ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី នីតិវិធីនិងយន្តការនៃការកំណត់សម្បត្តិបេតិកភណ្ឌក្នុងវត្តអារាម

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម៌ការនិងសាសនា អញ្ជើញជាអធិបតី សិក្ខាសាលាស្តីពី នីតិវិធីនិងយន្តការនៃការកំណត់សម្បត្តិបេតិកភណ្ឌក្នុងវត្តអារាម ដោយមានការនិមន្តនិងអញ្ជើញចូលរួមដោយ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិង ព្រះមន្រ្តីសង្ឃទាំងពីរគណៈ , ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ តំណាងលោកជំទាំវបណ្ឌិសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌នឹងវិចិត្រសិល្បះ, និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ, ព្រមទាំងមន្រ្តីរាជការរបស់ក្រសួងធម៌ការនិងសាសនា នាទីស្តីការក្រសួង។

ឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីថា សិក្ខាសាលាស្ដីពី នីតិវិធីនិងយន្តការនៃការកំណត់សម្បត្តិបេតិកភណ្ឌនៅក្នុងវត្ត ដែលប្រារព្ធឡើងនាពេលនេះគឺដើម្បី សិក្សានិងស្វែងយល់កាន់តែច្បាស់ពីសំណង់វត្តអារាមខ្មែរ ការថែរក្សាក្បាច់រចនាចាស់ដើម្បីជាប្រយោជន៍ជាភស្តុតាងផងនិងជាប្រយោជន៍ជាវត្ថុបុរាណផង។
ដោយឡែកសម្រាប់សារាចរអន្តរក្រសួងលេខ ០១ ស.រ.ច ចុះថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២១ របស់ក្រសួងធម្មការនិងសាសនា និង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្តីពីការហាមឃាត់ដាច់ខាតរាល់សកម្មភាពវាយកំទេចបំភ្លេចបំផ្លាញ ធ្វើឲ្យបាត់បង់ឬធ្វើឲ្យខូចខាត និងការប្ដូររូបរាងនៅសំណង់បុរាណគំនូសប្រាណនិងវត្ថុបុរាណទៅតាមវត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលា នេះឡើងក្នុងគោលបំណងដើម្បីធានាឲ្យបាននូវចំណេះដឹងជាមូលដ្ឋានសម្រាប់ព្រះសង្ឃនិ ងមន្ត្រីបច្ចេកទេសរបស់ក្រសួងធម្មការនិងសាសនាទាំងថ្នាក់កណ្ដាលនិងរាជធានី-ខេត្ត លើនីតិវិធីនិងយន្តការផ្សេងៗក្នុងការកំណត់សម្បត្តិបេតិកភណ្ឌនៅក្នុងវត្តនិងជាការពង្រឹងកិច្ចសហការនិងកិច្ចការថែរក្សានិងការអភិរក្សសំណង់ទ្រព្យសម្បត្តិបេតិកភណ្ឌជាតិក៏ដូចជាបេតិកភណ្ឌសាសនាឲ្យស្របទៅនឹងលិខិតបទដ្ឋាននិងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នមានវត្តអារាមជាច្រើនដែលមានសម្បត្តិបេតិកភណ្ឌសាសនាហើយ សាសនាសម្បត្តិខ្លះក៏បានចុះបញ្ជី ខ្លះទៀតមិនទាន់បានចូលបញ្ជីនៅឡើយ ដូចនេះការយឺតយ៉ាវនិងការមិនទាន់ជាប់បញ្ជីទាំងនោះបណ្ដាលមកពីកត្តាមួយចំនួនដូចជា៖
១. ការយល់ដឹងអំពីសំណង់សាសនា វប្បធម៌និងប្រវត្តិសាស្ត្ររបស់គណៈគ្រប់គ្រងវត្តនិងមន្ត្រីបច្ចេកទេសវិស័យធម្មការនិងសាសនានៅមានកម្រិត។
២.ការផ្លាស់ប្ដូរគណៈគ្រប់គ្រងវត្តញឹកញាប់ដែលជាហេតុបង្កឲ្យបាត់បង់នូវនិរន្តរភាពនៃការចុះបញ្ជីហើយក៏មិនអាចក្តាប់បាននូវព័ត៌មានគ្រប់ជ្រុងជ្រោយជាពិសេសសម្បត្តិបេតិកភណ្ឌដែលវត្តមាន។
និង៣. ព្រះគណៈគ្រប់គ្រងវត្តនិងមន្ត្រីបច្ចេកទេសមិនទាន់យល់ដឹងទូលំទូលាយនៅនីតិវិធីនិងយន្តការនៃការចុះបញ្ជីនិងបទដ្ឋានគតិយុត្តិផ្សេងៗ។

ដូចនេះអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្ដីពីតួនាទីភារកិច្ចរបស់ក្រសួងនីមួយៗនៅពេលពិនិត្យឃើញមានបញ្ហា នៅក្នុងវិស័យរបស់ខ្លួនក្រសួងនីមួយៗមិនត្រូវអង្គុយ បែកផ្សែងបន្តទៀតទេគឺត្រូវតែពន្លត់ភ្លើងនោះនិងបន្តដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយមានកិច្ចសហការជាមួយគ្រប់វិស័យ។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលានៅថ្ងៃនេះ សូមថ្នាក់ដឹកនាំនិងមន្រ្តីរបស់ក្រសួងធម្មការនិងសាសនា ធ្វើការសហការជាពិសេសជាមួយមន្រ្តីបច្ចេកទេសជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការជជែកពិភាក្សាចែករំលែកនូវបទពិសោធន៍ដល់គ្នាទៅវិញ ទៅមក ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិយើងទាំងមូល ។

លោកអ៊ិន សុវណ្ណ អនុប្រធាននាយកដ្ឋាន គាំពារនិងអភិរក្សសំណង់បុរាណ បានឡើងធ្វើបទបង្ហាញ ពីសំណង់បុរាណ ក្នុងវត្តអារាម និងកំណត់វាយតម្លៃសំណង់ចូលក្នុងបញ្ជីបេតិកភណ្ឌជាតិ ស្ថិតនៅលើតម្លៃរបស់សំណង់ទាំងនោះរួមមាន៖ អាយុកាល,តម្លៃវប្បធម៌,តម្លៃសិល្បៈ,តម្លៃស្ថាបត្យកម្ម,តម្លៃសាសនា,តម្លៃនៃស្នាព្រះហស្ថរបស់ព្រះមហាត្សត្រ និងឥស្សរជនល្បីៗ ៕

Scroll to Top