ព័ត៌មាន

ឯកឧត្តម ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា​ អញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី កសាងអាគារសិក្សានិងសាលប្រជុំថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅរាជធានីភ្នំពេញ។

រសៀលថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ ព.ស.២៥៦៧

ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃនិងសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ សមណសិស្សនៅវត្តសីហរតនារាម ខេត្តតាកែវ ក្នុងនោះដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ួច ភា អភិបាលគណ:អភិបាលខេត្តតាកែវផងដែរ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួធម្មការនិងសាសនា បានបន្តយកនាំអំណោយដែលជាសទ្ធាជ្រះថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃចំនួន២២វត្ត នៅមូលដ្ឋានខេត្តតាកែវ និងខេត្តកំពត

បន្ទាប់ពីបានអញ្ជើញនាំយកអំណោយជាបន្តបន្ទាប់ ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃនៅមូលដ្ឋានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ ចំនួន២៧វត្ត និងបានចាត់តំណាងប្រគេនដល់ព្រះសង្ឃចំនួន១៨វត្ត និងអាស្រមចំនួន២ នៅក្នុងមូលដ្ឋានខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ រួចមក នៅថ្ងៃសុក្រខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងថ្នាក់ដឹកនាំក្រសួងបាននាំនូវទេយ្យទានបន្តប្រគេនដល់ព្រះសង្ឃនៅខេត្តតាកែវ និងខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ យូរ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត កំពត ព្រមទាំង ព្រះមេគណខេត្តទាំងពីរគណៈ មន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះត្ថេរានុត្ថេរៈគ្រប់ព្រះអង្គដែលបាននិមន្តមក អញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅតាមទីអារាមមួយចំនួន ក្នុងមូលដ្ឋានខេត្តតាកែវ និងខេត្តកំពត ក្រោយពេលទឹកស្រក តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនដល់ប្រជាពុទ្ធបរិស័ទទាំងអស់ដោយក្តីនឹករលឹក។

ឯកឧត្តម ចាយ បូរិន បានលើកឡើងថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ គឺរស់នៅស្អាត វត្តអារាមស្អាត បរិស្ថានល្អ និងប្រតិបត្តិវិន័យធម៌ឱ្យបានជាប់ជាប្រចាំ។

ព្រះចៅអធិការវត្ត ព្រះថេរានុត្ថេរ:គ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទាំងអស់មានក្តីរំភើបរីករាយ អរគុណនិងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដ៏បុិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ការលំបាក ការខ្វះខាត ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ។

នៅក្នុងឱកាសប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរ ឯកឧត្តម ចាយ បូរិន បានប្រគេននូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ រួមមានអង្ករចំនួន ១៣តោន និងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់វត្តចំនួន២២វត្ត ក្នុងមូលដ្ឋានខេត្តតាកែវ និងខេត្តកំពត ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនទ្វេឡើងថែមទៀត។

បន្ទាប់ពីសំណេះសំណាលសួរសុខទុក្ខព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទរួចមក ឯកឧត្តម ចាយ បូរិន និងថ្នាក់ដឹកនាំក្រសួង រួមជាមួយ ឯកឧត្តម អ៊ូច ភា អញ្ជើញពិនិត្យមើលស្ថានភាពទូទៅក្នុងទីអារាមវត្តតុំ និងពិនិត្យមើលសំណង់ព្រះពុទ្ធរូប ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សាងសង់ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង និងលោកជំទាវ ព្រមទាំងបុត្រ ដែលមានកម្ពស់១៥ម៉ែត្រ ចាប់ផ្តើមសាងសង់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ មកទាល់ពេនេះសម្រេចបាន៩០%ហើយ។


ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានចាត់តំណាងនាំយកអង្ករចំនួន ២២តោន និងថវិកា ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃ ចំនួន៤០វត្ត នៅខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី កណ្តាល និងខេត្តកំពង់ស្ពឺ ផងដែរ ។

ឯកឧត្តម ចាយ បូរិន អញ្ជើញចុះពិនិត្យមើលពីស្ថានភាពទូទៅតាមទីវត្តអារាមក្រោយរដូវភ្ជុំបិណ្ឌ និងនាំយកអំណោយដែលជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃចំនួន១៥វត្ត នៅមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាកេរ្តិ៍តំណែលរបស់ពុទ្ធបរិស័ទគោរពប្រតិបត្តិតរៀងមក នាថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានសហការជាមួយប្រធានមន្ទីរធម្មការខេត្ត ព្រះមេគណខេត្ត និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅតាមទីអារាមចំនួន១៥វត្ត នៃខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់។

ឯកឧត្តម ចាយ បូរិន បានលើកឡើងផងដែរថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ក៏បានរំលឹកដល់ប្រជាពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងស្រុកក្រវាញ ខេត្តពោធិសាត់ ត្រូវប្រុងប្រយ័ត្នយកចិត្តទុកដាក់ថែទាំសុខភាព ពោលគឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីបង្ការនូវផលលំបាកផ្សេងៗ។ ពិសេសនារដូវទឹកស្រកនេះត្រូវខិតខំបង្កបង្កើនផល និងបង្កើនមុខរបរកសុីដើម្បីលើកកម្ពស់ជីវភាពរស់នៅក្នុងក្រុមគ្រួសារ  ។

នៅក្នុងឱកាសប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរ ឯកឧត្តម ចាយ បូរិន បានប្រគេននូវទេយ្យទាន ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់វត្តចំនួន១៥ ក្នុងនោះនៅខេត្តកំពង់ឆ្នាំងចំនួន៥វត្ត និងខេត្តពោធិ៍សាត់ចំនួន១០វត្ត ដោយក្នុងមួយវត្តៗប្រគេនអង្ករចំនួន ៥០០គីឡូក្រាម មី២៥កេស និងបច្ច័យមួយចំនួន ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តទាំងពីរ៕

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២ បន្ទាប់ពីសិក្ខាកាមបានបញ្ចប់វគ្គសិក្សាខ្លីរយៈ៥ថ្ងៃដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នៅសាលផ្ការំដួលទីស្តីការក្រសួង នារសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា តាមរយៈវគ្គសិក្សាដ៏មានតម្លៃនេះថ្វីត្បតិតែខ្លី តែអាចចាត់ទុកថាជាការបំពេញបន្ថែមលើតួនាទី អាចារ្យ អាចារ្យនី ក្រមសីលធម៌ គុណធម៌ លក្ខណសម្បត្តិគ្រប់គ្រាន់ ប្រកបដោយពុទ្ធិ ពិសេសអាចយកទៅអនុវត្តលើបញ្ហា ក៏ដូចជាវិវាទមួយចំនួនដូចជា៖
១.អាចារ្យវត្តកុំឱ្យមានវិវាទក្នុងវត្ត
២.អាចារ្យជាមនុស្សដឹងគ្រប់រឿង
៣.អាចារ្យជាមនុស្សមានចរិយាល្អ និងចំណេះដឹង
៤.បានសញ្ញាបត្រហើយ សូមកុំបង្ករឿងរ៉ាវក្នុងជីវិត ឱ្យប៉ះពាល់អ្នកសញ្ញ៉េសញ្ញាបត្រ
៥.កំណែទម្រង់វគ្គអាចារ្យ ឱ្យកាន់តែមានសុគតភាព ប្រសិទ្ធភាព
៦.ត្រូវមានសីលធម៌ គុណធម៌ខ្ពស់

