ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានបានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ និមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន នៅខេត្តភាគឦសាន្តចំនួន៤ខេត្តគឺ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដែលរាជរដ្ឋាភិបាលបានរៀបចំជាមធ្យោបាយដឹកជញ្ជូនទាំងទៅនឹងមក និងផ្តល់ជូនអាហារ ៣ ពេលជូនបងប្អូនប្រជាពលរដ្ឋដែលទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៧ ខែកញ្ញានេះ រហូតដល់ចុងឆ្នាំ២០២៤ ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ខេត្តព្រះសីហនុជាខេត្តមួយកំពុងតែ មានសក្តានុពលផ្នែកអេកូទេសចរណ៍ និងទេសចរណ៍សាសនា វប្បធម៌ ធម្មជាតិមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើននាពេលបច្ចុប្បន្ននេះ ។
ឯកឧត្តម ចាយ បូរិន មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញបន្តចុះសំណេះសំណាលសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម សុះ សូឡៃម៉ាន់ អភិបាលរង តំណាងឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក កងឌីណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការជួបសំណេះសំណាលនាពេលនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុ ដែលបានអនុវត្តកន្លងមកលើការងារគ្រប់គ្រងវិស័យសាសនានិង ជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រីបានរម្លឹកដល់មន្ទីរធម្មការនិងសាសនា ដែលជាសេនាធិការរបស់ក្រសួងធម្មការនិងសាសនាត្រូវយកចិត្តទុកដាក់ពង្រឹងនូវសមត្ថភាពរបស់មន្រ្តីក្រោមឱវាទក្នុងការរៀបចំគ្រប់គ្រងសាសនាទាំងអស់ធ្វើយ៉ាងណាមានសុខដុមភាពសាសនាដែលមានស្រាប់ ។
ពិសេសការខិតជិតមកដល់នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យដ៏ធំជាងគេសំរាប់អ្នកាន់ព្រះពុទ្ធសាសនាដែលជាសាសនារបស់ដ្ឋដូចនេះមន្ទីរធម្មការនិងសាសនាខេត្តត្រូវសហការជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យ វត្ត អាជ្ញាធរមូលដ្ឋានរៀបចំទីអារាមឱ្យមានសណ្តាប់ធ្នាប់ល្អ ដោយប្រកាន់ភ្ជាប់ នូវទំនៀមទម្លាប់ ប្រពៃណីយ៍របស់ខ្មែរយើងឱ្យបានខ្ជាប់ខ្ជួននិងត្រូវចៀសវៀងដាច់ខាតកុំឱ្យមានអធិករណ៍ក្នុងវត្តពេលរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ហើយត្រូវរក្សាឱ្យបានវបីឬវត្តបីគឺវត្តស្អាត វត្តស្វាង វត្តស្ងប់ ។
ឯកឧត្តមបានលើកឡើង ពីគុណតម្លៃ នៃព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមការគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាហើយបច្ចុប្បន្ននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំបន្តស្នាដៃនេះ និងផលប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី ៕