ឯកឧត្តម ចាយ បូរិន អនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាត្តឱ្យ ឯកឧត្តម ហ្សាហារូដឌីញ អូន្ន (SHAHARUDDIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ រសៀលថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ។

ឯកឧត្តម ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពិសេសវិស័យសាសនានិងសេដ្ឋកិច្ចនៅកម្ពុជា ។ ទោះបីកម្ពុជាប្រកាន់យកសាសនាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ តែកម្ពុជាបានបើកទូលាយទៅលើជំនឿសាសនាផ្សេងៗ ពិសេសបានផ្តល់នូវសិទ្ធសេរីភាពដល់សាសនិកឥស្លាមសាសនា និងបរិស័ទសាសនាផ្សេងៗទៀតដែលមាននៅកម្ពុជា។

ជាងនេះទៅទៀត ឯកឧត្តម ឯកអគ្គរាជទូត សូមកោតសរសើរនិងថ្លែងអំណរគុណដល់ ក្រសួងធម្មការនិងសាសនា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលបានគ្រប់គ្រងបានយ៉ាងល្អ ផ្តល់នូវភាពកក់ក្តៅ នឹងរក្សានូវសុខដុមនីយកម្មសាសនា ស្របទៅនឹងច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានស្វាគមន៍និងមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏បុិនប្រសព្វនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់ ។

ជាក់ស្តែងក្រសួងធម្មការ និងសាសនា ដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា មានបេសកកម្មដឹកនាំ និងគ្រប់គ្រង វិស័យធម្មការនិងសាសនា ពុទ្ធិកសិក្សា ការអប់រំ ការសិក្សា ស្រាវជ្រាវ វប្បធម៌ អក្សរសាស្ត្រ ប្រពៃណីទំនៀមទម្លាប់ និងការបោះពុម្ពផ្សាយនានា ដែលទាក់ទងនឹងសាសនា ហើយតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានពីរនិកាយធំៗគឺគណៈមហានិកាយ និងគណៈ ធម្មយុត្តិក និកាយ ក្នុងនោះដែរនៅកម្ពុជាក៏មានសាសនាជាច្រើនដែលប្រជាពលរដ្ឋកំពុងប្រតិបត្តិដូចជាឥស្លាមសាសនា និងសាសនាគ្រិស្តជាដើម។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញកិច្ចសហប្រតិបត្តិវិស័យសាសនានិងសេដ្ឋកិច្ច ពិសេសលើកិច្ចសហប្រតិបត្តិការ រវាងស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនាកម្ពុជា-ម៉ាឡេស៊ី និងសូមជូនពរដល់ឯកឧត្តម ឯកអគ្គរាជទូតនិង សហការីទាំងអស់ទទួលបានជោគជ័យសំរាប់បេសកកម្មការទូតនៅកម្ពុជា៕

 

Scroll to Top