ព័ត៌មាន

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាង ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ 

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានអានរបាយការណ៍ជម្រាបជូនឯកឧត្តម គណៈអធិបតីនិងអង្គពិធីទាំងមូលថា ដោយមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ដូចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ក្រោមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ នាំណែឲ្យក្រសួងធម្មការនិងសាសនា ដើម្បីបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបាននបង្កើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឥ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។

ដោយឡែកសម្រាប់ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥ នាឱកាសនេះ គឺសិក្សារយៈពេក៥ថ្ងៃ និងមានសិក្ខាកាមអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២០៤រូប ក្នុងនោះព្រះសង្ឃ ៣៨ អង្គនិងអាចារ្យនី ៥នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប សិក្សាលើ១៨មុខវិជ្ជាធំៗ។  

ឯកឧត្តម ហាក់ ប៊ុនធឿន បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ បានចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ចែករំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម។

ឯកឧត្តម រដ្ឋលេខាធិការសង្ឃឹមថា តាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥ ដែលមានសិក្ខាកាមជាអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២០៤រូប ក្នុងនោះព្រះសង្ឃ ៣៨ អង្គនិងអាចារ្យនី ៥នាក់ មកចូលរួមសិក្សានេះ នឹងជាការបញ្ជ្រាបនូវចំណេះដឹង ពិសេសរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ ឲ្យកាន់តែគង់វង្សបន្ថែមទៀត។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងចែករំលែកចំណេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយ និងសូមជូនពរដល់សិក្ខាកាមទាំងអស់ទទួលបានជោគជ័យទៅតាមបែបបទជំនាញរៀងៗខ្លួន៕

 

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី បើកយុទ្ធនាការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ក្នុងក្របខណ្ឌក្រសួងធម្មការនិងសាសនា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី បើកយុទ្ធនាការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដោយមានការសហការពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំធ្វើតេស្ត រកសារធាតុញៀន ក្នុងក្របខណ្ឌក្រសួងធម្មការនិងសាសនា នាទីស្តីការក្រសួង ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ការធ្វើតេស្តរកសារធាតុញៀននេះ ធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីជាគំរូដល់មន្ត្រីរាជការដទៃទៀត ឯកឧត្តម រដ្ឋមន្រ្តី បានធ្វើតេស្តស្វែងរកសារធាតុញៀន និងបន្តដោយថ្នាក់ដឹកនាំនិងមន្ត្រីរាជការមកពីអគ្គនាយកដ្ឋានជំនាញ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទទួលបានលទ្ធផលល្អទាំងអស់គ្នា។

តាមរយៈរបាយការណ៍លើកឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោម ជាតិ មួយ ចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ច សន្យា សរុបបានចំនួន ៥៦ ៤៤៥ រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹក មូត្រ ចំនួន ៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។

ដោយឡែកសម្រាប់ ការធ្វើតេស្តរហ័សរកសារធាតុញៀន ក្នុងក្របខណ្ឌក្រសួងធម្មការនិងសាសនានេះ មានការអញ្ជើញចូលរួមធ្វើតេស្តរកសារធាតុញៀនដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សរុបចំនួន  ៤៦០នាក់  ក្នុងនោះស្រ្តី៩៤នាក់ ជាលទ្ធផលពុំមានថ្នាក់ដឹកនាំ ឬមន្ត្រីណាម្នាក់មានពាក់ព័ន្ធសារធាតុញៀនខុសច្បាប់ឡើយ ។ យុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម, សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព,ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ព្រះតេជគណ អុីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ព្រះតេជគណ អុីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ធម្មបដិសណ្ឋារកិច្ច ព្រះតេជគណ អុីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន និងជាព្រះចៅអធិការវត្ត ហុងហ្វា (Hong Fa )ខេត្តហ្គង ទុងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

នាជំនួបឱកាសនេះ ព្រះតេជគណ អុីន ស៊ុន (YIN SHUN) បានលើកឡើងពីគោលបំណង សំខាន់ៗមួយចំនួនដូចជា៖

១.សូមអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី អញ្ជើញចូលរួមវេទិកាសន្និសីទព្រះពុទ្ធសាសនា នៅប្រទេសនេប៉ាល់។

២. ព្រះតេជគណ បានបង្ហាញជូនឯកឧត្តម រដ្ឋមន្រ្តី ពីគម្ពីរបុរាណព្រះពុទ្ធសាសនា ជាភាសាខ្មែរ។

