(រាជធានីភ្នំពេញ) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញធ្វើសវនាការ ជាមួយ លោក អែល ដើរ បេនយ៉ាមីន អិម ហ្សី តៃ (Elder Benjamin M.Z Tai) ប្រធានតំបន់អាស៊ីនៃសាសនាចក្រនិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
លោក អែលដើរ បេនយ៉ាមីន អិម ហ្សី តៃ (Elder Benjamin M.Z Tai) ប្រធានតំបន់អាស៊ីនៃសាសនាចក្រ បានជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រី និងសុំអនុសាសន៍ មួយចំនួន៖
១.លោក អែលដើរ បេនយ៉ាមីន អិម ហ្សី តៃ មកជម្រាបលា ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដោយពីលោកត្រូវបានបញ្ចប់អាណត្តិបេសកកម្មនៃប្រទេសកម្ពុជា
២.អំពីសំណង់របស់សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានកសាងរួចនិងកំពុងកសាង។
៣.សូមឯកឧត្តមរដ្ឋមន្ត្រី ណែនាំអំពីលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ឬវិញ្ញាបត្រដែលក្រសួងធម្មការនិងសាសនាបានឯកភាព អំពីការស្នើរសុំសាងសង់ព្រះវិហារឬទីស្នាក់ព្រះវិហារ របស់សាសនាដែលកំពុងប្រតិបត្តិនៅកម្ពុជា។
នៅក្នុងឱកាសនេះដែរ លោក អែលដើរ បេនយ៉ាមីន អិម ហ្សី តៃ (Elder Benjamin M.Z Tai) បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពិសេសវិស័យសាសនានិងសេដ្ឋកិច្ចនៅកម្ពុជា ។ ជាងនេះទៅទៀត លោក សូមកោតសរសើរនិងថ្លែងអំណរគុណ ដល់ក្រសួងធម្មការនិងសាសនាដឹកនាំដោយឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងយ៉ាងល្អ ផ្តល់នូវ ភាពកក់ក្តៅ នឹងរក្សានូវសុខដុមនីយកម្មសាសនា ស្របទៅនឹងច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសព្វនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់ ។ ដោយឡែកចំពោះសំណង់អាគារ ដែលបានសាងសង់ដោយ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានធ្វើឡើងប្រកបដោយស្តង់ដាត្រឹមត្រូវនិងមានគុណភាពខ្ពស់។
ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសិក្សាជាមួយថ្នាក់ដឹកនាំជំនាញរបស់ក្រសួង
ទៅលើកិច្ចការលិខិតបទដ្ឋានគតិយុត្តផ្សេងៗឱ្យបានត្រឹមត្រូវទៅតាមច្បាប់របស់ប្រទេសកម្ពុជា ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរ លោក អែលដើរ បេនយ៉ាមីន អិម ហ្សី តៃ (Elder Benjamin M.Z Tai) ប្រធានតំបន់អាស៊ីនៃសាសនាចក្រ ដែលបានបញ្ចប់អាណត្តិបេសកកម្មកការងារនៅកម្ពុជា បន្តទទួលបានជោគជ័យ ក្នុងបេសកកម្មនានានៅពេលខាងមុខបន្តទៀត៕
















