រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល​ជាមួយ​ព្រះមន្ត្រី​សង្ឃ និងព្រះចៅអធិការគ្រប់វត្ត ទូទាំងខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង) នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ និង​ព្រះចៅ​អធិការគ្រប់វត្ត ទូទាំងខេត្តកំពង់ឆ្នាំង នៅវត្តចន្ទប្បជោត្តនារាម(វត្តតាសុត)។ ពិធីនេះ មានការ​និមន្ត​ចូលរួមពីសំណាក់ ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង គណៈមហានិកាយ ព្រះគ្រូរាជធម្មនាថ ជីម រន ព្រះគ្រូទទួលបន្ទុកកិច្ចការគណៈសង្ឃ គណៈធម្មយុត្តិកនិកាយខេត្តកំពង់ឆ្នាំង ព្រះធម្មវនវាសី សុន ចាន់វីរៈ ព្រះបាឡាត់គណស្ដីទីខេត្តកំពង់ឆ្នាំង ព្រះអនុគណគ្រប់ក្រុង ស្រុក ព្រះចៅ​អធិការ និងព្រះមន្ត្រី​សង្ឃ​គ្រប់វត្ត ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃ​គណៈអភិបាល​ខេត្តកំពង់ឆ្នាំង ​​អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង​ប្រធានមន្ទីរ​ធម្មការនិង​សាសនា​ខេត្តកំពង់ឆ្នាំង ព្រមទាំងអាចារ្យ គណៈកម្មការគ្រប់វត្ត សរុបចំនួន ៨២៩អង្គ/នាក់។

ជាកិច្ចចាប់ផ្ដើម លោកជំទាវ ប៊ន សុភី អភិបាលរង តំណាងឯកឧត្តមអភិបាល​នៃ​គណៈអភិបាល​ខេត្តកំពង់ឆ្នាំង បានធ្វើ​របាយការណ៍​ស្ដីពីសកម្មភាពព្រះពុទ្ធសាសនា និងការប្រតិបត្តិ​ធម៌​វិន័យរបស់​ព្រះសង្ឃ​​ក្នុងខេត្ត ​ដោយកន្លងមក ព្រះ​មន្ត្រីសង្ឃ និងព្រះសង្ឃគ្រប់វត្ត បានធ្វើ​ឧបោសថកម្ម​ក្នុងមួយ​​ខែចំនួន​ពីរដង ស្របតាម​សេចក្ដីណែនាំ​ដែលបានដាក់ចេញដោយក្រសួងធម្មការនិងសាសនា រួម​ជាមួយ​គណៈសង្ឃ​​នាយក​ទាំង​ពីរ​គណៈ ហើយ​ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្ត បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​មនុស្សធម៌ ជាពិសេសបាននាំយកអំណោយជាគ្រឿង​ឧបភោគ​បរិភោគ និងថវិកា ទៅ​ឧបត្ថម្ភ​គាំទ្រ​ដល់​វីរកងទ័ព វីរនគរបាលជាតិ និងជនភៀសសឹកជាបន្តបន្ទាប់ ព្រម​ទាំង​បាន​រៀបចំ​ពិធី​បុណ្យ​កាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅគ្រប់វត្តទូទាំងខេត្ត ប្រកបដោយ​សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ និងជូនពុទ្ធបរិស័ទទូទាំងខេត្ត ដែលជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត តែងតែ​គិត​គូរ​យកចិត្តទុកដាក់ពីសុខទុក្ខរបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទគ្រប់ពេលវេលា ជាក់ស្ដែងកាល​ពី រ​ដូវ​បុណ្យ​កាន់បិណ្ឌ-ភ្ជុំបិណ្ឌកន្លងទៅ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនទេយ្យទានជា​អង្ករ​​ដល់វត្តដែលមានការខ្វះខាតចំនួន ៦០វត្ត ក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាបណ្ដាវត្តខ្វះខាត​ផ្សេងទៀតនៅទូទាំងប្រទេសផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តតួនាទី