ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២ បន្ទាប់ពីសិក្ខាកាមបានបញ្ចប់វគ្គសិក្សាខ្លីរយៈ៥ថ្ងៃដោយជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នៅសាលផ្ការំដួលទីស្តីការក្រសួង នារសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា តាមរយៈវគ្គសិក្សាដ៏មានតម្លៃនេះថ្វីត្បតិតែខ្លី តែអាចចាត់ទុកថាជាការបំពេញបន្ថែមលើតួនាទី អាចារ្យ អាចារ្យនី ក្រមសីលធម៌ គុណធម៌ លក្ខណសម្បត្តិគ្រប់គ្រាន់ ប្រកបដោយពុទ្ធិ ពិសេសអាចយកទៅអនុវត្តលើបញ្ហា ក៏ដូចជាវិវាទមួយចំនួនដូចជា៖
១.អាចារ្យវត្តកុំឱ្យមានវិវាទក្នុងវត្ត
២.អាចារ្យជាមនុស្សដឹងគ្រប់រឿង
៣.អាចារ្យជាមនុស្សមានចរិយាល្អ និងចំណេះដឹង
៤.បានសញ្ញាបត្រហើយ សូមកុំបង្ករឿងរ៉ាវក្នុងជីវិត ឱ្យប៉ះពាល់អ្នកសញ្ញ៉េសញ្ញាបត្រ
៥.កំណែទម្រង់វគ្គអាចារ្យ ឱ្យកាន់តែមានសុគតភាព ប្រសិទ្ធភាព
៦.ត្រូវមានសីលធម៌ គុណធម៌ខ្ពស់

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោយពីសិក្សាវគ្គបណ្តុះបណ្តាលខ្លីនេះ សូមគោរពតាមបទបញ្ញតិដែលបានចែង និងអនុវត្តជាក់ស្តែងតាមទំនៀមទំលាប់ប្រពៃណីរបស់យើង។ ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា តួនាទីជាអាចារ្យ មិនមែនចេះតែធ្វើតាមការយល់តៗគ្នាទេ ពោលគឺត្រូវរៀនវគ្គបណ្តុះបណ្តាលរបស់ក្រសួងធម្មការនិងសាសនាតាមក្បួនបុរាណខ្មែរ ទើបពេញលេញជាអាចារ្យខ្មែរ ព្រមទាំងមានគុណធម៌និងសីលធម៌ខ្ពស់ ។

សូមជម្រាបជូនថា ក្នុងវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤២នេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ដោយមានសិក្ខាកាម២០៧អង្គ/នាក់ចូលរួម ក្នុងនោះមានអាចារ្យកាន់ពេលាការ៥១រូប, អាចារ្យយោគី ២៥រូប, អាចារ្យសម្រាប់វត្ត ១០៥រូប, ព្រះសង្ឃ១៧អង្គ និងស្រី១០នាក់ ក្រោមការចង្អុលបង្ហាញពីសំណាក់គ្រូឧទ្ទេសចំនួន១១រូប ព្រមទាំងបានចែកចេញជា១១មុខវិជ្ជា។

Scroll to Top