ព័ត៌មាន

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឆ្នាំសិក្សា២០២៤-២០២៥

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឆ្នាំសិក្សា ២០២៤-២០២៥ ដោយបានការនិមន្តចូលរួមពីសំណាក់ សម្តេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង់ សាកលវិទ្យាធិការរង តំណាងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណនិងបេក្ខជនជាច្រើនអង្គ/នាក់ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានអានរបាយការណ៍ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី ស្តីពីវឌ្ឍនភាពនៃការអប់រំរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលនៅឆ្នាំ២០២៤-២០២៥នេះ មានសមណនិស្សិត និស្សិត ដាក់ពាក្យចូលប្រលងសរុបចំនួន១៣៥០អង្គ/នាក់ បែងចែកជា ៧ ឯកទេសរួមមាន៖ ឯកទេស អក្សរសាស្រ្តខ្មែរ, ឯកទេស ទស្សនវិជ្ជានិងសាសនា, ឯកទេស នីតិសាស្រ្ត, ឯកទេស វិទ្យាសាស្រ្តអប់រំ, ឯកទេស គ្រប់គ្រងទូទៅ, ឯកទេស វិទ្យាសាស្រ្តកុំព្យូទ័រ, និងឯកទេស បង្រៀនភាសាអង់គ្លេស ជាដើម។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៏ថា តាមរយៈវិស័យព្រះពុទ្ធសាសនាដែលបានដើរតួនាទីសំខាន់លើកគ្រប់វិស័យ ក្នុងនោះក៏បានចូលរួមបណ្តុះបណ្តាលនូវអនាគតបញ្ញាវ័នដែលអាចជួយអភិវឌ្ឍន៏ប្រទេសជាមួយរាជរដ្ឋាភិបាលនាថ្ងៃអនាគតជាច្រើនទៀតផង ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ផងដែលថា ដើម្បីក្លាយជាបញ្ញាវ័ន គឺត្រូវមានគ្រឹះនៃចំនេះដឹងមួយដែលច្បាស់លាស់ ដូចនេះសូមសមណនិស្សិត និងក្មួយនិស្សិតទាំងអស់ គោរពនូវវិន័យ សុក្រឹត យុត្តិធម៌ និងតម្លាភាព ពិសេសក្នុងអំឡុងពេលប្រលងនេះផ្ទាល់ ធ្វើយ៉ាងណាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ស្របទៅនិងពាក្យស្លាកថា អ្នកចេះគឺជាប់។

សូមជម្រាបជូនថា ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីមុនីរាជា ឆ្នាំសិក្សា២០២៤ មានសមណនិស្សិត និងនិស្សិត ដាក់ពាក្យប្រលងសរុបចំនួន១៣៥០អង្គ/នាក់ ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឆ្នាំសិក្សា២០២៤-២០២៥

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឆ្នាំសិក្សា ២០២៤ ដោយមានការនិមន្តចូលរួមពីសំណាក់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹប ព្រះអគ្គាធិការរង, សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ អគ្គាធិការរង,សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអគ្គាធិការរង, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអគ្គាធិការរង , សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសកលវិទ្យាធិការ និងព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណនិងបេក្ខជនជាច្រើនអង្គ/នាក់ នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសីហនុរាជ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកពុទ្ធិកសិក្សា ស្របតាមកន្លងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព នយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍន៏លើកគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី៧ ដែលបន្តដឹកនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា បានយកចិត្តទុកដាក់ទាំងវិស័យអាណាចក្រនិងពុទ្ធិចក្រ ។ ស្របពេលឯកឧត្តម រដ្ឋមន្រ្តី សូមឲ្យ សមណនិស្សិត និងនិស្សិត ពង្រឹងនៅស្មារតីយកចិត្តទុកដាក់នៅក្នុងការប្រលងនៅថ្ងៃនេះ ពិសេសគោរពនូវវិន័យដែលរបស់មណ្ឌលប្រលងឲ្យបានខ្ជាប់ខ្ជួន។

សូមជម្រាបជូនថា ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឆ្នាំសិក្សា២០២៤-២០២៥នេះ មានសមណនិស្សិត និងនិស្សិត ដាក់ពាក្យប្រលងសរុបចំនួន៩៥២អង្គ/នាក់៕

ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ២០២៤ នៃអនុវេទិកាប៉អៅ សម្រាប់អាសុីនៅខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន

ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមសន្និសីទសម្រាប់អាសុីប្រចាំឆ្នាំ២០២៤ នៃអនុវេទិកាប៉អៅស្តីពី “ភាពសុខដុមសាសនា និងការរៀនសូត្រទៅវិញទៅមកក្នុងចំណោមអរិយធម៌ នៅខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន ។ អញ្ជើញយាងនិងនិមន្តចូលរួមសន្និសីទសម្រាប់អាសុីប្រចាំឆ្នាំ២០២៤រួមមាន៖ ឯកឧត្តម ចិន រុយហ្វុន អនុរដ្ឋមន្ត្រីគណៈកម្មាធិការរណសិរ្សរួបរួមជាតិ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានអគ្គនាយក នៃអគ្គ នាយកដ្ឋានកិច្ចការសាសនាចិន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះសង្ឃតំណាងប្រទសចិន,វៀតណាម,នេប៉ាល់,ស្រីលង្កា,ជប៉ុន,កូរ៉េ ,ដែលកាន់ព្រះពុទ្ធសាសនាបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ដោយប្រាជ្ញា និងមេត្តារបស់ព្រះពុទ្ធ។

សម្តេចព្រះសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានព្រះរាជបន្ទូលលើកឡើងពីផលវិជ្ជមាននៃការផ្លាស់ប្តូរវប្បធម៌ នយោបាយ សុខុមាលភាពសាធារណៈ និងកិច្ចសហប្រតិបត្តិការរវាងព្រះពុទ្ធសាសនានៅតំបន់អាសុី និងចំណងមិត្តភាពកម្ពុជា-ចិន ដែលបានពូនជ្រំឡើងដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់ចាស់របស់ប្រទេសចិន ហើយបានបន្តវេន អភិវឌ្ឍ និងថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិនបានក្លាយជាមិត្តដែកថែប ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តការលើកគ្រប់វិស័យជាពិសេសគឺវិស័យព្រះពុទ្ធសាសនា ។

ថ្លែសុន្ទរកថាបិទសន្និសីទដ៏មានសារៈសំខាន់នេះ ឯកឧត្តម ចិន រុយហ្វុន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះវត្តមានអ្នកកាន់ព្រះពុទ្ធសាសនានៅតំបន់អាសុីដែលបានអញ្ជើញមកចូលរួមក្នុងអនុវេទិកាស្តីពីសុខដុមនីយកម្មសាសនា និងការរៀនសូត្រទៅវិញទៅមកក្នុងចំណោមអរិយធម៌នៃវេទិកាបូអាវសម្រាប់អាស៊ី ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាព និងការផ្លាស់ប្តូរព្រះពុទ្ធសាសនានៅអាស៊ី ព្រមទាំងរៀបចំផែនការសម្រាប់អនាគតនៃ មរតកព្រះពុទ្ធសាសនាប្រកបដោយសុខភាពល្អ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា៖រដ្ឋាភិបាលចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសាសនា ហើយតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយសេរីភាពនៃជំនឿសាសនា លើពន្លឺនៃស្ថានភាពជាតិ និងការពិតសាសនារបស់ប្រទេស ក្នុងគោលបំណងកសាងទំនាក់ទំនងសាសនាប្រកបដោយភាពវិជ្ជមាន មានសុខភាពល្អ និងរក្សាបាននូវសុខដុមរមនាខាងសាសនានិងសង្គមដោយធានាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងសេរីភាពជំនឿសាសនាស្របតាមច្បាប់ គ្រប់គ្រងកិច្ចការសាសនាស្របតាមច្បាប់ គោរពជំនឿសាសនារបស់មហាជន ប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យ ស្វ័យភាព និងការគ្រប់គ្រងខ្លួនឯង និងណែនាំយ៉ាងសកម្ម ដើម្បីឱ្យព្រះពុទ្ធសាសនាទាំងអស់នៅក្នុងតំបន់អាសុីត្រូវបានលើកតម្កើងប្រកបដោយភាពច្នៃប្រឌិត ហើយទស្សនវិស័យនៃរង្វង់ពុទ្ធសាសនិកក្នុងប្រទេសនីមួយៗត្រូវបានកែលម្អឡើងវិញ ដែលធ្វើអោយ ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយថែរក្សាមរតកព្រះពុទ្ធសាសនាប្រកបដោយ ជោគជ័យតាមប្រាជ្ញានិងមេត្តាធម៌របស់ព្រះពុទ្ធក្នុងពិភពលោក៕

ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួមវេទិកាស្តីពី “ភាពសុខដុមសាសនា និងការរៀនសូត្រទៅ វិញទៅមកក្នុងចំណោមអរិយធម៌” នៃសន្និសីទអាស៊ីប្រចាំឆ្នាំ២០២៤ នៅទីក្រុងប៉អៅ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម Chen Ruifeng (ចិន រុយហ្វុន) អនុរដ្ឋមន្ត្រី គណៈកម្មាធិការរណសិរ្សរួបរួមជាតិ នៃគណៈកម្មាធិការ បក្សកុម្មុយនីស្តចិន និងជាប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសាសនា សាធារណរដ្ឋ ប្រជាមានិតចិន នៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៤ គណប្រតិភូក្រសួងធម្មការនិងសាសនាដឹកនាំដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញទៅចូលរួមវេទិកាស្តីពី “ភាពសុខដុមសាសនា និងការរៀនសូត្រទៅ វិញទៅមកក្នុងចំណោមអរិយធម៌” នៃសន្និសីទអាស៊ីប្រចាំឆ្នាំ២០២៤ នៅទីក្រុងប៉អៅ ខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃថ្ងៃទី២៧ ដល់ ២៩ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ធម៌ហូរទៅទិសខាងកើត ចែករំលែកផលប្រយោជន៍ដូចគ្នានិងសម្រេចបាននូវភាពជោគជ័យទៅវិញទៅមកដោយប្រាជ្ញា និងមេត្តារបស់ព្រះពុទ្ធ”។

ក្នុងកំឡុងពេលចូលរួមសន្និសីទអាស៊ីប្រចាំឆ្នាំ២០២៤ ស្តីពីផលវិជ្ជមាននៃការផ្លាស់ប្តូរវប្បធម៌ នយោបាយ សុខុមាលភាពសាធារណៈ និងកិច្ចសហប្រតិបត្តិការរវាងព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា-ចិន សម្រាប់ប្រទេសអាសុី(BFA)ប្រចាំឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន ក៏នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Ruifeng អនុរដ្ឋមន្ត្រីគណៈកម្មាធិការរណសិរ្សរួបរួមជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តចិន និងជាប្រធានអគ្គនាយក នៃអគ្គនាយកដ្ឋាកិច្ចការសាសនា សាធារណរដ្ឋប្រជាមានិតចិន និងអញ្ជើញទស្សនកិច្ចនៅសកលវិទ្យាល័យពុទ្ធសាសនាណានហាយ ទីក្រុងសានយ៉ា កំពង់ផែពាណិជ្ជកម្មស្វាយ័តហាយណាន និងកន្លែងទេសចរណ៍ព្រះពុទ្ធសាសនាមួយចំនួនផងដែរ ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យ Dr. Somsak Rungruang សកលវិទ្យាធិការ នៃសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ប្រចាំទីក្រុងបាងកក ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យ លោកបណ្ឌិត សោមស័ក្តិ រង្សគ្រឿង (Dr. Somsak Rungruang) សកលវិទ្យាធិការ នៃសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ប្រចាំទីក្រុងបាងកកព្រះរាជាណាចក្រថៃ ដឹកនាំគណប្រតិភូចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះ លោកបណ្ឌិត សោមស័ក្តិ រង្សគ្រឿង (Dr. Somsak Rungruang) បានគោរពសម្តែងការអបអរសាទរចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ជ្រើសតាំងជារដ្ឋមន្រ្តីនៃក្រសួងធម្មការនិងសាសនា និងជម្រាបពីគោលបំណងសំខាន់ៗ ក្នុងការចូលរួមជាមួយ ក្រសួងធម្មការនិងសាសនា ជូនឯកឧត្តម រដ្ឋមន្រ្តី នៅអាហារូបករណ៍ ១០កន្លែងនៅព្រះរាជាណាចក្រថៃ ក្នុងនោះមាន៣កំរឹតគឺ៖ ថ្នាក់បរិញ្ញាបត្រចំនួន៤ កន្លែង, ថ្នាក់អនុបណ្ឌិត៣ កន្លែង , ថ្នាក់បណ្ឌិតចំនួន ៣ កន្លែង, ដោយសិក្សាលើមហាវិទ្យាល័យឌីជីថល, មហាវិទ្យាល័យនវានុវត្ត , និងមហាវិទ្យាល័យដឹកជញ្ជូន ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ផងដែរថា តើអាហារូបករណ៍នេះមានការផ្តល់ជូន ១០០ភាគរយ ឬក្រសួងត្រូវធ្វើការចំណាយលើអ្វីខ្លះ?