៣.ក្នុងនោះ ព្រះតេជគណ អុីន ស៊ុន (YIN SHUN) មានគោលបំណងផ្តល់អាហារូបករណ៍ដល់ សាមណៈសិស្ស ទៅសិក្សា នូវប្រទេសចិនជារៀងរាល់ឆ្នាំ ។

៤. ព្រះតេជគណ អុីន ស៊ុន (YIN SHUN) មានគោលបំណងជម្រាបសួរ ឯកឧត្តម រដ្ឋមន្រ្តី ស្តីពី ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា ដែលតម្រូវដឹកនាំបន្តពី សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  ក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

នាឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី សូមថ្លែងអំណរគុណ ព្រះតេជគណ អុីន ស៊ុន (YIN SHUN) ដែលបាននិមន្តចូលរួម ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  “មហាវីរសង្ឃសិរីធម្មរាជ” ជាការចូលរួមចំនែករំលែកនូវមហាទុក្ខដ៏ក្រៀមក្រំជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ 

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ បញ្ជាក់ផងដែរថា ឯកឧត្តម និងចាត់ក្រុមការងារជំនាញសិក្សាពីវេទិកាពុទ្ធសាសនានៅសមុទ្ទចិនខាងត្បូង ដែល ព្រះតេជគណ អុីន ស៊ុន (YIN SHUN) បានអញ្ជើញឯកឧត្តម រដ្ឋមន្រ្តីជាអធិបតីកិត្តិយស។

ឯកឧត្តម សង្ឃឹមថា តាមរយៈជំនួបដ៏មានតម្លៃនេះ និងជាការបង្កើតនូវកិច្ចសហការក្នុងវិស័យព្រះពុទ្ធសាសនាកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការរបស់រាជរដ្ឋាភិបាល និងព្រះពុទ្ធសាសនាចិន ដឺលដឹកនាំដោយ ព្រះតេជគណ អុីន ស៊ុន (YIN SHUN) អនុប្រធានសមាគម ព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាមានិតចិន និងជាព្រះចៅអធិការវត្ត ហុងហ្វា (Hong Fa )ខេត្តហ្គង ទុង កាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍ជារៀងដរាបតរៀងទៅ៕

ព្រះរាជពិធីបដិបត្តិសមាធិព្រះសង្ឃ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ព្រះរាជពិធីបដិបត្តិសមាធិ ព្រះសង្ឃ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញជាអធិបតី ព្រះរាជពិធីបដិបត្តិសមាធិ ព្រះសង្ឃ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធឡើងនៅបរិវេណមុខវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

ពិធីនេះការនិមន្ត និងអញ្ជើញចូលរួមដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេច សង្ឃនាយករង ទី ២, សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី ៣,

សម្តេចព្រះឧត្តមបញ្ញា ដូង ផង់  ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ, សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន អនុប្រធានថេរសភាពុទ្ធសាសនាកម្ពុជា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក ,ព្រះថេរានុថេរគ្រប់ព្រះអង្គ, និងប្រជាពុទ្ធបរិស័ទប្រមាណ១០០០០អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមកពីរាជធានី-ខេត្តទាំង២៥ ។

ព្រះរាជ ពិធីបដិបត្តិសមាធិ ព្រះសង្ឃ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធឡើងនាឱកាសនេះ គឺដើម្បីឧទ្ទិសមហារាជកុសលក៏ខ្ពង់ខ្ពស់ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គយាងចូលទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥ និង៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ   នៅក្នុងវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នាឱកាសដ៏មហាសោកសង្វែក នៃការយាងចូលទិវង្គត របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់  ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ញាតិព្រះធម៌គ្រប់ទិសទី បានសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន និងបាននិមន្តនិងអញ្ជើញ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។

ការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវមហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុងឧត្តមនៃប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា  ដោយស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់អស់ព្រះកាយពល  ធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនា  នៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានតែងតាំងជា សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្ថជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងធំធេងកសាងសមិទ្ធផលនានាក្នុងសង្គម និងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ពិសេសព្រះអង្គធ្វើពលិកម្មគ្រប់បែបយ៉ាងបូជាចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