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោយពីសិក្សាវគ្គបណ្តុះបណ្តាលខ្លីនេះ សូមគោរពតាមបទបញ្ញតិដែលបានចែង និងអនុវត្តជាក់ស្តែងតាមទំនៀមទំលាប់ប្រពៃណីរបស់យើង។ ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា តួនាទីជាអាចារ្យ មិនមែនចេះតែធ្វើតាមការយល់តៗគ្នាទេ ពោលគឺត្រូវរៀនវគ្គបណ្តុះបណ្តាលរបស់ក្រសួងធម្មការនិងសាសនាតាមក្បួនបុរាណខ្មែរ ទើបពេញលេញជាអាចារ្យខ្មែរ ព្រមទាំងមានគុណធម៌និងសីលធម៌ខ្ពស់ ។

សូមជម្រាបជូនថា ក្នុងវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២នេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ដោយមានសិក្ខាកាម២០៧អង្គ/នាក់ចូលរួម ក្នុងនោះមានអាចារ្យកាន់ពេលាការ៥១រូប, អាចារ្យយោគី ២៥រូប, អាចារ្យសម្រាប់វត្ត ១០៥រូប, ព្រះសង្ឃ១៧អង្គ និងស្រី១០នាក់ ក្រោមការចង្អុលបង្ហាញពីសំណាក់គ្រូឧទ្ទេសចំនួន១១រូប ព្រមទាំងបានចែកចេញជា១១មុខវិជ្ជា។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា រៀបចំពិធី វាយគង ជួង រគាំង ទូងស្គរ អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទរៀបចំពិធី វាយគង ជួង រគាំងនិង ទូងស្គរ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គការយូណេស្គូ សម្រេចជាឯកច្ឆ័នចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌ ពិភពលោក ដែលរៀបចំឡើងនៅទីស្តីការក្រសួង ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ជាការអបអរសារទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា ក្នុងការសម្រេចនូវបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិនិងប្រជាជន បន្តពីរាជរដ្ឋភិបាល អាណត្តិទី៦ដែលមានសម្តេចអគ្គមហាេសនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រោមព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ បានខិតខំតស៊ូព្យាយាមរៀបចំឯកសារសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ ក្នុងការបញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ដោយអង្គការយូណេស្កូរហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូន ជាតិមាតុភូមិនាពេលនេះ។
ក្រសួងធម្មការនិងសាសនា បានចេញសេចក្តីជម្រាបទៅលោកប្រធានមន្ទីរធម្មការនិងសាសនារាជធានី ខេត្តទាំងអស់សហការឱ្យបានជិតស្និទ្ធបំផុត ជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការនិងថ្នាក់ដឹកនាំសាសនាផ្សេងៗទូទូំាងប្រទេស ត្រៀមរៀបចំវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក ព្រមៗគ្នានៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ៧.00ព្រឹកដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនិងជាទីមោទនកភាពជាតិ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានចាត់ទុកថា នេះជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដោយ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបង្ហាញយ៉ាងច្បាស់ទៅអន្តរជាតិនិងពិភពលោកថាប្រទេសកម្ពុជា សម្បូរទៅដោយសម្បត្តិបេតិកភណ្ឌជាច្រើននៅមិនទាន់ដាក់បញ្ចូល ហើយសាកសមជាព្រះរាជាណាចក្រអច្ឆរិយៈ ។
សូមជម្រាបជូនថា ការចុះបញ្ជី ប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នាពេលនេះ ជាមោទនភាពជាតិខ្មែរយ៉ាងធំធេងជាថ្មីទៀត បន្ទាប់ពីប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ហើយនិងប្រាសាទសំបូរព្រៃគុក បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម លើកទី២៨៤

