ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមឆ្លើយតបនឹងសំណើរ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននៅឃុំត្រពាំងព្រីង ស្រុក តំបែរ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំក្រោមជាតិ និងប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ។
ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថា វេទិកាសាធារណៈនាឱកាសនេះ បានប្រារព្ធឡើងក្រោមម្លប់នៃសន្តិភាព នៃការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគិត្តិបណ្ឌិតរបស់ រាជរដ្ឋាភិបាលអាណិត្តទី៦ ក្រោមការដឹកនាំរបស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានបន្តដឹកនាំដោយរាជរដ្ឋាភិបានអាណិត្តទីិ៧ ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង បន្តទៅសម្រេចបានជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ស្របទៅនិងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលទាំង ៦ និងវិធានការគន្លឹះ៥ ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍ជាតិឲ្យទទួលបានភាពជោគជ័យប្រកបដោយចីរភាព។
តាមរយៈនេះ ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការគិតគូរប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ការដឹក ជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកាន់សមុទ្រប្រវែង ១៨០ គីឡូម៉ែត្រ នឹងបន្តដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះឲ្យបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៏ជូនប្រទេសនិងប្រជាជនកម្ពុជា ។
អង្គវេទិកាដ៏មានសារៈសំខាន់នេះ បានលើកជាសំណួរ សំណូមពរ ដែលជាតម្រូវការចំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តី បានពិនិត្យនិងដោះស្រាយបញ្ហាមួយចំនួន ព្រមទាំងបានផ្តល់ជូនតាមសំណើរដែលជាតម្រូវការចំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅនឹងកន្លែង និងមួយចំនួនទៀតឯកឧត្តម នឹងយកទៅពិចារណាសិក្សាបន្ថែមជាមុនសិន ដើម្បីឲ្យមានភាពច្បាស់លាស់ នឹងប្រកបដោយប្រសិទ្ធភាព។
នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើរនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល៕