ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញាតឲ្យលោកជំទាវបណ្ឌិត ឌីវីយ៉ានី អ៊ុតាម ខប្រាហ្គេដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនឹងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្តែងនៅការអបអរសាទរ ឯកឧត្តម រដ្ឋមន្រ្តីដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន តួនាទីជារដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសម្រាប់គោលបំនងនៃជំនួបនាឱកាសនេះ លោកជំទាវ គោលមានបំណងជំរុញនិងចងសម្ព័ន្ធមេត្រីភាពរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសឥណ្ឌា តាមរយៈក្រសួងធម៌ការនិងសាសនាកម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះអនុស្សារណៈយោគយល់គ្នាលើលិខិតមួយចំនួនទាក់ទងទៅនិងវិស័យព្រះពុទ្ធសាសនា និងស្នើរសុំឯកឧត្តម រដ្ឋមន្រ្តី ចុះកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលមន្រ្តីរាជការរបស់ក្រសួង វគ្គសិក្សាខ្លី ស្តីពីអភិបាលកិច្ចល្អនៅប្រទេសឥណ្ឌា ព្រមទាំងបានស្នើរសុំឯកឧត្តម រដ្ឋមន្រ្តី អញ្ជើញចូលរួមជាអធិបតីនៅកម្មវិធី សូត្រព្រះត្រៃបិដក ប្រារព្ធធ្វើឡើងនៅប្រទេសឥណ្ឌា ដែលធ្វើឡើងជារៀងរាល់១០ឆ្នាំម្តង ក្នុងនោះក៏មានវេនរបស់ប្រទេសកម្ពុជាធ្វើជាម្ចាស់កម្មវិធីផងដែរ។
ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមថ្លែងអំណរគុណចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូតដែលកន្លងមកបានផ្តល់ កុំព្យូទ័រ មកដល់ពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ ដើម្បីជាធនធានក្នុងការបណ្តុះបណ្តាលដល់សាមណនិស្សិត និស្សិត និងសូមថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានស្វះស្វែងនៅការបន្តចុះកិច្ចសហប្រតិបត្តិការជាមិត្តភាពដែលមានស្រាប់រវាងកម្ពុជានិងឥណ្ឌា។ ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានទទួលការអញ្ជើញពីលោកជំទាវ នៅការចូលរួមក្នុងកម្មវិធី វិបស្សនាអន្តរជាតិ ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ សម្រាប់ពេលវេលា លោកជំទាវសូមជម្រាបនៅពេលក្រោយ។ ដោយឡែក ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជម្រាបជូនផងដែលថា ឯកឧត្តម និងជំរុញដល់មន្រ្តីជំនាញសិក្សាលើសំណើរសុំ ដង្ហែព្រះបរមសេរិរិកធាតុពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសកម្ពុជាឲ្យបានឆាប់រហ័ស និងល្អិតល្អន់ ដោយឯកឧត្តមបានបញ្ជាក់ផងដែលថា ពិធីបង្ហែនេះចាត់ទុកថាជាកម្មវិធីថ្នាក់ប្រទេសនិងប្រទេស ដូចនេះឯកឧត្តមសូមពេលវេលាដើម្បីសិក្សាលំអិតជាមុនសិន ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តម ចាយ បូរិន សង្ឃឹមថា ចំណងមិត្តភាពរវាងកម្ពុជានិងឥណ្ឌា ដែលមានសម្រាប់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ កាន់តែរឹងមាំឡើងថែមទៀត ពិសេសតាមរយៈក្រសួងធម្មការនិងសាសនានិងជំរុញបន្ថែមលើវិស័យព្រះពុទ្ធសាសនា ក្នុងនាមយើងជាប្រទេសកាន់វិស័យព្រះពុទ្ធសាសនាដូចគ្នា ៕