និងភារកិច្ចរបស់​ព្រះមន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ព្រះចៅអធិការគ្រប់វត្ត ជាពិសេសព្រះភិក្ខុ សាមណេរ ត្រូវបំពេញ​ករណី​យ​​កិច្ច​រៀងៗ​ព្រះអង្គ ហើយត្រូវប្រតិបត្តិខ្ជាប់ខ្ជួននូវសិក្ខាទាំង៣ គឺ ១. អធិសីលសិក្ខា (ប្រកាន់ខ្ជាប់នូវសីល) ២. អធិ​ចិត្តសិក្ខា (ប្រកាន់ខ្ជាប់នូវសមាធិ) ៣. អធិប្បញ្ញាសិក្ខា (ប្រកាន់ខ្ជាប់នូវការអប់រំបញ្ញា) និង​ត្រូវ​ដឹកនាំ ជួយសម្រួលដល់កិច្ចការគ្រប់គ្រងវត្តអារាម ធ្វើយ៉ាងណាឱ្យមាននូវសាមគ្គីធម៌ សុខដុមរមនា រវាង​ព្រះសង្ឃនិងព្រះសង្ឃ ព្រះសង្ឃនិងពុទ្ធបរិស័ទ ទប់ស្កាត់កុំឱ្យមានអធិករណ៍កើតឡើងក្នុងវត្ត។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា សូមឱ្យព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះ​សង្ឃ​ អាចារ្យ គណៈកម្មការគ្រប់វត្ត រួមទាំងពុទ្ធបរិស័ទទាំងអស់ បន្តខិតខំយកចិត្តទុកដាក់ រួមគ្នាអនុវត្ត​តាម​គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនា​មាន​ការ​រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យកត់សម្គាល់។ កន្លងមក ព្រះពុទ្ធសាសនា​បានរួម​ចំណែក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន មានដូចជា ស្ពាន ថ្នល់ វត្តអារាម សាលារៀន មន្ទីរពេទ្យ កាកបាទ​ក្រហម ការងារសង្គម ការងារមនុស្សធម៌ និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ និងសុជីវធម៌​ដល់​សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសង្គម។ ជាពិសេសក្នុងស្ថានភាពដែលប្រទេសជាតិ​កំពុង​ការពារ​អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រះសង្ឃគឺជាទីពឹងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការរក្សា​ឯកភាព​ជាតិ និងការលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិមុខ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ព្រះមន្ត្រីសង្ឃក្នុងខេត្ត ក្រុង ស្រុក ព្រះគ្រូចៅអធិការ និងអាចារ្យ គណៈកម្មការ​វត្ត​ទាំងអស់ ចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់នូវ និងអភិក្រម«ប៥»ដែលបានដាក់ចេញដោយក្រសួងធម្មការនិងសាសនារួមជាមួយគណៈសង្ឃនាយក ១.បព្វជ្ជា គឺពង្រឹងយន្តការ បួស និងការបំបួស ២.បរិយត្តិ គឺការព្រឹងវិស័យពុទ្ធិកសិក្សា ៣.បដិបត្តិ គឺការពង្រឹងកិច្ចប្រតិបត្តិ ៤.បដិវេធ គឺធានាឱ្យបាននូវស័ក្តសិទ្ធភាព ប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ច ៥.