សូមបញ្ជាក់ជូនថាដែលថា បន្ទាប់ពីប្រារព្ធរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ អស់រយៈពេល៩៥ថ្ងៃរួចមក គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំនូវព្រះរាជពិធីមហាសង្ឃទាន ថ្វាយព្រះបរមសព ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះបរមសព នឹងរៀបចំនូវពិធីដង្ហែព្រះបរមសពឆ្ពោះទៅកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរារាម ដើម្បីប្រារព្ធនូវព្រះរាជពិធីថ្វាយព្រះភ្លើង៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី នីតិវិធីនិងយន្តការនៃការកំណត់សម្បត្តិបេតិកភណ្ឌក្នុងវត្តអារាម

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម៌ការនិងសាសនា អញ្ជើញជាអធិបតី សិក្ខាសាលាស្តីពី នីតិវិធីនិងយន្តការនៃការកំណត់សម្បត្តិបេតិកភណ្ឌក្នុងវត្តអារាម ដោយមានការនិមន្តនិងអញ្ជើញចូលរួមដោយ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិង ព្រះមន្រ្តីសង្ឃទាំងពីរគណៈ , ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ តំណាងលោកជំទាំវបណ្ឌិសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌នឹងវិចិត្រសិល្បះ, និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ, ព្រមទាំងមន្រ្តីរាជការរបស់ក្រសួងធម៌ការនិងសាសនា នាទីស្តីការក្រសួង។

ឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីថា សិក្ខាសាលាស្ដីពី នីតិវិធីនិងយន្តការនៃការកំណត់សម្បត្តិបេតិកភណ្ឌនៅក្នុងវត្ត ដែលប្រារព្ធឡើងនាពេលនេះគឺដើម្បី សិក្សានិងស្វែងយល់កាន់តែច្បាស់ពីសំណង់វត្តអារាមខ្មែរ ការថែរក្សាក្បាច់រចនាចាស់ដើម្បីជាប្រយោជន៍ជាភស្តុតាងផងនិងជាប្រយោជន៍ជាវត្ថុបុរាណផង។
ដោយឡែកសម្រាប់សារាចរអន្តរក្រសួងលេខ ០១ ស.រ.ច ចុះថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២១ របស់ក្រសួងធម្មការនិងសាសនា និង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្តីពីការហាមឃាត់ដាច់ខាតរាល់សកម្មភាពវាយកំទេចបំភ្លេចបំផ្លាញ ធ្វើឲ្យបាត់បង់ឬធ្វើឲ្យខូចខាត និងការប្ដូររូបរាងនៅសំណង់បុរាណគំនូសប្រាណនិងវត្ថុបុរាណទៅតាមវត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលា នេះឡើងក្នុងគោលបំណងដើម្បីធានាឲ្យបាននូវចំណេះដឹងជាមូលដ្ឋានសម្រាប់ព្រះសង្ឃនិ ងមន្ត្រីបច្ចេកទេសរបស់ក្រសួងធម្មការនិងសាសនាទាំងថ្នាក់កណ្ដាលនិងរាជធានី-ខេត្ត លើនីតិវិធីនិងយន្តការផ្សេងៗក្នុងការកំណត់សម្បត្តិបេតិកភណ្ឌនៅក្នុងវត្តនិងជាការពង្រឹងកិច្ចសហការនិងកិច្ចការថែរក្សានិងការអភិរក្សសំណង់ទ្រព្យសម្បត្តិបេតិកភណ្ឌជាតិក៏ដូចជាបេតិកភណ្ឌសាសនាឲ្យស្របទៅនឹងលិខិតបទដ្ឋាននិងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នមានវត្តអារាមជាច្រើនដែលមានសម្បត្តិបេតិកភណ្ឌសាសនាហើយ សាសនាសម្បត្តិខ្លះក៏បានចុះបញ្ជី ខ្លះទៀតមិនទាន់បានចូលបញ្ជីនៅឡើយ ដូចនេះការយឺតយ៉ាវនិងការមិនទាន់ជាប់បញ្ជីទាំងនោះបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖
១. ការយល់ដឹងអំពីសំណង់សាសនា វប្បធម៌និងប្រវត្តិសាស្ត្ររបស់គណៈគ្រប់គ្រងវត្តនិងមន្ត្រីបច្ចេកទេសវិស័យធម្មការនិងសាសនានៅមានកម្រិត។
២.ការផ្លាស់ប្ដូរគណៈគ្រប់គ្រងវត្តញឹកញាប់ដែលជាហេតុបង្កឲ្យបាត់បង់នូវនិរន្តរភាពនៃការចុះបញ្ជីហើយក៏មិនអាចក្តាប់បាននូវព័ត៌មានគ្រប់ជ្រុងជ្រោយជាពិសេសសម្បត្តិបេតិកភណ្ឌដែលវត្តមាន។
និង៣. ព្រះគណៈគ្រប់គ្រងវត្តនិងមន្ត្រីបច្ចេកទេសមិនទាន់យល់ដឹងទូលំទូលាយនៅនីតិវិធីនិងយន្តការនៃការចុះបញ្ជីនិងបទដ្ឋានគតិយុត្តិផ្សេងៗ។

ដូចនេះអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្ដីពីតួនាទីភារកិច្ចរបស់ក្រសួងនីមួយៗនៅពេលពិនិត្យឃើញមានបញ្ហា នៅក្នុងវិស័យរបស់ខ្លួនក្រសួងនីមួយៗមិនត្រូវអង្គុយ បែកផ្សែងបន្តទៀតទេគឺត្រូវតែពន្លត់ភ្លើងនោះនិងបន្តដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយមានកិច្ចសហការជាមួយគ្រប់វិស័យ។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានៅថ្ងៃនេះ សូមថ្នាក់ដឹកនាំនិងមន្រ្តីរបស់ក្រសួងធម្មការនិងសាសនា ធ្វើការសហការជាពិសេសជាមួយមន្រ្តីបច្ចេកទេសជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការជជែកពិភាក្សាចែករំលែកនូវបទពិសោធន៍ដល់គ្នាទៅវិញ ទៅមក ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិយើងទាំងមូល ។

លោកអ៊ិន សុវណ្ណ អនុប្រធាននាយកដ្ឋាន គាំពារនិងអភិរក្សសំណង់បុរាណ បានឡើងធ្វើបទបង្ហាញ ពីសំណង់បុរាណ ក្នុងវត្តអារាម និងកំណត់វាយតម្លៃសំណង់ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិ ស្ថិតនៅលើតម្លៃរបស់សំណង់ទាំងនោះរួមមាន៖ អាយុកាល,តម្លៃវប្បធម៌,តម្លៃសិល្បៈ,តម្លៃស្ថាបត្យកម្ម,តម្លៃសាសនា,តម្លៃនៃស្នាព្រះហស្ថរបស់ព្រះមហាត្សត្រ និងឥស្សរជនល្បីៗ ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម៌ការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ,មន្រ្តីបច្ចេកទេសជំនាញក្រសួងមុខងារសាធារណៈ និងមន្រ្តីរបស់ក្រសួងធម៌ការនិងសាសនា ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដែលបានធ្វើឡើងនាឱកាសនេះ មានការចូលរួមដោយមន្រ្តីបច្ចេកទេសជំនាញក្រសួងមុខងារសាធារណៈ ដូចនេះក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សូមឲ្យថ្នាក់នាំនិងមន្រ្តីរបស់ក្រសួង ចូលរួមសហការនិងពិនិត្យទៅលើការងារនេះ ពិសេសមុខងារចាំបាច់មួយចំនួនឲ្យបានច្បាស់លាស់។ 

ឯកឧត្តម រដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ផងដែរ ចំពោះការពិនិត្យលើមុខងារនេះ ដោយសារតែគ្រប់ក្រសួងស្ថាប័ននីមួយៗមានការប្រតិបត្តិខុសៗគ្នា ដូចនេះសូមឯកឧត្តម លោកជំទាវថ្នាក់នាំ និងមន្រ្តីរាជការរបស់ក្រសួងធម្មការនិងសាសនា គ្រប់អង្គភាពទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ពិនិត្យនិងសិក្សា បន្តតាមដានវិភាគឲ្យបានច្បាស់លាស់ និងត្រូវវិភាគតាមដានឲ្យបានចប់ត្រឹមសប្តាហ៍ទី៤នៃខែឧសភា ជាមួយមន្រ្តីបច្ចេកទេសជំនាញក្រសួងមុខងារសាធារណៈ លើមុខងារសំខាន់មួយចំនួនដូចជា ៖ មុខងារហួសសុពលភាព , មុខងារត្រួតស៊ីគ្នា, ឥឥមុខងារមួយចំនួនដែលមិនដំណើរការ ឬមុខងារមិនសមស្របទៅនិងបរិបទបច្ចុប្បន្ន និងមុខងារមួយចំនួនជាដើម ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះក្រសួងធម្មការនិងសាសនាត្រូវអនុវត្តមុំ១នៅក្នុងចំណោមមុំទាំង៦ដែលរាជរដ្ឋាភិបាលបានដាក់ចេញឲ្យក្រសួង-ស្ថាប័ន អនុវត្តដើម្បីឲ្យមានតម្លាភាព លើកកម្ពស់ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការបំពេញមុខងារនៅក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់។ នាឱកាសនេះ លោក លន គឹមហេង អគ្គនាយករដ្ឋនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញវិភាគលើមុខងារគួររក្សាទុក, មុខងារគួរមានការកែលម្អឡើងវិញ,មុខងារគួរលប់ចោល,មុខងារគួរផ្ទេរចេញដើម្បីឱ្យសមស្របទៅនិងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ៕

ពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារក្នុង អាណត្តិទី៦ និងលើកទិសដៅការងារបន្តសម្រាប់អាណត្តិទី៧ របស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារក្នុង អាណត្តិទី៦ និងលើកទិសដៅការងារបន្តសម្រាប់អាណត្តិទី៧ របស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលប្រារព្ធធ្វើឡើងនៅសាលសន្និសិទចតុមុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ។

អង្គសន្និបាតបានប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃ ព្រះរាជាណាចក្រកម្ពុជា ដោយពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះតំណាងសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ,  សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះប្រធានគណកម្មាធិការនាយកសមាគមកម្ពុជរដ្ឋ អាណត្តទី៦, និងព្រះថេរ៉ានុថេរគ្រប់ព្រះអង្គ ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សិស្ស និស្សិតយ៉ាងច្រើនកុះករ។

ថ្លែងនាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា មហាសន្និបាតប្រចាំឆ្នាំនេះឡើង ក្នុងគោលបំណងចម្បង២ ធំៗគឺ៖ ទី១.ពិនិត្យមើលសមិទ្ធផលការងារ ក៏ដូចជាការកំណត់រកបញ្ហាប្រឈមនានាក្នុងអាណត្តិទី៦ យកមកធ្វើការឆ្លុះបញ្ចាំង ដើម្បីកំណត់ទិសដៅការងារសម្រាប់អាណត្តិទី៧ ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងាររបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ឱ្យរឹតតែសម្រេចបាននូវភាពជោគជ័យបន្ថែមទៀត។ ទី២.ការប្រកាសលាលែងពីតួនាទី របស់ប្រធានគណៈកម្មាធិការនាយក និងសមាជិក សមាជិកាគណៈកម្មាធិការនាយក ក្នុងអាណត្តិទី៦ ហើយរៀបចំបោះឆ្នោជ្រើសរើសប្រធានគណៈកម្មាធិការនាយក និងសមាជិក សមាជិកាគណៈកម្មាធិការនាយកថ្មីក្នុងអាណត្តិទី៧ ដោយអនុលោមតាមរបៀបវារៈដែលបានកំណត់ក្នុងប្រការ១៣ ជំពូក៣ និងរបៀបដែលបានកំណត់ចាប់ពីប្រការ ៣២ ដល់ ប្រការ៤១ ជំពូក៦ នៃលក្ខន្តិកៈពុទ្ធិកសមាគមកម្ពុជរដ្ឋ ពោលគឺ សមាជិកនៃគណៈកម្មាធិការនាយត្រូវជ្រើសតាំង សម្រាប់អាណត្តិបួនឆ្នាំ។  

ឯកឧត្តមរដ្ឋមន្រ្តី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិទី៦កន្លងមក ក្រោមការដឹកនាំរបស់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះប្រធានគណៈកម្មាធិការនាយក និងសមាជិក សមាជិកាគណៈកម្មាធិការនាយក ព្រមទាំងសមាជិក សមាជិកាទាំងអស់នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ  ដែលបានខិតខំប្រឹងប្រែងយកអស់ពីព្រះកាយពល និងកម្លាំងចិត្តប្រកបដោយបញ្ញាស្មារតី និងការទទួលខុសត្រូវខ្ពស់ ចំពោះព្រះភារកិច្ច និងភារកិច្ចដឹកនាំ រហូតទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ ហើយគ្រប់សកម្មភាពដែលបានអនុវត្តនាពេលកន្លងមក និងលទ្ធផលដែលទទួលបាន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យពុទ្ធចក្រ និងអណាចក្រ ប្រកបដោយ ពុទ្ធិ និងព្រះបញ្ញាញាណយ៉ាងត្រចះត្រចង់ ។

