ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលស្រុកតំបែរ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៧ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពិធីនេះបានប្រារព្ធធ្វើនៅវត្តសិរីពោធិ៍វង្ស ហៅវត្តទឹកជ្រៅ ស្ថិតនៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា លោកជំទាវ នីចាន់ ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សាគឺ ជាពិធីបុណ្យដែលព្រះសង្ឃចូលគង់ចាំព្រះវស្សាអស់កាលត្រីមាសរយៈពេល៣ខែនារដូវវស្សា ហើយតាមព្រះវិន័យធម៌គឺមិនអនុញាត្តឱ្យព្រះសង្ឃនិមន្តចេញបិណ្ឌបាតនារដូវវស្សានេះបានទេ
ដូចនេះក្នុងនាមជាប្រជាពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូបមានតួនាទីជួយទំនុកបំរុងដល់ព្រះសង្ឃ ចង្ហាន់ ដែលមាន ម្ហូបអាហារ បង្អែមនិងគ្រឿងប្រើប្រាស់ផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ក្នុងអំឡុងរយៈពេល៣ខែនេះ ។
ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឃផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយ ត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេល បី ខែ។
ទន្ទឹមនឹងនេះឯកឧត្តម រដ្ឋមន្រ្តី បានក៏បានសូមបិណ្ឌបាត្រដល់ព្រះមន្ត្រីសង្ឃ គ្រប់ព្រះអង្គ ព្យាយាមសិក្សារៀនសូត្រនូវព្រះធម៌ និងវិន័យឲ្យបានខ្ជាប់ខ្ជួន នៅក្នុងរយៈពេល៣ខែនេះ ។
ឯកឧត្តម រដ្ឋមន្រ្តី បានរម្លឹកផងដែរថា ព្រះពុទ្ធសាសនាត្រូវបានបំផ្លាញទាំងស្រុងនារបបដ៏ខ្មៅងងឹត ប៉ុលពត ប៉ុន្តែនៅក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាបានទទួលសេរីភាពលឡើងវិញ និងមានបោះជំហានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសង្រ្គាម រហូតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលដឹកនាំដោយបិតាស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវសន្តិភាពជូនប្រទេសកមជាតិនិងបានបន្តដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការគិតគូរប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសឆ្នើមរបស់កម្ពុជា បានផ្តួចផ្តើមគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីតភ្ជាប់ការដឹក ជញ្ជូនតាមផ្លូវទឹក ដែលនិងជម្រុញកំណើតសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ពីទន្លេទៅកាន់សមុទ្រប្រវែង ១៨០ គីឡូម៉ែត្រ នឹងបន្តដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះឲ្យបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៏ជូនប្រទេសនិងប្រជាជនកម្ពុជា ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
ជាមោទនភាពនេះដែរ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានចេញនូវសេចក្តីណែនាំឲ្យបណ្តាវត្តអារាមវិហារសាសនាផ្សេង ត្រៀមរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឲ្យបានព្រមៗគ្នាទូទាំងប្រទេស ។
វត្តចំនួន៧ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលឯកឧត្តម ចាយ បូរិន ប្រគេនទៀនវស្សានិងទេយ្យទាន នាឱកាសនេះរួមមាន ៖
១.វត្តជនីវង្សី ហៅវត្តកំពង់រាំង ស្ថិតនៅក្នុងឃុំសេដា ។
២.វត្តពោធិ៍សាលព្រឹក្ស ហៅវត្តតំបែរ ស្ថិតនៅក្នុងឃុំទឹកជ្រៅ ។
៣.វត្តវណ្ណៈគិរីសេដ្ឋា ហៅវត្តត្រពាំងព្រីង ស្ថិតនៅក្នុងឃុំត្រពាំងព្រីង ។
៤.វត្តគិរីបុព្វតារាម ហៅវត្តភ្នំប្រជុំបុត្រ ស្ថិតនៅក្នុងឃុំគោកស្រុក ។
៥.វត្តសិរីមង្គល ហៅវត្តចុងជាច ស្ថិតនៅក្នុងឃុំត្រពាំងព្រីង ។
៦. វត្តសិរីពោធិ៍វង្ស ហៅវត្តទឹកជ្រៅ ស្ថិតនៅក្នុងឃុំទឹកជ្រៅ ។
៧. វត្តសិរីពោធិ៍ព្រឹក្ស ហៅវត្តខ្នុរ ស្ថិតនៅក្នុងឃុំនាងទើត ។
ទេយ្យទានដែលត្រូវប្រគេនដល់វត្តនីមួយៗ នាឱកាសនេះរួមមាន៖ ទៀនធំ១គូរ , អង្ករ , ស្លាដក់ , ត្រីខកំប៉ុង ១កេះធំ, មី ១កេះធំ, ទឹកត្រី២យួរ, ទឹកសុីអុី ២យួរ , ទឹកបរិសុទ្ធ , ទឹកក្រូច , ទឹកដោះគោ , តែ , ស្ករ និងបច្ច័យ មួយចំនួនផងដែរ ។
តាមរយៈទឹកចិត្តសទ្ធាជ្រះថ្លា របស់ឯកឧត្តម ចាយ បូរិន សូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាសប្បុរសធម្មសិរីញាណ ចាយ ស៊ាងអុី ដែលជាបិតាបង្កើតឯកឧត្តម តាមរយៈព្រះសង្ឃ បានចាប់បដិសន្ធិក្នុងទីឋានសុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ ៕