ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា កម្ពជាមានសេរីភាពពេញលេញ លើគ្រប់សាសនាទាំងអស់ ដោយផ្អែកទៅលើច្បាប់គ្រប់គ្រង ដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម រដ្ឋមន្ត្រីក្នុងឱកាស អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ ។
នាឱកាសនេះ លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងារ របស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ និងការអនុវត្តការគ្រប់គ្រងលើកគ្រប់សាសនាទាំងអស់នៅក្នុងខេត្តក្រចេះ ។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ បានអនុវត្តកន្លងមក ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ដើម្បីយកទៅអនុវត្តកែតម្រូវនិងបំពេញបន្ថែមចំណុចខ្វះចន្លោះក្នុងការបំពេញការងារជូនអង្គភាពប្រចាំថ្ងៃ សំដៅលើកកម្ពស់ប្រសិទ្ធភាពអង្គភាពស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឈានឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សមត្ថភាព ភាពច្នៃប្រឌិត នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះអភិវឌ្ឍសង្គមនិងកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជានាពេលបច្ចុប្បន្ន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាពេលអនាគត និងរក្សាបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍៕