ព័ត៌មាន

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញដឹកនាំប្រតិភូក្រសួង ស្ថាប័ន ពាក់ព័ន្ធ ចុះត្រួតពិនិត្យសមិទ្ធផលផ្សេងៗ នៅវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំប្រតិភូក្រសួង ស្ថាប័ន ពាក់ព័ន្ធ ចុះត្រួតពិនិត្យសមិទ្ធផលផ្សេងៗ មានកុដិ សាលា ព្រះវិហារ ព្រះពុទ្ធបដិមា ស្ពាន របង ផ្លូវថ្នល់ ដែលកំពុងកសាងយ៉ាងច្រើន នៅវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ មានការនិមន្ត និងអញ្ជើញ ពីសំណាក់ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្ដិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមន្រ្តីសង្ឃខេត្ត និងព្រះចៅអធិការវត្តតាសុត ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

ក្នុងកិច្ចប្រជុំនោះ ព្រះធម្មវនវាសី ចន្ទ មុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានអានរាយការណ៍សាងសង់ ប្រគេនសម្ដេច និងជូន ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អំពីសំណង់ដែលបានសាងសង់សម្រេច១០០%រួមមាន៖ របងមួយខ្សែមានប្រវែង ៧៦០ម៉ែត្រ ផ្លូវកៅស៊ូក្រាល AC ប្រវែង ២២ ២២២ម៉ែត្រផ្ទះបាយ១ខ្នង រោងតម្កល់ព្រះមួយខ្នងចំណាយថវិកា ស្ពានបេតុង១ខ្សែនិងសំណង់ផ្សេងៗរួមមានសូឡាបូមទឹក និងអណ្ដូងទឹក ស្ពានបេតុងមួយខ្សែរ ស្ពានសិលារូបហង្សនិងច្រាំងទឹកហូរ ប្រវែង១៣៥ម៉ែត្រ ផ្ទះដាក់ទេយ្យទានមួយខ្នង,ប្រាសាទតម្កល់ព្រះពុទ្ធរូប២ខ្នង កន្លែងតម្កល់ព្រះពុទ្ធ ៨ព្រះអង្គ ,បន្ទប់ទឹកមួយខ្នង ពុទ្ធរូប៥ព្រះអង្គ បង្គោលភ្លើងនិងខ្សែភ្លើង ប្រឡាយទឹកនិងទំនប់បង្ហៀរ ស្រះទឹក ប៉ុស្តយាមនិងកន្លែងផ្ដល់ព័ត៌មាន អណ្ដូងទឹក៤កន្លែង ជួងទម្ងន់ ១ ៦២០គីឡូ រួមជាមួយសូឡាបូមទឹក និងសមិទ្ធផលផ្សេងៗទៀត ដែលចំណាយ សរុបថវិកាចំនួន ៣,១៧៧,៥៣៣ដុល្លារ។

ក្រោយពីស្តាប់របាយការណ៍រួច ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការកសាងសង់សំណង់ដែលបម្រើដល់វិស័យព្រះពុទ្ធសាសនាត្រូវគោរពតាមក្បួនខ្នាតបានត្រឹមត្រូវ ចៀសវាងការស្ថាបនាឡើងដោយពុំមានមូលដ្ឋាន រចនាបទខ្មែរត្រឹមត្រូវ ជាហេតុនាំឱ្យកើតមានភាពអាណាធិបតេយ្យគ្មានសណ្តាប់ធ្នាប់និងគ្មានរបៀបរៀបរយ។ សំណង់វត្តអារាម ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័សពាសពេញផ្ទៃប្រទេស សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជា និងសម្តេចធិបតី តែងយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ណែនាំ ដល់ក្រសួងធម្មការនិងសាសនា ការពារ អភិរក្ស និងផ្តល់អាទិភាពចំបង ដល់វិស័យព្រះពុទ្ធជាសាសនា ដែលជាសាសនារបស់រដ្ឋ ។

ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាមានកំណើតកើត និងបានរស់នៅលើផែនដី ពោរពេញទៅដោយកេរមរតក ពីដូនតាបន្សល់ទុកឱ្យយើងនេះ ជាប្រយោជន៍ដ៏សំខាន់សំរាប់ជនជាតិខ្មែរគ្រប់រូបដែលមានភ័ព្វវាសនា និងទទួលយកសមិទ្ធិផលទាំងអស់នេះ។ ហេតុដូច្នេះវត្តអារាមត្រូវតែបន្តទំនៀមទំលាប់ផងទាំងពួងដែលបុព្វបុរសយើងបានបន្សល់ទុក កុំឱ្យសាបសូន្យអស់ពីទឹកដីភូមិចាស់របស់យើង ព្រោះថា ដូនតាលោកធ្វើឬសាងសំណង់ឡើងគឺមានក្បួនខ្នាតត្រឹមត្រូវ សំណង់សំរាប់បម្រើឱ្យការរស់នៅរបស់មនុស្សនិងសំណង់សម្រាប់គោរពបូជាដល់សាសនា ។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងសម្តេចព្រះរាជតំណាង និងប្រតិភូក្រសួង បាននិមន្តនិងអញ្ជើញពិនិត្យដោយផ្ទាល់ពីវឌ្ឍនភាពនៃការសាងសង់សំណង់សំខាន់ៗ ដែលកំពុងកសាងក្នុងវត្តរួមមាន៖ ១.សាលប្រជុំនិងសារមន្ទីរ ២.ហាកុដិ ៣.អគារព្រះអង្គខ្មៅជិនរង្សី ៤.អគារសុគន្ធារី សភាសាលា(សាលពិធី) ៥.ព្រះវិហាររតនមហាមង្គល ៦.អគារសាលាវិប្បសនា ៧.ក្លោងទ្វា ៨.អគារសហទេវាសភាសាលា(សាលាឆាន់)។

              

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ក្រសួងធម្មកានិងសាសនា នៅទីស្តីការក្រសួង។

