ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីបើកកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានិងលោកជំទាវ សូ ភត្រ្តា ចាយ បូរិន អញ្ជើញជាអធិបតីបើក កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ ដែលមានរយៈពេល៧ថ្ងៃ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នារសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ ។

កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាឱកាសនេះមានការនិមន្តនិងអញ្ជើញចូលរួមដោយ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងជាព្រះប្រធានកិត្តិយសពុទ្ធិកសមាគមកម្ពុជរដ្ឋ ,សម្តេចព្រះសង្ឃនិង ព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។

ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានព្រះថេរដីកាថា កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១នាឱកាសនេះបានប្រារព្ធឡើងវិញបន្ទាប់ពីបានអាក់ខានរយៈពេល៤ឆ្នាំដោយសារជំងឺរាតត្បាតសកលកូវីត១៩ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយការអប់រំសីលធម៌ព្រះពុទ្ធសាសនា អប់រំចិត្តគំនិត និងបដិបត្តិសមាធិ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ មានការបំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ ក្នុងនោះសីលវតីចំនួន៣៧៦អង្គ/នាក់។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ការ បួសរបស់ កុលបុត្រ កុលធីតា សីលវ័ន សីលវតី នាឱនាសនេះគឺកើតចេញពីទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាការអប់រំចិត្តគំនិត ពិសេសបានបដិបត្តិសមាធិ ធ្វើឲ្យចិត្តស្ងប់ជំរះនូវទុក្ខកង្វល់ និងជាទំនោរន័យការបួសសងគុណលោកឪពុក អ្នកម្តាយ ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមក្រសួងធម្មការនិងសាសនា សូមស្នើរដល់គណៈសង្ឃនាយក បន្តសកម្មភាពបំបួសកុលបុត្រកុលធីតាខ្មែរដើម្បីអប់រំសីលធម៌ ចរិយាធម៌ និងគុណធម៌ឱ្យបានជាប់ជាប្រចាំ ហើយសូមឱ្យបន្តពង្រីកកម្មវិធីនេះ នៅគ្រប់រាជធានីខេត្ត ព្រោះកម្មវិធីនេះជាផ្នែកមួយ ជួយធ្វើឱ្យធនធាន ព្រះសង្ឃមានចំនួនកើនឡើងប្រកបដោយគុណវុឌ្ឍិពិត និងធានាបាននូវការរីកចម្រើននៃព្រះពុទ្ធសាសនា និងសូម សិក្ខាកាមដែលបួសហើយ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការសិក្សានិងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនដើម្បីក្រេបយកចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ហើ យយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃ។

ដោយឡែកសម្រាប់ព្រះសង្ឃដែលបួសហើយ នៅបន្តផ្នួសរយៈពេលយូរ សូមគណៈសង្ឃនាយក និងព្រះមន្ត្រីសង្ឃគ្រប់សំដាប់ថ្នាក់ មេត្តាជួយ រៀបចំឯកសារពាក់ព័ន្ធផ្សេងៗ ប្រគេនឱ្យបានត្រឹមត្រូវ បន្ទាប់មកសម្របសម្រួលរកវត្តសម្រាប់គង់ស្នាក់នៅសិក្សារៀនសូត្រ នេះជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលធនធាន មនុស្សដើម្បីនិរន្តរភាពជាតិសាសនា ព្រមទាំងសូមឱ្យនវសាមណេរ គ្រប់ព្រះអង្គដែល នៅបន្តផ្នួស តាំងព្រះទ័យសិក្សា គោរព ប្រតិបត្តិធម៌អាថ៌សិក្ខា វិន័យ ដែលជាគ្រឹះរបស់ព្រះពុទ្ធសាសនាឱ្យបានខ្ពាប់ខ្ជួន ធ្វើយ៉ាងណាឱ្យសាកសមជា បុញ្ញខេត្ត ពោលគឺស្រែបុណ្យរបស់ញាតិញោម បានធ្វើបុណ្យ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ឱ្យសមទៅនឹងតម្លៃនៃការបួសរៀន និងអប់រំសីលធម៌ក្នុងសំណាក់ព្រះពុទ្ធសាសនា។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា គឺជាប្រទេសមានសុខដុមភាពសាសនា គឺជាផ្នែកមួយដ៏សំខាន់នៃមូលដ្ឋានគ្រឹះសន្តិភាព និងនាំឲ្យមានស្ថិរភាពសង្គម ៕

Scroll to Top