ក្នុងនោះលោកបណ្ឌិត សកលវិទ្យាធិការ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រីតិផងដែរថា អាហារូបកណ៍ទាំង១០កន្លែងនេះ គឺសកលវិទ្យាល័យនិងផ្តល់ជូន១០០ភាគរយ។ ដោយមានជំរើស២គឺ សម្រាប់ព្រះសង្ឃផ្តល់ជូនថ្លៃសិក្សា១០០ភាគរយ និងរកវត្តសម្រាប់ប្រគេនព្រះសង្ឃធ្វើការស្នាក់នៅរៀនសូត្រ , ដោយឡែកសម្រាប់គ្រហស្ថ ជូនថ្លៃសិក្សា១០០ភាគរយនិងផ្តល់កន្លែងស្នាក់នៅក្នុងសកលវិទ្យាល័យផ្ទាល់តែម្តង ។

ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់លោកបណ្ឌិត សោមស័ក្តិ រង្សគ្រឿង (Dr. Somsak Rungruang) សកលវិទ្យាធិការ នៃសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ប្រចាំទីក្រុងបាងកកព្រះរាជាណាចក្រថៃ ដែលបានផ្តល់អាហារូបករណ៍នាឱកាសនេះ និងសូមជូនពរសកលវិទ្យាធិការង សហការីជានារីក្នុងទិវានារីអន្តរជាតិ៨មីនានេះ ជួបតែសេចក្តីសុខ សុភមង្គលនិងសម្រេចគ្រប់ភារកិច្ចជាបន្តបន្ទាប់ ៕

ឯកឧត្តមបណ្ឌិត ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ពិធីកាត់ឬសសីមានិងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្នុង វត្ត ឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ ) ស្រុកបវេល ខេត្តបាត់ដំបង

(បាត់ដំបង) ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកក្របាតក្រហមកម្ពុជា បានអញ្ជើញជាអធិបតីពិធី កាត់ឬសសីមានិងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅក្នុងវត្តឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ ) ស្ថិតនៅភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត ប្រគេនព្រះសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនដល់ប្រជាពលរដ្ឋទាំងអស់ព្រមទាំងសូមថ្លែងអំណរព្រះគុណ និងអរគុណដល់បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយដែលបានខិតខំ និងចូលរួមកសាងសមិទ្ធផលទាំងនេះឡើងហើយត្រូវបានដាក់សម្ពោធឆ្លងឱ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះ គឺជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាពស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការ ដឹកនាំដ៏បុិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន ក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយសប្រគេនព្រះសង្ឃនិងជូនសប្បុរសជនដែលបានចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ ) និងប្រគេនបច្ច័យសម្រាប់កសាងទីអារាមដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន៤០លានរៀល ព្រមទាំងបានចែកវត្ថុអនុស្សាវរីយ៍ជូនដល់យាយជី តាជីចាស់ព្រឹទ្ធាចារ្យ ព្រមអ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួម ក្នុង ពិធីបុណ្យ មាឃបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្តាល

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យមាឃបូជា នាព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ពិធីនេះ ក៏មានការយាង និមន្ត និងអញ្ជើញចូល រួមពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ព្រមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងពុទ្ធបរិស័ទ ជាច្រើនរូប។

នៅក្នុងឱកាសនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា មាន ទាន ធូប ផ្កាផ្ញី នៅឧបដ្ឋានសាលាតាមប្រពៃណីព្រះពុទ្ធសាសនា។

ជាកិច្ចចាប់ផ្តើមកម្មវិធី អង្គពិធីទាំងមូល បានអញ្ជើញគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទនគររាជ ដោយនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅក្នុងឱកាសនេះដែរ អង្គពិធីទាំងមូល ក៏បានអញ្ជើញគោរពទង់ព្រះពុទ្ធសាសនា សូត្របទសរភញ្ញ ដោយនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ក្នុងកម្មវិធីបន្ត លោកអាចារ្យដឹកនាំកម្មវិធី បានរៀបចំពិធីទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រកាសពិធីបួងសួង និងធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសីល និងបានប្រកាសមាឃបូជា។

គួររំលឹកថា មាឃបូជា គឺពិធីបុណ្យដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ខែមាឃ។ ពិធីបុណ្យមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងព្រះពុទ្ធសាសនា ឬ កាលដ៏អស្ចារ្យមួយ ដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធ បរមគ្រូ កាលពីទ្រង់ នៅមានព្រះជន្មាយុនៅឡើយ។ ថ្ងៃមាឃបូជា គឺ រំឭក ទៅដល់ថ្ងៃ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ដាក់អាយុសង្ខារ៖ «ជា ព្រឹត្តិការណ៍ ដែលព្រះអង្គ ដាក់ព្រះជន្មាយុសង្ខារ បាន ន័យថា កំណត់ពេលបរិនិព្វាន នៅពេលដែលមារ បានទៅ អារាធនា ព្រះអង្គក៏បានទទួលយល់ព្រមជាមួយនឹងមារ អ៊ីចឹង នៅ ៣ ខែទៀត តថាគត នឹងបរិនិព្វាន»។ ជាមួយគ្នានេះថ្ងៃមាឃបូជា ក៏ជាថ្ងៃរំលឹក ទៅដល់ពេលដែលព្រះពុទ្ធអង្គ សម្ដែងនូវឱវាទបាតិមោក្ខ ប្រទានដល់ព្រះ ភិក្ខុសង្ឃ ជា អរហន្ត ទាំង ១.២៥០ អង្គ ដែលបានមកចូលរួម ចតុរង្គសន្និបាត៖ «កាលនោះ ព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ ព្រោះតែ កាលណា គ្រាន់តែព្រះអង្គ នឹកឃើញថា ចង់សម្ដែងបាតិមោក្ខ គឺចង់ជួបនឹងពួកភិក្ខុពេលនោះ ព្រះអរហន្តទាំង ១២៥០អង្គ សុទ្ធ តែ ជាព្រះអរហន្ត លោកនិមន្ត មកដោយពុំមានអ្នកនិមន្តទេ បានន័យថា បានមកដល់ភ្លាម»។

ការប្រជុំចតុរង្គសន្និបាត ជាកាលដ៏អស្ចារ្យ ពីព្រោះការប្រជុំ នោះ គឺប្រកបដោយ អង្គ៤ ដែលរួមមាន អង្គទី១ គឺពេលនោះ ជាថ្ងៃឧបោសថសីល មានព្រះចន្ទពេញវង់ ថ្ងៃ១៥កើត ជាថ្ងៃ ពេញបូណ៌មី ខែមាឃ។ អង្គទី២ ព្រះ ភិក្ខុសង្ឃ សាវ័ក ដែល បានមកចូលរួម ចតុរង្គសន្និបាត ទាំង ១.២៥០ អង្គនោះ គឺបាន និមន្តមកពីទិសទាំង ៤ ដោយមិនបានកំណត់ពេលគ្នា ឬក៏ផ្ដល់ ដំណឹងណាត់ទុកជាមួយគ្នា អ្វីមុនទាល់តែសោះ ក៏ស្រាប់តែ ដល់ថ្ងៃនោះ បាននិមន្តមក ព្រមៗគ្នាតែម្ដង។ អង្គទី៣ ព្រះ ភិក្ខុ សង្ឃ ទាំងអម្បាលម៉ាននោះ សុទ្ធសឹងតែជា ព្រះអរហន្ត ឬជា បុគ្គល ដែលបានសម្រេច អរហត្ត ប្រាស ចាក រាគៈ (លោភៈ) ទោសៈ មោហៈ ជាអ្នកសម្រេចនូវអភិញ្ញា៦ ឬ មានចំណេះដឹង យ៉ាងខ្ពស់ក្នុងលោកុត្តរធម៌ នៃព្រះពុទ្ធសាសនា។ ចំណែក អង្គ ទី ៤ គឺព្រះ ភិក្ខុសង្ឃ ១.២៥០ អង្គនោះ សុទ្ធតែជា ឯហិភិក្ខុ ដូច គ្នាទាំងអស់។ ដែលហៅថា ឯហិភិក្ខុ គឺជាភិក្ខុ ដែលបំបួស ឡើង ដោយព្រះសម្មាសម្ពុទ្ធផ្ទាល់ ហើយពេលបំបួសនោះ គឺ មានស្បង់ ចីវរ បានប្រាកដឡើង ដោយឯកឯង ហើយ ការ កាត់ កោរ សក់ កោរ ពុក មាត់ ពុក ចង្កា ក៏កើតឡើង ដោយ ឯកឯងដែរ ដោយអំណាចនៃបុណ្យបារមី របស់ព្រះ ភិក្ខុសង្ឃ ទាំងនោះ ដែលបានធ្វើ សន្សំទុកមកជាច្រើនជាតិ។ ក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ ពុទ្ធសាសនិក នៅកម្ពុជា ភាគ ច្រើន បានធ្វើចង្ហាន់ ដើម្បីប្រគេនព្រះសង្ឃ នៅតាម វត្តអារាម នានា។ ស្របគ្នា នេះ ពុទ្ធបរិស័ទ នៅតាមវត្តអារាមមួយចំនួន ក៏ បានដង្ហែក្បួន ដាក់បង្ហាញគំនូរ ដែលនិយាយពីពុទ្ធប្រវត្តិផង ដែរ។