នាឱកាសនេះដែរ អង្គមហាសន្និបាតទាំងមូល សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវគម្រោង “ព្រែកជីកហ្វូណនតេជោ “  ដែលបំរើឲ្យសេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញពិនិត្យមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ ដឹកនាំថ្នាក់ដឹកនាំជំនាញ អញ្ជើញពិនិត្យមជ្ឈមណ្ឌលវប្បធ៌មព្រះពុទ្ធសាសនាកម្ពុជា នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ ស្ថិតនៅក្នុងភូមិអូរ កសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៤ ។

លោកជំទាវមហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលបានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា មានទីតាំងសម្បូរដោយធនធានធម្មជាតិ កន្លែងនេះស្ងប់ស្ងាត់ សមស្របសម្រាប់ធ្វើវិប្សនា ឬធ្វើសម្មាធិ ស្វែងរកភាពស្ងប់សុខផ្លូវចិត្ត។ចំណែកសំណង់ក្នុងមជ្ឈមណ្ឌលក៏ជ្រើសរើសយករចនាបទខ្មែរដ៏ល្បីល្បាញមកបញ្ចូលដើម្បីជាការទាក់ទាញ។

ក្នុងនោះលោកជំទាវ បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីផងដែរថា បើតាមគម្រោងប្លង់នៃមជ្ឈមណ្ឌលក៏ជ្រើសរើសយករចនាបថខ្មែរដ៏ល្បីល្បាញមកបញ្ចូល ដើម្បីជាការទាក់ទាញមានការរៀបចំរចនា សណ្ឋានជាស្លឹកពោធិ៍ហើយនៅក្នុងបរិវេណទាំងក្រៅ និងក្នុងនឹង សាងសង់ទិដ្ឋភាពចម្រុះពាក់ព័ន្ធព្រះពុទ្ធសាសនា ។ ចំណែកនៅចំកណ្តាលសាងសង់ព្រះមហាចុល្លាមុនីចេតិយព្រះសមណគោតម ដ៏ធំបំផុតមានទទឹង ៨០ ម៉ែត្រ និង កម្ពស់រហូតដល់ទៅ ៩២,៧០ ម៉ែត្រ សម្រាប់តម្កល់ ព្រះអដ្ឋិធាតុព្រះពុទ្ធអង្គ ដែលបានសុំមកពីប្រទេសឥណ្ឌា ។ ព្រះមហាចេតិយនេះ មានកម្ពស់ ១១ ជាន់ដែល ក្នុងនោះ មានសាល សន្និសីទសាលប្រជុំ សាលពិព័រណ៍ បណ្ណាល័យ រដ្ឋបាល និងកន្លែងជាច្រើនទៀត ខណៈ មហាប្រាសាទ ១២ នឹងសាងសង់បែងចែកជាពីរជួរព័ទ្ធជុំវិញ ។ ដោយនៅជួរទី ១ ប្រើសម្រាប់តម្កល់គម្ពីរ ក្បួនច្បាប់សាសនា និងផ្ទាំងថ្មចារគម្ពីរ ព្រះត្រៃបិដក ទាំង ១១០ ភាគ ។ មហាប្រាសាទ ជាន់ទី ២ ប្រើសម្រាប់តម្កល់ ព្រះពុទ្ធរូបចំនួន ៤០០០០ ព្រះ អង្គ សង់ឡើងពីថ្មភ្នំ ។ បន្ទាប់មកនឹង មានគូទឹកព័ទ្ធជុំវិញសម្រាប់ធ្វើពិធីសាសនាធំៗ ហើយបានកសាង ផ្ទាំងសិលាចារគម្ពីរព្រះត្រៃបិដកចំនួន ១០០០ ផ្ទាំងហើយ ក្រៅពីនោះ មជ្ឈមណ្ឌ លវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា មានសាងសង់ កន្លែងទាក់ទិននឹងប្រវត្តិរបស់ព្រះពុទ្ធ អង្គកប់នៅក្នុងព្រៃដើម្បីឲ្យមហាជនបានស្វែងយល់បន្ថែម មានសាងសង់ព្រះពុទ្ធអង្គដ៏ធំចំនួន ៤ ទិសមានសាងសង់ វត្តអារាម កន្លែងសំណាក់ធម៌របស់លោកតា លោកយាយ កន្លែងដាំផ្កាសម្រាប់ជាដង្វាយព្រះ និងក្បួនប្រាសាទជាច្រើនទៀត ។

ក្នុងន័យនេះ ឯកឧត្តម ចាយ បូរិន ក្នុងនាមជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានពិនិត្យគំរូប្លង់ និងអញ្ជើញពិនិត្យផ្ទាល់តាមទីតាំងនីមួយៗ ជាមួយមន្ត្រីជំនាញ ព្រមទាំងបានណែនាំដល់មន្ត្រីជំនាញសូមជួយពិនិត្យសហការជាមួយលោកជំទាវមហាឧបាសិការ លើការងារជំនាញ និងសិក្សាឲ្យច្បាស់ពីរចនាបទរបស់ខ្មែរយើង ឲ្យបានត្រឹមត្រូវទៅតាមរចនាបថខ្មែរយើងដែលមានតាំងពីបុរាណមក ។

ឯកឧត្តម រដ្ឋមន្រ្តី សូមកោតសរសើរផងដែរ ដល់លោកជំទាវមហាឧបាសិការធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដែលបានផ្តួចផ្តើមសាងសង់ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ព្រមទាំងបានជ្រើសរើសទីតាំងសមស្របសម្រាប់ធ្វើវិប្សនា ឬធ្វើសម្មាធិ ។ ហើយថ្ងៃខាងមុខ ឯកឧត្តម រដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នេះនិងប្រែក្លាយជាមជ្ឈមណ្ឌលវប្បធម៌សាសនាមួយដ៏សម្បូរបែប ពិសេសនឹងក្លាយជាឧត្តមប្រយោជន៏របស់ជាតិនិងប្រជាពុទ្ធបរិស័ទ ក្នុងវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ៕

ឯកឧត្តម ចាយ បូរិន អញ្ជើញពិនិត្យមើលផ្ទាំងសិលាចំលាក់ព្រះពុទ្ធបដិមា និងទេវបដិមា ចំនួនជាង២០០ផ្ទាំង នៅភ្នំទេវៈព្រៃធុតង្គ នៃវត្តព្រះពោធិសត្វគិរីរម្យ

ឯកឧត្តម ចាយ បូរិន អញ្ជើញពិនិត្យមើលផ្ទាំងសិលាចំលាក់ព្រះពុទ្ធបដិមា និងទេវបដិមា ចំនួនជាង២០០ផ្ទាំង នៅភ្នំទេវៈព្រៃធុតង្គ នៃវត្តព្រះពោធិសត្វគិរីរម្យ ស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ

ឯកឧត្តម ចាយ បូរិន អញ្ជើញពិនិត្យមើលផ្ទាំងសិលាចំលាក់ព្រះពុទ្ធបដិមា និងទេវបដិមា ចំនួនជាង២០០ផ្ទាំង នៅភ្នំទេវៈព្រៃធុតង្គ នៃវត្តព្រះពោធិសត្វគិរីរម្យ នៅភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនេះមានការនិមន្តនិង អញ្ជើញចូលរួមដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, លោក កៅ សុណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោក សម សោភ័ណ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ,  ព្រះមេគណ ព្រះគ្រូអនុគណ មន្រ្តីជំនាញ និងអជ្ញាធរដែលពាក់ព័ន្ធ ។

ក្នុងឱកាសចុះពិនិត្យរបស់ ឯកឧត្តម រដ្ឋមន្រ្តី គឺក្នុងគោលបំណង ចូលរួមលើកកម្ពស់វិស័យពុទ្ធសាសនា និងវប្បធម៌សាសនាបុព្វបុរស នឹងរួមចំណែកការពារតំបន់ធម្មជាតិ ទីទួលបូរាណ ព្រមទាំងពិនិត្យមើលរចនាបទតាមផ្ទាំងសិលានីមួយៗដែលបានឆ្លាក់ពីពុទ្ធប្រវត្តិព្រះពុទ្ធជាម្ចាស់នៃយើង ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ដ៏សម្បូរបែបរបស់ខ្មែរយើងដែលបុព្វបុរសបានបន្សល់ទុកជាសម្បត្តិមិនអាចកាត់ថ្លៃបាន ដើម្បីឲ្យមានភាពច្បាស់លាស់ និងប្រាកដថាត្រូវទៅតាមរចនាបទខ្មែរ ហើយនឹងប្រែក្លាយទៅជាតំបន់ទេសចរណ៏សាសនាដ៏មានសក្តានុពលមួយនៅក្នុងប្រទេស។ 

