ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានអានរបាយការណ៍ជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី ថាដោយមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ដូចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ នាំណែឲ្យក្រសួងធម្មការនិងសាសនា ដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ។
វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ត្រូវបាននបង្កើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ និងបានប្រគល់តួនាទីឲ្យមកនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គមនៃក្រសួងធម្មការនិងសាសនាក្នុងការអនុវត្តផ្សព្វផ្សាយចំណេះដឹង ក្នុងគោលបំណងថែរក្សា លើកតម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង ។
លោក កែវ ហេង បានបន្តថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរទទួលបានជោគជ័យចំនួន៤៥វគ្គមកហើយ ដោយឡែក បណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៥ នាឱកាសនេះ មានសិក្ខាកាមអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២០៣រូប ក្នុងនោះព្រះសង្ឃ ៣៨ អង្គនិងអាចារ្យនី ៥នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប សិក្សាលើ១៨មុខវិជ្ជាធំៗ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៏ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ពីប្រពៃណីដ៏សំបូរបែប និងបានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែក រកខុសត្រូវមិនដាច់ស្រេច ដូចនេះទើបសម្រេចផ្តល់អនុសាសន៍ណែនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្ដេចគតិព្រឹទ្ធបណ្ឌិត បង្កើតវគ្គបណ្ដុះបណ្ដាលតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរចាត់តាំងពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្នជំនាន់៤៤ ក្នុងគោលបំណងថែរក្សាលើកតម្កើងតម្លៃព្រះពុទ្ធសាសនានិងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិឲ្យបានគង់វង្ស អនុលោមតាមក្បួនតម្រាដែលមានពីបុរាណមក។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា តួនាទីអាចារ្យ មានសារៈសំខាន់ណាស់ ជាអ្នកដឹកនាំកម្មវិធីផ្សេងៗ ដូចនេះក្នុងនាមជាអ្នកចេះដឹងខាងក្បួនតម្រាឲ្យសមស្របទៅនឹងទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរដែលបុព្វបុរសខ្មែរយើងខំតាក់តែងចង់ក្រងសម្រាប់កូននចៅជំនាន់ក្រោយ និងបែងចែងឲ្យដាច់នូវជំនាញ់រៀងៗខ្លួន ពិសេសពិធីមង្គលឲ្យចំមង្គល ពិធីបុណ្យទាន ឬពិធីបុណ្យសពជាដើម ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងន័យលើកកម្ពស់ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីថែរក្សាមរតកដូនតា ក្នុងបរិបទ នៃ សាកលភាវូបនីយកម្ម និង ការអភិវឌ្ឍលើគ្រប់វិស័យដូចខាងក្រោម៖
១-ក្នុងនាមជាអាចារ្យត្រូវ គោរព តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបានសិក្សា នេះឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។
២-ក្នុងនាមជាព្រឹទ្ធាចារ្យប្រចាំភូមិ-ស្រុក ត្រូវមានភាពជាគំរូ ក្នុងការ គោរព ប្រតិបត្តិព្រះពុទ្ធ សាសនា ច្បាប់រដ្ឋ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់ អំពើ ហិង្សា គ្រប់រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូ ល្អដល់យុវ ជនជំនាន់ក្រោយ ។
៣-អាចារ្យទាំងអស់ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយ នឹងពុទ្ធបរិស័ទ គណៈកម្ម ការ វត្ត ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន ព្រះអនុគណ ព្រះមេគណ មន្ទីរធម្មការនិង សាសនាក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ចូលរួមទប់ស្កាត់កុំឱ្យមាន អធិករណ៍ កើតឡើងនៅ ក្នុងវត្ត ឬក្នុងមូលដ្ឋាន របស់ខ្លួន។
៤-អាចារ្យត្រូវចូលរួមរៀបចំវត្តអារាមឱ្យមានសោភ័ណភាពល្អ បរិស្ថានល្អ សក្តិសមជាទី គោរពសក្ការៈនិងជា រមណីយដ្ឋានផ្ដល់ទាំងសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តដល់ពុទ្ធបរិស័ទ។
៥-អាចារ្យត្រូវបន្តពង្រឹងនិងពង្រីកចំណេះដឹងត្រួវ ខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនច្បាប់ បន្ថែមទៀត ហើយចងក្រងទុកជាឯកសារ ដើម្បីចូលរួមចំណែក កសាង ឯកសារគោលឱ្យកាន់ តែមាន មូលដ្ឋាន ច្បាស់ លាស់និងទទួលយកបានទាំងអស់គ្នា បន្សល់ទុក ជាប្រយោជន៍ សម្រាប់ បច្ឆាជន។
ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន៕