បន្ទាប់ពីលោកជំទាវ នួន ប៊ុនណា បានឡើងអាននូវព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ និងលោកជំទាវ មិន ចណ្ឌីណែត រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិសមាគមនារី ក្រសួងធម្មការនិងសាសនា អាននូវរបាយការណ៍ស្វាគមន៍រួចមក ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីពេលកន្លងទៅ គឺ “ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសន្តិភាព” សម្តេចតែងតែការពារតម្លៃស្ត្រីខ្មែរ និងថ្កោលទោសរាល់ការប្រមាថមើលងាយស្ត្រី ជាពិសេសនៅក្នុងបរិបទនៃការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី។
ដោយឡែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏តែងតែលើកកម្ពស់តម្លៃស្ត្រី ដោយ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវទង្វើរើសអើងគ្រប់ទម្រង់ ដែលជះឥទ្ធិពលអវិជ្ជមានឬធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ របស់ស្ត្រីនៅក្នុងសង្គម តាមរយៈការផ្តល់ការគោរពនិងការការពារសិទ្ធិស្ត្រី។

ទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៦ ” ត្រូវបានប្រារព្ធឡើង ដើម្បីរំឭកនៅទូទាំងពិភពលោក ចំពោះសារៈសំខាន់និងគុណតម្លៃនៃការចូលរួមរបស់ស្ត្រី និងសមិទ្ធផលនានា ដែលកើតចេញពីកម្លាំងកាយកម្លាំងចិត្តរបស់ស្ត្រី ដោយពុំរើសអើង បែងចែកជាតិសាសន៍ ពណ៌សម្បុរ វប្បធម៌ អាជីព ស្ថានភាពសេដ្ឋកិច្ច ឬនិន្នាការនយោបាយ ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម នៅក្នុងការរួមចំណែក ធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ តាមរយៈការស្វែងយល់សុខទុក្ខ មន្រ្តីរាជការដែលជានិវត្តន៍ជននិងចាស់ជរា និងជនងាយរងគ្រោះនានា។

ជាក់ស្តែងមានដូចជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាដើម ដែលប្រជាពលរដ្ឋទូទៅប្រសិទ្ធនាមថា មាតាមនុស្សធម៌ លោកបានលះបង់កម្លាំងកាយ ចិត្ត សតិបញ្ញា និងទ្រព្យធនជាច្រើនជួយដល់សង្គមជាតិ និងស្របទៅនឹងទិសស្លោករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្នហ៊ុនម៉ាណែត ដែលបានថ្លែងថា “នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ”។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ក្នុងការបន្តជម្រុញការលើកកម្ពស់លើសមភាពយេនឌ័រ មួយចំនួនដូចជា៖
១.ក្នុងយុគសម័យឌីជីថល សន្តិសុខសម្រាប់ស្ត្រី មិនមែនមាននៅ ត្រឹមតែក្នុងពិភពរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែ គឺរួមទាំងសុវត្ថិភាពនៅលើ បណ្តាញសង្គមផងដែរ។ ដូច្នេះ យើងត្រូវរួមគ្នាបង្កើនការយល់ដឹង និងទប់ស្កាត់ឱ្យខានតែបាន នូវការបៀតបៀនតាមប្រព័ន្ធអនឡាញ ដើម្បីធានាថា ស្ត្រីនិងក្មេងស្រី អាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍខ្លួន ដោយគ្មានការគំរាមកំហែង។ ២.សូមឱ្យបងប្អូនស្ត្រីគ្រប់រូប កសាងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវៈផ្សេងៗ ពង្រឹងភាពអង់អាចរបស់ខ្លួន ចាប់យកឱកាសការងារ និងធានាបាននូវប្រាក់ចំណូលខ្ពស់ ដើម្បីកសាងគ្រួសាររបស់ខ្លួនឱ្យ រឹងមាំប្រកបដោយសុភមង្គល។ ៣.សូមឱ្យបងប្អូនជាបុរស ដែលជាស្វាមី ជាឪពុក និងជាមិត្តរួម ការងារ ត្រូវធ្វើជាបង្អែកដ៏រឹងមាំ និងជាដៃគូសន្តិភាពមិនអាចខ្វះបាន ក្នុងការផ្តល់តម្លៃ និងការការពារសន្តិសុខសម្រាប់ស្ត្រីនៅក្នុងគ្រួសារ អង្គភាព និងសង្គមជាតិ។ ៤.សូមលើកទឹកចិត្តឱ្យបង ប្អូន ជាស្ត្រីគ្រប់រូប បន្តប្រើប្រាស់ សមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍសង្គមជាតិយើង ឱ្យមានការរីក ចម្រើនបន្ថែមទៀត ។ ៥. សូមលើកទឹកចិត្តឱ្យបង ប្អូន នារី ជាសមាជិកសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និអភិវឌ្ឍន៍ក្រសួងធម្មការនិងសាសនា បន្តចុះសួរសុខទុក្ខវីរៈកងទ័ព និងបងប្អូនជនភៀសសឹង ដើម្បីផ្តល់ភាពកក់ក្រៅនិងកំលាំងចិត្ត ក្នុងនាម “ខ្មែរ ស្រលាញ់ ខ្មែរ“ ”ខ្មែជួយខ្មែរ “៕
          