ដោយឡែកចំពោះ គម្រោងនៃការកសាងនិងសមិទ្ធផលដែលបានកសាងរួច លើផ្ទៃដីទំហំ ១១៧ ហិកតា ដោយសម្រេចបាន៖

− ផ្លូវជុំវិញភ្នំទេវៈព្រៃធុតង្គ បច្ចុប្បន្ន ផ្លូវបេតុងធ្វើបាន ៤ គីឡូម៉ែត្រ ។

− កសាងពុទ្ធប្បដិមាជាចម្លាក់តាមពុទ្ធប្រវត្តិមួយចប់សាច់រឿង និងទេវប្បដិមា តាមទេវកថា បច្ចុប្បន្ននេះ ទាំងពុទ្ធប្បដិមា និងទេវប្បដិមា ឆ្លាក់បានចំនួនជាង ២០០ ផ្ទាំង។

− គម្រោងសំណង់រួមមាន សំណាក់បដិបត្តិធម៌ ២០ ខ្នង សាលាធម្មសភា ផ្គត់ផ្គង់ ការបដិបត្តិធម៌១ ខ្នង សំណង់ប្រាសាទកំពូល៥ ដំណាងភ្នំប្រាសាទកំពូល៥  ទីស្នាក់ការកណ្ដាលធំ សម្រាប់ចាត់ចែងទូទៅ ១ខ្នង រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា សក្តានុពលរបស់ទីតាំងនោះគឺ បូជនីយដ្ឋានសាសនាដ៏ធំខ្លឹមសាររួម “ភ្នំទេវៈព្រៃធុតង្គ” ពិតជាទីតាំងមួយដ៏ល្អសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ការអប់រំចិត្ត ការចម្រើនសមាធិ វិបស្សនា និងជាពិសេសការធ្វើធុតង្គរបស់ព្រះសង្ឃ ព្រោះមានបរិយាកាសល្អ នៅលើភ្នំ មានព្រៃដែលធម្មជាតិទាំងនេះផ្ដល់ជំនួយយ៉ាងខ្លាំងដល់ការថែទាំងសុខភាពទាំងផ្លូកាយនិងផ្លូវចិត្ត របស់ជាពុទ្ធបរិស័ទខ្មែរយើងទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីវេទិកាសាធារណៈ នៅមូលដ្ឋានឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមឆ្លើយតបនឹងសំណើរ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននៅឃុំត្រពាំងព្រីង ស្រុក តំបែរ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំក្រោមជាតិ និងប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថា វេទិកាសាធារណៈនាឱកាសនេះ បានប្រារព្ធឡើងក្រោមម្លប់នៃសន្តិភាព នៃការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគិត្តិបណ្ឌិតរបស់ រាជរដ្ឋាភិបាលអាណិត្តទី៦ ក្រោមការដឹកនាំរបស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានបន្តដឹកនាំដោយរាជរដ្ឋាភិបានអាណិត្តទីិ៧ ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង បន្តទៅសម្រេចបានជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ស្របទៅនិងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលទាំង ៦ និងវិធានការគន្លឹះ៥ ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍ជាតិឲ្យទទួលបានភាពជោគជ័យប្រកបដោយចីរភាព។

តាមរយៈនេះ ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការគិតគូរប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ការដឹក ជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកាន់សមុទ្រប្រវែង ១៨០ គីឡូម៉ែត្រ នឹងបន្តដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះឲ្យបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៏ជូនប្រទេសនិងប្រជាជនកម្ពុជា ។

អង្គវេទិកាដ៏មានសារៈសំខាន់នេះ បានលើកជាសំណួរ សំណូមពរ ដែលជាតម្រូវការចំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តី បានពិនិត្យនិងដោះស្រាយបញ្ហាមួយចំនួន ព្រមទាំងបានផ្តល់ជូនតាមសំណើរដែលជាតម្រូវការចំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅនឹងកន្លែង និងមួយចំនួនទៀតឯកឧត្តម នឹងយកទៅពិចារណាសិក្សាបន្ថែមជាមុនសិន ដើម្បីឲ្យមានភាពច្បាស់លាស់ នឹងប្រកបដោយប្រសិទ្ធភាព។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើរនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល៕

Scroll to Top