ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទរៀបចំពិធី វាយគង ជួង រគាំងនិង ទូងស្គរ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គការយូណេស្គូ សម្រេចជាឯកច្ឆ័នចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌ ពិភពលោក ដែលរៀបចំឡើងនៅទីស្តីការក្រសួង ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ជាការអបអរសារទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា ក្នុងការសម្រេចនូវបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិនិងប្រជាជន បន្តពីរាជរដ្ឋភិបាល អាណត្តិទី៦ដែលមានសម្តេចអគ្គមហាេសនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រោមព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ បានខិតខំតស៊ូព្យាយាមរៀបចំឯកសារសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ ក្នុងការបញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ដោយអង្គការយូណេស្កូរហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូន ជាតិមាតុភូមិនាពេលនេះ។
ក្រសួងធម្មការនិងសាសនា បានចេញសេចក្តីជម្រាបទៅលោកប្រធានមន្ទីរធម្មការនិងសាសនារាជធានី ខេត្តទាំងអស់សហការឱ្យបានជិតស្និទ្ធបំផុត ជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការនិងថ្នាក់ដឹកនាំសាសនាផ្សេងៗទូទូំាងប្រទេស ត្រៀមរៀបចំវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក ព្រមៗគ្នានៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ៧.00ព្រឹកដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនិងជាទីមោទនកភាពជាតិ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានចាត់ទុកថា នេះជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដោយ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបង្ហាញយ៉ាងច្បាស់ទៅអន្តរជាតិនិងពិភពលោកថាប្រទេសកម្ពុជា សម្បូរទៅដោយសម្បត្តិបេតិកភណ្ឌជាច្រើននៅមិនទាន់ដាក់បញ្ចូល ហើយសាកសមជាព្រះរាជាណាចក្រអច្ឆរិយៈ ។
សូមជម្រាបជូនថា ការចុះបញ្ជី ប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នាពេលនេះ ជាមោទនភាពជាតិខ្មែរយ៉ាងធំធេងជាថ្មីទៀត បន្ទាប់ពីប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ហើយនិងប្រាសាទសំបូរព្រៃគុក បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕









