្ជាក់ជូនថា ការប្រារព្ធពិធីទូងស្គរអបអរសាទរ ដែលបានប្រព្រឹត្តទៅនាវេលាម៉ោង ៧:០០ នាទីព្រឹក នាថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៥ ត្រូវបានធ្វើឡើងព្រមៗគ្នានៅទូទាំងប្រទេសគ្រប់ទីកន្លែងសាធារណៈសំខាន់ៗរួមមាន ៖ ទីស្តីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការស៊ូរ៉ាវ សាលារៀនរដ្ឋ និងឯកជន និង ទីប្រជុំសហគមន៍ នៅទូទាំងប្រទេស តាមរយៈការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និង គោះត្រដោក ដើម្បីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ៕
        

 

ឯកឧត្តម ចាយ បូរិន ទទួលជួបពិភាក្សាការងារជាមួយ ព្រះតេជគុណ ប្រធានគណៈកម្មការបោះ ពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួបពិភាក្សាការងារជាមួយ ព្រះតេជគុណបណ្ឌិត UPAGUPTA MAHATHERO (យូប៉ាហ្គូបតា ម៉ាហាថេរ៉ូ) ប្រធានគណៈកម្មការបោះពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា និងគណៈប្រតិភូ ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ។

នាឱកាសនេះ ព្រះតេជគុណបណ្ឌិត ប្រធានគណៈកម្មការបោះពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា បានមានថេរដីការ ជម្រាប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អំពី កិច្ចការងាររបស់គណៈកម្មការបោះ ពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា លើវិស័យព្រះពុទ្ធសាសនា និងដោយឃើញនៅការរីកចម្រើនលើវិស័យសាសនាព្រះពុទ្ធគួរឲ្យកត់សម្គាល់ ពិសេសកម្ពុជាបានអភិរក្សភាសាបាលីបានយ៉ាងល្អប្រសើរ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ជម្រាបព្រះតេជគុណថា នៅកម្ពុជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានប្រជាពលរដ្ឋគោរពប្រតិបត្តរហូតទៅដល់ជាង ៩៥% និងបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យ តាមរយៈការអប់រំដើរទៅតាមព្រះពុទ្ធឱវាទ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ គោរពប្រតិបត្តិ អភិវឌ្ឍន៍ និងអភិរក្សលើទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់នេះ និងក៏បានផ្តល់សេរីភាពពេញលេញលើគ្រប់សាសនាទាំងអស់ដែលជ្រកក្រោមម្លប់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែត្រូវគោរពដាច់ខាតលើច្បាប់របស់ប្រទេស ។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍន៍និងអភិរក្សព្រះពុទ្ធសាសនា ក្រសួងធម្មការនិងសាសនា បានរៀបចំទីតាំងប្រវត្តិសាស្រ្តសាសនាសំខាន់ៗ ដើម្បីផ្សព្វផ្សាយផ្តោតសំខាន់លើទេសចរណ៍សាសនា។ តាមរយៈនេះសូមថ្វាយបង្គំ ព្រះតេជគុណ ប្រធានគណៈកម្មការបោះ ពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា នៅការជំរុញផ្សព្វផ្សាយទេសចរណ៍សាសនា រវាងប្រទេសនិងប្រទេស ប្រជាជននិងប្រជាជននៃប្រទេសយើងទាំង២ កម្ពុជា-ឥណ្ឌាឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។

ឯកឧត្តម ចាយ បូរិន សូមថ្វាយបង្គំប្រគេនព្រះពរ ដល់ព្រះតេជគុណ ប្រធានគណៈកម្មការបោះ ពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា និងគណប្រតិភូ ជួយតែព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕
        

Scroll to Top