ព័ត៌មាន

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ២០២៥

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ២០២៥ ដែលប្រព្រឹត្តទៅរៀងរាល់ឆ្នាំនៅថ្ងៃទី ០១ កក្កដា ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងចំណោមព្រឹត្តិការណ៍ ជាអាទិ៍ពិធីណូអែលសម្រាប់គ្រីស្ទបរិស័ទក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃទី ០១ កក្កដា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។

ពិធីនេះមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ,ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទតាមបណ្ដា រាជធានី ខេត្ត ក្រុង និងសមាជិក សមាជិកាគ្រីស្ទបរិស័ទទូទាំងប្រទេស។

ពិធីរបស់គ្រីស្ទបរិស័ទក្នុងប្រទេសកម្ពុជា នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ប្រធានព្រឹទ្ធសភា តែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនា ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាត ចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ភាពសុខដុមនីយកម្មសាសនានៅកម្ពុជា ក៏ដូចជាការបង្ហាញពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកចំហរនូវសិទ្ធ សេរីភាព នៃជំនឿសាសនារបស់ ប្រជាពលរដ្ឋកម្ពុជា យ៉ាងពេញលេញ ទាំងលើឆាកជាតិ និងអន្តរជាតិ ព្រមទាំងបានដាក់ចេញនូវវិធានការ ឬយន្តការគន្លឹះសម្រាប់ចូលរួម អនុវត្តជាក់ស្តែងបន្ថែមទៀត ឱ្យសមស្របតាមការវិវត្តន៍របស់សង្គម ដើម្បីរួមចំណែកការអភិវឌ្ឍន៍សង្គមជាតិ។ ទន្ទឹមនឹងការផ្តល់នូវសិទ្ធសេរីភាពខាងជំនឿសាសនា ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យ ការគ្រប់គ្រងនៃសាសនាក៏ត្រូវតែគោរពទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ផងដែលអំពី ស្ថានភាពតានតឹងរវាងកម្ពុជា-ថៃ លើប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរដ៏រឹងមាំ នៅក្នុងការនាំយកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយឱ្យដាច់ស្រេច ជៀសវាងមានបញ្ហានាពេលអនាគតមិនចេះចប់ ។ ប្រជាជនខ្មែរគ្រប់រូប គាំទ្រពេញទំហឹង ចំពោះប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា «ត្រូវពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង» ។
នៅក្នុងដំណាក់កាលដ៏សំខាន់នេះ ក្នុងនាមជាប្រជាជនខ្មែរពិតជាមោទកភាព និងការស្ងើចសរសើរយ៉ាងខ្លាំង ដែលបានឃើញស្មារតីជាតិនិយម របស់ប្រជាជាតិខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់សាសនា ជាពិសេស ថ្នាក់ដឹកនាំ ព្រះមន្រ្តីសង្ឃនិងបងប្អូនប្រជាពលរដ្ឋគ្រប់រូប  ដែលបាននាំយកអំណោយមានគ្រឿងឧបភោគ បរិភោគ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោមស្មារតីជួយខ្មែរ ខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងនាំយកទៅឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងជួរមុខកម្ពុជា នាពេលកន្លងមក។

ឯកឧត្តម ចាយ បូរិន ថ្លែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការ ដែលបានសហការជាមួយក្រសួងធម្មការនិងសាសនា រៀបចំពិធីនេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នារវាងសហគមន៍គ្រីស្ទសាសនានៅកម្ពុជាក្រោមម្លប់សុខសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍន៍។
ឯកឧត្តម រដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត ដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ និងគ្រីស្ទបរិស័ទទាំងអស់ ដូចខាងក្រោម៖
១.ត្រូវសហការគ្នា សាមគ្គីគ្នា និងមានឯកភាពផ្ទៃក្នុងតែមួយ ក្នុងសង្គមគ្រីស្ទបរិស័ទ និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម។
២. រៀបចំឲ្យមានការដឹកនាំ ឬតំណាងច្បាស់លាស់ ក្នុងជំនឿគ្រីស្ទបរិស័ទក្នុងប្រទេសកម្ពុជា ដោយសហការជាមួយក្រសួងធម្មការ និងសាសនា។
៣. បង្កើនការបង្ហាញវត្តមាន និងសកម្មភាព តាមរយៈមនុស្សធម៌ អប់រំ ការអភិវឌ្ឍន៍ និងសកម្មភាពសាសនា  ឈរលើគោលការណ៍នៃជំនឿ និងព្រះនាមព្រះយេស៊ូគ្រីស្ទ ពិតប្រាកដ៕
        

