ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ លោក អូលីវីយ៉េ ជ្មិតហស្មេរ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ដឹកនាំប្រតិភូសាសនាកាតូលិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នាទីស្តីការក្រសួង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។
នៅក្នុងឱកាសន័យជំនួបនេះ លោក អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ៗនាឱកាសនេះ គឺ៖ សូមគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ជាអធិបតីពិធីបើកកម្មវិធីកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងពុទ្ធសាសនា និងគ្រិស្ត សាសនា ក្រោមប្រធានបទ “ពុទ្ធបរិស័ទនិងគ្រីស្តបរិស័ទរួមគ្នា កសាងសន្តិភាព ដោយការសម្រុះសម្រួល និង ភាពអត់ធន់” ដែលមានអ្នកចូលរួមសរុបប្រមាណជា ១៥០ ទៅ ២០០អង្គ/នាក់ ដែលមានតំណាងថ្នាក់ដឹកនាំ សាសនាកាតូលិកក្នុង ភូមិភាគទាំងបីនៃព្រះរាជាណាចក្រកម្ពុជា តំណាងពីបូរីវ៉ាទីកង់ តំណាងថ្នាក់ដឹកនាំ សាសនាកាតូលិកតាមប្រទេសនីមួយៗក្នុងតំបន់អាស៊ី អាមេរិក អឺរ៉ុប និងតំណាងថ្នាក់ដឹកនាំពុទ្ធបរិស័ទ ក្នុង ប្រទេសកម្ពុជា ព្រមទាំងពីបណ្តាប្រទេសផ្សេងៗក្នុងអាស៊ីផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលបានសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានបើកទូលាយឲ្យមានសេរីភាពលើជំនឿសាសនារៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសាសនា និងសង្គម។
ឯកឧត្តម ចាយ បូរិន បានផ្តល់អនុសាសន៍ណែនាំដល់ លោកអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ក្នុងការរៀបចំឯកសារច្បាស់លាស់ និងធ្វើការជាមួយថ្នាក់ដឹកនាំជំនាញរបស់ក្រសួងធម្មការនិងសាសនាលើការងារនេះ ដើម្បីរៀបចំការងារនេះឲ្យបានល្អប្រសើរ និងរក្សាសុវត្ថិភាពជូនភ្ញៀវអន្តរជាតិ ក្នុងនាម សហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ជាម្ចាស់ផ្ទះ ។
នៅក្នុងឱកាសដ៏មហារីករាយសម្រាប់ប្រជាជនខ្មែរ នាពិធីបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោកអភិបាល អូលីវីយ៉េ ជ្មិតហស្មេរ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បានមានប្រសាសន៍សម្តែងនូវក្តីសោមនស្សរីករាយ និងសូមគោរពជូនពរ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមព្រះជាម្ចាស់ និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា ឯកឧត្តម រដ្ឋមន្រ្តី និងក្រុមគ្រួសារ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ ដើម្បីបន្តដឹកនាំលើគ្រប់សាសនានៅក្នុងប្រទេសកម្ពុជា ជួបតែភាពសុខដុមរមនាតរៀងទៅ៕