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងធម្មការនិងសាសនា

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២​៦ របស់ក្រសួងធម្មការនិងសាសនា ដែលបាន​ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ដោយពិធីបើកចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ និងពិធីបិទប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា     សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំពាហិរសាសនា មន្ទីរ អង្គការដៃគូរពាក់ព័ន្ធ លោក លោកស្រី មន្ត្រីរាជការចំនួនប្រមាណ ៩៧៨ អង្គ/នាក់​។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយ ប្រគេន និងជូនដល់សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការនិងអង្គពិធីទាំងមូល ដែលបានយាង និមន្ត និងអញ្ជើញចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។ ជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសាសនា និងសុខទុក្ខ ការរស់នៅរបស់ប្រជាជនគ្រប់រូប ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការនិងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ជូនក្រសួងធម្មការនិងសាសនា និងរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៥កន្លងទៅនេះ។ សមិទ្ធផលទាំងនេះ ឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងរួមមាន៖ ការលើកកម្ពស់សាសនារបស់រដ្ឋ ការលើកកម្ពស់សីលធម៌សង្គម ការរក្សាសុខដុមនីយកម្មសាសនា ការពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ​ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងការអភិវឌ្ឍវិស័យធម្មការនិងសាសនា ព្រមទាំងជាការចូលរួមលើកកម្ពស់សីលធម៌ គុណធម៌ និងសុជីវធម៌របស់ពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ក្នុងរយៈពេលជាង៣ទសវត្សរ៍ចុងក្រោយនេះ តាមរយៈនយោបាយឈ្នះឈ្នះ និងក្រោមការខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត និងការកែទម្រង់មុតស្រួចឥតងាករេលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការបន្តវេនដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពប្រាកដនិយ​ម​របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ កម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាច្រើន និងបានផ្លាស់ប្តូរមុខមាត់គួរជាទីមោ​ទ​​​នៈ ដោយរក្សាបាន​​ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព ព្រមទាំងធានាបានយ៉ាងរឹងមាំនូវសុខដុមនីយកម្មសាសនា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា រហូតមកទល់បច្ចុប្បន្ននេះ  រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទន្ទឹមគ្នានឹងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ សំដៅខិតខំជម្នះឱ្យបាននូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្តបន្ទាប់ និងដំណាលៗគ្នា ដោយតម្រូវឱ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ឱ្យបានទាន់ពេល និងចំទិសដៅប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។ ​ក្នុងបរិការណ៍នៃការប្រឈម និងការប្រែប្រួលនេះ  វិស័យសាសនា ក៏កាន់តែមានតួនាទីសំខាន់ ក្នុងការចូលរួមថែរក្សានូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សន្តិសុខ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់មូលធនសង្គម បណ្ដុំគុណតម្លៃរួមជាធាតុចាំបាច់ធ្វើឱ្យមនុស្សអាចរួមរស់ និងបំពេញការងារក្នុងស្មារតីក្រុម ឬស្មារតីស្នេហាជាតិ ដើម្បីសម្រេចឱ្យបានតាមវត្ថុបំណងដ៏ពិសិដ្ឋរបស់ប្រទេសនីមួយៗ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានគាំទ្រដល់ស្មារតីអង្គសន្និបាតរបស់ក្រសួងធម្មការនិងសាសនា ដែលបានកំណត់ដាក់ចេញនូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងចំនួន៥គឺ៖ ​ការលើកកម្ពស់សាសនារបស់រដ្ឋ ការលើកកម្ពស់សីលធម៌សង្គម ការរក្សាសុខដុមនីយកម្មសាសនា ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស ដើម្បីបន្តអនុវត្តឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ព្រមទាំងបានថ្វាយ ប្រគេន និងជូននូវទស្សនទានបន្ថែមមួយចំនួនផងដែរគឺ៖ទី១. ​សូមបន្ត​លើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការផ្សព្វផ្សាយ​នូវសាសនូ​វាទ ​ដើម្បីជួយធ្វើឱ្យប្រជាជនកម្ពុជា មាននូវបញ្ញាស្មារតី​ប្រកប​ដោយព្រហ្មវិហារធម៌ កាត់បន្ថយ​អំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិ មាន​សុខដុមរមនា និងពង្រឹងសាមគ្គីធម៌, ទី២.ថ្នាក់ដឹកនាំគ្រប់​សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ បន្តចូលរួមថែរក្សាសុខដុមនីយកម្មសាសនា សាមគ្គីភាព និងវឌ្ឍនភាពសង្គម, ទី៣. ​គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តសហការជាមួយក្រសួងធម្មការនិងសាសនា ដើម្បី​លើកកម្ពស់សាសនានិងសីលធម៌សង្គម​ ពង្រឹងសុខដុមនីយកម្ម​សាសនា ដោយលើកទឹកចិត្តឱ្យគ្រប់សាសនា ចូលរួមជួយក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌, ​ទី៤.បន្តពង្រឹងគុណភាពគ្រប់មុខវិជ្ជាលើវិស័យពុទ្ធិកសិក្សានៅគ្រប់កម្រិត​ មានដូចជាធម្មវិន័យ​ បាលី សំស្រ្កឹត ទស្សនវិជ្ជាសាសនា។ល។ តាមរយៈការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ដោយបញ្ចូលជំនាញ
​ព័ត៌មានវិទ្យា និងភាសាបរទេស ​ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម។ ពុទ្ធិកសាកលវិទ្យាល័យ បន្តពង្រឹងគុណភាពស្រាវជ្រាវបែបវិទ្យាសាស្ត្រសម្រាប់គ្រូបង្រៀន សមណនិស្សិត និងនិស្សិត ក្នុងការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវនានា, ទី៥. បន្តពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងាររបស់ក្រសួងធម្មការនិងសាសនា តាមរយៈការបន្តពង្រឹងសមត្ថភាពមន្ត្រីសង្ឃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីឆ្លើយតបទៅនឹងបរិបទបរិវត្តកម្មឌីជីថល, ទី៦.អគ្គនាយកដ្ឋានកិច្ចការសាសនា អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បន្តយកចិត្តទុក ក្នុងការគ្រប់គ្រងការងារដោយផ្តោតលើសមិទ្ធផលគន្លឹះ តាមរយៈការតាមដានត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ, ទី៧.អគ្គនាយកដ្ឋានកិច្ចការសាសនា ពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថលសម្រាប់វត្តអារាម វិហារសាសនា និងស្ថិតិបព្វជិតនៅទូទាំងប្រទេស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងផ្ដល់សេវា។ ជំរុញឱ្យមានការដាំដើមឈើ បន្លែ និងបំផុសឱ្យគ្រប់​អារាមសាសនា ​អនុវត្តឱ្យបានជាអតិបរមានូវអភិក្រម ស៣ គឺ សទី១ ស្អាត សទី២ ស្វាង និងសទី៣ ស្ងប់ ដែលដាក់ចេញដោយក្រសួងធម្មការនិងសាសនា ដើម្បីប្រែក្លាយគ្រប់អារាមសាសនាទៅជាទីកន្លែងទេសចរណ៍សាសនា, ទី៨. សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ចូលកម្មវិធីអប់រំសីលធម៌ គុណធម៌ ដល់យុវជននៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍, ទី៩.ពង្រឹងការតាមដាន និងគ្រប់គ្រងរាល់សកម្មភាពសាសនាដែលខុសច្បាប់ ឬសកម្មភាពដែលឆ្លៀតឱកាស ប្រើប្រាស់ជំនឿ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ក្នុងនាម សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានថ្វាយព្រះពរ ប្រគេនពរ និងជូនពរ ​សម្ដេចជាអម្ចាស់ សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគ្រប់សាសនា លោក លោកស្រី មន្ត្រីរាជការ និងអង្គសន្និបាតទាំងមូល សូមប្រកប​ដោយពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ​ពលៈ កុំបីប្រែក្លាយទៅជាបការដទៃឡើយ និងសូមទទួលបាននូវសេចក្តី សុខស្លាម៉ាត់ ចម្រើនព្ហារ៉កាត់ ករុណារ៉ោះម៉ាត់ ពីព្រះអាល់ឡោះ​ និងសូមព្រះអម្ចាស់យេស៊ូគ្រិស្ត ប្រទាន​ពរ គ្រប់ប្រការ៕
                  

