ឯកឧត្កម ចាយ បូរិន មានប្រសាសន៍ថា សន្តិភាពជាកត្តាសំខាន់សម្រាប់អន្តរសាសនា និងមានតម្លៃសម្រាប់ការអភិវឌ្ឍ និងសុខដុមនីយកម្មសាសនានៅកម្ពុជា។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មានប្រសាសន៍បែបនេះក្នុងឱកាស អនុញាតឲ្យលោកស្រី លុយ បូច វិសស្ទុប (Louise Buch Viftrup) ប្រធានក្រុមប្រឹក្សាភិបាល អង្គការដានមីសិន (Danmission)(អន្តរសាសនា) ដែលមកពីប្រទេសដាណឺម៉ាក ដឹកនាំសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃតី២៩ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងជំរុញលើកទឹកចិត្តគ្រប់សាសនាក្នុងការបដិបត្តិទៅតាមគន្លងសាសនានីមួយៗ ដើម្បីបង្កើនការចូលរួមកសាងអំពើល្អ វាចាកអំពើហិង្សា ការរើសអើង ការបែងចែកជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនា ធ្វើជាឧបករណ៍ ឬធ្វើអាជីវកម្មដែលអាចបង្កជាវិបត្តិ ឬភាពចលាចលក្នុងសង្គមកម្ពុជា និងបានជំរុញប្រែក្លាយសក្ដានុពលសាសនានីមួយៗឱ្យទៅជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្រមទាំងពង្រឹងសុខសន្តិភាព ថែទាំប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គម។
ក្នុងឱកាសនេះ លោកស្រី លុយ បូច វិសស្ទុប (Louise Buch Viftrup) ប្រធានក្រុមប្រឹក្សាភិបាល អង្គការដានមីសិន (Danmission) បានអរគុណឯកឧត្តម រដ្ឋមន្រ្តី ដែលបានអនុញាត អង្គការដានមីសិន (Danmission) បានចូលរួមធ្វើកិច្ចសហប្រតិបត្តិការការងារ និងឆ្លុះបញ្ចាំងពីការចូលរួមចំនែករបស់សកម្មភាពការងារអង្គការដានមីសិន ជាមួយកម្ពុជាលើការងារអន្តរសាសនា។
លោកស្រី បានបញ្ជាក់ថា អង្គការដានមីសិន (Danmission) បានចាប់ផ្តើមប្រតិបត្តិការការងារនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ ជាមួយរាជរដ្ឋាភិបាលកម្ពុជាមានដូចជា ការងារ មនុស្សធម៌ អប់រំ តាមរយៈអន្តរសាសនា ។
ហើយនៅពេលថ្មីៗនេះអង្គការ Danmission ទទួលបានការសហការជាមួយក្រសួងធម្មការនិងសាសនាធ្វើសិក្ខាសាលា ស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និទេសចរណ៍សាសនា នៅខេត្តត្បូងឃ្មុំ ឱ្យជ្រួតជ្រាប ទៅដល់សហគមន៍ទេសចរណ៍ ក៏ដូចជាការការពារបរិស្ថាន និងផ្តល់សារៈសំខាន់មិនត្រឹមតែសម្រាប់ក្រុមសាសនា មួយប៉ុណ្ណោះទេ តែសម្រាប់ទាំងអស់គ្នា។ លោកស្រីបន្តថា សហគមន៍ព្រះពុទ្ធសាសនា ឥស្លាម សាសនា គ្រីស្តសាសនា និងជំនឿផ្សេងៗ បានលើកទឹកចិត្តជាយូរមកហើយឱ្យមានការការពារធនធានធម្មជាតិ។នៅក្នុងជំនួបនាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមស្វាគមន៍ អង្គការដានមីសិន (Danmission) ដែលបានចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការនិងសាសនា សូមថ្លែងអំណរគុណដល់អង្គការអង្គការដានមីសិន និងសូមជូនពរដល់សហការីទាំងអស់សម្រេចបានគ្រប់ភារកិច្ចដែលគ្រោងនឹងធ្វើបន្តទៀត ៕