ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវអនុក្រឹត្យថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនា

(រាជធានីភ្នំពេញ) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «អនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនា» ដែលមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្ដិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំពាហិរសាសនា ប្រធានមន្ទីរ លោក លោកស្រី និងមន្ត្រីរាជការជាច្រើនរូប។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា លិខិតបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់នេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើប្រព័ន្ធរដ្ឋបាល និងការគ្រប់គ្រងវិស័យសាសនា ក្នុងគោលបំណងឆ្លើយតបទៅនឹងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច និងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ដោយធានាឱ្យបាននូវគុណភាព គណនេយ្យភាព តម្លាភាព និងបរិយាបន្ន។

ទាក់ទងនឹងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នក្រោមអនុក្រឹត្យថ្មីនេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់អំពីការកែសម្រួលដោយផ្អែកលើការវិភាគមុខងារស៊ីជម្រៅដើម្បីជៀសវាងភាពត្រួតស៊ីគ្នា ដោយកំណត់នូវមុខងារស្នូលចំនួន៣ និងមុខងាររងចំនួន១៧ រួមជាមួយនឹងរចនាសម្ព័ន្ធសំខាន់ៗដូចជា៖

-អគ្គលេខាធិការដ្ឋាន (អតីតអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ)៖ មានការកែសម្រួលឈ្មោះនាយកដ្ឋានចំនួន៣ រក្សាចាស់១ និងបង្កើតថ្មី១(នាយកដ្ឋាននីតិកម្ម ផែនការ និងស្ថិតិ)។

– អគ្គនាយកដ្ឋានកិច្ចការសាសនា៖ រក្សាឈ្មោះដដែល តែមានការប្តូរឈ្មោះនាយកដ្ឋានមួយចំនួន និងកែសម្រួលពុទ្ធសាសនបណ្ឌិត្យ ទៅជា «វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ»។

– អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ៖ ផ្នែកចំណុះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានកែសម្រួល ដូចមានបង្ហាញខាងក្រោម៖

១.ផ្នែកពុទ្ធិកសិក្សា បានមកពីការរួមបញ្ចូលគ្នារវាងផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ ផ្នែកពុទ្ធិកមធ្យមសិក្សា និងផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា។

២.ផ្នែកអធិការកិច្ចពុទ្ធិកសិក្សា (ព្រះអគ្គាធិការស្នើសុំបង្កើតថ្មី) ត្រូវបានរួមបញ្ចូលការិយាល័យរបៀប ការិយាល័យអធិការកិច្ច នៃផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ ការិយាល័យអធិការកិច្ចនៃផ្នែកពុទ្ធិកមធ្យមសិក្សា  និងការិយាល័យអធិការកិច្ចនៃផ្នែកពុទ្ធិកឧត្តមសិក្សានិងក្រោយពុទ្ធិកឧត្តមសិក្សា។

៣.ផ្នែកគរុកោសល្យនិងវិក្រឹតការពុទ្ធិកសិក្សា ត្រូវបានផ្ទេរពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជហើយប្តូរឈ្មោះ ពីមជ្ឈមណ្ឌលគរុកោសល្យរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទៅជា ផ្នែកគរុកោសល្យនិងវិក្រឹតការពុទ្ធិកសិក្សា ។

៤.ផ្នែករដ្ឋបាលនិងគណនេយ្យ  រក្សាទុកដដែល។

-នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ ត្រូវបានរក្សាទុកដដែល ដោយលុបចោលអធិការដ្ឋាន។

– អង្គភាពថ្នាក់ក្រោមជាតិ៖ បន្តរក្សាមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត។

ដើម្បីឱ្យការអនុវត្តអនុក្រឹត្យថ្មីនេះទទួលបានលទ្ធផលផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន ក៏បានដាក់ចេញនូវទិសដៅការងារគន្លឹះចំនួន ៨ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនាទាំងអស់ ដូចខាងក្រោម៖

១. ការធ្វើទំនើបកម្មស្ថាប័ន ដើម្បីឆ្លើយតបបរិបទសកលភាវូបនីយកម្ម ជាមួយនឹងការបែងចែកតួនាទីច្បាស់លាស់។

២. ការពង្រឹងសមត្ថភាពមន្ត្រីរាជការ តាមរយៈការបណ្តុះបណ្តាលបន្ត។

៣. កំណែទម្រង់រដ្ឋបាល និងអភិក្រមការងារ ដោយត្រូវធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យមន្ត្រី (ជំរឿន និងជីវមាត្រ) ដើម្បីតម្លាភាព និងភាពជាម្ចាស់ការ។

៤. ការពិនិត្យមុខងារឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការជាន់តួនាទីគ្នា។

៥. ការបង្កើនការសម្របសម្រួល និងកិច្ចសហការអន្តរនាយកដ្ឋានឱ្យបានរលូន និងទាន់ពេលវេលា។

៦. ការរៀបចំរចនាសម្ព័ន្ធថ្មី ត្រូវដើរទន្ទឹមគ្នានឹងការកែទម្រង់ការគ្រប់គ្រងមន្ត្រី ដោយដាក់ពង្រាយមន្ត្រីឱ្យចំជំនាញ។

៧. បន្តរៀបចំប្រព័ន្ធលើកទឹកចិត្ត និងការវាយតម្លៃដោយផ្អែកលើសមិទ្ធកម្មការងារពិតប្រាកដ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។

៨. ការពង្រឹងផលប្រយោជន៍រួម ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព គិតគូរពីពាក្យថា «យើង» ជាជាងពាក្យថា «ខ្ញុំ» ដោយតម្កល់ឧត្តមប្រយោជន៍រួម និងសមិទ្ធផលរបស់ក្រសួងជាធំ។

មុននឹងបញ្ចប់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា អនុក្រឹត្យថ្មីនេះនឹងក្លាយជាក្បាលម៉ាស៊ីន និងជាក្របខណ្ឌគតិយុត្តដ៏រឹងមាំ ព្រមទាំងបានអំពាវនាវដល់ សម្តេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តចូលរួមលះបង់កម្លាំងកាយចិត្ត ប្រកបដោយមនសិការ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរុញច្រានវិស័យធម្មការ និងសាសនានៅកម្ពុជា ឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍៕

Scroll to Top