ឯកឧត្ដមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងធម្មការនិងសាសនា

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ។

ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្ដិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំពាហិរសាសនា មន្ទីរ អង្គការដៃគូរពាក់ព័ន្ធ លោក លោកស្រី មន្ត្រីរាជការ។

ក្នុងពិធីបើកសន្និបាតនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការនិងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ជូនក្រសួងធម្មការនិងសាសនា និងរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥កន្លងទៅនេះ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាត្រូវបានកត់សម្គាល់នៅក្នុងព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានរំលេចថា សម្តេចធិបតី ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្តក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុត បន្តវេនពី សមេ្តចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេស ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែតលើឆាកជាតិ និងអន្តរជាតិ។

លើសពីនេះទៀត ឯកឧត្ដមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា នៅក្នុងនីតិកាលទី៧នេះដែរ ក្រសួងធម្មការនិងសាសនា ក្នុងនាម ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបន្តអនុវត្តគោលនយោបាយ “លើក កម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្ថិតនៅ បញ្ចកោណទី១ មុំទី៥: ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែល មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ ឆ្លើយ តបទៅនឹងគោលនយោបាយខាងលើ ក្រសួងបានកំណត់ដាក់ចេញនូវ ផែនការយុទ្ធសាស្រ្តចំនួន៥ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ ២០២៤-២០២៨ រួមមាន៖

១. ការលើកកម្ពស់សាសនារបស់រដ្ឋ

២. ការលើកកម្ពស់សីលធម៌សង្គម

៣. ការរក្សាសុខដុមនីយកម្មសាសនា

៤. ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និង

៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា តាមរយៈការអនុវត្តផែនការសកម្មភាពការងារក្នុងឆ្នាំ២០២៥ កន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញការងារប្រចាំថ្ងៃឆ្លើយតបទៅនឹងផែនការ ដែលបានដាក់ចេញ ដោយសម្រេចបានលទ្ធផលការងារតាមផែនការគ្រោងទុក។ ជាក់ស្តែង ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងធម្មការនិងសាសនា រួមជាមួយគណៈសង្ឃនាយកទាំងពីរគណៈ បានរៀបចំពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដក ខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក ដែលបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ដើម្បីរក្សាបាននូវសុដុមនីយកម្មសាសនា តាមរយៈគ្រប់សាសនាទាំងអស់ បានចូលរួមសហការលើកិច្ចការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការងារមនុស្សធម៌ ធានាឱ្យវត្តអារាមក្លាយទៅជាកន្លែងប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ និងជាបុញ្ញខេត្ត គួរជាទីជ្រះថ្លារបស់ប្រជាជនកម្ពុជាក្នុងការបំពេញកុសល្យ ក្រសួងធម្មការនិងសាសនា បានបង្កើតអភិក្រម ស៣ សម្រាប់វត្តអារាម រួមមាន ៖ វត្តស្អាត វត្តស្វាង និងវត្តស្ងប់ ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយសម្រាប់អនុវត្តតាមវត្តអារាមនៅទូទាំងប្រទេស។វត្តអារាមទាំងអស់ក៏ជាកន្លែងសម្រាប់ការអនុវត្តនូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងចូលរួម ផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារ ការលុបំបាត់អំពើហឹង្សា ការទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្រៅពីនេះ ក្រសួងក៏បានធានានូវការលើកកម្ពស់វិស័យពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងរបស់ព្រះពុទ្ធសាសនា ដោយជម្រុញ តួនាទីរបស់អគ្គាធិការដ្ឋាន ដែលជាផ្នែកមួយដ៏សំខាន់របស់ក្រសួងតាមរយៈការពង្រឹងគុណភាពប្រឡងគ្រប់កម្រិតពុទ្ធិកសិក្សា និងការពង្រឹងសមត្ថភាពរបស់គ្រូគ្រប់កម្រិត។

ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍បន្ថែម ដើម្បីតម្រង់ទិសដល់អង្គសន្និបាត ឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល ដូចខាងក្រោម៖

១.ត្រូវធ្វើការពិភាក្សា និងរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណា រៀបចំនូវទិសដៅបន្ត សម្រាប់ អនុវត្តក្នុងឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល។

