ព័ត៌មាន

ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៧ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។

ឯកឧត្តម រដ្ឋមន្រ្តីបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៥ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំខាងមុខ ២០២៤-២០២៨ រួមមាន៖
១. ការលើកកម្ពស់សាសនារបស់រដ្ឋ
២. ការលើកកម្ពស់សីលធម៌សង្គម
៣. ការរក្សាសុខដុមនីយកម្មសាសនា
៤. ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត
និង៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីថា វគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួងធម្មការនិងសាសនា ធ្វើការពិនិត្យស្រាវជ្រាវ និងស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង អាចចងចាំច្បាស់នៅពិធីកម្ម ចេះចាំទំនៀមស្រុកទេ ដែលមានសមត្ថភាពខ្ពស់ មានបទពិសោធន៍យូរឆ្នាំ ដើម្បីប្រជុំរៀបចំពិគ្រោះយោបល់ ពិភាក្សាអំពីការបើកវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ នៅក្នុងការផ្លាស់ប្ដូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍គ្នាទៅវិញទៅមកលើកកម្ពស់ពិធីកម្មផ្សេងៗ ដើម្បីកុំឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នាទៀត ។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៧ នាឱកាសនេះ មានសិក្ខាកាមអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២១១អង្គ/នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប ជាអ្នកសិក្សាលើ២០មុខវិជ្ជា ចែកចេញជា៤ផ្នែកធំៗ ៕

ឯកឧត្តម ចាយ បូរិន ព្រះពុទ្ធសាសនានៅកម្ពុជាពិតជាមាន សក្តានុពលសម្រាប់ការចូលរួម កសាងសង្គមតាម រយៈការផ្ដល់ការអប់រំសីលធម៌ គុណធម៌ និងការលើកកម្ពស់បញ្ញាស្មារតី

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា ព្រះពុទ្ធសាសនា នៅកម្ពុជា ពិតជាមានសក្តានុពលសម្រាប់ការចូលរួមកសាងសង្គមតាមរយៈការផ្ដល់ការអប់រំសីលធម៌ គុណធម៌ និងការលើកកម្ពស់ បញ្ញា ស្មារតី ប៉ុន្តែ សក្តានុពលនេះ មានការជាប់ទាក់ទងយ៉ាងខ្លាំងទៅនឹង ការដឹកនាំ និងតួនាទីភារកិច្ច គ្រប់គ្រងផ្ទាល់ របស់សម្តេចសង្ឃ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម។

មានប្រសាសន៍បែបនេះក្នុង ឱកាសដែល ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ក្នុងពីធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធសង្ឃាភិបាលពុទ្ធសាសនា” ដែលមានការនិមន្ត និងអញ្ជើញចូលរួមដោយ សម្តេចគណៈសង្ឃនាយកទាំងពីរគណៈ ព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា រាជធានី ខេត្ត នាព្រឹកថ្ងៃទី ៩ តែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ 

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ប្រព័ន្ធសង្ឃាភិបាលពុទ្ធសាសនា មានន័យថាជាការគ្រប់គ្រង ពោលបើសិនជាមានការរុះរើរសំណង់វិហារ ឬសំណង់ផ្សេងៗនៅក្នុងបរិវេណវត្ត និងពិសេសការកសាងបដិមា សូមផ្តល់ដំណឹង និងសុំការអនុញាត្តមកក្រសួង ដើម្បីក្រសួងចាត់មន្រ្តីជំនាញសិក្សាជាមុនសិន។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត ទន្ទឹមនោះឯកឧត្តមបានលើកឡើងអំពីអភិក្រមរបស់ក្រសួងធម្មការនិងសាសនា ប ៥គឺ 

១.បព្វជ្ជា  ការបួស

២. បរិយត្តិ ការសិក្សា

៣.បដិបត្តិ ការប្រតិបត្តិ

៤.បដិវេធៈ លទ្ធផល

៥.បព្វាជនីយកម្ម ការដាក់ទោស ឬបញ្ចប់ភារកិច្ច។

ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តីសូមប្រគេនអភិក្រមរបស់ក្រសួងធម្មការនិងសាសនាវត្ត ស ៣ គឺវត្តស្អាត វត្តស្វាង និងវត្តស្ងប់ និង វិធានការ ដ ៤ គឺ៖   ១.ដាស់តឿន ២.ដកតួរនាទី ៣.ដាក់ទណ្ឌកម្ម ៤.ដេញចោល ឬផ្សឹកចោល។