គណៈសង្ឃទាំងពីរគណៈ និង ឯកឧត្តម ចាយ បូរិន យាង និមន្ត អញ្ជើញ សួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជា ទិសខេត្តព្រះវិហារ

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា  សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា 

សម្តេចជាអម្ចាស់ និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា  ព្រមជាមួយ សម្តេច ព្រះរាជាគណ: ព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវលោក លោកស្រីថា្នក់ដឹកនាំ និងមន្រី្តរាជការក្រសួងធម្មការនិងសាសនា បានយាង និមន្ត និងអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពជួរមុខដែលឈរជើងស្ថិតនៅទិសខេត្តព្រះវិហារ។

សម្តេចព្រះសង្ឃនាយកទាំងពីរគណ: បានប្រសិទ្ធីពរជ័យ សិរីមង្គល វិបុលសុខ និងជយន្តោ ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសព្រះវិហារ  សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ និងសូមឱ្យឈ្នះអស់មារសត្រូវគ្រប់ទិសទីកុំអាក់ខានឡើយ។ 

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹកជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសខេត្តព្រះវិហារ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ពទាំងនៅសមរភូមិមុខ និងសមរភូមិក្រោយ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងផងដែរថា ទន្ទឹមនឹងភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខរបស់យើង ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីជំហរដ៏រឹងមាំនៅក្នុងការដាក់ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ដោយយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មានទិសដៅច្បាស់លាស់ ផ្អែកលើផ្លូវច្បាប់អន្តរជាតិ និងក្នុងតំបន់ ក្នុងការការពារអធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូរជាតិ ហើយប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការនាំយកបញ្ហាដែនដី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ។  ទន្ទឹមនឹងការប្រើនូវយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការចរចានិងដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយរួមទាំងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន ក្នុងករណីមានការឈ្លានពានណាមួយ។ 

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេច ព្រះមន្ត្រីព្រះសង្ឃទាំងពីរគណៈតាមឋានានុក្រម រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រះមន្រ្តីសង្ឃទាំងពីរគណៈបានធ្វើការបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងអស់នៅលើលោកសូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យទទួលបានជោគជ័យលើសត្រូវដែលប៉ុនប៉ងឈ្លានពាន យកទឹកដីរបស់យើង និងដើម្បីថែរក្សាការពារសុខសន្តិភាព និងការបង្រួបង្រួមជាតិដែលជាកេរ្តិ៍ដំណែលរបស់ស្ថាបនិក អគ្គមគ្គទេស៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដើម្បីអនុវត្តឱ្យបានជោគជ័យលើគ្រប់ទិសដៅ គ្រប់ជ្រុងជ្រោយ ទៅតាមគោលនយោបាយ ដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

អំណោយដែល ឯកឧត្តមរដ្ឋមន្រ្តី និងសម្តេចព្រះសង្ឃនាយទាំងពីរគណៈ នាំយកទៅប្រគល់ជូនកងទ័ពនៅខ្សែត្រៀមជួរមុខនៅទិសប្រាសាទព្រះវិហារ រួមមាន ថវិកា និងគ្រឿងឧបភោគបរិភោគ ជាច្រើនមុខផងដែរ។

នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក្នុងនាមកងកម្លាំងកម្ពុជា បានក្រាបបង្គំទូលថ្វាយថ្លែងព្រះអំណរគុណដល់សម្តេចព្រះសង្ឃទាំងពីរគណៈ  ឯកឧត្តម ចាយ បូរិន  និងប្រតិភូអមដំណើរដែលបានមកចុះសួរសុខទុក្ខ និងនាំយកនូវព្រះរាជអំអំណោយជាថវិការួមជាមួយនិងគ្រឿងឧបភោគបរិភោគ ដូចជា មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត សាច់គោងៀត ទឹកបរិសុទ្ធ ថ្នាំសង្កូវ តង់កៅស៊ូ កំសៀវ ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធនាពេលនេះ។

ឯកឧត្តម ចាយ បូរិន  សូមអរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែតែងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើកគ្រប់វិស័យ និងបានសហការយ៉ាងជិតស្និទជាមួយក្រសួងធម្មការនិងសាសនា