២.សូមឱ្យព្រះសមាជិក សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ចូលរួមជាព្រះមតិយោបល់ និងយោបល់ឱ្យបានផុលផុស ស្វែងរកធាតុចូលថ្មីៗ បន្ថែមទៀត ដើម្បីជាវិភាគទានចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រទាំង៥របស់ ក្រសួងរយៈពេល៥ឆ្នាំ ២០២៤-២០២៨ ឱ្យទទួលបានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់ ។

៣.សូមនិមន្ត និងអញ្ជើញចូលរួមឱ្យបានពេញលេញ ប្រកបដោយ ព្រះស្មារតី ស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការពិភាក្សា រក្សា សាមគ្គីភាពផ្ទៃក្នុង និងភាពស្មោះត្រង់ ក្នុងគ្រួសារធម្មការនិងសាសនាតែមួយ ដើម្បីរួមគ្នាគិត រួមគ្នាអនុវត្តប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាទទួល បានលទ្ធផលល្អប្រសើរ។

៤.សូមឱ្យកិច្ចពិភាក្សាក្នុងអង្គសន្និបាតនាថ្ងៃនេះ ទទួលបានផ្លែផ្កា ជា វិជ្ជមានដើម្បីចូលរួមអភិវឌ្ឍវិស័យធម្មការនិងសាសនា ឱ្យមានការរីកចម្រើន និងរុងរឿង។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានថ្វាយព្រះពរ ប្រគេនពរ និងជូនពរ សម្ដេចជាអម្ចាស់ សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគ្រប់សាសនា លោក លោកស្រី មន្ត្រីរាជការ និងអង្គសន្និបាតទាំងមូល សូមប្រកប ដោយពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការដទៃឡើយ និងសូមទទួលបាននូវសេចក្តី សុខស្លាម៉ាត់ ចម្រើនព្ហារ៉កាត់ ករុណារ៉ោះម៉ាត់ ពីព្រះអាល់ឡោះ និងសូមព្រះអម្ចាស់យេស៊ូគ្រិស្ត ប្រទាន ពរ គ្រប់ប្រការ៕

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីសូធ្យព្រះត្រៃបិដក ឆ្លងបញ្ចប់នៃពិធីបុណ្យខួប៥៦ឆ្នាំ ការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

ឯកឧត្តមបណ្ឌិត ចាយ បូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតីសូធ្យព្រះត្រៃបិដក នៃពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា(ភ្នំអដ្ឋរស្ស) ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងពិធីនេះមានការ សម្តេចគណ:សង្ឃនាយក យាង ដឹកនាំ សម្តេចព្រះសង្ឃនាយករងគ្រប់ព្រះឋានានុក្រម ព្រះមន្រ្តីសង្ឃ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈជាច្រើនព្រះអង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ សូធ្យគម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរ នៅមុខព្រះពុទ្ធបដិមាធំ ក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ។

ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលត្រូវបានយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែររួមមាន ៖(១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ (២)រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង (៣)រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសម្ដែងអំណរអរព្រះគុណ និងអរគុណ ចំពោះគណៈកម្មការរៀបចំកម្មវិធីបុណ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំពិធីបុណ្យឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាតិមាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានចាត់ទុក ពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយក្នុងការលើកស្ទួយតម្លៃមត៌កធម៌ដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពុទ្ធសាសនិកខ្មែរគ្រប់ទិសទី យកទៅគោរពប្រតិបត្តិទៅតាមមាគ៌ារៀងៗខ្លួន។

សូមជម្រាបជូនថា ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ៕

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

(ខេត្តកណ្តាល) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិនរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា(ភ្នំអដ្ឋរស្ស) ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយ ប្រគេន និងជូនដល់សម្តេចជាអម្ចាស់ ព្រះរាជគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ  កងកម្លាំងប្រដាប់អាវុធ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបាន យាង និមន្ត និងអញ្ជើញចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសម្ដែងអំណរអរព្រះគុណ និងអរគុណ ចំពោះគណៈកម្មការរៀបចំកម្មវិធីបុណ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំពិធីបុណ្យឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាតិមាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ដោយសារកត្តាខាងលើនេះហើយ ទើបផ្តល់ឱកាសឱ្យពុទ្ធបរិស័ទមានលទ្ធភាពគ្រប់គ្រាន់ដើម្បីរៀបចំពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ ការសូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដកនាថ្ងៃនេះ បានយ៉ាងអធិកអធម្យ។ នេះជាកាលានុវត្តភាពសម្រាប់ឱ្យសាសនិក គ្រប់និកាយសាសនាបានប្រកបពិធីកម្មបុណ្យទាន និងសកម្មភាពសាសនារបស់ខ្លួន ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ជាពិសេសជួយបណ្តុះបញ្ញាស្មារតី គុណធម៌ សីលធម៌ និងសុជីវធម៌ដល់មនុស្សនៅក្នុងសង្គម ធ្វើឱ្យសង្គមមានការរីកចម្រើនទាំងផ្នែកសម្ភារៈ និងបញ្ញាស្មារតី។ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥កន្លងទៅនេះ ក្នុងកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» ថា គ្រប់សាសនាទាំងអស់ សុទ្ធតែបានតម្រង់ទិសសាសនិករបស់ខ្លួនឆ្ពោះទៅរកផ្លូវល្អ ប្រកបដោយសីលធម៌ គុណធម៌ មេត្តាធម៌ ភាពស្មោះត្រង់ និងសេចក្តីប្រោសប្រណី ចំពោះមនុស្សជាតិ និងរាល់ជីវិតទាំងអស់នៅលើលោក។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានអនុញ្ញាតឱ្យក្រសួងធម្មការនិងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ រៀបចំពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក។ពិធីបុណ្យនេះ មិនត្រឹមតែជាការរំលឹកដល់គុណបំណាច់ គម្រូវីរភាពរបស់ក្រុមជំនុំដែលបានខិតខំប្រឹងប្រែង ប្រើប្រាស់អស់ព្រះបញ្ញាញាណ ដើម្បីសិក្សាបកប្រែ ចងក្រង រហូតសម្រេចបានស្នាដៃដ៏អស្ចារ្យ គឺព្រះត្រៃបិដកខ្មែរប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីស្មារតីទទួលខុសត្រូវរបស់ពុទ្ធបរិស័ទគ្រប់រូបត្រូវរួមគ្នាអភិរក្ស ថែរក្សា និងបន្តឆន្ទៈរបស់បុព្វវីរសង្ឃយើងតាមរយៈការសិក្សារៀនសូត្រ និងប្រតិបត្តិទៅតាមព្រះពុទ្ធដីកាដែលមាននៅក្នុងព្រះត្រៃបិដក  ដើម្បីកសាងភាពជាពលរដ្ឋល្អក្នុងសង្គមផង និងដើម្បីពង្រឹងនូវព្រះធម៌ ព្រះវិន័យ ដែលជាឫសគល់របស់ព្រះពុទ្ធសាសនា ឱ្យមានភាពរីកចម្រើនជានិច្ចនិរន្តរ៍ ហើយក៏ជាការចូលរួមលើកកម្ពស់ កិត្យានុភាពព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។ ជាងនេះទៅទៀត គម្ពីរព្រះត្រៃបិដកខ្មែរ គឺជាឃ្លាំងផ្ទុកនូវព្រះពុទ្ធវចនៈ ជាឃ្លាំងផ្ទុកនូវចំណេះដឹងដ៏វិសេសវិសាលបំផុតសម្រាប់មនុស្សជាតិ ដែលមិនគ្រាន់តែជាទស្សនវិជ្ជាជីវិតប៉ុណ្ណោះនោះទេ ថែមទាំងជាគ្រឹះនៃអក្សរសាស្ត្រ និងវប្បធម៌ខ្មែរដ៏រឹងមាំ។

