ព័ត៌មាន

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានអានរបាយការណ៍ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី ថាដោយមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ដូចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ នាំណែឲ្យក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ។

វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបាននបង្កើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ និងបានប្រគល់តួនាទីឲ្យមកនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមនៃក្រសួងធម្មការនិងសាសនាក្នុងការអនុវត្តផ្សព្វផ្សាយចំណេះដឹង ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។

លោក កែវ ហេង បានបន្តថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរទទួលបានជោគជ័យចំនួន៤៥វគ្គមកហើយ ដោយឡែក បណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៥ នាឱកាសនេះ មានសិក្ខាកាមអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២០៣រូប ក្នុងនោះព្រះសង្ឃ ៣៨ អង្គនិងអាចារ្យនី ៥នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប សិក្សាលើ១៨មុខវិជ្ជាធំៗ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៏ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ពីប្រពៃណីដ៏សំបូរបែប និងបានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែក រកខុសត្រូវមិនដាច់ស្រេច ដូចនេះទើបសម្រេចផ្តល់អនុសាសន៍ណែនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្ដេចគតិព្រឹទ្ធបណ្ឌិត បង្កើតវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរចាត់តាំងពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្នជំនាន់៤៤ ក្នុងគោលបំណងថែរក្សាលើកតម្កើងតម្លៃព្រះពុទ្ធសាសនានិងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិឲ្យបានគង់វង្ស អនុលោមតាមក្បួនតម្រាដែលមានពីបុរាណមក។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា តួនាទីអាចារ្យ មានសារៈសំខាន់ណាស់ ជាអ្នកដឹកនាំកម្មវិធីផ្សេងៗ ដូចនេះក្នុងនាមជាអ្នកចេះដឹងខាងក្បួនតម្រាឲ្យសមស្របទៅនឹងទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរដែលបុព្វបុរសខ្មែរយើងខំតាក់តែងចង់ក្រងសម្រាប់កូននចៅជំនាន់ក្រោយ និងបែងចែងឲ្យដាច់នូវជំនាញ់រៀងៗខ្លួន ពិសេសពិធីមង្គលឲ្យចំមង្គល ពិធីបុណ្យទាន ឬពិធីបុណ្យសពជាដើម ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងន័យលើកកម្ពស់ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីថែរក្សាមរតកដូនតា ក្នុងបរិបទ នៃ សាកលភាវូបនីយកម្ម និង ការអភិវឌ្ឍលើគ្រប់វិស័យដូចខាងក្រោម៖

១-ក្នុងនាមជាអាចារ្យត្រូវ គោរព តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបានសិក្សា នេះឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។

២-ក្នុងនាមជាព្រឹទ្ធាចារ្យប្រចាំភូមិ-ស្រុក ត្រូវមានភាពជាគំរូ ក្នុងការ គោរព ប្រតិបត្តិព្រះពុទ្ធ សាសនា ច្បាប់រដ្ឋ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់ អំពើ ហិង្សា គ្រប់រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូ ល្អដល់យុវ ជនជំនាន់ក្រោយ ។

៣-អាចារ្យទាំងអស់ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយ នឹងពុទ្ធបរិស័ទ គណៈកម្ម ការ វត្ត ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន ព្រះអនុគណ ព្រះមេគណ មន្ទីរធម្មការនិង សាសនាក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ចូលរួមទប់ស្កាត់កុំឱ្យមាន អធិករណ៍ កើតឡើងនៅ ក្នុងវត្ត ឬក្នុងមូលដ្ឋាន របស់ខ្លួន។

៤-អាចារ្យត្រូវចូលរួមរៀបចំវត្តអារាមឱ្យមានសោភ័ណភាពល្អ បរិស្ថានល្អ សក្តិសមជាទី គោរពសក្ការៈនិងជា រមណីយដ្ឋានផ្ដល់ទាំងសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។

៥-អាចារ្យត្រូវបន្តពង្រឹងនិងពង្រីកចំណេះដឹងត្រួវ ខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនច្បាប់ បន្ថែមទៀត ហើយចងក្រងទុកជាឯកសារ ដើម្បីចូលរួមចំណែក កសាង ឯកសារគោលឱ្យកាន់ តែមាន មូលដ្ឋាន ច្បាស់ លាស់និងទទួលយកបានទាំងអស់គ្នា បន្សល់ទុក ជាប្រយោជន៍ សម្រាប់ បច្ឆាជន។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន៕

ពិធីប្រកាសតែងតាំង និង ស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះចៅអធិការថ្មី នៃវត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) និងព្រះមន្រ្តីសង្ឃ

ពិធីប្រកាសតែងតាំង និង ស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះចៅអធិការថ្មី នៃវត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) និងព្រះមន្រ្តីសង្ឃ ប្រគេន ព្រះឥន្ទសិរីវង្ស តាត វិបុល ព្រះរាជាគណៈថ្នាក់កិត្តិយសឡើងជាព្រះចៅអធិការ វត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) និងព្រះមន្រ្តីសង្ឃ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។

ពិធីប្រកាសតែងតាំង និង ស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះចៅអធិការថ្មី នៃវត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) និងព្រះមន្រ្ត មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ៖

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា, ព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋាគណៈសង្ឃនាយក, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ,ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ទន្ទឹមនឹងការអភិវឌ្ឍន៏ឥតឈប់ឈរខាងផ្នែកអាណាចក្រលើកគ្រប់វិស័យ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមចំនែកលើកកម្ពស់សីលធម៌ និងកសាងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។ ព្រះពុទ្ធសាសនាត្រូវបានបំផ្លាញទាំងស្រុងនារបបដ៏ខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពលើកវិញ និងមានបោះជំហានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញពាសពេញប្រទេស ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ថា វត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) ជាទីតាំងព្រះបរមរាជវាំងដែលមានអាយុកាលជាង១៧០ឆ្នាំជាប្រវត្តិសាស្រ្តមួយ នាសម័យព្រះបាទអង្គឌួង ព្រមទាំងត្រូវបានយកចិត្តទុកដាក់អភិរក្ស និងអភិវឌ្ឍន៍កេរដំណែលដ៏ឧត្តុង្គឧត្តមនេះជាសម្បត្តិបេតិកភណ្ឌសម្រាប់ប្រទេស នឹងត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានជួយឧបត្ថម្ភដោយទឹកចិត្តជ្រះថ្លា និងបន្តដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសបានយកចិត្តទុកដាក់លើកតម្កើនព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ សំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាសាកសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទនានា ដល់សេចក្តីថ្លៃថ្នូរ ការគង់វង្សស្ថិតស្ថេរ យូរអង្វែងនៃព្រះពុទ្ធសាសនា។

នាឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តូី និងឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធ ពិធីដង្ហែរ ប្រគេនប្រកាសនីយបត្រ និងផ្លិតយស ព្រមទាំងបានប្រារព្ធបទនមាសិក្កា ស្វាធ្យាយ ចម្រើនព្រះបរិត្ត ប្រោសព្រំសុំសិរីសួស្តី ស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះឥន្ទសិរីវង្ស តាត វិបុល ព្រះរាជាគណៈថ្នាក់កិត្តិយសឡើងជាព្រះចៅអធិការថ្មីនៃ វត្តហរិរក្សរាជិនី(ហៅវត្តវាំងចាស់) និងព្រះមន្រ្តីសង្ឃ គ្រប់ព្រះអង្គ ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំ” ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេចព្រះមហាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ស្តីពីការត្រៀមរៀបចំ ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេចព្រះមហាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅ អធិការវត្តបទុមវតីរាជវរារាម ក្នុងព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា នាទីស្តីការក្រសួង ។

កិច្ចប្រជុំនេះមានការនិមន្ត និងអញ្ជើញចូលរួមពិភាក្សាពីសំណាក់ ៖ ឯកឧត្តម យូរ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី , ឯកឧត្តម លោកជំទាវ អនុគណៈកម្មការរៀបចំព្រះរាជពិធីតំណាងមកពីបណ្តាក្រសួង-ស្ថាប័ននានា , សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះប្រធានលេខាធិការដ្ឋគណៈសង្ឃនាយក, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋាគណៈសង្ឃនាយក, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក , ព្រះមន្រ្តីសង្ឃនៃគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ ថាកិច្ចប្រជុំតៀមរៀបចំ ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេចព្រះមហាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅ អធិការវត្តបទុមវតីរាជវរារាម ក្នុងព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា នាឱកាសនេះ គឺដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ទាំងទៅតាមផែនការងារដែលក្រសួង-ស្ថាប័នចាត់ចែង ទាំងផ្នែកពិធីសាសនា សន្តិសុខសណ្តាប់ធ្នាប់ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ចង្ហាន់ សម្រាប់ពិធីព្រះរាជពិធីសង្ឃទាន ថ្វាយព្រះពរចម្រើនព្រះជន្ម សម្ដេចព្រះមហាសុមេធាធិបតី ឲ្យស័កសមទៅនិងព្រះកិត្តិយស ព្រះគុណបំណាច់ និងព្រះមហាករុណាទិគុណ  ដែលស្ទើរតែពេញមួយព្រះជន្មវស្សារបស់ព្រះអង្គបានលះបង់ក្នុងវិស័យព្រះពុទ្ធសាសនា ចាត់តាំងពិក្រោយសម័យខ្មែរក្រហមដួលរលំ ព្រះអង្គបានចូលបួសក្នុងសាសនាព្រះពុទ្ធជាថ្មី នៅឆ្នាំ១៩៧៩ ក្នុង ព្រះជន្ម៥៦ឆ្នាំ ដោយកាលនោះមានព្រះសង្ឃតែ ៧អង្គប៉ុណ្ណោះ ចូលបួសជាថ្មីដំបូងគេ ដើម្បីទ្រទ្រង់ និងស្ដារព្រះពុទ្ធសាសនាកម្ពុជាឡើងវិញ។

សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេចព្រះមហាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅ អធិការវត្តបទុមវតីរាជវរារាម ក្នុងព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា ដែលនឹងប្រារព្ធឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ខាមុខ នាសាលាធម្មសភា វត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ៕

ពិធីប្រកាសលទ្ធផល ការសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤

នារសៀលថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីប្រកាសលទ្ធផល ការសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤ នៅបរិវេណវិហារធំគីឡូម៉ែត្រលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ។

ពិធីប្រកាសលទ្ធផល ការសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤ នេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម បណ្ឌិតឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម លោកជំទាវសមាជិក ព្រឹទ្ធសភា រដ្ឋសភា , ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, អ្នកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា, ថ្នាក់ដឹកនាំសាសនាឥស្លាម , សិស្ស និស្សិត យ៉ាងច្រើនកុះករ។

អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា និងជាប្រធានគណៈកម្មការពិធីសូត្រ បានមានប្រសាន៍ជម្រាបជូន ឯកឧត្តម សន្តិបណ្ឌិត ថា ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤ បានប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ ” ឥស្លាមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់” ដោយមានបេក្ខជន បេក្ខនារីជា ករី ករីយះ ចំនួន៣៩រូបក្នុងនោះ ស្ត្រី១៨រូប និងបេក្ខជន បេក្ខនារីជា ហាហ្វីស ហាហ្វីហ្សោះ១២រូប ក្នុងនោះស្រ្តី២រូប។

ការលើកយកប្រធានបទ ” ឥស្លាមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់” គឺស្របទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំប្រឹងប្រែង កំណត់គោលដៅរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនខុសច្បាប់ ដើម្បីបង្ហាញសេចក្តីគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងធម្មការនិងសាសនា ក្នុងការចូលរួមផ្សព្វផ្សាយដល់យុវជន យុវនារី ក្រប់ស្រទាប់វណ្ណៈ។

ជាលទ្ធផលក្នុងការប្រលងសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គួរអានុលការីមថ្នាក់ជាតិឆ្នាំ២០២៤នេះទទួលលទ្ធផលដូចតទៅ៖

-ផ្នែកបុរស បេក្ខជនជា ករី ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តស្ទឹងត្រែង , ចំណាត់ថ្នាក់លេខ២បានទៅ រាជធានីភ្នំពេញ,និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកណ្តាល។

-ផ្នែកនារី បេក្ខនារីជា ករីយះ ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តបាត់ដំបង , ចំណាត់ថ្នាក់លេខ២បានទៅ ខេត្តត្បូងឃ្មុំ,និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកោះកុង។

+ផ្នែកបុរស បេក្ខជនជា ហាហ្វីហ្ស ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តកំពង់ចាម , ចំណាត់ថ្នាក់លេខ២បានទៅ និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកំពង់ចាម។

+ផ្នែកនារី បេក្ខនារីជា ហាហ្វីហ្សោះ ចំណាត់ថ្នាក់លេខ១បានទៅ ខេត្តឧត្តរមានជ័យ , ចំណាត់ថ្នាក់លេខ២បានទៅ ខេត្តកំពង់ឆ្នាំង, និងចំណាត់ថ្នាក់លេខ៣បានទៅ ខេត្តកោះកុង។

ដោយឡែកសម្រាប់បេក្ខជន បេក្ខនារីដែលត្រូវជាប់ទៅប្រលងការសូត្រគម្ពី អាល់គួរអានុលការីមថ្នាក់អន្តរជាតិ ផ្នែកបុរសបានទៅខេត្តស្ទឹងត្រែង , ផ្នែកនារី បានទៅខេត្តបាត់ដំបង។

នាឱកាសនេះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានធ្វើការកែទម្រង់រចនាសម្ព័ន្ធដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយស្ថានភាពតំបន់និងពិភពលោកដែល បាននិងកំពុងគំរាមកំហែង បង្កផលប៉ះពាល់ដល់កម្ពុជាផងដែរជាក់ស្តែងក្រុមឧក្រិដ្ឋជន បានលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន តាមផ្លូវគោក ផ្លូវទឹក បញ្ញើប្រៃសណីយ៍ និងតាមផ្លូវអាកាស ធ្វើសកម្មភាពរក្សាទុក និងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីចែកចាយ នៅក្នុងប្រទេសមុននឹងចរាចរបន្តទៅប្រទេសទីបីទៀត។ សកម្មភាពទាំងនេះ បានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ធ្វើឱ្យប្រជាជនយើងមួយចំនួនចាញ់កលល្បិច ធ្លាក់ខ្លួនទៅពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើស និងជាអ្នកញៀនគ្រឿងញៀនបង្កការលំបាកធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសារ និងសហគមន៍ដូចជា អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ឧក្រិដ្ឋកម្ម ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាដើម។

ឯកឧត្តម សន្តិបណ្ឌិត បានបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញផែនការការងារអាទិភាពដ៏សំខាន់ចំនួន៥៖ (១) ការផ្សព្វផ្សាយនិងអប់រំ (២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងគីមីផ្សំ (៣) ការងារព្យាបាល ស្តារនីតិសម្បទានិងសមាហរណកម្ម (៤) ការងារពង្រឹងប្រសិទ្ធិភាពអនុវត្តច្បាប់ និង(៥) ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិ។