ឯកឧត្តម ចាយ បូរិន សូមអរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែតែងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើកគ្រប់វិស័យ និងបានសហការយ៉ាងជិតស្និទជាមួយក្រសួងធម្មការនិងសាសនា បានរៀបចំគម្រោងស្តារព្រះពុទ្ធសាសនាឡើងវិញនៅ កម្ពុជា ក៏ដូចជាពុទ្ធសាសនបណ្ឌិត្យ ដោយបានចូលរួមចំណែកក្នុងការបោះពុម្ព និងចែកចាយសៀវភៅព្រះពុទ្ធ សាសនា, សៀវភៅពាក់ព័ន្ធវប្បធម៌ និងសៀវភៅអក្សរសាស្ត្រចំនួនរាប់រយពាន់ម៉ឺនក្បាល សម្រាប់វត្តអារាមនិង សាលាពុទ្ធិកសិក្សានានាទូទាំងប្រទេស និងកសាងអគារពុទ្ធសាសនបណ្ឌិត្យជាដើម ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យ ព្រះគ្រូ វ៉ាដា មេហ្វូមី ជាអនុប្រធានមូលនិធិអត់អាហារមួយពេលដើម្បីសន្តិភាព (Donate- a-Meal Fund for Peace) របស់អង្គការ រីស្ស កូសេ-កៃ (Rissho Kosei-kai) នៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាទីស្តីការក្រសួង ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៥ ។ 

ព្រះគ្រូ វ៉ាដា មេហ្វូមី អនុប្រធានមូលនិធិអត់អាហារមួយពេលដើម្បីសន្តិភាព របស់អង្គការ រីស្ស កូសេ-កៃ នៃប្រទេសជប៉ុន បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីសកម្មភាពការងាររបស់អង្គការនាពេលកន្លងមក ចាប់តាំងពីឆ្នាំ១៩៩២មក អង្គការ រីស្សកូសេ-កៃ នៃប្រទេសជប៉ុន ទទួលបានសហការយ៉ាងជិតស្និទជាមួយក្រសួងធម្មការនិងសាសនា លើការងារអប់រំ បោះពុម្ពសៀវភៅសម្រាប់វត្តអារាមនិង សាលាពុទ្ធិកសិក្សានានាទូទាំងប្រទេសកម្ពុជា ដោយប្រជាជនជប៉ុនបានស្ម័គ្រចិត្តចូលរួមយ៉ាងពេញចិត្តក្នុងមូលនិធិអត់អាហារមួយពេលដើម្បីសន្តិភាព របស់អង្គការ រីស្ស កូសេ-កៃ នៃប្រទេសជប៉ុន ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានស្នើរដល់អង្គការ រីស្ស កូសេ-កៃ នៃប្រទេសជប៉ុន តាមរយៈព្រះគ្រូ វ៉ាដា មេហ្វូមី ពិនិត្យលទ្ធភាពក្នុងការជួយជុសជុលអគារពុទ្ធសាសនបណ្ឌិត្យ ដែលមានសភាពទ្រុឌទ្រោមខ្លាំងឲ្យបានល្អប្រសើរឡើងវិញ ពីព្រោះពុទ្ធសាសនបណ្ឌិត្យជាទីតាំងមួយដ៏សំខាន់ដែលក្រសួងធម្មការនិងសាសនា មានគម្រោងយាងនិងនិមន្តគណៈសង្ឃទាំងពីរគណៈ អញ្ជើញក្រុមអ្នកស្រាវជ្រាវទំនៀមទំលាប់ប្រពៃណី ចងក្រងអក្សរសាស្រ្ត ភាសាបាលី គម្ពីរក្បួនច្បាប់ផ្សេងៗ ដែលបានបាត់បង់កាលពីសម័យសង្រ្គាមឡើងវិញ ដើម្បីទុកជាកេរ្ត៍តំណែលដ៏ល្អផូរផង់របស់ជាតិ។ 

នាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា អង្គការ រីស្ស កូសេ-កៃ នៃប្រទេសជប៉ុន បានចូលរួមចំណែកមិនត្រឹមតែសម្រាប់ការ យោគយល់គ្នា និងការផ្លាស់ប្តូររវាងពុទ្ធសាសនិកប៉ុណ្ណោះទេ គឺថែមទាំងបានរក្សាសុខសន្តិភាពពិភពលោកផងដែរ និងសូមជូនពរព្រះគ្រូ វ៉ាដា មេហ្វូមីនិងគណប្រតិភូរបស់អង្គការ រីស្ស កូសេ-កៃ នៃប្រទេសជប៉ុនទាំងអស់ជួបតែសុខសុវត្ថិភាព ពិសេសសម្រេចបានគ្រប់ភារកិច្ចបេសកកម្មការងារជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាកាន់តែរីកចម្រើនតរៀងទៅ ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានា នៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ចាយ បូរិន បានលើកថា រាជរដ្ឋាភិបាលកម្ពុជាបង្ហាញជំហរដ៏រឹងមាំក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មានទិសដៅច្បាស់លាស់ និងផ្អែកលើផ្លូវច្បាប់ដែលបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការពារអធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូរជាតិ។

