ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាង ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥

ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ 

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានអានរបាយការណ៍ជម្រាបជូនឯកឧត្តម គណៈអធិបតីនិងអង្គពិធីទាំងមូលថា ដោយមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ដូចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ក្រោមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ នាំណែឲ្យក្រសួងធម្មការនិងសាសនា ដើម្បីបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបាននបង្កើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឥ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។

ដោយឡែកសម្រាប់ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥ នាឱកាសនេះ គឺសិក្សារយៈពេក៥ថ្ងៃ និងមានសិក្ខាកាមអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២០៤រូប ក្នុងនោះព្រះសង្ឃ ៣៨ អង្គនិងអាចារ្យនី ៥នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប សិក្សាលើ១៨មុខវិជ្ជាធំៗ។  

ឯកឧត្តម ហាក់ ប៊ុនធឿន បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ បានចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ចែករំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម។

ឯកឧត្តម រដ្ឋលេខាធិការសង្ឃឹមថា តាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥ ដែលមានសិក្ខាកាមជាអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២០៤រូប ក្នុងនោះព្រះសង្ឃ ៣៨ អង្គនិងអាចារ្យនី ៥នាក់ មកចូលរួមសិក្សានេះ នឹងជាការបញ្ជ្រាបនូវចំណេះដឹង ពិសេសរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ ឲ្យកាន់តែគង់វង្សបន្ថែមទៀត។

ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងចែករំលែកចំណេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយ និងសូមជូនពរដល់សិក្ខាកាមទាំងអស់ទទួលបានជោគជ័យទៅតាមបែបបទជំនាញរៀងៗខ្លួន៕

 

Scroll to Top