ក្នុងឱកាសនេះ ឯកឧត្តម សន្តិបណ្ឌិត បានបញ្ជាក់បន្តថា ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៣១ សូត្រចាំមាត់លើកទី៥ ឆ្នាំ២០២៤នេះ ជាសមិទ្ធផល ថ្មីមួយទៀតនៃការដឹកនាំរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ហើយប្រធានបទនៅឆ្នាំនេះ គឺ “ឥស្លាម ចូលរួមប្រយុទ្ធ ប្រឆាំង គ្រឿងញៀនខុសច្បាប់” នឹងបង្ហាញអំពីបទប្បញ្ញតិ្តក្នុងគម្ពីរឥស្លាមសាសនាពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ដើម្បីប្រមូលចងក្រង ជំរុញការផ្សព្វផ្សាយ អប់រំដល់ឥស្លាមសាសនិកឱ្យបង្កើនស្មារតីប្រកាន់ខ្ជាប់ប្រតិបត្តិតាមបទប្បញ្ញត្តិទាំងនោះ និងខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ លុបបំបាត់ ប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ និងការជួញដូរគ្រឿងញឿនខុសច្បាប់ នៅព្រះរាជាណាចក្រកម្ពុជាយើង។

ដើម្បីចូលរួមអបអរសាទរ បេក្ខជន បេក្ខនារី ដែលចូលរួម សូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៣១ សូត្រចាំមាត់លើកទី៥ ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត បានឧបត្ថម្ភដល់បេក្ខជន បេក្ខនារី ដែលទទួលជ័យលាភីទាំង១១រូប ដោយក្នុង១រូបៗទទួលបានថវិកា៤០មុឺនរៀល សរុប៤៤លានរៀល និងបាននាំយកថវិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភក្នុងកម្មវិធីចំនួន២០លានរៀល ផងដែរ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីបើក ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤

នាព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីបើក ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤ ដែលបានប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណវិហារធំគីឡូម៉ែត្រលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាធានីភ្នំពេញ។

ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការពិធីសូត្រ មានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីថា ពិធីសូត្រគម្ពីអាល់គូរអានុមការី ថ្នាក់ជាតិ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយឡែក ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤នេះ បានប្រារព្ធឡើងក្រោមប្រធានបទ ” ឥស្លាមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់” ដោយមានបេក្ខជន បេក្ខនារីជា ករី ករីយះ ចំនួន៣៩រូបក្នុងនោះ ស្ត្រី១៨រូប និងបេក្ខជន បេក្ខនារីជា ហាហ្វីស ហាហ្វីហ្សោះ១២រូប ក្នុងនោះស្រ្តី២រូប។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា ពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីអាល់គូរអានុមការី ថ្នាក់ជាតិឆ្នាំ២០២៤ គឺជាផ្នែកមួយនៃការថែរក្សានូវប្រពៃណី វប្បធម៌ និងផ្តល់នូវចំណេះដឹងផ្នែកធម៌វិន័យសាសនាឥស្លាម ទាក់ទងនឹងការហាមឃាត់នៃការប្រើប្រាស់ជួញដូរគ្រឿងញៀនខុសច្បាប់ដែលទាមទារឲ្យយើងស្វែងយល់ និងសិក្សាបន្តទៀតដែលដកស្រង់ជ្រើសរើសចេញពីគម្ពីរអាល់គួរអាន ដែលជាគម្ពីររបស់អាឡោះជាម្ចាស់ របស់សាសនាឥស្លាម គោរពប្រតិបត្តិ។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិនេះ អាចប្រព្រឹត្តឡើងយ៉ាងមហោឡារិកអធិកអធមបាន គឺអាស្រ័យដោយព្រះរាជាណាចក្រកម្ពុជាយើង កំពុងស្ថិតក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមមត៌កដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ជារបៀបវារៈនៃការ អភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ដា ឆ្លើយតបនឹងបញ្ហាគ្រឿងញៀននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពី ការត្រួតពិនិត្យគ្រឿងញៀន គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បទបញ្ជាលេខ០០១ ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការភូមិ ឃុំ សង្កាត់ គ្មានគ្រឿងញៀន និងគោលការណ៍ណែនាំស្តីពី ការពង្រឹងប្រសិទ្ធភាពការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានកំណត់ត្រង់បរិស្ថានគ្រប់ដណ្តប់ស្នូលនិងយុទ្ធសាស្ត្រ គឺការបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម សាធារណៈ ដែលក្នុងនោះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅអាទិភាពចម្បងផងដែរ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បន្តថា ព្រះរាជាណាចក្រកម្ពុជាយើង កំពុងស្ថិតក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមមត៌កដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៣១ សូត្រចាំមាត់លើកទី៥ ឆ្នាំ២០២៤ របស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានលើកយកប្រធានបទស្តីអំពី “ឥស្លាមចូលរួមប្រយុទ្ធ ប្រឆាំង គ្រឿងញៀនខុសច្បាប់” នេះបញ្ជាក់យ៉ាងច្បាស់ថា គ្រឿងញៀនមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់អាណាចក្រប៉ុណ្ណោះទេ ខាងផ្នែកសាសនចក្រក៏ទទួលរងនូវវិបត្តិនេះផងដែរ ដូច្នេះបញ្ហាគ្រឿងញៀននេះ មិនមែនជាបញ្ហារបស់អ្នកណាម្នាក់ ឬប្រទេសណាមួយនោះទេ គឺជាបញ្ហាសកលរបស់យើងទាំងអស់គ្នា ត្រូវចូលរួមដោះស្រាយ ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា គ្រប់សាសនា មិនថាព្រះពុទ្ធសាសនា ឥស្លាម សាសនា និងគ្រឹស្ឋសាសនា ប្រាកដជាមានវិន័យ ឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងការហាមប្រាមការផលិត ការជក់ និងការជួញដូរគ្រឿងញៀននេះ ដូច្នេះគ្រប់សាសនា ជាពិសេសសាសនាឥស្លាម ដើម្បីឱ្យស្របទៅនឹងប្រធានបទខាងលើ ត្រូវនាំយកបទប្បញ្ញត្តិនៅក្នុងគម្ពីរសាសនាឥស្លាម ដែលមានខ្លឹមសារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ធ្វើការផ្សព្វផ្សាយ អប់រំដល់ឥស្លាមសាសនិកឱ្យបានយល់ទូលំទូលាយ បង្កើនស្មារតីប្រកាន់ខ្ជាប់ការប្រតិបត្តិតាម   បទប្បញ្ញត្តិដែលមានចែងក្នុងគម្ពីរទាំងនោះ ចូលរួមបង្ការទប់ស្កាត់ លុបបំបាត់ ប្រយុទ្ធប្រឆាំងនឹងការផលិត ការប្រើប្រាស់ និងការជួញដូរគ្រឿងញឿនខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជាយើង៕