ក្នុងឱកាសនោះដែរ ក្នុងនាម សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្វាយប្រគេន និងជូននូវទស្សនទានមួយចំនួនគឺ៖១. សូមឱ្យពុទ្ធបរិស័ទ ចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនា ចូលរួមលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា។ ២.ចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនាការរើសអើង និងការបែងចែកក្នុងចំណោមប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដោយប្រែក្លាយសក្តានុពលរបស់គ្រប់សាសនា ទៅជាកម្លាំងសាមគ្គីជាតិតែមួយ។ ៣.បន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សាគ្រប់កម្រិត ដោយដាក់បញ្ចូលកម្មវិធីសិក្សាព្រះត្រៃបិដកទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតសិក្សា ដើម្បីបញ្រ្ជាបការយល់ដឹងទ្រឹស្តីពិតរបស់ព្រះពុទ្ធសាសនា ដល់សមណសិស្ស និស្សិត ហើយក៏ជាការចូលរួមថែរក្សា មរតកប្រពៃណី និងទំនៀមទម្លាប់ក្នុងវិស័យពុទ្ធចក្រ បណ្តុះបណ្តាលបាននូវធនធានព្រះសង្ឃប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌។ ៤. បន្តរក្សាសាមគ្គីភាពឱ្យបានល្អរឹងមាំរវាងព្រះសង្ឃ និងព្រះសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ ពុទ្ធបរិស័ទ និងពុទ្ធបរិស័ទ ឱ្យចេះស្រឡាញ់ និងគោរពរាប់អានគ្នាទៅវិញទៅមក ត្រូវប្រកាន់នូវព្រហ្មវិហារធម៌ទាំង៤ មេត្តា ករុណា មុទិតា និងឧបេក្ខា និងត្រូវប្រកាន់នូវសីលធម៌រស់នៅសមរម្យ ថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយកោតសរសើរ គោរព និងរៀនសូត្រតាម។៥.បង្កើតយន្តការគាំទ្រ សម្រាប់ការបន្តរៀបចំពិធីបុណ្យខួប នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក ឱ្យបានទូលំទូលាយ និងជាប់ជារៀងរាល់ឆ្នាំ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ស្តាប់សម្តេច និងព្រះសង្ឃចម្រើនព្រះបរិត្ត បុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ដែលរៀបចំដោយ ក្រសួងធម្មការនិងសាសនា សហការជាមួយគណ:សង្ឃនាយកទាំងពីរគណ:។

យាង និងនិមន្ត ចម្រើនព្រះបរិត្តដោយ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងគ្រប់ព្រះឋានានុក្រម និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គទាំងពីរគណ: ។

សូមជម្រាបជូនថា ពិធីបុណ្យខួបលើកទី៥៦នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនបី៖ ១. អបអរសាទរសមិទ្ធផលប្រវត្តិសាស្ត្រ៖ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរ។ ២. រំលឹកគុណក្រុមជំនុំ៖ បង្ហាញនូវកតញ្ញូតាធម៌ចំពោះបុព្វបុរស និងក្រុមជំនុំព្រះត្រៃបិដក ដែលបានខិតខំប្រឹងប្រែងចងក្រង និងថែរក្សាកេរមរតកធម៌សម្រាប់ពុទ្ធសាសនិកខ្មែរ។ ៣. ការសូធ្យព្រះត្រៃបិដក៖ ដើម្បីលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ៕

ឯកឧត្តមបណ្ឌិត ចាយ បូរិន ៖ ជំរុញឲ្យអាចារ្យ អាចារិនី ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងអនុវត្តទម្រង់ពិធីកម្មនានា ឲ្យបានត្រឹមត្រូវតាមក្បួនតម្រាច្បាប់ពីបុរាណ

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥២) ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជំរុញឲ្យអាចារ្យ អាចារិនី ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងអនុវត្តទម្រង់ពិធីកម្មនានា ឲ្យបានត្រឹមត្រូវតាមក្បួនតម្រាច្បាប់ពីបុរាណ ។

ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រោមមត៌កដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដ និយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបវគ្គបណ្តុះបណ្តាលតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរនេះ អាច ប្រព្រឹត្តឡើងទៅបានដោយភាពរលូន និងជាបន្តបន្ទាប់ គឺអាស្រ័យដោយព្រះរាជា ណាចក្រកម្ពុជាយើង ជាប្រទេសដែលមានស្ថិរភាពនយោបាយ មានសិទ្ធិសេរី ភាពខាងជំនឿសាសនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា ក្នុងបរិការណ៍នេះ ការតម្រង់ទិស តាមរយៈការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារិនីខ្មែរ ទើបជាយន្តការចាំបាច់ និងមានសារៈសំខាន់ណាស់ សម្រាប់ឱ្យ ការរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ មានភាពរលូន អនុលោមតាមក្បួន តម្រាពីបុរាណ និងឯកសារដែលមាននៅសេសសល់ ហើយក៏ដើម្បីធានាដល់ ការអភិរក្ស និងអភិវឌ្ឍប្រពៃណីទំនៀមទម្លាប់មរតកដូនតាយើងឱ្យបានគង់វង្ស និងមានគុណភាព ដើម្បីដឹកនាំពិធីបុណ្យ តាមបែបព្រះពុទ្ធសាសនាផង និងទំនៀមទម្លាប់ពីបុរាណផង ព្រោះពិធីទាំងនេះ ចាំបាច់ទាមទារឱ្យមានបណ្ឌិតជន អ្នកចេះដឹងជួយដឹកនាំដល់សាធារណជន ឱ្យ អនុវត្តបានត្រឹមត្រូវ លើគោលឯកភាពគ្នាមួយ ហើយអ្នកចេះដឹងនោះ លោកហៅថា “អាចារ្យ”។
ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានរំលឹកផងដែលថា ឫសគល់បញ្ញវ័ន្ត អ្នកប្រាជ្ញ បណ្ឌិត ដែល ជាអ្នកចេះដឹង មិនថាជាព្រះសង្ឃឬគ្រហស្ថ អាចារ្យ អាចារិនី រួមទាំង ប្រជាពលរដ្ឋទូទៅ ត្រូវបានធ្វើគត់ កាប់សម្លាប់គ្មានត្រាប្រណីនៅក្នុងរបបខ្មែរក្រហម ប៉ុន្តែ ក្រោយពីប្រទេសជាតិនិងប្រជាជន ត្រូវបានរំដោះពីនឹមប្រល័យ ពូជសាសន៍ ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងព្រះពុទ្ធសាសនា ពាហិរសាសនា ប្រពៃណី ទំនៀមទម្លាប់ ត្រូវបានស្ដារឡើងវិញពីចំណុចសូន្យ។ ក្រោម នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល គ្រប់នីតិកាល នៃរដ្ឋសភា គ្រប់វិស័យត្រូវបានស្ដារនិងអភិវឌ្ឍ រហូតធ្វើឱ្យមាន ការរីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។

រាជរដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្ថិតនៅបញ្ចកោណ ទី១ មុំទី៥ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយខាងលើ ក្រសួងបានកំណត់ដាក់ ចេញនូវយុទ្ធសាស្រ្តចំនួន៥ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំខាងមុខ ២០២៤- ២០២៨ រួមមាន៖ ១. ការលើកកម្ពស់សាសនារបស់រដ្ឋ ,២. ការលើកកម្ពស់សីលធម៌សង្គម ,៣. ការរក្សាសុខដុមនីយកម្មសាសនា, ៤. ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត និង ៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានប្រគេននិងជូនដល់សិក្ខាកាមអាចារ្យ និងអាចារិនីក្នុងវគ្គទី៥២នេះ នៅអនុសាសន៍ ដូចខាងក្រោម៖
១. អាចារ្យត្រូវគោរពតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបាន សិក្សាឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។
២. ត្រូវធ្វើជាគំរូក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់រដ្ឋ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់អំពើហិង្សា គ្រប់ រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូល្អដល់យុវជនជំនាន់ ក្រោយ។
៣. ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយពុទ្ធបរិស័ទ ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមទប់ស្កាត់កុំឱ្យមានអធិករណ៍ កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។
៤. ត្រូវចូលរួមរៀបចំវត្តអារាមឱ្យក្លាយទៅជាវត្ត ស ៣ គឺ៖ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ ដើម្បីឱ្យស័ក្តិសមជាទីសក្ការៈនិងជារមណីយ ដ្ឋាន ផ្តល់ទាំងសេចក្តីសុខផ្លូវកាយ និងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។
៥. ត្រូវប្រកាន់ភ្ជាប់នូវគុណសម្បត្តិនៃឧបាសក ឧបាសិកា ឬអាចារ្យ អាចារិនីរតនៈ ៥ប្រការ។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ (ជំនាន់ទី៥២) ព្រះមន្រ្តីសង្ឃ សិក្ខាកាមជាអាចារ្យ អាចារ្យនី មកពីរាជធានី-ខេត្ត ចំនួន២២៤ អង្គ/នាក់ក្នុងនោះព្រះសង្ឃ៣៧អង្គ និងស្រ្តី៥នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២៤រូប សិក្សាលើ២៣មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ៕

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើទម្រង់និងរចនាបថក្នុងការសាងសង់សួនឧទ្យានអនុស្សាវរីយ៍ ទីសក្ការៈ និងសមុហចេតិយ

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើគម្រោងនៃការកសាងសួនឧទ្យានអនុស្សាវរីយ៍ ទីសក្ការៈ និងសមុហចេតិយ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងនៅបើក «អនុសំវច្ឆរមហាសនិ្នបាតមន្រ្ដីសង្ឃទូទាំងប្រទេស លើកទី ៣៣» កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ ដែលបានណែនាំឱ្យក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំងគណៈ ការរៀបចំសមុហចេតិយ ឱ្យបានសមស្របទៅនឹងការអភិវឌ្ឍរបស់សង្គមកម្ពុជា ។

