ឯកឧត្តម ចាយ បូរិន អនុញ្ញាតឱ្យអគ្គលេខាធិការរងនៃសាសនាដើម្បីសន្តិភាពអន្តរជាតិ ចូលជួបសវនាការ សម្ដែងការគួរសមនិងពិភាក្សាការងារ

(រាជធានីភ្នំពេញ) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អនុញ្ញាតឱ្យលោកស្រី Deepika Singh (ឌីពីកា ស៊ីង) អគ្គលេខាធិការរង នៃសាសនាដើម្បីសន្តិភាពអន្តរជាតិ និងតំណាងសាសនាផ្សេងៗនៅកម្ពុជា ចូលជួបសវនាការ សម្តែងការគួរសមនិងពិភាក្សា ការងារ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ លោកស្រី អគ្គលេខាធិការរងនៃសាសនាដើម្បីសន្តិភាពអន្តរជាតិ នាឱកាសនេះ បាននាំមកនៅគោលបំណងសំខាន់ៗជម្រាបជូនឯកឧត្តម រដ្ឋមន្ត្រី រួមមាន៖
១. ជម្រាបជូនអំពីប្រវត្តិរបស់ក្រុមប្រឹក្សា អង្គរសាសនា កម្ពុជាដែលចូលមកប្រទេសកម្ពុជា ក្នុងការកសាងសន្តិភាព សុខភាព សាធារណៈ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជំនាញក្នុង ការសហការពហុសាសនា ស្របនិងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។
២.ស្នើរសុំបន្តកិច្ចសហប្រតិបត្តិការ អង្គការពុទ្ធសាសនាជាមួយ ក្រសួងធម្មការនិងសាសនា។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងជំរុញលើកទឹកចិត្តគ្រប់សាសនាក្នុងការបដិបត្តិទៅតាមគន្លងសាសនានីមួយៗពិសេសលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គម។

ដោយឡែកក្នុងកិច្ចការជាមួយអង្គការ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានស្នើរឲ្យមានការរៀបចំនៅរចនាសម្ពន្ធ័ឡើងវិញ ដោយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាសហប្រធាន ជំនួសសម្តេចព្រះអគ្គមហាសង្ឃរាជា ធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជ ។ ក្នុងនោះឯកឧត្តម រដ្ឋមន្ត្រី បានស្នើរឲ្យ អង្គការបន្តជួយលើវិស័យសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយ ស្របទៅនិងច្បាប់របស់ប្រទេសផងដែរ។

ឯកឧត្តម សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងនិងអង្គការនិងបន្តកិច្ចការជាមួយគ្នា ក្នុងការអភិវឌ្ឍវិស័យសាសនាឱ្យរីកចម្រើន សូមលោកស្រី អគ្គលេខាធិការរងនៃសាសនាដើម្បីសន្តិភាពអន្តរជាតិ ពាំនាំនូវសំលេងដែលកម្ពុជា កំពុងត្រូវការ គឺសន្តិភាព ហើយកម្ពុជាការពារតែសម្បត្តិនិងដែន អធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ ។

នាឱកាស ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី សូមជូនពរលោកស្រី និង សហការី និងតំណាងសាសនាទាំងអស់ នៅក្នុងឱកាសចូលឆ្នាំសូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕

Scroll to Top