ឯកឧត្តម ចាយ បូរិន អញ្ជើញបំពេញទស្សនកិច្ចការងារ និងជាមិត្តភាព នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ និងជាមិត្តភាព នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី១ ខែសីហាឆ្នាំ២០២៤។ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត វុ ចៀនថាំង (VŨ CHIẾN THẮNG) អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការសាសនា នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម

នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ និងជាមិត្តភាព នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី១ ខែសីហាឆ្នាំ២០២៤ ដើម្បីបន្តពង្រឹង ពង្រីកនូវទំនាក់ទំនងទ្វេភាគី និងរឹតចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តជំរុញបន្ថែមទៀតនូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសាសនា នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាមដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅគ្រប់កម្រិត។អញ្ជើញមកធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍គណៈប្រតិភូក្រសួងធម្មការនិងសាសនា ដល់អាកាសយានដ្ឋានអន្តរជាតិណូបាយ ទីក្រុងហាណូយរួមមានឯកឧត្តម ងៀន ទៀនចុកអនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម និងសហការីជាច្រើនរូប ។

ក្នុងអំឡុងពេលនៃការស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋ សង្គមនិយមវៀតណាមគណៈប្រតិភូក្រសួងធម្មការនិងសាសនា ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន នឹងអញ្ជើញចូលជួបសម្តែងការគួរសម លោកជំទាវ ហ្វាប ធិថាញ់ចា (PHẠM THỊ THANH TRÀ) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វៀតណាម ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត វុ ចៀនថាំង (VŨ CHIẾN THẮNG) អនុរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការសាសនាវៀតណាម និងឯកឧត្តម វុ ហ៊យបាក់ (VŨ HOÀI BẮC) ប្រធានគណៈ កម្មាធិការសាសនារដ្ឋាភិបាល វៀតណាម អញ្ជើញចូលថ្វាយបង្គំថ្នាក់ដឹកនាំសមាគមមជ្ឈឹមព្រះពុទ្ធសាសនា វៀតណាម និងទស្សនាសារមន្ទីរហូជីមីញ នៅទីក្រុហាណូយ ផងដែរ ៕

Scroll to Top