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររៀបចំ សិក្ខាសាលាស្តីអំពីប្រព័ន្ធសង្ឃាភិបាល ក្នុងគោលបំណង ពង្រឹងការប្រតិបត្តិធម៌វិន័យ ពង្រឹងរបៀបរបបការងារ ការដឹកនាំ ការគ្រប់គ្រង និងពង្រឹងទៅលើការអនុវត្តតួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព។ ក្រៅពីនេះ ក៏ជាឱកាសបានពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរួមរបស់មហាសន្និបាតមន្ត្រីសង្ឃ និងលិខិតបទដ្ឋានគតិយុត្តនានាដែលបានដាក់ឱ្យអនុវត្ត នាពេលកន្លងមក និងបានពិភាក្សាប្តូរយោបល់លើការងារពុទ្ធសាសនានាពេលបច្ចុប្បន្នផងដែរ។

ឯកឧត្តម សុិន សុវណ្ណនិ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីថា គោលបំណងសិក្ខាសាលាស្តីពី “ប្រព័ន្ធសង្ឃាភិបាលពុទ្ធសាសនា”  គឺដើម្បីពង្រឹងព្រះសមត្ថភាព និងជំរុញការអនុវត្ដប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពលើការអនុវត្តលិខិត បទដ្ឋាននិងគោលការណ៍ណែនាំនានា និងសង្ឃប្រកាស ដែលដាក់ឱ្យប្រើប្រាស់ដោយក្រសួងធម្មការនិងសាសនានិងគណៈសង្ឃនាយកទាំងពីរគណៈ ពាក់ព័ន្ធនឹងការគ្រប់គ្រងវត្ដអារាម និងការដឹកនាំ ការគ្រប់គ្រងកិច្ចការពុទ្ធសាសនារបស់ គណៈសង្ឃ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ សិក្ខាសាលានេះ និងផ្តល់ឱកាសឱ្យព្រះសិក្ខាកាម និងសិក្ខាកាមបានទទួលនូវ បទពិសោធន៍ល្អ ដើម្បីយកទៅអនុវត្ដជាក់ស្តែង សម្រាប់ការដឹកនាំនិងគ្រប់គ្រងវត្ដអារាម និងកិច្ចការពុទ្ធសាសនាទាំងមូល ៕

ឯកឧត្តម ចាយ បូរិន ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺគ្របដណ្តប់លើគ្រប់វិស័យ ក្នុងនោះក្រសួងធម្មការនិងសាសនា ក៏ត្រូវបានយកចិត្តទុកដាក់បញ្ចូលវិធានការកាត់បន្ថយហានិភ័យ

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍បញ្ជាក់ពី ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺគ្របដណ្តប់លើគ្រប់វិស័យ ក្នុងនោះក្រសួងធម្មការនិងសាសនា ក៏ត្រូវបានយកចិត្តទុកដាក់បញ្ចូលវិធានការកាត់បន្ថយហានិភ័យ ភាពងាយរងគ្រោះ ដែលកើតមានពីគ្រោះមហន្តរាយ តម្រូវឱ្យរាជរដ្ឋាភិបាល ស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ មានភារកិច្ចទទួលខុសត្រូវចម្បងក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងគោលដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ សុខភាព ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាទ្រព្យសម្បត្តិវប្បធម៌សាសនា និងបរិស្ថាន។ 

មានប្រសាសន៍បែបនេះក្នុង ឱកាសដែល ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំ ផ្សព្វផ្សាយផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធវិស័យធម្មការនិងសាសនា នៅទីស្តីការក្រសួង រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ។

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា បាននឹងកំពុងបំពេញតួនាទី និងយកចិត្តទុកដាក់អនុវត្តផែនការនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ចុវិស័យ និងភាពប្រាកដនិយមរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធាន     គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលកើតមានជាយថាហេតុភាគច្រើនបណ្តាលមកពី ជំនន់ទឹកភ្លៀង គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ អគ្គីភ័យ និងជំងឺរាតត្បាត ធ្វើឲ្យខូចខាត ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពិសេសវត្តអារាម វិហារសាសនាផ្សេងៗជាដើម។ ដូច្នេះយើងត្រូវត្រៀមលក្ខណៈបង្ការ និងការកាត់បន្ថយ មុខសញ្ញាគ្រោះថ្នាក់ និងផលប៉ះពាល់វិជ្ជមាន នៃមុខសញ្ញាគ្រោះថ្នាក់ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

 ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រោះមហន្តរាយក្រសួងធម្មការនិងសាសនា បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ថា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក.ធ.ស. បានបង្ហាញថាគ្រោះមហន្តរាយទឹកជំនន់ បានបង្កឱ្យប៉ះពាល់ ដល់មនុស្ស សត្វ ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្លូវជាតិ សាលារៀន ក្នុងនោះ ក៏មាន វត្តអារាម វិហារសាសនាផ្សេងៗ ១៧៦កន្លែង បព្វជិត/សាសនិក ២១៦៦អង្គ/នាក់ ព្រមទាំងអាយុជីវិតមនុស្ស សត្វពាហនៈ ខូចខាត ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពិសេសបានធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបរចិញ្ចឹមជីវិតក៏ដូចជា ប្រាក់ចំណូលផងដែរ ៕

ឯកឧត្តម ចាយ បូរិន ចុះពិនិត្យមើលស្ថានភាពតាមទីវត្តអារាមក្រោយរដូវភ្ជុំបិណ្ឌ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនព្រះសង្ឃចំនួន៣៨វត្ត នៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ

(ខេត្តកំពង់ចាម-ត្បូងឃ្មុំ)៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង អញ្ជើញចុះពិនិត្យមើលស្ថានភាពតាមបណ្ដាវត្តមួយចំនួននៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ក្រោយពេលរដូវភ្ជុំបិណ្ឌ ពិធីនេះក៏មានការនិមន្តនិងអញ្ជើញចូលរួមដោយព្រះមេគណខេត្តកំពង់ចាមនិងខេត្តត្បូងឃុំ ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកតា លោកយាយ ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត។

ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជាប្រគេនដល់ព្រះមន្រ្តីសង្ឃ និងពុទ្ធបរិស័ទទាំងអស់ដោយក្តីនឹករលឹក។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរដល់ ទីវត្តអារាមដែលនៅជនបទខ្សត់ពុទ្ធបរិស័ទ។
ឯកឧត្តមបានបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត ទន្ទឹមនោះឯកឧត្តមបានលើកឡើងអំពីអភិក្រមរបស់ក្រសួងធម្មការនិងសាសនា វត្ត ស ៣ គឺវត្តស្អាត វត្តស្វាង និងវត្តស្ងប់។

នៅក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានប្រគេននូវទេយ្យទានដល់វត្តចំនួន ៣៨វត្ត គណៈមហានិកាយ ៣៦វត្ត និងគណៈធម្មយុត្តិកនិកាយ ២វត្ត នៅក្នុងមូលដ្ឋានខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ដោយក្នុង១វត្ត ទទួលបានអង្ករចំនួន៣០០គីឡូក្រាម ដែលជាសទ្ធាជ្រះថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ព្រះមេគណទាំង២ខេត្ត តំណាងព្រះមន្រ្តីសង្ឃនិងពុទ្ធបរិស័ទ ទាំង៣៨វត្ត មានក្តីរំភើបរីករាយ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខព្រះសង្ឃនិងប្រជាពលរដ្ឋ។ ព្រះអង្គក៏បានបួងសួងវត្ថុសក្ដិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ដល់សម្ដេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារទាំងមូលក្នុងឱកាសឆ្លងពិធីបុណ្យភ្ជុំបិណ្ឌនេះ ព្រមទាំងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ចាយ បូរិន អនុញាត្តឲ្យឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាត្តឲ្យឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Mr. Cherdkiat ATTHAKORN) ឯកអគ្គរាជទូតនៃរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម ត្រូវបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា  នៅទីស្តីការក្រសួង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Mr. Cherdkiat ATTHAKORN) ឯកអគ្គរាជទូតនៃរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធម្មការនិងសាសនា ដែលតែងតែយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់ឯកឧត្តមក្នុងការបំពេញបេសកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ជាពិសេសការឹតចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យធម្មការនិងសាសនាផងដែរ ឯកឧត្តម ឈើតកៀត អត្ថាករ ក៏បានប្រគល់សៀវភៅ សង្ឃសទ្ទាភិធាន និង កម្រងឯកសារ ព្រះរាជសង្ឃប្រកាស 

ដែលបោះពុម្ពដោយរាជាណាចក្រថៃជូនដល់ក្រសួងធម្មការនិងសាសនាសម្រាប់តម្រូវការខាងវិស័យព្រះពុទ្ធសាសនា ។

ឯកឧត្តមចាយ បូរិនបានមានប្រសាសន៍ថា សៀវភៅ សង្ឃសទ្ទាភិធាន និង កម្រងឯកសារ ព្រះរាជសង្ឃប្រកាស ពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យព្រះពុទ្ធសាសនា។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា សៀវភៅ សង្ឃសទ្ទាភិធាន និង កម្រងឯកសារ ព្រះរាជសង្ឃប្រកាស គឺជាឧត្តមប្រយោជន៏សម្រាប់ព្រះមន្ត្រីសង្ឃ ហើយឯកឧត្តម និងប្រគេនចែកជូនដល់ព្រះមន្ត្រីសង្ឃ ក្នុងពិធីបិមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។

 ឯកឧត្តម រដ្ឋមន្រ្តី បានជូនពរដល់ឯកឧត្តម ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ហើយនិងត្រូវបន្តបេសកកម្មការងារផ្សេងទៀតសម្រេចបានជោគជ័យ ព្រមទាំងសង្ឃឹមថាឯកអគ្គរាជទូតថៃថ្មី និងបន្តកិច្ចខិតខំប្រឹងប្រែងលើការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ថៃកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។

ឯកឧត្តម ចាយ បូរិន និង លោកជំទាវ អញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ កាន់បិណ្ឌវេនទី៨ នៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ខេត្តកំពង់ចាម

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និង លោកជំទាវ សូ ភត្រ្តា បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ ព្រមទាំងលោកតា លោកយាយ និងប្រជាពុទ្ធបរិស័ទជាច្រើនកុះករ  ចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។

ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដរាបរៀងមក។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោក ដើម្បីឲ្យពួកគាត់មកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។

ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ  នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ 

ពិធិបុណ្យកាន់បិណ្ឌវេនទី៨ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងធម្មការនិងសាសនា បានអញ្ជើញរាប់បាត្រ និងវេរភត្តាហារ និមន្តព្រះសង្ឃ ដារបង្សុកូលពហូឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុី ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម រដ្ឋមន្រ្តី និងញាតិកាទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខសូមជួបតែសេចក្តីស្ងប់ក្នុងសុខគតិភពជារៀងរហូត៕

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ដឹកនាំមន្រ្តីរាជការ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា

នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីរាប់បាត្រកាន់បិណ្ឌវេនទី៣ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។

ជារៀងរាល់ឆ្នាំនៅ ពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ។

សូមរម្លឹកថា ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេត អាចមានឱកាសច្រើនក្នុងការស្វែង រកចំណីអាហារជាងរដូវផ្សេងៗ ទាំងអស់។

ពិធិបុណ្យកាន់បិណ្ឌវេនទី៣ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងធម្មការនិងសាសនា បានប្រគេនយាគូ រាប់បាត និងវេរភត្តាហារ និមន្តព្រះសង្ឃ ដារបង្សុកូលពហូឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុី ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម រដ្ឋមន្រ្តី និងញាតិកាទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខសូមជួបតែសេចក្តីស្ងប់ក្នុងសុខគតិភពជារៀងរហូត៕

ឯកឧត្តម ចាយ បូរិន ៖ ក្រសួងធម្មការនិងសាសនា កំពុងតាក់តែងរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជូនដល់អង្គភាពក្រោឱវាទ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មានប្រសាសន៍នៅក្នុងពិធីបើក សិក្ខាសាលាស្ដីពីគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធានស្ដីពីការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជូនដល់អង្គភាពក្រោមឱវាទក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធម្មការនិងសាសនា ដោយមានមន្រ្តីជំនាញធ្វើការពន្យល់និងជជែកពិភាក្សា ដើម្បីធ្វើកិច្ចការនេះប្រកបដោយប្រសិទ្ធភាព ។ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីធានាបាននូវសុខុដុមណីយកម្មសាសនានៅកម្ពុជា ក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋភិបាល ត្រូវរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជូនដល់អង្គភាពក្រោមឱវាទ ឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ និងមានភាពប្រាកដនិយមរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ចាយ បូរិន បញ្ជាក់ថា អភិក្រមនៃការបង្កើតច្បាប់ គឺច្បាប់ បង្កើតមកដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គម ពុំមែនជាការបង្កើតបញ្ហាបន្ថែម ឬការបង្កើតបន្ទុកនោះទេ ប៉ុន្តែគោលការណ៍ណែនាំនេះ ត្រូវបានបែងចែកជាផ្នែក ទៅតាមខ្លឹមសារសំខាន់ៗ ដែលមានសេចក្តីណែនាំលម្អិតក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដើម្បីជៀសវាងភាពមិនស៊ីសង្វាក់គ្នា ឬជាន់សមត្ថកិច្ចគ្នា ឬផលវិបាកមិនល្អទៅដល់បុគ្គល ធុរកិច្ច និងសង្គម។ឯកឧត្តម រដ្ឋមន្រ្តី បានក្រើនរំលឹកផងដែល ដល់សិក្ខាកាមជាមន្រ្តីរាជការ ព្រះមន្រ្តីសង្ឃ ដែលនិមន្តនិងអញ្ជើញមកពីបណ្តាមន្ទីរ រាជធានី-ខេត្តក្រោមឱវាទក្រសួងធម្មការនិងសាសនាទាំងអស់ ដែលចូលរួមក្នុងសិក្ខាសាលា ប្រកបដោយស្មារតីយកព្រះទ័យ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការឈ្វេងយល់អំពី គោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែលក្រសួងធម្មការនិងសាសនា ត្រូវកសាង និងតាក់តែង នាពេលខាងមុខ៕