ឯកឧត្តម ចាយ បូរិន និងគណៈសង្ឃនាយកប្រគេនព្រះបរមអដ្ឋិសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស  ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវសូ ភត្ត្រា និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក ដែលដឹកនាំ ដោយព្រះតេជគុណ បណ្ឌិត សុិនកៃ គូរី ជាប្រធាននៃអង្គការសន្និសីទពុទ្ធសាសនាពិភពលោក នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ។ពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក មានការនិមន្តនិងអញ្ជើញចូលរួមដោយ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម, គណៈប្រតិភូតំណាងប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ពិភពលោកចំនួន៥១ប្រទេសដែលនិមន្តនិងអញ្ជើញមកពីប្រទេស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ុងហ្គោលី វៀតណាម ស្រីលង្កា និងសហរដ្ឋអាមេរិក ,ព្រមទាំង  លោក លោកស្រីថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័នផ្សេងៗ នៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព ។

បន្ទាប់ពីដង្ហែរព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ពីវាលព្រះមេរុ មុខវត្តបុទុមវតីរាជវរារាម ឆ្ពោះមកវត្តឧណ្ណាលោម និងមួយចំណែកបាន ដង្ហែព្រះអង្គារ យកទៅបំប្លែង ក្នុងទន្លេចតុមុខមង្គល បានធ្វើឱ្យប្រជា រាស្ត្រ ខ្មែរ រន្ធត់ ចិត្ត ក្តុកក្តួលសោកស្តាយ អាឡោះអាល័យ ជាទី បំផុត ចំពោះ ការបែកឃ្លាតជាលើកចុងក្រោយដែលគ្មានថ្ងៃ ជួបវិញ ។

នាឱកាសនេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន បានប្រារព្ធពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក ដែលមាន ព្រះតេជគុណ បណ្ឌិត សុិនកៃ គូរី ជាប្រធាននៃអង្គការសន្និសីទពុទ្ធសាសនាពិភពលោក ដើម្បីដង្ហែយកទៅតំកល់នៅវិមានមហាសាល ព្រះពុទ្ធសាសនានៅទីក្រុង កូប៉េ ប្រទេសជប៉ុន តាមសេចក្តីសម្រេចរបស់សន្និសីទលើកទី០៦ នៃអង្គការសន្និសីទព្រះពុទ្ធសាសនាពិភពលោក សម្រាប់អដ្ឋិថ្នាក់ដឹកនាំកំពូលដែលមានព្រះគុណបំណាច់ចំពោះព្រះពុទ្ធសាសនា ដើម្បីទុកជាសក្ការបូជាសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនានៅលើពិភពលោក។សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត មានព្រះថេរដីកាថា ការលះបង់ដែលស្ទើរពេញមួយព្រះជន្មវស្សារបស់ សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះព្រហ្មវិហារធម៌ ព្រះសច្ចធម៌ និងព្រះគុណធម៌ដ៏ខ្ពង់ខ្ពស់ ព្រមទាំងបានផ្សព្វផ្សាយព្រះធម៌បរិសុទ្ធដល់ពិភពលោក ជាសមាជិកស្ថាបនិក និងជាព្រះអនុប្រធាននៃជំនួបកំពូលពុទ្ធសាសនា ដែលសម្តេចបានយាងក្នុងជំនួបលើកដំបូងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាឆ្នាំ១៩៩៨ ។