ថ្លែកលើកឡើងបែបនេះក្នុងឱកាសដែល ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានារួមមានសាលារៀន និងមណ្ឌលសុខភាពដែលជួយកសាង និងជួសជុលដោយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម ចាយ បូរិន បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ។

ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកផងដែលថា ខេត្តត្បូងឃ្មុំ ជាទីតាំងភូមិសាស្រ្តប្រវត្តិសាស្រ្ត នៃការចាប់ផ្តើមការតស៊ូលះបង់នៅសាច់ស្រស់ ឈាមស្រស់របស់វីរៈបុរសស្នេហាជាតិដឹកនាំដោយសម្តេចតេជោ បានដណ្តើមសន្តិភាព សេរីភាពជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។
ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានបិទបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរទាំងស្រុងនៅឆ្នាំ១៩៩៨ ប្រទេសជាតិមានសន្តិភាពពេញលេញ នឹងក្រោមការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តដឹកនាំកម្ពុជាលើមាគ៌ា នៃសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខុមាលភាព និងជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរ។

ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សេរីភាពពេញលេញលើគ្រប់សាសនាទាំងអស់ជ្រកក្រោមម្លប់នៃសុខសន្តិភាព ប៉ុន្តែត្រូវគោរពតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដោយមានក្រសួងធម្មការនិងសាសនាជាសេនាធិការរបស់រាជរដ្ឋាភិបាល ។ ដោយឡែកសមិទ្ធផលនានាថ្ងៃនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលជាវិភាគទានដ៏ថ្លៃថ្លារបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងវិស័យអប់រំនិងសុខាភិបាល កន្លងមក សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ធ្លាប់បានចូលរួមចំណែកអភិវឌ្ឍសង្គមលើការងារមនុស្សធម៌ ផ្ដោតលើវិស័យអប់រំ សុខាភិបាល នឹងបម្រើឱ្យការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងការថែទាំសុខភាព ទាំងការបណ្តុះបណ្តាលធនធានបញ្ញាញាណ បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះលក្ខណសម្បត្តិសមស្របដល់យុវជនគ្រប់ៗជំនាន់ ឱ្យក្លាយជាសសរទ្រូង និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងយុគសម័យនៃការកសាងកំណើនសេដ្ឋកិច្ច ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងស្របតាមចក្ខុវិស័យកម្ពុជា២០៥០។

ឯកឧត្តម ចាយ បូរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក បេនយ៉ាមីន អិមស្សី តៃ ប្រធានតំបន់អាស៊ីនៃសាសនាចក្រ និងសហការីទាំងអស់ ដែលបានបង្ហាញពីឆន្ទៈសកម្មភាពមនុស្សធម៌ និងលទ្ធផលនៃការចូលរួមចំណែករបស់សាសនាចក្រក្នុងការអភិវឌ្ឍសង្គម តាមរយៈការចូលរួមកសាង សមិទ្ធផលនានា មានដូចជាការកសាងនិងជួសជុលសាលារៀន មន្ទីរពេទ្យ ឡដុតសម្រាម ប្រព័ន្ធទឹកស្អាត បរិក្ខារពេទ្យជាដើម និងសូមជូនពរដល់ថ្នាក់ដឹកនាំសាសនាចក្រប្រចាំកម្ពុជា បន្តសម្រេចបានសកម្មភាពមនុស្សធម៌ និងលទ្ធផលនៃការចូលរួមចំណែក ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

លោក បេនយ៉ាមីន អិមស្សី តៃ ប្រធានតំបន់អាស៊ីនៃសាសនាចក្រ មានប្រសាសន៍គោរពអរគុណ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលតែងតែផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ដល់ សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានចូលរួមចំណែកនៅសកម្មភាពមនុស្សធម៌ និងអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការនិងសាសនា ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិវត្តកម្មឌីជីថល និងវិស័យសាសនា» 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិវត្តកម្មឌីជីថល និងវិស័យសាសនា» នៅទីស្តីការក្រសួង រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាល ស្តីពី «បរិវត្តកម្មឌីជីថល និងវិស័យសាសនា» ដែលក្រសួងធម្មការ និងសាសនា រៀបចំឡើងនាពេលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ចែករំលែកឲ្យគ្នាទៅវិញទៅមកនូវពុទ្ធិ សំដៅស្វែងយល់ឲ្យកាន់តែច្បាស់លាស់ ស៊ីជម្រៅទៅលើការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា។ 

ថ្លែងសន្ទរកថាបើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិវត្តកម្មឌីជីថល និងវិស័យសាសនា» ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹងបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតម្រង់ទិសការផ្សព្វផ្សាយសាសនាតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។

ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ចុវិស័យវែងឆ្ងាយ និងប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាលទី ១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ  មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា យុគសម័យឌីជីថលបាននាំមកនូវឱកាសដ៏ល្អប្រសើរ សម្រាប់ការផ្សព្វផ្សាយសាសនាឱ្យកាន់តែទូលំទូលាយ ទៅដល់មនុស្សជាតិកាន់តែច្រើន ពិសេស ព្រះសង្ឃ និងសាសនិកគ្រប់សាសនា បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីចូលរួមចំណែកលើកកម្ពស់សុជីវធម៌ សីលធម៌ គុណធម៌នៅក្នុងសង្គមកាន់តែសកម្មជាពិសេស ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសម្ដេចអគ្គមហាសេនាបតីតេជោសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ជាដើម តែងផ្ដល់អនុសាសន៍ដឹកនាំជាប្រចាំលើបញ្ហាលើកកម្ពស់សីលធម៌សង្គម ព្រមទាំងបានជំរុញឱ្យនាំយកទ្រឹស្តី និងរបៀបប្រតិបតិ្តគ្រប់សាសនា ទៅផ្សព្វផ្សាយលើបណ្ដាញសង្គមឱ្យបានទូលំទូលាយផងដែរ។

ឆ្លៀងក្នុងឱកាសនេះ ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់នូវចំណុចសំខាន់ចំនួន៣គឺ៖

១ សូមត្រងត្រាប់ស្តាប់នូវការបណ្តុះបណ្តាលពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល និងវិស័យសាសនា ពីគ្រូឧទ្ទេសដែលមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

២ សូមយកចិត្តទុកដាក់រកចំណុចខ្វះខាតរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍អង្គភាពឲ្យស្របនឹងយុគសម័យឌីជីថល

និង៣ សូមឲ្យគ្រប់អង្គភាព មន្ទីររាជធានី ខេត្ត យកចិត្តទុកដាក់យកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ មកអនុវត្តបន្តក្នុងអង្គភាពរបស់ខ្លួន ដើម្បីបង្កើនចំណេះដឹងឲ្យកាន់តែទូលំទូលាយ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍សង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ និងកំណត់បាននូវចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីជំរុញសន្ទុះនៃការបង្កើនសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់វិស័យសាសនា។

ឯកឧត្តម រស់ វណ្ណី អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលជានិច្ចកាលតែងតែចង្អុលបង្ហាញ និងផ្តល់នូវអនុសាសន៍ដ៏ឧត្តុង្គឧត្តម និងការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អង្គភាពពាក់ព័ន្ធ និងមន្ទីររាជធានី/ខេត្តលើការងារគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា ឲ្យស្របតាមនីតិវិធីថ្មី និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលជាការចូលរួមអនុវត្តផងដែរនូវកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ និងរួមចំណែកការឆ្លើយតបទៅនឹងចរន្តសកលនៃសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយផ្តោតជាសំខាន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធានានូវការផ្តល់មូលដ្ឋានចំណេះដឹងរឹងមាំ សម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេលបំពេញកិច្ច តាមអង្គភាពជំនាញ និងអាចចាប់យកបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឲ្យកាន់តែប្រសើរ កាន់តែមានការទទួលខុសត្រូវ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយមនសិការវិជ្ជាជីវៈ៕

ឯកឧត្តម ចាយ បូរិន៖ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ សេរីភាពពេញទីខាងជំនឿសាសនា និងការប្រតិបត្តិខាងផ្លូវសាសនា

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រិស្តសាសនា ក្រោមប្រធានបទ៖ «ពុទ្ធបរិស័ទ និងគ្រស្តិបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់» នៅព្រះសហគមន៍កាតូលិកកម្ពុជា ឋិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែឧសភា ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានធានា និងលើកកម្ពស់ជាបន្តបន្ទាប់ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិ សេរីភាពពេញទីខាងជំនឿសាសនា និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។

«កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រិស្តសាសនា» នេះ មានការនិមន្តចូលរួមពីសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ អនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទ និងគ្រិស្តបរិស័ទ និងប្រតិភូអន្តរសាសនាអន្តរជាតិតំណាងប្រមាណ២០ប្រទេស នៅតំបន់អាស៊ី អ៉ឺរ៉ុប អាម៉េរិចជាច្រើនអង្គ/រូប។

