ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់  ក្នុងពិធីប្រកាសសមាសភាពនៃសមាគមសាមគ្គីធម៌អាចារ្យខ្មែរនិងសំណេះសំណាលជាមួយ អាចារ្យ អាចារិនី និងគណៈកម្មការវត្តទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

(ស្រុកតំបែរ) នៅថ្ងែទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី  ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម លោក​ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ តំណាងរដ្ឋបាលខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត អភិបាលគណៈអភិបាលស្រុក កងកម្លាំងទាំង៣ មេឃុំទាំង៧ អាចារ្យ អាចារិនី សរុបចំនួន ២៦៨នាក់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើសារសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់អាចារ្យ អាចារិនី និងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអនុវត្តតួនាទី និងភារកិច្ចរបស់អាចារ្យតាមឋានានុក្រម ចាប់ពីប្រធានអាចារ្យ អាចារិនី ដល់គណៈកម្មការ ដែលមានតួនាទីឱ្យបំពេញករណីកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស ការដឹកនាំកិច្ចប្រជុំតាមរបបកំណត់ អាចារ្យ អាចារិនី និងគណៈកម្មការវត្ត ក៏ត្រូវបំពេញតួនាទីជាដៃស្តាំដ៏សំខាន់ ក្នុងការជួយសម្រួលកិច្ចការវត្តអារាម ដោយតម្លាភាព និងសាមគ្គីធម៌ រវាងព្រះសង្ឃ និងគ្រហស្ថ។

ឆ្លៀតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអាទិត្យ ១រោច ដល់ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ដើម្បីឱ្យការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនាខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផ្តាំផ្ញើដល់ អាចារ្យ អាចារិនី គ្រប់ឋានានុក្រម ខិតខំរៀបចំ ឱ្យបានម៉ត់ចត់ ត្រឹមត្រូវ និងខ្ជាប់ខ្ជួន ព្រមទាំងការអប់រំណែនាំពុទ្ធបរិស័ទ ឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ដើម្បីរក្សាភាពថ្លៃថ្នូរ និងជំនឿជ្រះថ្លារបស់ពុទ្ធបរិស័ទចំពោះព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យព្រះមន្ត្រីសង្ឃ អាចារ្យ អាចារិនី និងគណៈកម្មការវត្តទាំងអស់ ចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់នូវអភិក្រម «ស៣» របស់ក្រសួងធម្មការនិងសាសនា ដើម្បីរួមគ្នាកសាងវត្តអារាម ឱ្យក្លាយជាមជ្ឈមណ្ឌលអប់រំសីលធម៌ វប្បធម៌ និងការ អភិវឌ្ឍសហគមន៍ ដ៏មានរបៀបរៀបរយ ស្អាតបាត និងគួរជាទីជ្រះថ្លា។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យ អាចារ្យ អាចារិនី និងគណៈកម្មការវត្ត ចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដោយអប់រំណែនាំពុទ្ធបរិស័ទ ឱ្យគោរពច្បាប់ចរាចរណ៍ វៀរចាកឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ ប្រភេទ ដើម្បីរួមចំណែកកសាងសហគមន៍ និងសង្គមកម្ពុជា ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពសុខក្សេមក្សាន្ត និងមិនត្រូវយកវត្តអារាម និងសាសនដ្ឋាន ធ្វើជាកន្លែងប្រព្រឹត្តអំពើមិនគប្បីផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃព្រះពុទ្ធសាសនា និងសេចក្តីជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសូមឱ្យ អាចារ្យ អាចារិនី គ្រប់ឋានានុក្រម បង្កើនការត្រួតពិនិត្យ តាមដាន ក៏ដូចជាសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ ជាមុននូវរាល់សកម្មភាពអសកម្មទាំងឡាយ ដែលអាចកើតមានឡើងក្នុងបរិវេណវត្តអារាម។

មុននឹងបញ្ចប់ ឯកឧត្តម ចាយ បូរិន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ អាចារ្យ អាចារិនី និងគណៈកម្មការវត្ត នៅទូទាំងស្រុកតំបែរ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិកន្លងមក ព្រមទាំងបានជូនពរជ័យសិរីសួស្តី ដល់អង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Scroll to Top