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដែលប្រារព្ធឡើងនៅទីស្តីការក្រសួង រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នេះជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម ចាយ បូរិន បានរៀបចំដឹកនាំអគ្គនាយកដ្ឋានកិច្ចការសាសនា មន្រ្តីរាជការក្រសួងធម្មការនិងសាសនា ធ្វើការផ្សព្វផ្សាយនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី២៨៤ ស្មើនឹង៩៧៧ចំណងជើងព្រះធម៌ ។ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដំណើរការរយៈពេល៤ឆ្នាំយ៉ាងរលូន ដោយបាន បញ្ជ្រាបការយល់ដឹង អប់រំទូន្មានកូនខ្មែរ ប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឲ្យស្គាល់នៅបុណ្យ បាប ល្អ អាក្រក់ ហើយជៀសឲ្យផុតនៅ គ្រឿងញៀន ស្រវឹង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម ហើយចុងក្រោយឱ្យប្អូនៗយកចិត្តខំប្រឹងរៀនសូត្រ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជម្រាបផងដែរថា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបានដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបានរួមចំណែកនៅក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ ពិសេសតាមរយៈពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះ កាន់តែធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យកាន់តែប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូនៅក្នុងសង្គម ដើម្បីអភិវឌ្ឍន៏ខ្លួនក្លាយជាបញ្ញាវ័នដ៏មានគុណតម្លៃសម្រាប់ប្រទេសជាតិនិងសង្គម៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម»

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» ដោយមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អស់លោក លោកស្រី មន្ត្រីរាជការ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សីលវន្ត សីលវតី ឧបាសក ឧបាសិកា ពុទ្ធបរិស័ទចូលរួមជាច្រើនរូប។

ក្នុងឱកាលនោះ ឯកឧត្តម ចាយ បូរិន បានកោតសរសើរថ្នាក់ដឹកនាំគ្រប់រូប បានខិតខំប្រឹងប្រែងឱ្យមានកម្មវិធីនេះឡើង នឹងជម្រុញឱ្យខិតខំបន្ថែមទៅទៀត ធ្វើយ៉ាងណាឱ្យកម្មវិធីនេះបានកាន់តែល្អ ដើម្បីបានជាប្រយោជន៍ដល់ពុទ្ធសាសនិក បានស្គាល់រស់នៃព្រះធម៌ ជាធម្មទាន ដែលជាឱសថទិព្វ។

កម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» ត្រូវបានរៀបចំឡើងដោយ ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ក្រោមគំនិតផ្តួចផ្តើម និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ដែលដឹកនាំគ្រប់គ្រងផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មាននាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា។

នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម នាយកដ្ឋានក៏បានរៀបចំមន្ត្រីស្រាវជ្រាវប្រធានបទព្រះធម៌តាមគម្ពីរព្រះត្រៃបិដក អដ្ឋកថា ទស្សនាវដ្តីកម្ពុជសុរិយា និងឯកសារផ្សេងៗ ប្រមូលរៀបចំឱ្យទៅជាកងធម៌ ឬបកិណ្ណកធម៌ ដើម្បីប្រគេនព្រះសង្ឃជាធម្មកថិកាចារ្យ មុនពេលដល់ថ្ងៃសីល (១៥កើត ១៤-១៥រោច) ឬមុនដល់ថ្ងៃសម្តែងបន្តបន្ទាប់ទៀត។ កម្មវិធីនេះ ក្នុងនោះអនុវត្តបានចំនួន១៥៣លើក មានចំនួន ៤៥៩ ចំណងជើងប្រធានបទ ។

កម្មវិធីនេះ មានការអញ្ជើញថ្នាចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន ព្រមទាំងព្រះសង្ឃ សិស្ស និស្សិត សីលវន្ត សីលវត្តី លោកយាយ លោកតា និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានចូលរួមត្រងត្រាប់ស្តាប់ក្រេបជញ្ជក់យកនូវអត្ថន័យ អត្ថរស់នៃព្រះធម៌ ដើម្បីជាគតិសម្រាប់គិតពិចារណាប្រកបដោយបញ្ញា និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ប្រព្រឹត្តល្អជានិច្ច និងបានសម្រេចនូវឧត្តមប្រយោជន៍រៀងៗខ្លួន។

