វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់ នៅក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំ ក្នុងគោលដៅបែងចែកភារកិច្ច និងរបៀបរបបការងារ ជូនថ្នាក់ដឹកនាំក្រសួង នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានគូសបញ្ជាក់ថា៖ ការបែងចែកភារកិច្ចច្បាស់លាស់ ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញ និងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព គុណភាព និងតម្លាភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ ក្រសួងធម្មការនិងសាសនា តាមរាជធានី ខេត្តស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដែលបានដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់ នៅក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ ដើម្បីបង្កើនគុណភាពការងារ ដំណើរការទៅយ៉ាងរលូន គឺចំបាច់ណាស់ត្រូវបែកចែងភារកិច្ច ជូនថ្នាក់ដឹងនាំក្រសួឲ្យបានច្បាស់លាស់ បន្ថែមលើការងារបច្ចុប្បន្ន ដែលត្រូវអនុវត្ត នៅក្នុងអាណិត្តថ្មីទី៧នេះ។

ក្នុងឱកាសសំណេះសំណាល និងបែងចែកភារកិច្ចភារកិច្ចដល់ថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនា ឯកឧត្តមបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍ថា នៅក្នុងអាណិត្តថ្មីនេះ យើងទើបចាប់ផ្តើម តែកិច្ចការរបស់ក្រសួងមានច្រើន ក្នុងការបំពេញជូនរាជរដ្ឋាភិបាល ដូចនេះលោក សង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាទាំងអស់ នឹងរួមគ្នា អនុវត្តការងារដែលបានបែកចែករួចនោះ ប្រកបដោយគុណ ភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនទៅមុខបន្ថែមទៀត៕

Scroll to Top