ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តាចាយបូរិន ព្រមបុត្រា បុត្រី អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។
ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាធ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ហើយក៏ជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។បងប្អូនប្រជាពុទ្ធបរិស័ទដែលមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
និងនាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សា ជាមួយនឹងសម្ភារប្រគេនព្រះសង្ឃ។
ដូចនេះ បងប្អូនប្រជាពលរដ្ឋដែលមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះ ដោយនាំយកម្ហូបអាហារ គ្រឿងសក្ការៈបូជា គ្រឿងឧបភោគនិងបរិភោគ ទៅប្រគេនព្រះសង្ឃជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលគង់ចាំព្រះវស្សាអស់កាលត្រីមាសរយៈពេល៣ខែ។
ហើយបានដុតទៀនបំភ្លឺរហូតដល់ពេលព្រះសង្ឃចេញព្រះវស្សា ព្រោះមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេលបីខែ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តីបានរម្លឹកដល់បណ្តាវត្តអារាម វិហារសាសនាផ្សេងទូទាំងប្រទេស ត្រៀមរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តការបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងការគិតគូរប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសឆ្នើមរបស់កម្ពុជា ដែលបានផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ការដឹក ជញ្ជូនតាមផ្លូវទឹក ដែលនិងជម្រុញកំណើតសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ពីទន្លេទៅកាន់សមុទ្រប្រវែង ១៨០ គីឡូម៉ែត្រ នឹងបន្តដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះឲ្យបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៏ជូនប្រទេសនិងប្រជាជនកម្ពុជា ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។
ព្រះសច្ចបិយោ សា វិរៈ ព្រះចៅអធិការ ព្រះសង្ឃ គ្រប់ព្រះអង្គនា វត្តខេមវ័ន (ហៅវត្តបឹងស្នាយ) បានអារាធនាប្រសិទ្ធពរជូន ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងមន្រ្តីរាជការរបស់ក្រសួងធម្មការនិងសាសនាទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសម្រេចគ្រប់ភារកិច្ចការងារ ព្រមទាំងសូមឧទ្ទិសនូវមហាកុសល ជូនចំពោះ ដួងវិញាក្ខន្ធមហាឧបាសកឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុី ត្រូវជាលោកឪពុកបង្កើតរបស់ ឯកឧត្តម រដ្ឋមន្ត្រី ព្រមទាំងឧទ្ទិសនូវមហាកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ដែលបានចែកឋានទៅ សូមដួងវិញាណក្ខន្ធអ្នកទាំងអស់នោះគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕




