ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បាននាំយកទេយ្យទាន ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន ១១១វត្ត នៅខេត្តបាត់ដំបង ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៦

(ខេត្តបាត់ដំបង) អនុវត្តតាមអនុសាសន៍ណែ នាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញនាំយកទេយ្យទាន ដ៏ថ្លៃថ្លា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃតាមវត្តអារាម ក្នុងឱកាសបុណ្យ កាន់ បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២៦ សរុបចំនួន ១១១វត្ត ស្ថិតនៅ វត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្ត ព្រះអនុគណ ព្រះចៅអធិការ និង ព្រះថេរានុត្ថេរៈ តំណាងឱ្យវត្ត ទាំង១១១វត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋាន អាចារ្យ គណៈកម្មការវត្ត ព្រមទាំងលោកតាលោកយាយ ពុទ្ធបរិស័ទ ចំណុះ ជើងវត្ត។

ឯកឧត្តម រដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិ នារី កម្ពុជា ប្រគេនដល់ព្រះមន្ត្រីសង្ឃ និងជូនពុទ្ធបរិស័ទទាំង អស់ ដោយក្តី នឹក រលឹក ដែលជានិច្ចជាកាល សម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខព្រះសង្ឃ និងទីវត្ត អារាម នៅតំបន់ជនបទដាច់ ស្រយាល ដែលខ្សត់ពុទ្ធបរិស័ទ ជាពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជា ឱកាសដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទធ្វើទានរក្សាសីលនិងឧទ្ទិស កុសលដល់បុព្វការីជន។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំ ប្រកប ដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន បន្ត ដឹកនាំ ពី សម្តេច អគ្គ មហា សេនាបតីតេជោ ហ៊ុន សែន កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រក្សា បាន នូវសុខសន្តិភាព ស្ថិរភាព អធិបតេយ្យភាព បូរណភាពទឹកដីនិង បាន យកចិត្ត ទុក ដាក់ខ្ពស់លើការអភិរក្ស លើកតម្កើង ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ។ ការប្រគេនអង្ករដល់វត្ត នាឱកាសនេះ គឺជាការបន្តប្រពៃណីដ៏ល្អផូរផង់ របស់ថ្នាក់ ដឹកនាំ កម្ពុជា ក្នុងការឧបត្ថម្ភ ព្រះពុទ្ធសាសនា និងធានាឱ្យ ព្រះសង្ឃដែលគង់នៅវត្តតំបន់ដាច់ស្រយាល ក្នុងការបំពេញសមណកិច្ច ទាំងក្នុងរដូវបុណ្យ និងក្រោយរដូវបុណ្យ។

ឯកឧត្តម បានបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទី យ៉ាងសំខាន់ក្នុងការ អប់រំ សីលធម៌ ចរិយាធម៌ និងគុណធម៌ដល់ប្រជាពលរដ្ឋ និងចូលរួម ចំណែកអភិវឌ្ឍ សង្គម ជាតិ ជាមួយ រាជរដ្ឋាភិបាល ហើយបាន អំពាវនាវដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចូលរួមរៀបចំវត្ត អារាម ឱ្យស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា គឺ វត្តស្អាត វត្តស្វាង វត្តស្ងប់ រៀបចំ សាសន ពិធី ឱ្យបាន ត្រឹមត្រូវ តាមគន្លងព្រះពុទ្ធ សាសនា ក្នុងស្មារតី «ព្រះពុទ្ធសាសនាតែមួយ សាសន ពិធី តែមួយ» ។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានប្រគេនទេយ្យទាន ជាអង្ករ និងបច្ច័យមួយចំនួនដែលជាសទ្ធា ជ្រះថ្លា បំផុតរបស់ សម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់វត្ត សរុបចំនួន ១១១វត្ត ដែលក្នុងមួយវត្តទទួលបានអង្ករចំនួន៣០០គីឡូក្រាម សរុប អង្ករ ទាំងអស់ ចំនួន ៣៣ ៣០០គីឡូក្រាម។

ព្រះមេគណខេត្ត តំណាងព្រះមន្ត្រីសង្ឃ និងពុទ្ធបរិស័ទទាំង១១១វត្តមានក្តីរំភើបរីករាយ និងបាន សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច មហាបវរធិបតី និងលោកជំទាវ បណ្ឌិត និងបានបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរី មង្គល វិបុលសុខ បវរមហាប្រសើរ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារទាំងមូល ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ ព្រមទាំងទទួលបាន នូវឧត្តមពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាត ឡើយ៕

Scroll to Top