ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីព្រះពុទ្ធសាសនាប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រះធម្មរតនរង្សី វេង សេងពេជ្រ ព្រះគ្រូអនុគណខណ្ឌជ្រោយចង្វារ ព្រះពុទ្ធវង្ស សុខ សុខភាព ព្រះវិន័យធរព្រះអនុគណខណ្ឌជ្រោយចង្វារ ព្រះមង្គលវិសុទ្ធិ សុខ ភារម្យ ព្រះនាយកពុទ្ធិកបឋមសិក្សាកម្ពុជរដ្ឋវត្តវារិន្ទព្រែកលៀប អាជ្ញាធរ លោកគ្រូអ្នកគ្រូ សមណសិស្ស សិស្សានុសិស្សចូលរួមចំនួន ៤៥២អង្គ/នាក់ ដែលប្រារព្ធឡើងនៅវត្តវារិន្ទព្រែកលាប ស្ថិតនៅភូមិព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា កម្មវិធីព្រះពុទ្ធសាសនាប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន មានគោលបំណងបញ្ជ្រាបការយល់ដឹង ផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្តល់អាទិភាពដល់ប្រជាជនឬការចាត់ទុកប្រជាជនជាមូលដ្ឋានក្នុង ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាមួយនេះ ក៏ទាមទារឱ្យមានការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រមទាំងពង្រឹងសកម្មភាពអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំ ទូលាយ ពិសេសសូមក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន តបទៅនឹងការខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់មាតាបិតាយើង។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ អាជ្ញាធរជាតិ
របយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅ និងសូមសម្តែងនូវការគោរពដឹងគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី ៦ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំ និងតម្រង់ទិសដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក ។ សម្តេចបានផ្តាំផ្ញើដល់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់យើងត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមជាតិ និងត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅការងារអាទិភាព។
ក្នុងនោះ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដោយបានកំណត់ត្រង់បរិស្ថានគ្រប់ដណ្តប់ នៃស្នូលនិងយុទ្ធសាស្ត្រ គឺការបន្តពង្រឹងសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសណ្តាប់ធ្នាប់សង្គម សាធារណៈ ដែលក្នុងនោះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅអាទិភាពចម្បង ។ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ច, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានសម្រេចបាននាពេលកន្លងទៅ ស្របតាមការវិវត្តនៃស្ថានភាពនយោបាយសង្គមនិងសេដ្ឋកិច្ច ទាំងនៅកម្ពុជា តំបន់និងលើសកលលោក៕