ក្នុងកម្មវិធីបន្ទាប់ លោកអាចារ្យដឹកនាំកម្មវិធី បានវេភត្តប្រគេនព្រះសង្ឃ ហើយព្រះសង្ឃភត្តានុមោទនា ។
ក្នុងកម្មវិធីបន្ទាប់មកទៀត លោកអាចារ្យដឹកនាំកម្មវិធី និងសម្តេចរដ្ឋសភាធិបតី ជាគណៈអធិបតី រួមនិងឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី ជាពុទ្ធបរិស័ទ បានឧទ្ទិសកុសល ផលបុណ្យដែលបានកើតឡើងដោយទឹកចិត្តសទ្ធាជ្រះថ្លា នៅក្នុងថ្ងៃនេះ ឧទ្ទិសជូនទៅដល់មាតាបិតា ជីដូន ជីតា និងញ្ញាតិការទាំង៧សណ្តាន សូមបានសោយសុខក្នុងឋានសុខគតិភព កុំឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញរាប់បាតប្រគេនព្រះសង្ឃចំនួន៨០អង្គ។

គួរបញ្ជាក់ថា ដើម្បីធ្វើឲ្យពិធីបុណ្យមាឃបូជា ឆ្នាំនេះ មាន ភាពមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ ដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ រួមនិងក្រសួងធម្មការ និងសាសនា ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន បានយកចិត្តទុក ដាក់ខ្ពស់ ដោយបានរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដើម្បីឲ្យដំណើរការនៃកម្មវិធីប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អបំផុត។ ជាមួយគ្នានេះ ក្រសួងធម្មការ និងសាសនា បានចេញនៅសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យមាឃបូជា ដោយក្នុងនោះ បានណែនាំឲ្យមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី ខេត្ត ត្រូវបំផុស និងសហការជាមួយព្រះមេគណ ព្រះអនុគណ ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះគ្រូចៅ អធិការគ្រប់វត្ត ឲ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជាឲ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ ។ មន្ទីរធម្មការ និងសាសនាគ្រប់រាជធានី ខេត្ត ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសុខសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវសប្បុរសជន ពុទ្ធបរិស័ទ ឲ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៤

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៏ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ពីប្រពៃណីដ៏សំបូរបែប និងបានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែក រកខុសត្រូវមិនដាច់ស្រេច ដូចនេះទើបសម្រេចផ្តល់អនុសាសន៍ណែនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចគតិព្រឹទ្ធបណ្ឌិត បង្កើតវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរចាត់តាំងពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្នជំនាន់៤៤ ក្នុងគោលបំណងថែរក្សាលើកតម្កើងតម្លៃព្រះពុទ្ធសាសនានិងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិឲ្យបានគង់វង្ស អនុលោមតាមក្បួនតម្រាដែលមានពីបុរាណមក។ 