ក្រោយពីព្រះសង្ឃសម្តែងព្រះធម៌ទេសនាចប់ ឯកឧត្តម ចាយ បូរិន បានប្រគេនប្រាក់ ត្រៃចីវរ ទេយ្យទានដល់ព្រះសង្ឃ និងជូនពរដល់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អស់លោក លោកស្រី មន្ត្រីរាជការ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សីលវន្ត សីលវតី ឧបាសក ឧបាសិកា ពុទ្ធបរិស័ទដែលបានចូលរួម សូមទទួលបានពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញដោះស្រាយវិវាទរវាង ព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារ នៅវត្តសាក់សំពៅ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលករណីវិវាទបិទបាំងផ្លូវនិង វាយបំផ្លិចបំផ្លាញរបង ប្រគេ ព្រះសង្ឃ និងប្រជាពលរដ្ឋ មួយគ្រួសារ នៅក្នុងវត្តសាក់សំពៅ ដោយមានការនិមន្តនិងចូលរួមពីសំណាក់ តំណាងព្រះគ្រូអនុគណខណ្ឌដង្កោ ព្រះចៅអធិការវត្ត ព្រះសង្ឃ អជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្ត ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៏ថា យោងតាមអនុសាស្រ្តដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ អាណតិទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានស្តាប់នៅព្រះសង្ឃដីការបស់ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងការបំភ្លឺ និងសំណើរសុំមួយចំនួនរបស់ព្រះសង្ឃនិងប្រជាពលរដ្ឋ។ ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តីបានសាកសួរដល់អាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយ លោកអភិបាលរងខណ្ឌដង្កោ បញ្ជាក់ពីបញ្ហាវិវាទខាងលើ ដើម្បីជ្រាបកាន់តែច្បាស់នៅវិវាទ ដើម្បីដោះស្រាយបញ្ហាឲ្យចំគោលដៅ នឹងតម្លាភាព។

តាមរយៈនេះ ឯកឧត្តម រដ្ឋមន្រ្តីបានទទួលយកនៅសំណើរ និងសំណូមពរ មកពិចារណា ដើម្បីយកមកដោះស្រាយដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ជូនទាំងប្រជាពលរដ្ឋ និងព្រះសង្ឃ មិនឲ្យបាត់បង់ប្រយោជន៏ទាំងសងខាង ពិសេសសម្បត្តិវត្តអារាម ដែលជាកន្លែងគោរពប្រតិបត្តិរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើរសុំ បងប្អូនប្រជាពលរដ្ឋ បើកចិត្តឲ្យទូលាយក្នុងការទទួលយកដំណោះស្រាយ ចាត់ទុកថាយើងជាបងប្អូនខ្មែរ កាន់សាសនាព្រះពុទ្ធដូចគ្នា រស់នៅក្នុងសហគមន៏តែ១ រួមគ្នាដោះស្រាយទាំងអស់គ្នា ប្រកបដោយប្រសិទ្ធភាព និងដោះស្រាយបានរលូន។