កិច្ចប្រជុំនេះមានការ យាង និមន្ត និងអញ្ជើញចូលរួមជាព្រះរាជាកិត្តិយសពីសំណាក់ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឧកញ៉ា ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ និងថ្នាក់ដឹកនាំនិងក្រុមការងារជំនាញរបស់ក្រុមហ៊ុន យិន ផារ៉ាដាយ នាសាលផ្កាក្រវ៉ាន់ ក្រសួងធម្មការនិងសាសនា ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍ ទូលថ្វាយ ប្រគេន និងជម្រាបជូនថា កិច្ចប្រជុំនាឱកាសនេះ មានគោលបំណងពិចារណា គិតគូរ រកកន្លែងសមរម្យណាមួយ សម្រាប់រៀបចំធ្វើសមុហចេតិយ កន្លែងបញ្ចុះសព ដើម្បីជំនួសឱ្យការធ្វើចេតិយ ផ្នូរ ម៉ុងនៅក្នុងទីវត្តអារាម ស្របទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែងក្នុងពិធីបើក អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស នាពេលកន្លងទៅ ដោយសូមឱ្យក្រសួងធម្មការ និងសាសនា រួមជាមួយគណៈសង្ឃទាំងពីរគណៈ។

ដោយឡែកឆ្លើយតបទៅនឹងអនុសាសន៍នេះ ក្រសួងបានមើលឃើញទីតាំងដែលក្រុមហ៊ុន យិន ផារ៉ាដាយ ស្ថិតនៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត សមស្របទៅនឹងដំណើរការនៃការរៀបចំគម្រោងចេតីយរួមដែលធ្វើឡើងជាចំណែកមួយក្នុងការរៀបចំសហការជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផ្នូដូនតា ឱ្យដូចទៅនឹងប្រទេសជឿនលឿនដែលមានកន្លងមក ដោយមានបន្ថែមកន្លែងសក្ការៈមួយចំណែក និងពិនិត្យលើរចនាបថនិងទម្រង់នៃបដិមា ជូន អង្គប្រជុំពិនិត្យសិក្សាឱ្យបានត្រឹមត្រូវស្របតាមរចនាបថនិងទម្រង់នូវបដិមាដែលគ្រោងនឹងសាងសង់៕


         

ឯកឧត្តមបណ្ឌិត ចាយ បូរិន ៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានាដោយគ្មានការរើសអើង ឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់សាសនា

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានថ្លែងលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សាសនិករួមគ្នារក្សានិងពង្រឹងសាមគ្គីភាពជាតិ” ដោយបានសង្កាត់ធ្ងន់លើការពង្រឹងសាមគ្គីភាពជាតិ និងជំរុញដល់ការរីកចម្រើនរួមគ្នា អភិវឌ្ឍន៍រួមគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក តាមរយៈវិស័យសាសនា ស្របតាមការវិវត្តន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទួយសុខដុមនីយកម្មក្នុងវិស័យសាសនាផង និង ចូលរួមអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយប្រាកដនិយមនិងងម៉ាត់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីនេះក៏មានការយាង និមន្តនិង អញ្ជើញចូលរួម ជាព្រះរាជាកិត្តិយសពីសំណាក់ សម្ដេចព្រះមហាសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ,ឯកឧត្តមលោកជំទាវ សមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ថ្នាក់ដឹកនាំពាហិរសាសនា ( សាសនិកឥស្លាមសាសនា គ្រិស្តសាសនា ) ដែលប្រារព្ធធ្វើឡើងនៅសាលផ្ការំដួល នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេស កម្ពុជា មានព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនា ផ្សេងៗទៀត បានរស់រានមានជីវិតក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយសាសនាទាំងអស់នៅប្រទេសកម្ពុជា ត្រូវបានរដ្ឋធានាប្រជាពលរដ្ឋ គ្រប់រូបគោរព និងប្រតិបត្តិទៅតាមជំនឿ នៃគោលលទ្ធិសាសនារបស់ខ្លួន នីមួយៗ ប្រកបដោយសុខដុមរមនាក្នុងសង្គមខ្មែរទាំងមូល ជាមួយនឹង ភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ។ទន្ទឹមនឹងនេះ ឯកឧត្តម សូមអំពាវនាវ ដល់ប្រជាសាសនិកគ្រប់ជំនឿ និងនិកាយសាសនា ឱ្យចេះគោរព ស្រឡាញ់ សន្តោស ឱ្យតម្លៃគ្នា និងជួយគ្នាទៅវិញទៅមកដោយឥតរើសអើង និងអាចរស់នៅជាមួយគ្នា ដោយសុខសាន្តតាំងពីថ្នាក់ជាតិ រហូតដល់កម្រិតគ្រួសារក្នុងសហគមន៍។ ទាំងនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ នាពេលកន្លងមក ទាំងសម្រាប់សុខមាលភាពប្រជាជនផ្ទាល់ ក៏ដូចជា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ។

នាឱកាសសិក្ខាសាលានេះ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម ៖

១.សូមថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ គោរពនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឱ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា ប្រកបដោយសុខសន្តិភាព ។

២.សូមឱ្យបន្តចូលរួមថែរក្សាការពារ សន្តិភាព ស្ថេរភាព និងគាំទ្រ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សនិងការអភិវឌ្ឍ វិស័យសាសនានៅកម្ពុជាឱ្យមានភាពសុខដុមរមនាជានិរន្តរ៍ ។

៣.គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។

៤.សូមឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធនិងមេដឹកនាំសាសនា បន្តអនុវត្ត មុខងារតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការអប់រំទូន្មាន និងផ្សព្វផ្សាយភាពសុចរិតនិងវឌ្ឍនភាព ដើម្បីបញ្ចៀសឱ្យបានជាដាច់ខាតនូវរាល់អធិករណ៍ ទាំងក្នុងក្របខណ្ឌនៃសាសនារបស់ខ្លួន និងជាមួយសាសនាដទៃ ។

៥.គោរពសេរីភាពខាងជំនឿដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា បង្កើនសាមគ្គីភាពរវាងគ្រប់សាសនា ដើម្បីប្រែក្លាយ សក្តានុពលសាសនា ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព និងការ អភិវឌ្ឍប្រកបដោយចិរភាព ៕

Scroll to Top