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងន័យលើកកម្ពស់ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីថែរក្សាមរតកដូនតា ក្នុងបរិបទ នៃ សាកលភាវូបនីយកម្ម និង ការអភិវឌ្ឍលើគ្រប់វិស័យដូចខាងក្រោម៖

១-ក្នុងនាមជាអាចារ្យត្រូវ គោរព តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបានសិក្សា នេះឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។

២-ក្នុងនាមជាព្រឹទ្ធាចារ្យប្រចាំភូមិ-ស្រុក ត្រូវមានភាពជាគំរូ ក្នុងការ គោរព ប្រតិបត្តិព្រះពុទ្ធ សាសនា ច្បាប់រដ្ឋ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់ អំពើ ហិង្សា គ្រប់រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូ ល្អដល់យុវ ជនជំនាន់ក្រោយ ។

៣-អាចារ្យទាំងអស់ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយ នឹងពុទ្ធបរិស័ទ គណៈកម្ម ការ វត្ត ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន ព្រះអនុគណ ព្រះមេគណ មន្ទីរធម្មការនិង សាសនាក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ចូលរួមទប់ស្កាត់កុំឱ្យមាន អធិករណ៍ កើតឡើងនៅ ក្នុងវត្ត ឬក្នុងមូលដ្ឋាន របស់ខ្លួន។

៤-អាចារ្យត្រូវចូលរួមរៀបចំវត្តអារាមឱ្យមានសោភ័ណភាពល្អ បរិស្ថានល្អ សក្តិសមជាទី គោរពសក្ការៈនិងជា រមណីយដ្ឋានផ្ដល់ទាំងសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។

៥-អាចារ្យត្រូវបន្តពង្រឹងនិងពង្រីកចំណេះដឹងត្រួយ ខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនច្បាប់ បន្ថែមទៀត ហើយចងក្រងទុកជាឯកសារ ដើម្បីចូលរួមចំណែក កសាង ឯកសារគោលឱ្យកាន់ តែមាន មូលដ្ឋាន ច្បាស់ លាស់និងទទួលយកបានទាំងអស់គ្នា បន្សល់ទុក ជាប្រយោជន៍ សម្រាប់ បច្ឆាជន។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន ៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី កាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី កាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ដោយមានការនិមន្តចូលរួមពីសំណាក់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ ព្រះអគ្គាធិការទទួលបន្ទុក នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ រួមជាមួយសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹប ព្រះអគ្គាធិការរង, សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ អគ្គាធិការរង,សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអគ្គាធិការរង , សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសកលវិទ្យាធិការ និងព្រះតេជគុណ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងបេក្ខសមណនិងបេក្ខជនជាច្រើនអង្គ/នាក់ នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងនាមក្រសួងធម្មការនិងសាសនា ឯកឧត្តម ចាយ បូរិន សូមវាយតម្លៃខ្ពស់ប្រគេននិងជូនសម្តេចព្រះអគ្គាធិការគ្រប់ព្រះអង្គ គណៈកម្មកាេរៀបចំការប្រឡង លោកគ្រូ អ្នកគ្រូ ដែលបានខិតខំរៀបចំការប្រលងនេះបានយ៉ាងល្អប្រសើរ។ ដូចដែលសម្តេចព្រះពោធិវ័ង្ស មានព្រះសង្ឃដីការជារឿយៗថា *ពុទ្ធិកសិក្សាជាសសរស្តម្ភរបស់ព្រះពុទ្ធសាសនា* ដែលជាសាសនារបស់រដ្ឋ ។ដូចនេះយើងត្រូវផ្សព្វផ្សាយនឹងលើកតម្កើនសាលាបាលីនិងពុទ្ធិកសិក្សា ព្រះគុណធម៌ សីលធម៌ របស់ពុទ្ធសាសនាចាំបាច់ធ្វើឲ្យមានតុល្យភាពរីកចម្រើនខាងសម្ភារៈនិងខាងស្មារតី ពុទ្ធចក្រនឹងអាណាចក្រត្រូវដើរទន្ទឹមគ្នាក្នុងល្បឿនស្មើរគ្នា ដើម្បីចូលរួមចំណែក ថែរក្សាសន្តិភាព សុខមាលភាពសង្គមនិងភាពសុខសាន្តរបស់ប្រជាជន និងជាមួយរាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា ដែលមាន សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងផងដែរថា ការប្រឡងដោយសមត្ថភាព សុចរិតភាព អនុវត្តភ្ជាប់ខ្ជួននៅវិន័យសេច្តថ្លៃថ្នូរសណ្ដាប់ធ្នាប់នៃការប្រឡងឆ្លុះបញ្ចាំងឲ្យឃើញពីបញ្ញាស្មារតីពិតប្រាកដរបស់ បេក្ខសមណបេក្ខជន រៀងៗអង្គរៀងៗខ្លួន និងជាមោទិកភាព របស់ព្រះសង្ឃនិងប្រទេសជាតិយើង និងសូមប្រគេនពរជូនបេក្ខសមណៈព្រះសង្ឃគ្រប់ព្រះអង្គ ដែលចូលរួមប្រលងបាក់ឌុបសាលាបាលីថ្ងៃនេះ ប្រលងជាប់និងព្យាយាមឲ្យអស់ពីសមត្ថភាព ខិតខំបំពេញវិញ្ញាសាប្រលងប្រកបដោយ បញ្ញាញាណដោយត្រូវប្រកាន់យកពាក្យស្លោកថា អ្នកចេះគឺជាប់ ។