ឯកឧត្តមចាយ បូរិន បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ បានធ្វើឲ្យព្រះពុទ្ធសាសនានៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្រោមដំបូងសុខសន្តិភាព ដែលជាការខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជាពីគ្មានសាសនា មកមានសាសនាយ៉ាងច្រើននៅកម្ពុជា ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តនូវបេសកម្មដ៏ជ្រះថ្លានេះ។ ព្រះគុណបំណាច់ ព្រះកិត្តិយស និងព្រះមហាករុណាទិគុណដ៏ធំធេង របស់សម្តេចព្រះអម្ចាស់ ដែលស្ទើរតែពេញមួយព្រះជន្មវស្សាបានបំរើជាតិ សាសនា និងព្រះមហាក្សត្រ ទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ លើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា ដរាបបានក្លាយជា ព្រះនិមិត្តរូបដ៏ល្អបរិសុទ្ធឧត្តុងឧត្តម នៃឯកភាពជាតិ និងនិរន្តរភាពជាតិ ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ញាតិព្រះធម៌គ្រប់ទិសទី សូមបួងសួង ឧទ្ទិសថ្វាយនូវមហារាជកុសលដ៏ខ្ពង់ខ្ពស់ថ្វាយចំពោះ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារដ៏ខ្ពង់ខ្ពស់ជា “មហាវីរសង្ឃសិរីធម្មរាជ” សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខកុំបីអាក់ខានឡើយ។នាឱកាសដ៏មហាក្រៀមក្រំនេះ ព្រះតេជគុណ បណ្ឌិត សុិនកៃ គូរី ជាប្រធាននៃអង្គការសន្និសីទពុទ្ធសាសនាពិភពលោក និងគណៈប្រតិភូតំណាងអ្នកកាន់ព្រះពុទ្ធសាសនា ពិភពលោកចំនួន៥១ប្រទេសដែលនិមន្តនិងអញ្ជើញមកពីប្រទេស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ុងហ្គោលី វៀតណាម ស្រីលង្កា និងសហរដ្ឋអាមេរិក បានប្រារព្ធបទនមាសិកាចម្រើនព្រះបរិត្ត សត្តប្បករណាភិធម្មបង្សុកូល ថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមប្រទេសរៀងៗខ្លួន ដើម្បីជាកិច្ចជូនដំណើរចុងក្រោយ ដោយសេចក្តីស្រណោះអាឡោះអាល័យ ៕

ព្រះរាជពិធីឆាកមហាបង្សុកូល ឆ្លងខួបគម្រប់ ១០០ថ្ងៃ ថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  “មហាវីរសង្ឃសិរីធម្មរាជ”

នៅព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះរាជពិធីឆាកមហាបង្សុកូល ឆ្លងខួបគម្រប់ ១០០ថ្ងៃ ថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  “មហាវីរសង្ឃសិរីធម្មរាជ” ត្រូវបានប្រារព្ធឡើង នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  “មហាវីរសង្ឃសិរីធម្មរាជ” បានអញ្ជើញដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទ្ធ ចូលរួម ព្រះរាជពិធីឆាកមហាបង្សុកូល វេរ ថ្វាយ មហាសង្ឃទាន ចំពោះ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា, សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា , សម្តេចព្រះឧត្តមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី, ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ ចំនួន 93 ព្រះអង្គ ដារពិស្តារ ពហូទេវា ទស់បន្លុងដោយសម្តេចព្រះសង្ឃ ១២ ព្រះអង្គ និងរាប់បាត្រប្រគេនព្រះសង្ឃ ចំនួន ៨១ ព្រះអង្គ ជាកិច្ចបង្ហើយបុណ្យឆ្លង ខួបគម្រប់ ១០០ថ្ងៃ ឧទ្ទិសនូវមហាព្រះរាជកុសល ថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  “មហាវីរសង្ឃសិរីធម្មរាជ” ដែលបានចូលព្រះទិវង្គតទៅកាន់បរលោកឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខ កុំបីអាក់ខានឡើយ។

ការយាងចូលទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា កាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ គឺជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រ ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន និងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញនូវព្រះពុទ្ធសាសនា  ក្នុងព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបូជា ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុតលះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត្រ និងបង្កើតគណសង្ឃកម្ពុជាឡើងវិញ រហូតដល់បច្ចុប្បន្ន៕

ពិធីថ្វាយគោរមងារកិត្តិយស “មហាវីរសង្ឃសិរីធម្មរាជ” ចំពោះ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត ទេព វង្ស

នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ពិធីថ្វាយគោរមងារកិត្តិយស “មហាវីរសង្ឃសិរីធម្មរាជ” ចំពោះ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិតទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ពីអង្គការសន្និសីទពុទ្ធសាសនាពិភពលោក តំណាងអ្នកកាន់ព្រះពុទ្ធសាសនា ពិភពលោកចំនួន៥១ប្រទេស ។

ពិធីថ្វាយគោរមងារកិត្តិយសជាកិច្ចបច្ឆាមរណៈ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិតទេវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នូវគោរមងារកិត្តិយស “មហាវីរសង្ឃសិរីធម្មរាជ” នាឱកាសនេះមានការនិមន្តនិងអញ្ជើញជាអធិបតីពីសំណាក់ ៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា , ព្រះតេជគុណ បណ្ឌិត សុិនកៃ គូរី ប្រធានអង្គការសន្និសីទពុទ្ធសាសនាពិភពលោក, គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា , ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ , ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរម ,ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា , ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន , និងគណៈប្រតិភូតំណាងអ្នកកាន់ព្រះពុទ្ធសាសនា ពិភពលោកចំនួន៥១ប្រទេសដែលនិមន្តនិងអញ្ជើញមកពីប្រទេស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ុងហ្គោលី វៀតណាម ស្រីលង្កា និងសហរដ្ឋអាមេរិក ,ព្រមទាំង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័នផ្សេងៗ នៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព ។

គោរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់ជា “មហាវីរសង្ឃសិរីធម្មរាជ” ថ្វាយចំពោះ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិតទេវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ពីអង្គការសន្និសីទពុទ្ធសាសនាពិភពលោក នាឱកាសនេះពិតជាស័ក្តិសមទៅនឹងព្រះគុណបំណាច់ ព្រះកិត្តិយស និងព្រះមហាករុណទិគុណដ៏ធំធេង របស់សម្តេចព្រះអម្ចាស់ ដែលស្ទើរតែពេញមួយព្រះជន្មាយុ របស់ព្រះអង្គបានលះបង់បំរើ ជាតិ សាសនា និងព្រះមហាក្សត្រ ទាំងក្នុងអាណាចក្រ និងពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រង ថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនានានា ដរាបបានក្លាយជា ព្រះនិមិត្តរូបដ៏ល្អបរិសុទ្ធឧត្តុងឧត្តម នៃឯកភាពជាតិ និងនិរន្តរភាពជាតិ ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក។នាឱកាសនេះ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាមានការរីកចម្រើនយ៉ាងខ្លាំងក្រោមដំបូងសុខសន្តិភាព ដែលជាការខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជាពីគ្មានសាសនា មកមានសាសនាយ៉ាងច្រើននៅកម្ពុជា ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តនូវបេសកម្មដ៏ជ្រះថ្លានេះ។

ឯកឧត្តមបានបញ្ជាក់ថា ការថ្វាយព្រះគោរមងារកិត្តិយសនេះ មិនត្រឹមតែជាការថ្វាយព្រះកិត្តិយស ចំពោះសម្តេចជាអម្ចាស់ប៉ុណ្ណោះទេ និងជាមោទនភាពសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័កនិង ប្រជាជនកម្ពុជាផងដែរ។  ជាមួយគ្នានេះការសម្រេចថ្វាយ ថ្វាយព្រះគោរមងារកិត្តិយសនេះ ក៏ជាការទទួលស្គាល់នូវព្រះតួនាទីរបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិតទេវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាសមាជិកស្ថាបនិក និងជាព្រះអនុប្រធាននៃជំនួបកំពូលពុទ្ធសាសនា ដែលសម្តេចបានយាងក្នុងជំនួបលើកដំបូងក្នុងទីក្រុងតូក្យូ បហរទេសជប៉ុន នាឆ្នាំ១៩៩៨ ។ព្រះរាជសក្ខីកម្មជាវិជ្ជមានដ៏មហានក្ខត្តឫក្ស នៃពិធីថ្វាយគោរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា “មហាវីរសង្ឃសិរីធម្មរាជ” ថ្វាយចំពោះ ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិតទេព វង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាការរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតនៃការបាត់បង់នូវមហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុងឧត្តមនៃប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា  ដោយពេញមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់អស់ព្រះកាយពល  ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានតែងតាំងជា សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្ថជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងធំធេងកសាងសមិទ្ធផលនានាក្នុងសង្គម និងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ពិសេសព្រះអង្គធ្វើពលិកម្មគ្រប់បែបយ៉ាងបូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ញាតិព្រះធ៌មគ្រប់ទិសទី សូមបួងសួង ឧទ្ទិសថ្វាយនូវមហារាជកុសលដ៏ខ្ពង់ខ្ពស់ថ្វាយចំពោះ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារដ៏ខ្ពង់ខ្ពស់ជា “មហាវីរសង្ឃសិរីធម្មរាជ” សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខ កុំបីអាក់ខានឡើយ៕

ព្រះរាជពិធីបុណ្យមហាសង្ឃទាន ចម្រើនព្រះបរិត្ត សត្តប្បករណាភិធម្មបង្សុកូល ថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរម បានអញ្ជើញជាអធិបតីប្រារព្ធ ព្រះរាជពិធីបុណ្យមហាសង្ឃទាន ចម្រើនព្រះបរិត្ត សត្តប្បករណាភិធម្មបង្សុកូល ថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយាងចូលទិវង្គត កាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

នាមហារោងបុញ្ញកម្ម វត្តឧណ្ណាលោម រាជធានីភ្នំពេញ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធបទនមាសិកា សមាទានសីល ព្រះត្រៃរតន៍  ចម្រើនព្រះបរិត្ត សត្តប្បករណាភិធម្មបង្សុកូល ថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព និមន្តដឹកនាំដោយព្រះគណសង្ឃនាយនៃព្រះរាជាណាចក្រកម្ពុជា រួមមាន ៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ(អគ្គមហាសទ្ធម្មជោតិកធជ:) ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ, សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភាពុទ្ធសាសនាកម្ពុជា, សម្តេចព្រះព្រហ្មរតនមុនី ពិន សែម គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, ព្រះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ,ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរម, ប្រជាពុទ្ធបរិស័ទនិងញាតិព្រះធម៌គ្រប់ទិសទី ។

