ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទកិច្ចប្រជុំផ្សពព្វផ្សាយលទ្ធផលការងារពុទ្ធិកសិក្សាឆ្នាំ២០២៣-២០២៤និងលើកទិសដៅការងារបន្តឆ្នាំសិក្សា២០២៤-២០២៥
កត្តាសន្តិភាព និងសុខដុមនីយកម្មសាសនា ជាកាត្តាសំខាន់នៅក្នុងការអភិវឌ្ឍន៍ជាតិ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទកិច្ចប្រជុំផ្សពព្វផ្សាយលទ្ធផលការងារពុទ្ធិកសិក្សាឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារបន្តឆ្នាំសិក្សា២០២៤-២០២៥ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នាអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ រាជធានីភ្នំពេញ ។
ពិធីនេះមានការនិមន្តដោយ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អ៊ំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី និងជាព្រះអគ្គាធិការនៃពុទ្ធិកសិក្សាជាតិ, សម្តេចព្រះអគ្គាធិការរងនៃពុទ្ធិកសិក្សាជាតិ , ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ពុទ្ធិកសិក្សា មិនគ្រាន់តែជាសរសរស្តម្ភដ៏រឹងមាំរបស់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកដល់ការកសាងមូលធនមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិ ជាពិសេស ពុទ្ធិកសិក្សាបានដើរតួនាទីសំខាន់ណាស់ក្នុងការកំណត់បទដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគ ក្នុងគោលដៅបង្កើនសមត្ថភាព និងគុណភាពក្នុង វិស័យពុទ្ធិកសិក្សានៅកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពថ្មីៗ ខណៈដែលប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការសមាហរណកម្ម ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ផងដែរអំពី លំហូរនៃវប្បធម៌បរទេស ព័ត៌មានក្លែងក្លាយ ព័ត៌មានបំផ្លើស បំពុល បំប៉ោង និងការផ្សព្វផ្សាយដែលប្រាសចាកបញ្ញាស្មារតី និងមនសិការ កើតមានជាច្រើននៅក្នុងសង្គម ធ្វើឱ្យសតិអារម្មណ៍របស់មនុស្សមានភាពច្របូកច្របល់ មិនមានមូលដ្ឋានច្បាស់លាស់ក្នុងការត្រិះរិះពិចារណារ ញ៉ាំងឱ្យការប្រព្រឹត្តរបស់មនុស្សមួយចំនួន មិនស្របទៅនឹងគុណតម្លៃនៃវប្បធម៌ខ្មែរ និងការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ កត្តានេះចាត់ទុកជា ហានិភ័យសម្រាប់សង្គមជាតិយើង ដូចសុភាសិតខ្មែរបាននិយាយថា “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណរាយ ជាតិថ្កើងថ្កាន” ដូចនេះព្រះពុទ្ធសាសនាពិតជាមានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងបង្ហាញមាគ៌ាដ៏ត្រឹមត្រូវដល់ពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈ ។
ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះកិច្ចប្រជុំបូកសរុបលទ្ធផលការងារពុទ្ធិកសិក្សានាថ្ងៃនេះ មិនត្រឹមតែឤចពិនិត្យមើលលទ្ធផលសម្រេចបានលើការងារវិស័យពុទ្ធិកសិក្សាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់វិស័យពុទ្ធិកសិក្សា ឱ្យកាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យពុទ្ធិកសិក្សាកម្ពុជាកាន់តែមានវឌ្ឍនភាព ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម សេដ្ឋកិច្ច ទាំងក្នុងប្រទេស តំបន់ និងពិភពលោក និងជាពិសេសក្នុងខណៈដែលកម្ពុជា កំពុងរក្សាបាននូវសុខសន្តិភាព ពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងធានាបាននូវភាពសុខដុម និងប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