សូមជម្រាបជូនថា ការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ ឬបាក់ឌុបសាលាបាលី ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត រាជធានីភ្នំពេញ មាន២២បន្ទប់ ដោយមានបេក្ខសមណៈ សរុប ៥៤៩អង្គ/នាក់៕

ឯកឧត្តម នរៈ រតនវឌ្ឍនោ តំណាង ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៤

ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៤ ក្រោមអធិបតីភាព ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ 

លោក កែវ ហេង ប្រធាន នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានអានរបាយការណ៍ជូនឯកឧត្តម គណៈអធិបតី និងជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឲ្យបានជម្រាបថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធីបង្កើតឲ្យមានការវែកញែក រកខុសត្រូវមិនដាច់ស្រេច ដូចនេះទើបសម្រេចបើកវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរចាត់តាំងពីឆ្នាំ២០០៩មក ដែលជាអនុសាសន៍ណែនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ក្នុងគោលបំណងថែរក្សាលើកតម្កើងតម្លៃព្រះពុទ្ធសាសនានិងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិឲ្យបានគង់វង្ស។ 

ឯកឧត្តម នរៈ រតនវឌ្ឍនោ បានមានប្រសាសន៏ថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នៅក្នុងអាណត្តិទី៧នេះ ក្រសួងធម្មការនិងសាសនាបានបង្ហាញសកម្មភាពផ្សព្វផ្សាយសាសនាយ៉ាងផុសផុលដល់កុលបុត្រ កុលធីតាខ្មែរ ជាក់ស្តែងបានផលិតវីដេអូ ស្តីអំពីសុជីវធម៌ថ្វាយបង្គំ និងសំពះតាមប្រពៃណីខ្មែរ តាមបែបបទឲ្យបានត្រឹមត្រូវជាដើម។ 

 ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៏បន្តថា តាមរយៈវគ្គសិក្សានេះ សូមសិក្ខាកាមទាំងអស់ព្យាយាមសិក្សាបន្ថែមដើម្បីបំពេញចំណេះវិជ្ជាដែលមានសម្រាប់ឲ្យកាន់តែត្រឹមត្រូវ ដែលបានបង្ហាញពីអរិយធម៌ល្អសំបូរបែបរបស់ខ្មែរយើង និងសូមយកចំណេះដឹងទៅចែករំលែកទៅតាមកម្មពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យទានផ្សេងៗ ទៅតាមជំនាញរបស់ខ្លួនផងដែរ។ 

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី ៤៤ ដែលកំពុងចាប់ផ្ដើមនាពេលនេះមានសិក្ខាកាមអាចារ្យមកពីជម្រុះរាជធានី/ខេត្តទូទាំងប្រទេសចំនួន ១៩០រូប ក្នុងនោះព្រះសង្ឃ ២៤ អង្គនិងអាចារនី៨នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ១៨មុខវិជ្ជា៕

Scroll to Top