ឯកឧត្តម ចាយ បូរិន អញ្ជើញពិនិត្យមើលផ្ទាំងសិលាចំលាក់ព្រះពុទ្ធបដិមា និងទេវបដិមា ចំនួនជាង២០០ផ្ទាំង នៅភ្នំទេវៈព្រៃធុតង្គ នៃវត្តព្រះពោធិសត្វគិរីរម្យ

ឯកឧត្តម ចាយ បូរិន អញ្ជើញពិនិត្យមើលផ្ទាំងសិលាចំលាក់ព្រះពុទ្ធបដិមា និងទេវបដិមា ចំនួនជាង២០០ផ្ទាំង នៅភ្នំទេវៈព្រៃធុតង្គ នៃវត្តព្រះពោធិសត្វគិរីរម្យ ស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ

ឯកឧត្តម ចាយ បូរិន អញ្ជើញពិនិត្យមើលផ្ទាំងសិលាចំលាក់ព្រះពុទ្ធបដិមា និងទេវបដិមា ចំនួនជាង២០០ផ្ទាំង នៅភ្នំទេវៈព្រៃធុតង្គ នៃវត្តព្រះពោធិសត្វគិរីរម្យ នៅភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនេះមានការនិមន្តនិង អញ្ជើញចូលរួមដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, លោក កៅ សុណ្ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោក សម សោភ័ណ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ,  ព្រះមេគណ ព្រះគ្រូអនុគណ មន្រ្តីជំនាញ និងអជ្ញាធរដែលពាក់ព័ន្ធ ។

ក្នុងឱកាសចុះពិនិត្យរបស់ ឯកឧត្តម រដ្ឋមន្រ្តី គឺក្នុងគោលបំណង ចូលរួមលើកកម្ពស់វិស័យពុទ្ធសាសនា និងវប្បធម៌សាសនាបុព្វបុរស នឹងរួមចំណែកការពារតំបន់ធម្មជាតិ ទីទួលបូរាណ ព្រមទាំងពិនិត្យមើលរចនាបទតាមផ្ទាំងសិលានីមួយៗដែលបានឆ្លាក់ពីពុទ្ធប្រវត្តិព្រះពុទ្ធជាម្ចាស់នៃយើង ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ដ៏សម្បូរបែបរបស់ខ្មែរយើងដែលបុព្វបុរសបានបន្សល់ទុកជាសម្បត្តិមិនអាចកាត់ថ្លៃបាន ដើម្បីឲ្យមានភាពច្បាស់លាស់ និងប្រាកដថាត្រូវទៅតាមរចនាបទខ្មែរ ហើយនឹងប្រែក្លាយទៅជាតំបន់ទេសចរណ៏សាសនាដ៏មានសក្តានុពលមួយនៅក្នុងប្រទេស។ 

ដោយឡែកចំពោះ គម្រោងនៃការកសាងនិងសមិទ្ធផលដែលបានកសាងរួច លើផ្ទៃដីទំហំ ១១៧ ហិកតា ដោយសម្រេចបាន៖

− ផ្លូវជុំវិញភ្នំទេវៈព្រៃធុតង្គ បច្ចុប្បន្ន ផ្លូវបេតុងធ្វើបាន ៤ គីឡូម៉ែត្រ ។

− កសាងពុទ្ធប្បដិមាជាចម្លាក់តាមពុទ្ធប្រវត្តិមួយចប់សាច់រឿង និងទេវប្បដិមា តាមទេវកថា បច្ចុប្បន្ននេះ ទាំងពុទ្ធប្បដិមា និងទេវប្បដិមា ឆ្លាក់បានចំនួនជាង ២០០ ផ្ទាំង។

− គម្រោងសំណង់រួមមាន សំណាក់បដិបត្តិធម៌ ២០ ខ្នង សាលាធម្មសភា ផ្គត់ផ្គង់ ការបដិបត្តិធម៌១ ខ្នង សំណង់ប្រាសាទកំពូល៥ ដំណាងភ្នំប្រាសាទកំពូល៥  ទីស្នាក់ការកណ្ដាលធំ សម្រាប់ចាត់ចែងទូទៅ ១ខ្នង រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា សក្តានុពលរបស់ទីតាំងនោះគឺ បូជនីយដ្ឋានសាសនាដ៏ធំខ្លឹមសាររួម “ភ្នំទេវៈព្រៃធុតង្គ” ពិតជាទីតាំងមួយដ៏ល្អសម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ការអប់រំចិត្ត ការចម្រើនសមាធិ វិបស្សនា និងជាពិសេសការធ្វើធុតង្គរបស់ព្រះសង្ឃ ព្រោះមានបរិយាកាសល្អ នៅលើភ្នំ មានព្រៃដែលធម្មជាតិទាំងនេះផ្ដល់ជំនួយយ៉ាងខ្លាំងដល់ការថែទាំងសុខភាពទាំងផ្លូកាយនិងផ្លូវចិត្ត របស់ជាពុទ្ធបរិស័ទខ្មែរយើងទាំងក្នុងនិងក្រៅប្រទេស។

Scroll to Top