ឯកឧត្តម បានមានប្រសាសន៍បន្តថា មានតែក្រោមម្លប់នៃសន្តិភាពប៉ុណ្ណោះ ទើបយើងអាចមានកាលានុវត្តភាព ដើម្បីអនុវត្តសិទ្ធិសេរីភាព ជាពិសេស សិទ្ធិខាងជំនឿសាសនា។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ប្រធានបទ «ពុទ្ធបរិស័ទ និងគ្រស្តិបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់» នេះ ស័ក្តិសមសម្រាប់ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ដែលជាប្រទេសធ្លាប់មានប្រវត្តិសាស្ត្រនៃការបែកបាក់ជាង៥០០ឆ្នាំ ហើយអាចសម្រេចបានសន្តិភាពពេញលេញ ក្រោម នយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មានការធានា បីយ៉ាងសំខាន់គឺ៖១-ធានាអាយុជីវិតនិងរូបកាយ ២- ធានាអាជីព និងមុខរបរ ៣- ធានាកម្មសិទ្ធិទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ ដែលការធានាទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្តី អត់ធន់ សណ្តោសប្រណី ការសម្រុះសម្រួល ការឱ្យអភ័យ ការផ្សះផ្សារជាតិ ផ្តោតសំខាន់លើការកសាងសន្តិភាព ថែរក្សា និងពង្រឹងសន្តិភាព វិបុលភាព និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន។

ក្រសួងធម្មការ និងសាសនា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា លើវិស័យធម្មការនិងសាសនា បានអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ គោលនយោបាយនេះស្ថិតនៅបញ្ចកោណទី១ មុំទី៥ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។

កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងពុទ្ធសាសនានិងគ្រិស្តសាសនា ក្រោមប្រធានបទ “ពុទ្ធបរិស័ទ និងគ្រីស្ទបរិស័ទរួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់” នាពេលនេះ ជាឱកាសមួយថ្មីទៀតសម្រាប់ការផ្លាស់ប្តូរទស្សនៈ ការបញ្ជាក់ឡើងវិញអំពីគុណតម្លៃរួម និងភាពផ្សេងគ្នានៃការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ និងការបង្រៀនរបស់ព្រះយេស៊ូគ្រឹស្ដ។

បន្ទាប់ពីសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា និងថ្នាក់ដឹកនាំនៃកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិ បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងពិធីកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិ លើកទី៨នេះរួចមក ឯកឧត្តមអភិបាល អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍ថា កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ នឹងពិនិត្យលើការសន្ទនា ៤ទម្រង់សំខាន់ៗ៖

ទី១ ជាកិច្ចសន្ទនានៃជីវិត ដែលគ្រិស្តបរិស័ទ និងពុទ្ធសាសនិករស់នៅក្បែរគ្នាក្នុងការថែរក្សាគ្នាទៅវិញ ទៅមក និងសាមគ្គីភាពប្រចាំថ្ងៃ។

ទី២ ជាកិច្ចសន្ទនានៃសកម្មភាព ដែលយើងរួមគ្នាតាមរយៈអង្គការមិនមែនរដ្ឋាភិបាល សេវាសង្គម និងស្ថាប័នអប់រំគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនក្រីក្រ ចាស់ជរា និងជនងាយរងគ្រោះ។

ទី៣ ជាការសន្ទនានៃការផ្លាស់ប្តូរទ្រឹស្តី និងជំនឿ ដែលយើងទាំងអស់គ្នាអាចចែករំលែក និងរៀនពីគ្នាទៅវិញទៅមកបាន។

ទី៤ ជាការសន្ទនានៃបទពិសោធន៍ខាងសាសនា ដែលមានភាពស្ងៀមស្ងាត់ ការអធិស្ឋាន និងការតាំងសមាធិបើកចិត្តរបស់យើងចំពោះព្រះ និងស្វែងរកសន្តិភាពក្នុងចិត្ត និងសន្តិភាពសម្រាប់មនុស្សជាតិ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញពិនិត្យទីតាំងតម្កល់ «ព្រះពុទ្ធបដិមា» នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាទីសក្ការៈរបស់ពុទ្ធបរិស័ទជាតិ និងអន្តរជាតិ

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញពិនិត្យទីតាំងតម្កល់ «ព្រះពុទ្ធបដិមា» ចំកណ្ដាលបរិវេណខាងក្នុងកន្លែងច្រកចេញ-ចូលបោះត្រាលិខិតឆ្លងដែន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការនាពេលខាងមុខនេះ។

ការពិនិត្យតាមដានវឌ្ឍនភាពនេះ ក៏មានការនិមន្តពីសំណាក់សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភាព្រះពុទ្ធសាសនា និងជាព្រះមេគណខេត្តកណ្តាល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអរិយវង្ស ហង្ស សាវី ព្រះប្រធានលេខាធិការដ្ឋានសម្តេចព្រះសង្ឃរាជ បួរ គ្រី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ចាយ បូរិន បានពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបច្ចុប្បន្នភាពការកសាងនូវ «ព្រះពុទ្ធបដិមា» នេះ ដើម្បីបង្ហាញពីរចនាប័ទ្ម វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរនាពេលឆាប់ៗខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឺងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា កាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ គឺកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងកំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕

ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យ អគ្គកុងស៊ុលចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ឯកឧត្តម ហ្ស៊ាវ ហៃយ៉ាន(Zhao HaiYan )អគ្គកុងស៊ុលចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្តម ហ្ស៊ាវ ហៃយ៉ាន អគ្គកុងស៊ុលចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ៗមួយចំនួនដូចជា ៖

-ពិភាក្សា ផ្លាស់ប្តូរយោបល់ និងពង្រឹងចំណងមិត្តភាព តាមរយៈ វិស័យព្រះពុទ្ធសាសនារវាង ចិន-កម្ពុជា ។

-ការផ្តល់អាហារូបករណ៍ដល់ក្រសួង សម្រាប់ផ្តល់ឲ្យព្រះមន្រ្តីសង្ឃនិមន្តការសិក្សានៅប្រទេសចិន ។

-ការបកប្រែព្រះធម៌ ដែលព្រះមន្រ្តីសង្ឃកម្ពុជានិមន្តទៅផ្សព្វផ្សាយនៅប្រទេសចិន ជាភាសាចិន ជាដើម។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គកុងស៊ុល ក្នុងនាមរដ្ឋាភិបាលចិន សូមថ្លែងអំណរគុណដល់ ឯកឧត្តម រដ្ឋមន្រ្តី ដែលបានដឹកនាំសហការបានយ៉ាងស្និតរមួតជាមួយ រដ្ឋាភិបាលចិនក្នុងវិស័យព្រះពុទ្ធសាសនា បានយ៉ាងទូលំទូលាយ។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ បានក្លាយជាទំនាក់ទំនងការទូតគម្រូ រវាងកម្ពុជា-ចិន ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបានបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ចាក់ផងដែលថា កន្លងមកក្រសួងធម្មការនិងសាសនា យកចិត្តទុកដាក់ និងមានទំនាក់ទំនងយ៉ាងល្អជាមួយនិងវិស័យព្រះពុទ្ធសាសនានៅប្រទេសចិន ពិសេសសម្តេចព្រះសង្ឃចិន តែយកព្រះទ័យទុកដាក់លើការផ្សព្វផ្សាយវិស័យព្រះពុទ្ធសាសនាឲ្យបានកាន់តែទូលំទូលាយ ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជម្រុញនិងស្នើរដល់ ឯកឧត្តម អគ្គកុងស៊ុល ជួយស្នើរសុំអាហារូបករណ៍បន្ថែម ដើម្បីផ្តល់ឱកាសដល់ព្រះមន្រ្តីសង្ឃកម្ពុជាទាំងពីរគណៈ បាននិមន្តទៅសិក្សានៅប្រទេសចិនបានកាន់តែច្រើន ។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន ក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សូមថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែជួយដល់រាជរដ្ឋាភិបាលកម្ពុជា លើគ្រប់វិស័យ ក្នុងនាមជាបងប្អូនល្អ នៃកិច្ចសហប្រត្តិការដែកថែប កម្ពុជា-ចិន និងជូនពរឯកឧត្តម គណៈប្រតិភូ និងក្រុមការងារ ជួបតែសុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ចការងារ ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញបើក ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី៣២ និងការសូត្រចាំមាត់លើកទី៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ” ឥស្លាមនិងបច្ចេកវិទ្យា”

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីបើក ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី៣២ និងការសូត្រចាំមាត់លើកទី៦ ឆ្នាំ២០២៥ នាបរិវេណវិហារធំឥស្លាម ភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។

ពិធីនេះប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល , ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ , អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងគណៈអុីម៉ាំ តួន ករី ករីអះ ហាហ្វីស ហាហ្វីហ្សោះ ។

ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការពិធីសូត្រ មានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីថា ពិធីសូត្រគម្ពីអាល់គូរអានុមការី ថ្នាក់ជាតិ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយឡែកពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី៣២ និងការសូត្រចាំមាត់លើកទី៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ” ឥស្លាមនិងបច្ចេកវិទ្យា” ដោយមានបេក្ខជន បេក្ខនារីជា ករី ករីយះ ចំនួន៣៥រូបក្នុងនោះ ស្ត្រី១៥រូប និងបេក្ខជន បេក្ខនារីជា ហាហ្វីស ហាហ្វីហ្សោះ ៩រូប ក្នុងនោះស្រ្តី២រូប។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា ការប្រារព្ធនៅពិធីនេះ គឺជាផ្នែកមួយនៃការថែរក្សា នូវប្រពៃណីវប្បធម៌ និងផ្តល់នូវចំណេះដឹងផ្នែកធម៌វិន័យសាសនាឥស្លាម ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាមធ្យោបាយក្នុងការអនុវត្ត និងបង្ហាញពីតម្លៃរបស់ឥស្លាមក្នុងការរស់នៅក្នុងសម័យទំនើប ដែលជាប្រធាន បទ ដែលមានសារៈសំខាន់ និងសមស្របតាមបច្ចុប្បន្នភាពនៃសង្គមជាតិ និងអន្តរជាតិ ដែលបាននឹងកំពុងតែរីកចម្រើនទៅមុខឥតឈប់ឈរ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា ជាសេនាធិការរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យធម្មការនិងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានមុខងារ និងភារកិច្ចកំណត់វិធានការដឹកនាំ និងគ្រប់គ្រងអង្គការសមាគមសាសនាទាំងអស់ ដែលមានទីតាំង និងធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា។ ក្រសួងធម្មការនិងសាសនា មានតួនាទីត្រួតពិនិត្យណែនាំអង្គការ សមាគមសាសនា ឱ្យអនុវត្ត សកម្មភាពរបស់ខ្លួនស្របតាមច្បាប់រដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកសម្រាប់ប្រធានប្រធានបទ “ឥស្លាម និងបច្ចេកវិទ្យា” ជាប្រធានបទដែលឆ្លើយតបយ៉ាងសមស្របបំផុតទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កំណត់យក អាទិភាពគន្លឹះ ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ។ ប្រធានបទនេះ ស្របទៅនឹងយុគសម័យឌីជីថល បាននាំមកនូវកាលានុវត្តភាពដ៏ប្រសើរ សម្រាប់ការផ្សព្វផ្សាយឥស្លាមសាសនាឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស ទៅដល់មនុស្សជាតិកាន់តែច្រើន ឥស្លាមសាសនិក ក៏ដូចជាសាសនិកគ្រប់សាសនាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook YouTube Tiktok Telegram និងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត ដើម្បីរៀន បង្រៀន ពិភាក្សាព្រះធម៌ និងផ្សព្វផ្សាយទ្រឹស្តីសាសនា។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមកោតសរសើរចំពោះគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលបានដឹកនាំបងប្អូនឥស្លាមសាសនិក ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព និង អភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមទំនុកចិត្តរបស់ព្រះអល់ឡោះ និងបំណងប្រាថ្នារបស់ មនុស្សជាតិ ជាពិសេសការលើកកម្ពស់ការប្រតិបត្តិធម៌អាថ៌សាសនា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សីលធម៌សង្គម ការគោរពច្បាប់រដ្ឋ និងការលើកកម្ពស់កិត្យានុភាពប្រទេសកម្ពុជា ៕

ឯកឧត្តម ចាយ បូរិន ៖ ក្រសួងធម្មការនិងសាសនា មានតួនាទីសំខាន់ក្នុងការលើកកម្ពស់និងអភិរក្សប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៩ ថា ក្រួសងធម្មការនិងសាសនា មានតួនាទីសំខាន់ក្នុងការលើកកម្ពស់និងអភិរក្សប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា ។

ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍បន្ថែមថា ក្រោមការយកចិត្តទុកដាក់ប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រកបដោយគិតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សូមឱ្យ ក្រសួងធម្មការនិងសាសនា រៀបចំបង្កើត និងបន្តការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិស អាចារ្យខ្មែរ ឱ្យមានការឯកភាពគ្នាក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ ប្រពៃណី រក្សាឱ្យបាននូវអត្តសញ្ញាណជាតិ អភិរក្សមរតកវប្បធម៌ខ្មែរ ដើម្បីបញ្ចៀស វិបត្តិអាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំនិងសំណូមពរ ដល់ អាចារ្យ អាចារិនី ជាសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម។

នាឱកាសនេះ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៩ នាឱកាសនេះ គឺសិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន១៨រូប សិក្សាលើ១៨មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ បានបញ្ចប់ទៅដោយរលូននឹងជោគជ័យដូចការរំពឹងទុកផងដែរ។

សូមជម្រាបជូនថា ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៩ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រះមន្រ្តីសង្ឃ សិក្ខាកាមជាអាចារ្យ អាចារ្យនី មកពីរាជធានី-ខេត្ត ចំនួន២០៥ អង្គ/នាក់ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ៕

Scroll to Top