រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពក្នុង “ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ឆ្នាំ២០២៦” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងធម្មការនិង សាសនា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រឹទ្ធបូជាចារ្យ ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំ និងគ្រិស្តបរិស័ទ ព្រមទាំង ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សរុបចំនួនជាង ២ ០០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំកម្មវិធី ដែលបានបង្កើតកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ គ្រិស្តបរិស័ទក្នុងការជួបប្រាស្រ័យទាក់ទងគ្នា ពង្រឹងសាមគ្គីភាព និងរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ព្រមទាំងបានគូសបញ្ជាក់ថា “ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ឆ្នាំ២០២៦” មិនត្រឹមតែជាការជួបជុំ ដើម្បីអធិដ្ឋានអរព្រះគុណព្រះយេស៊ូគ្រិស្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិវាដែលគ្រិស្តបរិស័ទនៅទូទាំងប្រទេស បានរួមគ្នាអធិដ្ឋានសូមសេចក្តីសុខដល់ប្រទេស ជាតិ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច រក្សាឱ្យបាននូវសាមគ្គីភាព ព្រមទាំងសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅ កម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់ ហើយបានបន្តការពារ ពង្រឹង និងអភិវឌ្ឍ ឥតឈប់ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការបង្ហាញឱ្យឃើញនូវការរីកចម្រើនរបស់ជំនឿគ្រិស្តសាសនានៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការលើក ស្ទួយ សុខដុមនីយកម្មវិស័យគ្រិស្តសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់រាល់អំពើបាបអកុសលទាំងពួងនៅក្នុងសង្គម សំដៅរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត ក្នុងគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនរុងរឿងជានិរន្តរ៍ផងដែរ។
«ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី តាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនា ព្រមទាំងបរិស័ទគ្រប់និកាយសាសនា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជា ជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់ សម្រាប់ការចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។ ការអនុវត្តយន្តការផ្សះផ្សារ ដោយបង្ខំនេះ គឺជាជំហានស្របច្បាប់ ប្រកបដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌នៅ ចំពោះមុខអន្តរជាតិ បន្ទាប់ពីក្របខណ្ឌទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរ ត្រូវបានប្រើប្រាស់អស់លទ្ធភាព»។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត ដូចខាងក្រោម៖
១.សូមឱ្យថ្នាក់ដឹកនាំនិងគ្រិស្តបរិស័ទទាំងអស់ ត្រូវសហការគ្នា សាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងតែមួយ ក្នុងសង្គមគ្រិស្តបរិស័ទ និងត្រូវមានទំនាក់ទំនងល្អ ជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិ ដោយឈរលើគោលការណ៍នៃសុខដុមនីយកម្មសាសនា។
២.ត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធដឹកនាំ ឬតំណាងច្បាស់លាស់ ក្នុងជំនឿគ្រិស្តបរិស័ទក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងធម្មការនិង សាសនា។
៣.បង្កើនសកម្មភាពនៅក្នុងសង្គមឱ្យបានទូលំទូលាយ តាមរយៈសកម្មភាពមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនានានា ដោយប្រកាន់ ខ្ជាប់នូវគោលការណ៍នៃជំនឿ និងព្រះនាម ព្រះយេស៊ូគ្រិស្តពិតប្រាកដ។




