ឯកឧត្តម បានចង្អុលបង្ហាញឲ្យភាគីទាំងសងខាងទទួលយកដំណោះស្រាយដូចបានឯកភាគ្នាក្នុងកំណត់ហេតុអង្គប្រជុំ។
ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា បញ្ហាវិវាទនេះទាល់តែមានការរួមចំណែកពីភាគីទាំងសងខាង ទើបបញ្ហាបញ្ចប់ទៅដោយសន្តិវិធី ដោយឡែកបើសិនជាមិនមានការយល់ស្របពីភាគីសងខាងទេ ឯកឧត្តមនិងឈរលើការដោះស្រាយទៅតាមផ្លូវច្បាប់ ជាមួយអជ្ញាធរមូលដ្ឋាន និងជំនាញ ពិនិត្យលិខិតច្បាប់ជាក់ស្តែងនៅក្នុងការដោះស្រាយ ។ ដូចនេះ ឯកឧត្តម នៅតែសង្ឃឹមថា បញ្ហាវិវាទនេះនឹងដោះស្រាយបានដោយសន្តិវិធី ព្រមទាំងមានការឯកភាពពីសំណាក់ភាគីទាំងសង៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាតឲ្យឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាតឲ្យលោកជំទាវបណ្ឌិត ឌីវីយ៉ានី អ៊ុតាម ខប្រាហ្គេដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនឹងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្តែងនៅការអបអរសាទរ ឯកឧត្តម រដ្ឋមន្រ្តីដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន តួនាទីជារដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសម្រាប់គោលបំនងនៃជំនួបនាឱកាសនេះ លោកជំទាវ គោលមានបំណងជំរុញនិងចងសម្ព័ន្ធមេត្រីភាពរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសឥណ្ឌា តាមរយៈក្រសួងធម៌ការនិងសាសនាកម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះអនុស្សារណៈយោគយល់គ្នាលើលិខិតមួយចំនួនទាក់ទងទៅនិងវិស័យព្រះពុទ្ធសាសនា និងស្នើរសុំឯកឧត្តម រដ្ឋមន្រ្តី ចុះកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលមន្រ្តីរាជការរបស់ក្រសួង វគ្គសិក្សាខ្លី ស្តីពីអភិបាលកិច្ចល្អនៅប្រទេសឥណ្ឌា ព្រមទាំងបានស្នើរសុំឯកឧត្តម រដ្ឋមន្រ្តី អញ្ជើញចូលរួមជាអធិបតីនៅកម្មវិធី សូត្រព្រះត្រៃបិដក ប្រារព្ធធ្វើឡើងនៅប្រទេសឥណ្ឌា ដែលធ្វើឡើងជារៀងរាល់១០ឆ្នាំម្តង ក្នុងនោះក៏មានវេនរបស់ប្រទេសកម្ពុជាធ្វើជាម្ចាស់កម្មវិធីផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមថ្លែងអំណរគុណចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូតដែលកន្លងមកបានផ្តល់ កុំព្យូទ័រ មកដល់ពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ ដើម្បីជាធនធានក្នុងការបណ្តុះបណ្តាលដល់សាមណនិស្សិត និស្សិត និងសូមថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានស្វះស្វែងនៅការបន្តចុះកិច្ចសហប្រតិបត្តិការជាមិត្តភាពដែលមានស្រាប់រវាងកម្ពុជានិងឥណ្ឌា។ ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានទទួលការអញ្ជើញពីលោកជំទាវ នៅការចូលរួមក្នុងកម្មវិធី វិបស្សនាអន្តរជាតិ ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ សម្រាប់ពេលវេលា លោកជំទាវសូមជម្រាបនៅពេលក្រោយ។ ដោយឡែក ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជម្រាបជូនផងដែលថា ឯកឧត្តម និងជំរុញដល់មន្រ្តីជំនាញសិក្សាលើសំណើរសុំ ដង្ហែព្រះបរមសេរិរិកធាតុពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសកម្ពុជាឲ្យបានឆាប់រហ័ស និងល្អិតល្អន់ ដោយឯកឧត្តមបានបញ្ជាក់ផងដែលថា ពិធីបង្ហែនេះចាត់ទុកថាជាកម្មវិធីថ្នាក់ប្រទេសនិងប្រទេស ដូចនេះឯកឧត្តមសូមពេលវេលាដើម្បីសិក្សាលំអិតជាមុនសិន ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តម ចាយ បូរិន សង្ឃឹមថា ចំណងមិត្តភាពរវាងកម្ពុជានិងឥណ្ឌា ដែលមានសម្រាប់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ កាន់តែរឹងមាំឡើងថែមទៀត ពិសេសតាមរយៈក្រសួងធម្មការនិងសាសនានិងជំរុញបន្ថែមលើវិស័យព្រះពុទ្ធសាសនា ក្នុងនាមយើងជាប្រទេសកាន់វិស័យព្រះពុទ្ធសាសនាដូចគ្នា ៕

Scroll to Top