ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួមពិធីដាំកូនឈើចំនួន១៥០០ដើមនៅក្នុងបរិវេណព្រៃសហគមន៍កំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”បណ្តុះគំនិត ពន្លកបៃតង”

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក តំបែរ បានអញ្ជើញជាអធិបតី ពិធីដាំកូនឈើចំនួន១៥០០ដើមនៅក្នុងបរិវេណព្រៃសហគមន៍កំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”បណ្តុះគំនិត ពន្លកបៃតង”
ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ នី ចាន់ធីតា អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំក្រោមជាតិ ព្រះសង្ឃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនសសយក សិស្សានុសិស្សនិងប្រជាពលរដ្ឋ ប្រមាណជាង៦០០នាក់ ។

ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិធីដាំកូនឈើចំនួន១៥០០ដើមនៅក្នុងបរិវេណព្រៃសហគមន៍កំពែង ស្ថិតក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ”បណ្តុះគំនិត ពន្លកបៃតង” នាពេលនេះបានប្រារព្ធឡើងក្រោមម្លប់នៃសន្តិភាព នៃការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគិត្តិបណ្ឌិតរបស់ រាជរដ្ឋាភិបាលអាណិត្តទី៦ ក្រោមការដឹកនាំរបស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងបានបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណិត្តទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង បន្តទៅសម្រេចបានជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ស្របទៅនិងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលទាំង ៦ និងវិធានការគន្លឹះ ៥ ស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍ជាតិឲ្យទទួលបានភាពជោគជ័យប្រកបដោយចីរភាព។
ឯកឧត្តម ចាយ បូរិនបានគូសបញ្ជាក់ថា
ការចូលរួមរបស់យើងទាំងអស់គ្នានៅថ្ងៃនេះ
គឺជាការចូលរួមការពារធនធានធម្មជាតិ ជីវៈចម្រុះ រក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី និងការថែរក្សាធនធានធានធម្មជាតិរបស់យើង ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុផង និងចូលរួមលើកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍មូលដ្ឋានផងនឹងចូលរួមបណ្តុះស្មារតីពលរដ្ឋយើងឱ្យយកចិត្តទុកដាក់រក្សាករពារស្រឡាញ់បរិស្ថានធនធានធម្មជាតិព្រៃឈើកាន់តែទ្វេរឡើងថែមទៀត។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមពីផលប្រយោជន៍ដ៏មហាសាល ពីព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា ហើយត្រូវបានដឹកនាំបន្តដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងទុកជាកេរមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

ឯកឧត្តម ចាយ បូរិនក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក្រុមប្រឆាំងមួយ ចំនួនតូចនៅក្រៅប្រទេសបានធ្វើបាតុកម្មនិងបាន គៀងគរប្រជាពលរដ្ឋនៅក្នុងស្រុកអោយក្រោក ឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធ ទៅនឹង គម្រោងអភិវឌ្ឍន៍ CLV ដោយចោទ ប្រកាន់រាជរដ្ឋាភិបាលថាបានធ្វើឱ្យបាត់បង់ទឹកដី ចំនួន ៤ ខេត្ត ហើយបើទោះបីជាសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចបហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនិងលោកជំទាវចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចេញមកធ្វើការ បកស្រាយនិងពន្យល់ជាច្រើនដងយ៉ាងណាក៏ដោយក៏ពួកគេនៅតែមិនស្តាប់ការ ពន្យល់នោះទេ ផ្ទុយទៅវិញពួកគេយកបញ្ហា CLV នេះដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យក្រោក ឡើងធ្វើបាតុកម្មប្រឆាំងនិងរដ្ឋាភិបាលស្របច្បាប់ ដើម្បីធ្វើឱ្យប្រទេសជាតិឈានទៅរកការបែកបាក់និងផ្ទុះសង្រ្គាមសារជាថ្មី ធ្វើឱ្យប្រជាជនរងទុក្ខវេទនាដូចកាលសម័យខ្មែរក្រហម។
ដូច្នេះបើស្រឡាញ់សន្តិភាពសូមបងប្អូនប្រជាពលរដ្ឋទាំអស់ជាពិសេសយុវជនត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការ ថែរក្សាការពារអធិបតេយ្យភាព បូរណៈភាពទឹកដី មិនអោយបាត់បង់នោះទេ ហើយសូមបងប្អូន ប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយអោយ គង់វង្សយូអង្វែងដើម្បីឲ្យប្រទេសយើងមានការ រីកចម្រើននិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ បន្ថែមទៀត។

នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីចាយ បូរិនរួមជាមួយ ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំក្រោមជាតិ ដែលចុះមូលដ្ឋានស្រុកតំបែរបានអញ្ជើញសួរសុខទុក្ខនិងនាំយកវត្ថុអនុស្សាវរីយ៍ជូនប្រជាជនចាស់ជរាដែលរស់នៅក្នុងមូលដ្ឋានភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ផងដែរ ៕

Scroll to Top