សម្តេចព្រះមហាសង្ឃរាជ  បួរ គ្រី និងឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន យាងនិងអញ្ជើញជាអធិបតី ពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមចូលរួមសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ” ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំ “

សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា យាងនិងអញ្ជើញជាអធិបតី ពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមចូលរួមសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ” ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំ ” នាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នារសៀលថ្ងៃទី ១៥ខែកញ្ញា ឆ្នាំ ២០២៤ ។នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ប្រធានបទ “ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំ” ពិតជាប្រធានបទដ៏មានសារៈសំខាន់ ដោយសារការដឹកនាំប្រកបដោយប្រសិទ្ធភាព នាពេលបច្ចុប្បន្នទាមទារឱ្យមានការយល់ដឹងអំពីវប្បធម៌ និងភាពរសើបនៃវប្បធម៌ផ្សេងៗ ការយល់ដឹងអំពីវប្បធម៌ចម្រុះ គឺការយល់ដឹងអំពីគុណតម្លៃទស្សនៈ ផ្នត់គំនិត និងអាកប្បកិរិយាខុសគ្នា អ្វីដែលអាចទទួលយកបាននៅក្នុងវប្បធម៌មួយ អាចជាការប្រមាថនៅក្នុងវប្បធម៌មួយផ្សេងទៀត។ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជាជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូបែប  ដែលគុណតម្លៃនៃវប្បធម៌ខ្មែរផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនា ជាពិសេសវប្បធម៌កតញ្ញូ មេត្តា ករុណា អហិង្សា និងស្មារតីបម្រើមនុស្សជាតិ ជាគោលការណ៍ដ៏សំខាន់ សម្រាប់រស់នៅក្នុងសង្គមជាមួយគ្នាឱ្យបានល្អប្រសើរ ទាំងក្នុងសង្គមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល ដូចនេះសុខដុមនីយកម្មសាសនាពិតជាមានសារៈសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ជារៀងរហូតមក ។ នាឱកាសនេះ ឯកឧត្តម ចាយ បូរិន សូមអបអរសាទរយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ”ភាពជាអ្នកដឹកនាំនិងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ ដុងហ្គុកវាយស៍ ( Dongguk Wise University ) នៃសាធារណរដ្ឋកូរ៉េ ដែលសុទ្ធតែបានបញ្ជាក់អំពីការទទួលស្គាល់ប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅចំពោះការធ្វើវិភាគទានរបស់ សម្ដេចតេជោ សម្រាប់សន្តិភាព ក្នុងតំបន់និងពិភពលោក។ឯកឧត្តម ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានជម្រាបជូន សមេ្តចព្រះអភិសិរី និង ឯកឧត្តម រដ្ឋមន្រ្តីថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានសាស្ត្រាចារ្យមកពីប្រទេសអាហ្រ្វិកខាងត្បូង សាស្ត្រាចារ្យមកពីប្រទេសអង់គ្លេស សាស្ត្រាចារ្យមកពីប្រទេសអូស្ត្រាលី សាស្ត្រាប្រទេសស្រីលង្កា និងសាស្ត្រាចារ្យកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងក្រសួងធម្មការ និង សាសនា ក្រសួងអប់រំ ក្រសួងមហាផ្ទៃ ខណៈសិក្ខាកាមចូលរួមមានចំនួន ១៦០អង្គ/នាក់ និងមានព្រះសង្ឃ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិចូលរួមសុបប្រមាណជាជាង ៣២៥អង្គ/នាក់ ៕

