ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ក្នុងនាមជាមន្ទីរធម្មការនិងសាសនា ដែលជាសេនាធិការរបស់ក្រសួងធម្មការនិងសាសនា ដូចនេះចំបាច់ពង្រឹងនូវសមត្ថភាពរបស់មន្រ្តីក្រសួង ពិសេសរៀបចំគ្រប់គ្រងសាសនាទាំងអស់ធ្វើយ៉ាងណាមានសុខដុមភាពសាសនាដែលមានស្រាប់ និងសន្តិភាពពេញលេញលើគ្រប់វិស័យ ដែលកើតចេញពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន និងបន្តដឹកនាំដ៏ឈ្លៀសវៃនៃប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ ដាក់ចេញទិសដៅពង្រឹងប្រសិទ្ធិភាពការងាររបស់មន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម ដើម្បីឲ្យដើរតួនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជាការឯកភាពខេត្ត លើកិច្ចការងារគ្រប់គ្រងកិច្ចការសាសនា និងត្រូវរាយការណ៍គ្រប់សកម្មភាពការងារនូវមកកាន់ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាឲ្យបានសកម្ម នេះជាផែនការការងារ ដែលត្រូវបានដាក់ចេញ និងបន្តពង្រឹងសាមគ្គីភាពបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម។
ឯកឧត្តម ចាយ បូរិន បានជំរុញដល់មន្ទីរធម្មការនិងសាសនា ត្រូវគ្រប់គ្រងលើការងារកិច្ចការសាសនាក្នុងខេត្តអោយបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយ ពិសេសពិធីបុណ្យសាសនាធំៗអោយបានកាន់តែទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត៕





