ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងសហការី ចូលជួបសមែ្តងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៤ ។
លោកវេជ្ជបណ្ឌិត វីល ផាក(Will Parks )មានប្រសាសន៍ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីផងដែរអំពីសកម្មភាពការងារនាពេលកន្លងមក ដោយអង្គការយូនីសេហ្វប្រចាំកម្ពុជា ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកអភិវឌ្ឍន៏កម្ពុជា តាមរយៈសកម្មភាពការងារសង្គមដោយផ្តោតទៅលើកុមារជាចំបង និងដើម្បីពិភាក្សាអំពីការប្តេជ្ញាចិត្ត និងការគាំទ្ររបស់ អង្គការយូនីសេហ្វចំពោះក្រសួងធម្មការ និងសាសនា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ កម្មវិធីថ្មី ២០២៤-២០២៨ រវាងយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះ លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍បន្តថា គោលបំណងសំខាន់នៃជំនួបនាឱកាសនេះមាន៣ចំណុចសំខាន់៣គឺ
១.ស្នើរសុំឯកឧត្តម រដ្ឋមន្រ្តី ពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ បញ្ចូលកម្មវិធីបង្កាអំពើហឹង្សាលើកុមារចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ ។
២.ពិភាក្សាលើភាពសុខដុមនីយកម្មលើគ្រប់សាសនានៅកម្ពុជា ដូចជាការពង្រីកកម្មវិធីការពារកុមារតាមវត្តអារាម ពង្រីក កម្មវិធីជាមួយអ្នកដឹកនាំសាសនាផ្សេងទៀត ដូចជាមូស្លីម និងគ្រិស្ទបរិស័ទ ទិវា អធិស្ឋាន និងសកម្មភាពសម្រាប់កុមារ។
៣.ស្នើរសុំ ឯកឧត្តម រដ្ឋមន្រ្តី ពិចារណាដាក់សំណើរទៅរដ្ឋាភិបាលបង្កើត ទិវាបួងសួងដើម្បីកុមារ ថ្នាក់ជាតិក្នុងប្រតិទិន។
ជាការឆ្លើយតប ឯកឧតម ចាយ បូរិន បានមានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា បានចូលជាសមាជិកគាំពារសង្គម ក្នុងនោះការងាររបស់ក្រសួងមិនត្រឹមតែគ្រប់គ្រងសាសនាទាំងអស់នៅកម្ពុជាឲ្យមានភាពសុខដុមនីយកម្មប៉ុណ្ណោះទេ គឺបានចួលរួមចំណែកជាមួយរាជរដ្ឋាភិបាលបណ្តុះនៅមូលធនមនុស្សប្រកបដោយ គុណធម៌ សីលធម៌ តាមរយៈការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់បញ្ចូលកម្មវិធីសមាធិអប់រំផ្លូវចិត្តក្នុងកម្មវិធីសិក្សារបស់ក្រសួងដល់សិស្សានុសិស្សរួចមកហើយ ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ចំពោះសំណើររបស់លោកវេជ្ជបណ្ឌិតដែលបានលើកឡើងនាឱកាសនេះ ក៏ជាផែនការសកម្មភាពរបស់ក្រសួងកំពុងអនុវត្ត និងកំពុងប្រមូលនូវធាតុចូលសំខាន់ៗជាមុនសិន មុននឹងលើកផែនការជូនទៅរាជរដ្ឋាភិបាលជាអ្នកអនុម័ត។
ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន
សូមស្វាគមន៏ផងដែរចំពោះបណ្តាអង្គការ ស្ថាប័ន និង សមាគមន៍នានា ដែលមានបំណងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមរយៈក្រសួងធម្មការនិងសាសនា ហើយបានធ្វើសកម្មភាពការងារសមស្របទៅនឹងច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ព្រមទាំងសូមជូនពរដល់លោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងសហការី ជួបតែសុខសុវត្ថិភាព និង សម្រេចគ្រប់ភារកិច្ចការងារបន្តទៀត ៕