បព្វាជនីយកម្ម គឺយន្តការវះកាត់ក្នុងករណីកើតភាពអសកម្ម និងអភិក្រម «ស៣» របស់ក្រសួងធម្មការ​និង​សាសនា គឺ វត្តស្អាត វត្តស្វាង វត្តស្ងប់ ដើម្បីរួមគ្នាកសាងវត្តអារាមឱ្យក្លាយជា​មជ្ឈមណ្ឌល​អប់រំ​សីលធម៌ វប្បធម៌ និងការ​អភិវឌ្ឍសហគមន៍ ដ៏មានរបៀបរៀបរយ ស្អាតបាត និងគួរជាទីជ្រះថ្លា និង​សូម​ឱ្យ​ចូល​រួម​ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់​រាជរដ្ឋាភិបាល ដោយ​អប់រំ​ណែនាំពុទ្ធបរិស័ទឱ្យគោរពច្បាប់ចរាចរណ៍ វៀរចាកឆ្ងាយពីគ្រឿងញៀន អំពើអានាចារ ល្បែង​ស៊ីសងគ្រប់ប្រភេទ និងការបោកប្រាស់តាមអនឡាញជាដើម ដើម្បីរួមចំណែក​កសាង​សហគមន៍ និងសង្គមកម្ពុជា​ឱ្យមា​ន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងភាពសុខក្សេមក្សាន្ត និង​មិន​ត្រូវ​​យក​វត្ត​អារាម និងសាសនដ្ឋាន​ធ្វើជាកន្លែងប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់​កិត្យា​​នុភាព​នៃ​ព្រះពុទ្ធសាសនា និង​សេចក្ដីថ្លៃថ្នូរសង្គម ហើយសូមឱ្យបង្កើនការត្រួតពិនិត្យ តាមដាន ក៏ដូច​ជាសហការ​ជាមួយ​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ជាមុននូវរាល់សកម្មភាព​អសកម្ម​ទាំងឡាយ ដែលអាច​កើត​មាន​ឡើងក្នុងបរិវេណវត្តអារាម។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៦ កន្លងទៅ ប្រកប​ដោយ​សណ្ដាប់ធ្នាប់ និងសុវត្ថិភាព។ ម្យ៉ាងទៀតថ្ងៃបវារណាចេញព្រះវស្សារបស់ព្រះសង្ឃ និងរដូវកឋិនទាន ជិត​ឈាន​ចូលមកដល់ ឯកឧត្តមបានផ្ដាំផ្ញើដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះគ្រូចៅអធិការ​គ្រប់វត្ត និង​មន្ទីរធម្មការនិងសាសនាខេត្ត ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ រៀបចំពិធីបុណ្យ​កឋិន​ឱ្យបានត្រឹមត្រូវតាមព្រះធម៌វិន័យ និងប្រពៃណី ក្នុងស្មារតី «ព្រះពុទ្ធសាសនាតែមួយ សាសន​ពិធី​តែមួយ» ដោយរក្សាភាពសាមញ្ញ សន្សំសំចៃ មិនបង្កជាបន្ទុកដល់ពុទ្ធបរិស័ទ សម្របសម្រួលដល់​ពុទ្ធបរិស័ទ​ទាំងទីជិតទីឆ្ងាយបានមកធ្វើបុណ្យដោយសុខសុវត្ថិភាព និងត្រូវឆក់យកឱកាសនេះ ទេសនា​​អប់រំណែនាំដល់ពុទ្ធបរិស័ទ ឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សុជីវធម៌ ដើម្បីកសាងភាព​ជា​ពុទ្ធបរិស័ទ​ល្អសម្រាប់ព្រះពុទ្ធសាសនាផង និងរក្សាភាពជាពលរដ្ឋល្អនៅក្នុងសង្គមផង។

មុននឹងបញ្ចប់ ឯកឧត្តម ចាយ បូរិន បានវាយតម្លៃខ្ពស់​ចំពោះការ​ខិតខំ​ប្រឹង​ប្រែង​របស់​ព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការគ្រប់វត្តក្នុងខេត្តកំពង់ឆ្នាំង ដែលបាន​និមន្ត​ចូលរួម​យ៉ាងសកម្មក្នុងការថែរក្សាគុណតម្លៃព្រះពុទ្ធសាសនា និងការអភិវឌ្ឍ​សង្គម​ជាតិ​នាពេល​កន្លងមក ព្រមទាំង​បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាន​គាំ​ទ្រ​វិស័យព្រះពុទ្ធសាសនាជានិច្ច ហើយបានប្រគេនពរ និងជូនពរដល់អង្គពិធីទាំងមូល សូមប្រកប​ដោយ​ឧត្តមពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ៕

Scroll to Top