ឯកឧត្តម ចាយ បូរិន ៖ ខេត្តជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ចំពោះការលំហូរចូលនៃសាសនាផ្សេងៗ ពីប្រទេសជិតខាងមកលើមូលដ្ឋានរបស់ខ្លួន

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែថា ខេត្តជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ចំពោះការលំហូរចូលនៃសាសនាផ្សេងៗពីប្រទេសជិតខាងមកលើមូលដ្ឋានរបស់ខ្លួន ឯកឧត្តម មានប្រសាសន៍ បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញបន្តចុះសំណេះសំណាលសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ   ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សង់ រីហា អភិបាលរង តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកឆឹម តឿ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នៅមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ ។

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ថា ការជួបសំណេះសំណាលនាពេលនេះ គឺដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនា ស្តាប់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរជាក់ស្តែងដែលជាតម្រូវការរបស់មន្ទីរធម្មការនិងសាសនាខេត្ត និង ជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបានបន្តថា ខេត្តឧត្តរមានជ័យ គឺជាខេត្តមួយស្ថិតនៅភូមិភាគពាយ័ព្យហើយមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាប្រទេសមានប្រពៃណី វប្បធម៌ប្រហាក់ប្រហែលនិងកម្ពុជាយើង ដូចនេះយើងត្រូវយកចិត្តចំពោះការលំហូរចូលនៃសាសនាផ្សេងៗពីប្រទេសជិតខាងមកលើមូលដ្ឋានរបស់ខ្លួន ដោយយកចិត្តទុកដាក់លើមន្ត្រីខ្លួន ដាច់ខាតត្រូវមាន ចំណេះ ជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ សិក្សាឲ្យច្បាស់នូវសាសនាទាំងអស់ក្នុងខេត្ត ហើយអភិរក្សឱ្យបានល្អ នូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ខ្មែរយើងឱ្យបានខ្ជាប់ខ្ជួន ហើយមន្ទីរធម្មការនិងសាសនាខេត្តត្រូវសហការជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យ វត្ត អាជ្ញាធរមូលដ្ឋានរៀបចំទីអារាមឱ្យមានសណ្តាប់ធ្នាប់ល្អ ក្នុងឱកាសនៃការខិតជិតចូលមកដល់នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌដែលជាពិធីបុណ្យធំជាងគេសម្រាប់ពុទ្ធបរិស័ទដែលកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺត្រូវរក្សាឱ្យបាន (វបីឬវត្តបី )គឺវត្តស្អាត វត្តស្វាង វត្តស្ងប់ ។

លោក ឆឹម តឿ បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំនូមពរ របស់មន្ទីរធម្មការនិងសាសនាខេត្ត ដោយនៅក្នុងខេត្តមានការប្រតិបត្តិសាសនាធំៗចំនួន៥គឺ១-ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ-២គ្រិស្តសាសនា ៣-ឥស្លាមសាសនា ៤-បាហៃសាសនា ៥-ព្រះពុទ្ធសាសនាមហាយាន និងកង្វះមន្ត្រីក្របខ័ណ្ឌ និងគោរពស្នើរសុំឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យវត្តចំនួន២២ដែលមិនទាន់មានប្រកាសទទួលស្គាល់ពីក្រសួង ក្នុងនោះមានវត្តគណៈធម្មយុត្តិចំនួន៨វត្ត ។

បន្ទាប់ពីស្តាប់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរជាក់ស្តែងដែលជាតម្រូវការរបស់មន្ទីរធម្មការនិងសាសនាខេត្ត 

ឯកឧត្តមរដ្ឋមន្រ្តីបានទទួលយកទៅពិចារណាមុននិងធ្វើការដោះស្រាយឱ្យសមស្របទៅនិងកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលបន្តវេន។

នាឱកាសនេះ ឯកឧត្តមក៏បានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន នៅខេត្តភាគឥសាន្តចំនួន៤ខេត្តគឺ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនៈគិរី  ដែលរាជរដ្ឋាភិបាលបានរៀបចំជាមធ្យោបាយដឹកជញ្ជូនទាំងទៅនឹងមក និងផ្តល់ជូនអាហារ៣ពេលជូនបងប្អូនប្រជាពលរដ្ឋដែលទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២៤ ៕

Scroll to Top