ថ្នាក់ដឹកនាំទូទាំងប្រទេសព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ញាតិព្រះធម៌គ្រប់ទិសទី បាននិមន្ត និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ   និង  ចម្រើនព្រះបរិត្ត ព្រះសត្តប្បករណាភិធម្មបង្សុកូល ឧទ្ទិសថ្វាយមហាព្រះរាជកុសលថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវមហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុងឧត្តមនៃប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា  ដោយពេញមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់អស់ព្រះកាយពល  ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានតែងតាំងជា សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្ថជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងធំធេងកសាងសមិទ្ធផលនានាក្នុងសង្គម និងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ពិសេសព្រះអង្គធ្វើពលិកម្មគ្រប់បែបយ៉ាងបូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។សូមជម្រាបជូនថា គិតមកត្រឹមថ្ងៃទី០២ ខែមិថុនានេះ ព្រះបរមសព បានតំកល់រៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធអស់រយៈពេល៩៨ថ្ងៃហើយ ព្រមទាំងបានប្រារព្ធព្រះរាជពិធីតាមបែបប្រពៃណីព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដើម្បីឧទ្ទិសថ្វាយមហារាជកុសលដ៏ខ្ពង់ខ្ពស់ ចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ឲ្យស័ក្តិសមទៅនឹងព្រះគុណបំណាច់ ព្រះកិត្តិយស និងព្រះមហាករុណទិគុណដ៏ធំធេង របស់សម្តេចជាអម្ចាស់ដែលបានបូជាចំពោះ ជាតិ សាសនានិងព្រះមហាក្សត្រ និងសូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខ កុំបីអាក់ខានឡើយ៕

ពិធីបើក សិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ពិធីបើក សិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ពិធីបើកសិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។

សិក្ខាសាលានេះ មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ , ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ មន្រ្តីរាជការសក្រសួងព័ត៌មាន ពិធីករ ពិធីការិនី តាមបណ្តាស្ថាប័នរដ្ឋ-ឯកជនផ្សេងៗ ដើម្បីស្វែងយល់ពីពាក្យពេជ្រការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវរៀបចំប្រារព្ធឡើងនាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ។

មានប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព ធ្វើយ៉ាងណាឲ្យបានត្រឹមត្រូវ ។
ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍ផងដែលថា តាមរយៈសិក្ខាសាលានេះ សូមថ្នាក់ដឹកនាំជំនាញក្រសួងធម្មការនិងសាសនា ដែលបានចូលរួមធ្វើបទបង្ហាញនាឱកាសនេះ សូមសហការជាមួយមន្រ្តីជំនាញក្រសួងព័ត៌មាន ដែលមានឯកឧត្ត រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចង្អុលបង្ហាញអំពីការផ្សព្វផ្សាយគ្រប់ព្រះរាជសកម្មភាព នៃព្រះរាជកម្មពិធីព្រះបរមសព និងត្រៀមនៅក្នុងការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈសិក្ខាសាលានេះ សូមមន្រ្តីរាជការក្រសួងព័ត៌មាន ពិធីករ ពិធីការិនី ទាំងស្ថាប័នរដ្ឋ-ឯកជន សូមត្រង់ត្រាប់ស្តាប់ឲ្យយល់ជ្រាបកាន់តែច្បាស់ ព្រមទាំងចូលរួមពិភាក្សាឲ្យបានសកម្មផងដែរ ។

នាឱកាសនេះ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន មានព្រះថេរដីកាស្តីពីការ រៀបចំព្រះរាជពិធីសាសនា និងពិធីជាតិ ចាត់តាំងពីការយាងចូលទិវង្គតដោយស្ងប់ស្ងៀមក្នុងព្រះរាជដំណាក់ របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥ និង៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ គណៈសង្ឃនៃព្រះរាជណាចក្រកម្ពុជា បានរៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព និងព្រះរាជពិធីមហាសង្ឃទានឧទ្ទិសមហារាជកុសលជាបន្តបន្ទាប់ ។

ដោយឡែក សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា បានមានព្រះថេរដីកាស្តីពីការព្រះជីវប្រវត្តិសង្ខេប និងស្នាមព្រះហត្ថដ៏ ឧត្តុងឧត្តម ដោយស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់អស់ព្រះកាយពល ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនា នៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានតែងតាំងជា សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្ថជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងធំធេងកសាងសមិទ្ធផលនានាក្នុងសង្គម និងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ពិសេសព្រះអង្គធ្វើពលិកម្មគ្រប់បែបយ៉ាងបូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់នឹងសោកស្រណោ អាឡោះអាល័យរកទីបំផុតគ្មាន ចំពោះការយាងចូលទិវង្គតរបស់សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណចក្រកម្ពុជា និងបានផ្តល់អនុសាសន៍បង្កើតនៅគណៈកម្មការបុណ្យថ្វាយព្រះរាជពិធីព្រះបរមសព ក្រោមការសហការពីសំណាក់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការរៀបចំធ្វើយ៉ាងណាឲ្យស័ក្តិសមទៅនឹងព្រះគុណបំណាច់ ព្រះកិត្តិយស និងព្រះមហាករុណទិគុណដ៏ធំធេង របស់សម្តេចជាអម្ចាស់ដែលបានបូជាចំពោះ ជាតិ សាសនានិងព្រះមហាក្សត្រ និងសូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលព្រះទិវង្គតទៅកាន់បរលោកឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខ កុំបីអាក់ខានឡើយ៕

Scroll to Top